Tuesday, February 21, 2012

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ចង់​ឲ្យ​ស្រ្តី​ធ្វើ​ការ​ដល់​អាយុ​ ៦០ ឆ្នាំ



នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ទី​ ២០ ខែ​​កុម្ភៈ​ ឆ្នាំ ២០១២​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ បាន​កោត​សរសើរ​ដល់​ការ​ខិតខំ បំពេញ​ភារកិច្ច​របស់​​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី(​ក.ជ.ក.ស)​ ​និង​បាន​ លើក​ទឹក​ចិត្ត​ ដោយ​ផ្តល់​អនុសាសន៍​​ឲ្យ​មាន​​ការ​ខិត​ខំ​អនុវត្តន៍​ជា​បន្ត​ទៀត​សម្រាប់​ឆ្នាំ ​នេះ​ក៏​ដូចជា​បណ្តា​ឆ្នាំ​ទៅ​មុខ​។​

ថ្លែង ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​​ប្រចាំឆ្នាំ​​២០១១​ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​​ឆ្នាំ ​២០១២ ​របស់ក្រុម​​​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី(​ក.ជ.ក.ស)

​ ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​​​បាន ​ជំរុញ​ឲ្យ ក្រុម​​​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី(​ក.ជ.ក.ស)​ មានការ​ប្រឹងប្រែង​ក្នុងការ​ផ្សព្វ ផ្សាយ​អនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ ប្រឆាំងនឹង​នារី​ភេទ(CEDAW)និង ឯក​សារ​ពាក់ព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ​រហូត​​ដល់ក​ម្រិ​ត​ថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​បន្ត​ចុះ​តាមដាន ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា​ផងដែរ។ សម្តេច​តេ​ជោ​​ ក៏បាន​ស្នើ​ឲ្យ​ក្រសួង​កិច្ចការនារី​ក៏ ដូច​ជាក.ជ.ក.ស ធ្វើការ​តាមដាន​ស្រាវ​ជ្រាវ​រក​មូលហេតុ ដែល​និស្សិត​ជា​នារី​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម សិក្សា​ទាំង​របស់​រដ្ឋ និង​ឯកជន​មាន​ចំនួន​ធ្លាក់ចុះ​ការ​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត និង​បាន​បើក​ច្រក ឲ្យ​មាន​ការជជែក ដើម្បី​ផ្តល់​តួនាទី​ដល់​ស្ត្រី​អាចធ្វើ​ការងារ​រហូតដល់​អាយុ ៦០ ឆ្នាំ​ផងដែរ។ 

នៅ ​ក្នុង​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​​ប្រចាំឆ្នាំ របស់ក្រុម​​​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី(​ក.ជ.ក.ស)​  បញ្ហា​​ប្រឈម​នានា​ ដែល​​នៅតែ​ជា​កង្វល់​ដូច​ឆ្នាំ​កន្លង​ទៅ ​គឺ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ទៅរក​ការងារ​ធ្វើ​ នៅក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន នៅតែមាន​នៅឡើយ។​ ​បញ្ហា​នេះ​​ត្រូវ​បាន​កត់​សម្គាល់​ថា បណ្តាលមកពី​ការងារ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ពាក់ ព័ន្ធ​មិន​ទាន់​បាន​​ទូលំទូលាយ និង​ស៊ីជម្រៅ​នៅ​ទូ​ទាំ​អ​ប្រទេស​នៅឡើយ។ កិច្ចសហការ​រវាង​ស្ថាប័ន ពាក់ព័ន្ធ​នៅ​កន្លែង​មួយចំនួន​មិនទាន់​រលូន​ល្អ ក្នុង​កិច្ច​អន្តរាគមន៍​ជួយ​ស្ត្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា អំពើ​រំលោភ​សេព​សន្ថវៈ និង​អំពើ​ជួញដូរ។ សមត្ថភាព និង​លទ្ធភាព​ក្នុងការ​បំពេញភារកិច្ច​របស់ ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ថ្នាក់ក្រោម​ជាតិ​នៅមានកម្រិត។ ស្ត្រី​ក្នុងតួនាទី​ធ្វើ​​សេចក្តីសម្រេច​មាន​ចំនួន​ច្រើន​ក្នុង​វ័យ​ត្រូវ​ ចូលនិវត្តន៍។​ ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​​ជាតិ​នៅតែ​ជួប​ការលំបាក​ការ​បំពេញ​តួនាទី ភារកិច្ច ដោយ​ទទួលរង​នូវ​ការរើសអើង មើលស្រាល ហើយ​​ការជួយឧបត្ថម្ភ​គាំទ្រ និង លើកទឹកចិត្ត​នៅមានកម្រិត។

លោកជំទាវ​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​​ក្រុម​​​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​(ក.ជ.ក.ស)​ ថ្លែងថា តារាង​សិក្សា​ស្វែងយល់​ពី​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​បាន​ បង្ហាញថា ស្ត្រី​ជា​អភិបាលរងក្រុង ស្រុក ខណ្ឌ​នៅ​ទូទាំងប្រទេស នៅ​ជួប​ការលំបាក ដោយ​មធ្យោបាយ សម្រាប់​បម្រើ​ការងារ​នៅតាម​មូលដ្ឋាន​នៅមាន​កង្វះខាត​នៅឡើយ។ លោកជំទាវ​​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា សម្រាប់​ឆ្នាំ ២០១២ ក្រុម​​​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី

​(​ក.ជ.ក.ស)​ នឹង​បន្ត​អនុវត្តតាម​ព្រះរាជា​នុ​សាសន៍​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ និង អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង ​គោលដៅ​លើកកម្ពស់ ស្ថានភាព សិទ្ធិ​សេរីភាព ឋានៈ​តួនាទី និង​ជីវភាព​រស់នៅ​របស់​ស្ត្រី​កម្ពុ​ជា​។​ បន្ត​តាមដាន​វាយតម្លៃ​ការ​អនុវត្ត​អនុសញ្ញា CEDAW ច្បាប់​ជាតិ​ពាក់ព័ន្ធ និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​លទ្ធផល បញ្ហា​​ប្រឈម វិធានការ និង​សំណូមពរ​ទាំងឡាយ ដើម្បី​លើក​ជា​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល បន្ត​ផ្សព្វផ្សាយ​អនុសញ្ញា CEDAW ពិធីសារ​តាម​ជំរើស​របាយការណ៍​ជាតិ​លើក​ទី ៤ និង​លើក​ទី ៥ ស្តីពី​ការអនុវត្ត​អនុសញ្ញា CEDAW នៅ​កម្ពុជា និង ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​​ទូលំទូលាយ​តាមរយៈ​សិក្ខាសាលា វិទ្យុ ទូរទស្សន៍ គេហទំព័រ ព្រឹត្តិបត្រ ប័ណ្ណ ផ្នត់​និង​រឿង​អប់រំខ្លីៗជាដើម៕