Tuesday, February 21, 2012

បទសម្ភាសន៍រវាង លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពល​រដ្ឋវិជ្ជា ជា​មួយ​ទូរទស្សន៍​ ស៊ីធីអ៊ីន ស្តីពី​លទ្ធផល​នៃការ​បោះឆ្នោត​ព្រឹទ្ធសភា


ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២
លោកជុំ កុសល
សំណួរ៖ ការបោះ​ឆ្នោត​អសកល​របស់​ព្រឹទ្ធសភានី​តិកាលទី៣​ គឺបាន​បញ្ចប់​ហើយ​ ប៉ុន្តែ​គណៈកម្មា​ធិការជាតិ មិនទាន់​បាន​ប្រកាស​ជាផ្លូវការ​ ក៏ប៉ុន្តែ​យើងអាចដឹង​លទ្ធផល​មុនរួច​ទៅ​ហើយ​​​​។ ទន្ទឹម​នឹងនោះ​គណបក្ស សម រង្ស៊ី គឺ​នៅតែលើក​ថា​ជារឿង​ជោគជ័យ​របស់ខ្លួន​ ដោយកើន​អសនៈ​​ពី២ ទៅ១១​ អីអញ្ចឹង ហើយបង​ប្អូនមួយ​ចំនួន​ដែលលោក​ជាអ្នក​វិភាគ​ជាទូទៅ អំពី​លទ្ធផល​ និង​​អាច​ឈាន​ទៅដល់​លទ្ធផល​បោះឆ្នោត​សកល និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ខាងមុខ​ និង​​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៣​ខាងមុខនេះ​ លទ្ធផល​គឺវាប្រាកដ​ជាមិន​ដូចទៅ​នឹង​លទ្ធផល​ ការ​បោះឆ្នោត​ព្រឹទ្ធ​សភាទេ​ ហើយ​គណបក្ស សម រង្ស៊ី អាចនឹង​ធ្លាក់​សម្លេង​។ ប៉ុន្តែ​គណបក្ស សម រង្ស៊ី គេ​មិន​បាន​គិត​ទៅ​ដល់​បញ្ហា​ជាក់ស្តែង​ណាមួយ​ដែលនឹង​កើតឡើង​ខាង​មុខទេ គឺ​គេគិតតែ​លទ្ធផល​​​ដែល​កើន​អសនៈ​៩ នៅព្រឹទ្ធសភា​ធ្វើជា​អំណះ​អំណាង​សម្រាប់​ព្រឹត្តិកាណ៍​បោះឆ្នោត​ឃុំ​សង្កាត់ ​ និង​ការ​បោះ​ឆ្នោត​សកល​ខាងមុខ​នេះទៅ​វិញ​។​ ជុំវិញ​បរិបទ​នេះ តើលោក​បណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​?​ ​សូម​អញ្ជើញ​អត្ថាធិប្បាយ​ ។​

លោក បណ្ឌិត ឈឹម ផលវរុណ
        ចម្លើយ៖ រឿងបោះឆ្នោត​ព្រឹទ្ធសភា​នេះ​ យើងសូម​លើកយក​នូវអ្វីដែល​យើងបាន​មើល​ឃើញ និង​ជា​មូលដ្ឋាន​សម្រាប់​ប្រជាពល​រដ្ឋ​ពិចារណា​ទៅលើ​ការគណនា​បែប​នយោបាយ​ ហើយក៏​សម្រាប់​គណបក្ស​នយោបាយ​ដែរ ដើម្បី​កុំឲ្យ​មោទនៈភាព​ជ្រុល​ វា​ទៅជា​ខុស ហើយ​​បើ​មោទនៈ​ភាព​ខុស​ វាទៅ​ជាខាត​។ យើង​ចង់បញ្ជាក់​ជូន​ប្រជាពល​រដ្ឋ និង​អ្នក​នយោបាយ​ឲ្យចេះ​ផ្អែក​ទៅលើ​តថៈភាព​​​នៃការវិវឌ្ឍន៍​កម្លាំង​នយោបាយ​ ដើម្បីយក​ទៅវិភាគ ប្រសើរជាង​ការមាន​មោទនៈភាព​ទៅ​លើ​ចំណុច​​នៃតួលេខ តែភ្លេច​គិតពី​ការវិវឌ្ឍ​នៃកម្លាំង​នយោបាយ​របស់ខ្លួន​ នៅក្នុង​ទីលាន​ប្រជាធិប​តេយ្យ​​​សេរី​ពហុបក្ស​​។ អញ្ចឹង​ខ្ញុំចង់​បញ្ជាក់​អំពី​លទ្ធផល​នៃការ​បោះឆ្នោត​ព្រឹទ្ធសភា​ ដែល​គណបក្ស​ សម រង្ស៊ី អះអាងថា​ជា​ជ័យ​ជំនះ​នោះ​ ប៉ុន្តែ​សម្រាប់​ការវិភាគ​ខាង​វិទ្យា​សាស្ត្រ​នយោបាយ​វិញ​​ តើ​វា​ជា​ជ័យ​ជំនះ ឬ​ជា​សារ​បរាជ័យ​របស់​គណបក្ស សម រង្ស៊ី ?​ នៅ​ពេល​ដែល​មានការ​កើន​អសនៈ​ពី២ ទៅ​១១ នេះ​។ ការវិភាគ​ទៅលើ​ការបោះឆ្នោត​បែប​អសកល​ គេ​មិនអាច​ធ្វើការ​វិភាគ​ដូច​នឹង​​ការវិវត្តន៍​កម្លាំង​នយោបាយ​​តាមបែប​ ការបោះ​ឆ្នោត​បែប​សកល​បាន​ទេ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវយល់​ថា​​ការបោះ​ឆ្នោត​ព្រឹទ្ធសភា​​គឺជាការ​ បោះឆ្នោត​បែប​អសកល។គឺ​បានន័យ​ថា អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ត្រូវ​បាន​កម្រិត នៅ​ត្រឹមតែ​សមាជិក​រដ្ឋសភានី​តិកាល​បច្ចុប្បន្ន ដែល​មាន​ចំនួន​១២៣​នាក់​​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​ជាង​​​១ម៉ឺន​នាក់នេះឯង​។ អញ្ចឹង​ការ​កម្រិតនៅ​​ត្រឹមតែ​អង្គ​បោះឆ្នោត​បែបនេះ គឺ​យើងត្រូវ​​យកសម្លេង​នៃអង្គបោះ​ឆ្នោត​មកពិចារ​ណា​ គឺមិនមែន​យក​សម្លេង​នៃ​ចំនួន​អសនៈ​មកពិចារណា​ទេ​ ពីព្រោះ​វាជាការ​បោះឆ្នោត​អស​កល​ដែលពឹង​ផ្អែក​ទៅលើ​អ្វីដែល​អង្គ​បោះឆ្នោត​ សម្រេច​ចិត្ត​។ ដូច្នេះ​ហើយ មុននឹង​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ពិចារណា​យើង​អាចចោទ​សួរថា​ នៅ​ក្នុងការ​បោះឆ្នោត​ ទោះបីជាការ​បោះឆ្នោត​សកល ឬអសកល​ក៏ដោយ​ គណបក្សនានា​គឺសុទ្ធតែ​ច្បាប់​អនុញ្ញាត្តិ​​ឲ្យចូលរួម​ប្រកួត​ប្រជែង​​ ប៉ុន្តែ​ជាក់ស្តែង​ ការ​បោះឆ្នោត​ព្រឹទ្ធសភា​ជា​ការបោះឆ្នោត​អសកល​​ ទោះបី​ជា​ច្បាប់​អនុញាត្តិ​ឲ្យ​គ្រប់​គណបក្ស​ចូលរួម​ប្រកួត​ប្រជែង​ ប៉ុន្តែ​គណបក្ស​នីមួយៗ​ក៏គេ​បាន​​គិត​ទុក​ជា​មុន​ដែរ​ ថា​តើ​គណបក្ស​របស់គេ​​នីមួយៗនោះ​មានអង្គ​បោះឆ្នោត​របស់​គេ​គ្រប់​គ្រាន់ឬ​ ទេ?​ នៅក្នុង​មណ្ឌល​បោះឆ្នោត​តាម​ភូមិ​ភាគ​នីមួយៗនោះ​ សម្រាប់​ទទួល​បានអសនៈ​ព្រឹទ្ធសភា​នោះ​។ អញ្ចឹង​បើ​គណបក្ស​ណា​ដែល​គេគិត​ថា គេមាន​អង្គ​បោះឆ្នោត​ក៏ពិត​មែន ក៏ប៉ុន្តែ​​អង្គ​បោះឆ្នោត​​របស់​គេ​​មាន​មិនគ្រប់​​ទេ​សម្រាប់​ការដណ្តើម​យក ​១អសនៈ​នៅ​តាម​មណ្ឌល​បោះឆ្នោត​តាម​ភូមិ​ភាគ​នីមួយៗ​នោះ​ អញ្ចឹង​គេអត់ទៅ​ឈរឈ្មោះ​ប្រកួត​ប្រជែង​ទេ​។​ អញ្ចឹង​គណបក្ស​ដែល​មានអង្គ​បោះឆ្នោត​ទាំង​អស់​​ គឺគណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស សម រង្ស៊ី​​​​ គណបក្ស នរោត្តមរណរិទ្ធ គណបក្ស ហ្វ៊ុនស៊ីនប៉ិច និង​គណបក្ស កឹម សុខា ។ ចុះហេតុអ្វី​បានជា​គណបក្ស​នរោត្តមរណរិទ្ធ គណបក្ស កឹម សុខា និង​គណបក្ស ហ្វ៊ុនស៊ីនប៉ិច​ គេ​អត់ទៅឈរ​ជាបេក្ខជន​ប្រកួត​ប្រជែង​ ហើយ​មាន​តែគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី​? គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អង្គ​បោះឆ្នោត​ ដែល​គេ​គិតថា​​គ្រប់​គ្រាន់​ដើម្បី​ទទួល​យក​អសនៈ និងអាច​ដណ្តើម​អសនៈ​បាន​ច្រើន​ថែម​ទៀត​។​ចំណែក​គណបក្ស សម រង្ស៊ី ក៏អាច​គិតថា​គេមាន​ចំនួន​តួលេខ​ដែល​អាច​គ្រប់​ចំនួន​ខ្លះ​ដែលអាច​ដណ្តើម​យក​ ​ចំនួន​អសនៈ​ព្រឹទ្ធសភា​។ ឯគណបក្ស ហ្វ៊ុន​ស៊ីន​ប៉ិច គណបក្ស នរោត្តមរណរិទ្ធ​ ក៏មាន​អង្គ​បោះឆ្នោត​នៅក្រុមប្រឹក្សា​ឃុំ​សង្កាត់​មួយ​ចំនួន​ដែរ​ និង​នៅរដ្ឋសភា​ក៏មាន​អង្គ​បោះឆ្នោត​ដែរ​ ប៉ុន្តែ​ដោយ​គេ​គិត​ថាអង្គ​បោះឆ្នោត​ទាំងអស់​នោះ​មិនអាច​មាន​​គ្រប់​ចំនួន នៅក្នុង​ភូមិភាគ​បោះឆ្នោត​​ ដើម្បី​ដណ្តើម​យក​មួយ​អសនៈ​ព្រឹទ្ធសភាទេ។​​​ ដូចគ្នានេះ​ដែរ គណបក្ស លោក កឹម សុខា​ ដែល​ធ្លាប់អួត​ក្អេងក្អាង ប៉ុន្តែ​ដល់​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា ខ្លួន​មិនទៅ​ឈរឈ្មោះ គឺដោយ​សារតែ​កឹម សុខា មាន​អង្គ​បោះឆ្នោត​តែបីរូបទេ​ដែល​ជា​សមាជិក​រដ្ឋសភា​បច្ចុប្បន្ន​នេះ​។ អញ្ចឹង បើកឹម សុខា មានអង្គ​បោះឆ្នោត​តែបីរូប បែរ​ជាឈរ​ឈ្មោះ​ប្រកួតប្រជែង​ព្រឹទ្ធសភា​ នោះយើង​មិនត្រឹម​តែហ៊ាន​និយាយថា មេ​បក្ស​ខួរក្បាល​អន់ទេ វា​ទៅ​ជាមេបក្ស​ងោះ​សុទ្ធ​តែម្តង ពីព្រោះ​មានអង្គ​បោះឆ្នោត​តែ​បី​សម្លេង​នៅ​ក្នុង​រដ្ឋសភា​ ហ៊ាន​ទៅប្រកួ​តប្រជែង​នោះ វា​ជាការផ្សង​ព្រេង​តែម្តង​។​ អញ្ចឹងបាន​ន័យថា​គណបក្ស ទាំងបី​នោះ​គេបាន​គិត​ទុករួច​ជាស្រេច​​ទៅហើយ​ គឺវាអត់​បានការ​ក្នុង​ការទៅ​ប្រកួត​នោះទេ​។​ ពាក្យ​អត់​បានការ​នោះ គឺ​មិន​មែន​មាន​ន័យថា​ការ​បោះឆ្នោត​នេះអត់​បានការនោះ​ទេ គឺមានន័យ​ថា​ពួក​គេទេ​ដែល​អត់បាន​ការ​ដែល​ចំណាយ​ពេល​ទៅប្រកួត​​នោះ​ គឺខ្លួន​គេនោះ​អត់បាន​ទទួល​ផលទេ​ ដូច្នេះ​ហើយ​បាន​ជា​គេដក​ឃ្លាចេញ​។ ​អញ្ចឹង​មាន​តែ​គណបក្ស​ពីរទេដែល​បានគិតរួច​ជាស្រេច​ដោយផ្អែក​ទៅ​លើ​តួលេខ​នៃ ​អង្គបោះ​ឆ្នោត​ ដែល​គេសង្ឃឹម​ថា​ត្រូវ​តែ​បានអសនៈ​​ព្រឹទ្ធសភា​។ ចំណែក​គណបក្ស សម រង្ស៊ី ខ្លួនឯង​ក៏ផ្អែក​ទៅ​លើ​ចំនួន​អង្គ​បោះឆ្នោត​​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​មូលដ្ឋាន​ ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​កាលពី​ឆ្នាំ​២០០៧​ រួច​ទៅហើយ ។ បើគិត​តាម​តួលេខ​នេះ​ ហើយ​ការបោះឆ្នោត​តាម​របៀប​អសកល​អញ្ចឹង គេហ្នឹង​បាន​១១អសនៈ​ដូចគ្នា។ អញ្ចឹង​អ្វី​ដែល​គេគិត​ថា ១១អសនៈ​ដែល​រំពឹងថា​ដូចទៅ​តាមតួលេខ​ឆ្នាំ២០០៧​នោះ សួរ​ថាពី​ឆ្នាំ​២០០៧ ដល់ ២០១២​ នេះ​គេអាច​រក្សា​របស់​ដែល​គេទន្ទឹង​ថា គេ​បា​ន១១​ឬ​អត់​?​ ឬក៏​គេព្រួយ​បារម្ភ​ថានឹង​អាច​បាត់បង់​​ដែរ​​ឬអត់​?​ បើថា​គេរំពឹង​ថាគេអាច​លើសពី​ចំនួន​រំពឹងទុក​នេះនោះ ​គឺមិន​អាចទេ​​​ គឺមានតែ​ទប់​ស្កាត់​កុំឲ្យ​មានការ​​បាត់បង់ ឬក៏​បាត់​បង់ខ្លះ។ បើនិយាយ​ថាឲ្យមាន​ចំនួន​កើន គឺ​មិន​កើនទេ។ ចំណែក​​គណបក្ស​​ប្រជាជន​កម្ពុជា​ មាន​ការរំពឹង​ថាទទួល​បានច្រើន​ជាង​ហ្នឹង រួមជា​មួយ​នឹង​ការរក្សា​នូវចំនួន​ដែល​ខ្លួន​រំពឹង​ទុក បូក​ជាមួយ​នឹង​ចំនួន​នៃ​អង្គបោះឆ្នោត​របស់​គណបក្ស​ដ៏ទៃ​ដែល​អត់ទៅ​ប្រកួត​ ប្រជែង​ គឺ​ប្រាកដ​ជា​មកគាំទ្រ​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ​បើគិត​អំពី​អសនៈ គឺ​មិន​អាច​បញ្ជាក់​ថា​គណបក្ស សម រង្ស៊ី ទទួល​បាន​ជ័យជំនះ​ទេ​។ យើង​ក៏អាច​និយាយ​ឲ្យ​សុច្ចរិត សូម្បី​តែ​គណបក្ស​ប្រជាជន​ ផ្អែក​ទៅលើ​ចំនួន​អសនៈ​ក៏​មិនអាច​ជាមូល​ដ្ឋាន​ប្រកាស​ថាជា​ជោគជ័យ​ទេ​​ នេះ​ជា​ការ​ពិត​។​ ប៉ុន្តែ​គណបក្ស សម រង្ស៊ី យក​លទ្ធផល​ការបោះឆ្នោត​អសកល​ ផ្អែកលើ​ចំនួន​អសនៈ​​មក​ប្រកាស​ថាជា​ជោគជ័យ គឺ​ជាភាព​កំសោយ​ខាង​ការវិភាគ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ហើយ​​។​ តើគេត្រូវ​ធ្វើយ៉ាង​ម៉េច​ដើម្បី​វិភាគ​ឲ្យឃើញ​ថា​លទ្ធផល​នៃការ​បោះឆ្នោត​ អសកល​នេះ​គឺ​ជា​មូលដ្ឋាន​​នៃ​ការវាយ​តម្លៃ​ការវិវឌ្ឍន៍​កម្លាំង​នយោបាយ​នេះ​ ? វិធី​គឺ​គេយក​សម្លេង​បោះឆ្នោត​គាំទ្រ​បេក្ខជន​​គណបក្ស​របស់​ខ្លួន​ ទៅផ្ទៀង​ផ្ទាត់​ជាមួយ​នឹងចំនួន​អង្គ​បោះ​ឆ្នោត​របស់ខ្លួន​។ បើអង្គ​បោះឆ្នោត​របស់​ខ្លួនស្មើនឹង​ចំនួន​សម្លេង​ឆ្នោត​ដែល​ខ្លួន​ទទួល​បាន​ មានន័យថា​មួយ​ដកមួយ​ស្មើសូន្យ​ បានន័យ​ថា​មាន​តុល្យភាព​ គឺ១០០%អត់មាន​ការបាត់​បង់​។​ ប៉ុន្តែ​បើសិន​ជាសម្លេង​ដែលមាន​ ហើយ​នឹង​សម្លេង​ដែល​ទទួលបាន​មិន​សម​មូល​នឹងគ្នា​ និងមាន​ការកើន​ឡើង​ បាន​ន័យថា​គណបក្ស​នោះ​មាន​ការវិវឌ្ឍ​ន៍​​កម្លាំង​នយោបាយ​កើនឡើង​​​។​ ប៉ុន្តែ​​បើគណបក្ស​ផ្សេងទៀត​ដែល​ចំនួន​នៃអង្គ​បោះឆ្នោត​​​​​តិចជាង​សម្លេង​ ដែល​ខ្លួន​ទទួល​បាន​ គឺ​មានន័យ​ថា​អវិជ្ជមាន។​អវិជ្ជមាននេះ​​ គឺ​បញ្ជាក់​ថា​ការវិវឌ្ឍន៍​​នៃកម្លាំង​នយោបាយ​​របស់​គណបក្ស​​នោះ​​​ ធ្លាក់ចុះ។ ខ្ញុំមាន​ស្ថិតិ​ ដើម្បី​ប្រៀបធៀប​ជូន​ប្រជា​ពលរដ្ឋ​​។ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ យើង​បាន​បែង​ចែក​ជា​មណ្ឌល​បោះឆ្នោត​អសកល​នេះ​ជា​៨​ភូមិភាគ​​។ ក្នុង​៨​ភូមិ​ភាគ​នេះគណបក្ស​ប្រជាជន​កម្ពុជា​កើន​សម្លេង​រហូត​ទៅដល់​៧៩៧ នេះជា​សម្លេង​កំណើន​​។ សម្លេង​សរុប​ដែល​ទទួល​បានគឺ​៨៨៨០​។ ចំនួន​នេះ គឺ​ច្រើន​ជាង​ចំនួន​​​ដែល​អង្គ​បោះឆ្នោត​​របស់​គណបក្ស​​ប្រជាជន​មាន​​។ មានន័យ​ថា បើ​ចំនួន​នៃអង្គ​បោះឆ្នោត​ និង​សម្លេង​គាំទ្រ​ធំជាង​ចំនួន​អង្គ​បោះឆ្នោត បាន​ន័យថា​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​កើន​ឡើង​។ ងាក​មក​គណបក្ស សម រង្ស៊ី ចំនួន​នៃអង្គបោះ​ឆ្នោត​​របស់​ខ្លួន​មាន​ជិត​៣០០០​ ប៉ុន្តែខ្លួន​ទទួល​បានមិន​គ្រប់​ទេគឺ​ទទួល​បានតែ​២៥០៣​ ប៉ុណ្ណោះ បានន័យ​ថា​បាត់​១៧៧​សម្លេង​។ ការបាត់​ក្នុងចំនួន​ដ៏ច្រើន​បែប​នេះ​​មិន​មែន​​ជារឿង​ធម្មតា​ទេ​​ គឺជិត​ទៅ​ដល់​១០% ។ ចំណុច​នេះ​បញ្ជាក់​ថា​ ការវិវឌ្ឍន៍​នៃកម្លាំង​នយោបាយ​របស់​គណបក្ស សម រង្ស៊ី​ គឺ​ត្រូវ​បាន​ធ្លាក់ចុះ គឺ​មិនមែន​កើន​ឡើងទេ​។​
 
-មតិលោក ជុំ កុសល
រឿង ​លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ​​​​ យើង​ត្រូវហ៊ាន​និយាយ​ការពិត​ទាំង​អស់គ្នា​ គណបក្ស សម រង្ស៊ី ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការពិត​ដែរ​។ យើង​ទទួល​ស្គាល់​ថាវាកើន​តួលេខ​ពី២ មក១១​នេះ ​វាកើន​ហើយ​។ ប៉ុន្តែយើង​ត្រូវគិត​ទៅដល់​នីតិវិធី​នៃ​ការបោះ​ឆ្នោត​ គឺ​ត្រូវបែង​ចែក​ឲ្យ​ច្បាស់​។ ការ​បោះឆ្នោត​អសកល​ លទ្ធផល​គឺ​វាថេរ​ មានន័យ​ថា​យើង​សឹងតែ​ដឹង​ចំនួន​អសនៈ​នោះ​មុន​រួច​​ទៅហើយ​។ ប៉ុន្តែ​គ្រាន់​តែ​យើង​​មិន​ហ៊ាន​និយាយ​ថា​ បើយើង​យក​ចំនួន​តួលេខ​នៃអង្គបោះឆ្នោត​ដែល​យើង​បាន​កំណត់ តម្រូវ​ឲ្យ​មាន​សិទ្ធិ​បោះ​នោះ​មាន​ចំនួន​ប៉ុន្មាន​ គឺយើង​អាច​គុណចែក​ទៅ​ឃើញ​អសនៈ​​បាត់​ទៅ​ហើយ​។​ បញ្ហា​សំខាន់​គឺ​គណបក្ស​ត្រូវចេះរក្សា​នូវ​ចំនួន​នៃ​អង្គ​​បោះឆ្នោត​របស់​ ខ្លួន​ឲ្យ​គត់មត់​។​ឧទាហរណ៍​ បើខ្លួន​មាន​២០០០​នាក់​​ ហើយ​លទ្ធផល​ទទួល​បាន​២០០០​នោះ​មក​គឺល្អ​ប្រសើរ​ណាស់​​។ ប៉ុន្តែបើ​ខ្លួនមាន​ចំនួន​២០០០ ហើយ​វាបាត់​អស់១០% ឬ៧%ទៅ៨%​នោះ គេហៅ​ថា​បរាជ័យ​ទៅ​វិញទេ​។​ ចំណែក​គណបក្ស សម រង្សី គាត់​ថា​គាត់​ទទួល​បាន​ជោគជ័យ​ ដោយសារ​កើន​​។​ត្រង់​នេះទោះ​បី​ជាលោក​មិន​ប្រកាស​ ក៏គេថា​លោក​កើន​ដែរ ប៉ុន្តែ​ បញ្ហា​សំខាន់​គឺ​ថិត​នៅ​ត្រង់ថា​តើ​ចំនួន​អង្គ​បោះឆ្នោត​របស់​លោក ​ដែល​ជា​សកម្ម​ជន​របស់​លោក​នោះ​​ បាន​រក្សា​​ចំនួនលំ​នឹង​ដូច​ក្នុង​បញ្ជី​គណបក្ស​​ឬទេ​?​ ពីព្រោះ​វាបាត់​អស់​១៧៧ និង​អាច​បាត់​លើស​នេះ​​​ទៅ​ទៀត​​។ ចំណែក​គណបក្ស​ប្រជាជន​ ក្រោយ​ពីបូក​ទៅគឺ​ចំនួន​កើន​មួយ​អសនៈ ប៉ុន្តែ​ចំពោះ​សម្លេង​ដែល​​​កើន​​គឺ​ជិត៨០០សម្លេង ដែល​នេះគឺជា​ចំនួន​មួយដែល​មិន​ធម្មតា​។ អញ្ចឹង សូមកុំ​យក​លទ្ធផល​នេះ​ទៅ​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​វិភាគ​សម្រាប់​​លទ្ធផល​ បោះឆ្នោត​ឃុំសង្កាត់​ និង​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​ ពីព្រោះ​លទ្ធផល​វា​មិន​ដូច​គ្នា​ទេ​។ បង​ប្អូនយើង​អ្នកវិភាគ​មួយ​ចំនួន​បានមើល​ឃើញ​ថា លទ្ធផល​បោះឆ្នោត​ឃុំសង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅឆ្នាំ​២០១៣ គណបក្ស សម រង្ស៊ី អាច​នឹងអស់​។ រឿង​សម្លេង​​អង្គ​បោះឆ្នោត​របស់​គណបក្ស សម រង្ស៊ី ដែលមាន​ជាង២០០០ សម្លេងនេះ​​​គឺជា​លទ្ធផល​ដែល​ចេញ​តាំងពី​ឆ្នាំ២០០៧មកម្លេះ​ ដែល​ជាពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ និងជា​ដំណាក់​កាល​ចុង​ឆ្នាំ​២០០៦​ និង​ដើមឆ្នាំ​២០០៧​ គឺ​ជាពេល​ដែល​គណបក្ស ហ្វ៊ុនស៊ីនប៉ិច បែកបាក់គ្នា​ ។ ពេល​នោះ​គណបក្ស​ប្រជាជន នៅថ្នាក់​ក្រុមប្រឹក្សា​ឃុំសង្កាត់​ក៏កើន​ដែរ​ដោយ​បានសម្លេង​ពី​ ហ្វ៊ុនស៊ីនប៉ិច មួយ​ចំនួន​​ និងមួយ​ចំនួនទៀត​ទៅ​គណបក្ស សម រង្ស៊ី​។ ដូច្នេះ​ហើយ​ទើប​​វា​រាល​ដាល​មក​ដល់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ២០១២នេះ​ ​។​ ប៉ុន្តែ​សម្រាប់​ការបោះ​ឆ្នោត​សកល គឺ​វា​មានការ​ខុសគ្នា​ដូច​មេឃ និងដី​។ អញ្ចឹង​សូមកុំ​យក​លទ្ធផល​របស់​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​​ទៅ​ធ្វើ​ជា​អំណះ​អំណាង​នៃ​ការ​វិភាគ​​ទៅលើ​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា ​ឃុំ​សង្កាត់​ និង​បោះឆ្នោត​ជ្រើស​តាំង​សភា​តំណាង​រាស្ត្រ​​សម្រាប់​នីតិកាល​បន្ទាប់​ គឺវាមិន​ត្រឹម​ត្រូវ​​ទេ​។​​​ ខ្ញុំនៅតែ​មើល​ឃើញ​ថា​គណបក្ស សម រង្ស៊ី នឹង​បាត់បង់​សម្លេង​យ៉ាង​ច្រើន​នៅ​នីតិកាល​បន្ទាប់​ទៅ​ទៀត​នេះ​ ដោយ​ផ្អែក​ទៅ​លើ​ទឡ្ហីករណ៍​ជាច្រើន​។ ទី១​នៅ​ផ្ទៃក្នុង​នៃ​គណបក្ស សម រង្ស៊ី​ គឺ​ចាប់​ផ្តើម​ប្រេះឆា​ មេ​បក្ស​មាន​ពិរុទ្ធ​មិន​អាច​ចូល​ស្រុក​បាន​។ មន្ត្រី និង​ថ្នាក់​ដឹកនាំ​នៅក្នុង​បក្ស​បែងចែក​ក្រុម បន ភឿន​។ បែងចែក​ក្រុម​គ្រួសារ​ បែងចែក​បក្សពួក ពុករលួយ​។ ចំណុច​មួយទៀត​គឺប្រភព​នៃ​ហិរញ្ញវត្ថុ​ ទាំង​ក្នុងនិង​ក្រៅ​ប្រទេស ត្រូវ​បាន និង​កំពុង​មាន​​វិបត្តិ​​យ៉ាង​ធ្ងន់ធ្ងរ​។ ចំណូល​សម្រាប់​បក្ស បាត់បង់​សឹង​តែ១០០%​ទៅ​ហើយ ទាំង​នេះ​គឺជា​ចំណុច​សំខាន់​​។ ចំណុច​មួយទៀត ​មួយរយះ​កាល​កន្លង​មកនេះ​ គណបក្ស សម រង្ស៊ី​បាន​បង្ហាញ​នូវភាពទន់​ខ្សោយ​របស់ខ្លួន​ ខាងការ​សម្រេច​ចិត្តរឿង​នយោបាយ​ធំៗ​២ចំណុច។

 ចំណុចទី១ ​ កំហុសឆ្គង​ដែលជា​ការបើក​ចំហរ​ នូវចំណុច​ខ្សោយ​របស់​ខ្លួននោះ​គឺ​ឲ្យ​មជ្ឍដ្ឋាន​ជាតិ និង​អន្តរជាតិ​ឃើញ​នោះ​គឺរឿង​ប្រើប្រាស់​នូវ​នយោបាយ​១១៩​នេះឯង​។ ដែល​សម្តេចតេជោ លោក​មាន​ប្រសាសន៍​ថា​ជា យុទ្ធសាស្ត្រ​គ្រាប់​មីន​១១៩​នោះ​ ពីព្រោះ​វាជា​ចំណុច​ខ្សោយ​ណាស់​ដែល​យក​មាត្រា​៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ​មកដាក់​ជាបញ្ហា​ធ្វើឲ្យ​សភា​អសកម្ម​ក្នុង​ការអនុមត្តិ​ នោះ គឺវាខុស​ទាំង​ស្រុង​តែម្តង​។ ការ​ដែល​គណបក្ស សម រង្ស៊ី ធ្វើ​នេះគឺហាក់​បីដូចជា​គេមិន​ចេះអាន​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ ហើយ​បង្ហាញថា​គណបក្ស​សម រង្ស៊ី អសមត្ថ​ភាព​ និងមិនចេះ​វិភាគ​នយោបាយ​ ដែល​បញ្ជាក់​ពីំ​ចំណុច​​ខ្សោយ​របស់​ខ្លួន​។

ចំណុចទី២ ខ្ញុំមើល​ឃើញអំពី​នយោបាយ​​អត្តឃាត​របស់​គណបក្ស សម រង្ស៊ី គឺ​មាន​ន័យថា​គណបក្ស​នេះបាន​នាំគេឲ្យ​ក្បត់​នឹង​សច្ចះ​ធម៌​ប្រវត្តិ​សាស្ត្រ ​​។ កាល​ពីថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅនេះ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយរបប​ប្រល័យ​ពូជសាសន៍​ទាំងក្នុង និងក្រៅ​ប្រទេស​គេ​សំដែងនូវ​អំណរ​សារទរ​ទិវាជ័យ​ជំនះ​ និង​បញ្ចេញនូវ​ការឈឺចាប់រំលឹក​អំពីទុក្ខលំបាក​ជាង​សាមសិប​ឆ្នាំ​​មុន វាបែរទៅជា​លោកប្រធាន​គណបក្ស សម រង្ស៊ី ចេញ​លិខិត​ជាផ្លូវការ​ ចោទ​ប្រកាន់​អ្នក​គាំទ្រ ៧ មករា​​​ ថាសុទ្ធ​តែជា​អ្នក​ក្បត់ជាតិ​ទៅវិញ​។ អញ្ចឹង​ប្រជាពល​រដ្ឋអាច​វាយតម្លៃ​បានថា គណបក្ស​នេះកំពុង​តែ​ក្បត់​នឹង​សច្ចៈធម៌​ប្រវត្តិ​សាស្ត្រ​។

ចំណុច ​មួយទៀត​ខ្ញុំមើល​ឃើញថា​ អង្គបោះ​ឆ្នោត និង​សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​បាន​ចាកចេញ​​​​ច្រើន​ណាស់​គួរ​ ឲ្យកត់សម្គាល់​។​ ដោយសារ​មូលដ្ឋាន​នៃអំណាច​ដែល​ថិត​នៅ​ខាង​ក្រោម​ទាំង​នោះ​គេដើរ​ចេញ​យ៉ាង​ ច្រើន​បែប​នេះ វាជាសញ្ញា​មួយ​បង្ហាញ​ឲ្យឃើញថា គណបក្ស​នេះនឹង​អស់​អ្នក​គាំទ្រ​​​នៅ​ខាង​ក្រោម​ ហើយ​បើអស់​អ្នកគាំទ្រ​នៅខាង​ក្រោម​ហើយ ទោះបីជា​ខាងលើ​មានធនធាន​មនុស្ស​​ដល់​កំពូល​យ៉ាង​ណា​ក៏ដោយ​ក៏ទៅ​អត់​រួចដែរ​។ ឧទាហរណ៍ នៅ​ខេត្ត​កណ្តាល​ បោះឆ្នោត​ព្រឹទ្ធសភា ​សមាជិក សមាជិកា នៃ​អង្គ​បោះឆ្នោត​របស់​គណបក្ស សម រង្ស៊ី បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​បាន​៣៦​សម្លេង​ទេ​។ ប៉ុន្តែ​នៅពេល​ដែល​អស់​លោក លោកស្រី​ ទាំងនោះ​គាត់​ចាកចេញ​ពី​គណបក្ស សម រង្ស៊ី មក​ចូលរួម​ជា​មួយ​គណបក្ស​ប្រជាជន គឺមាន​ដល់​ទៅ៧៧​​នាក់ នេះគឺ​គ្រាន់តែ​ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​មួយទេ​។ អញ្ចឹង​បើក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស តើ​នឹង​មាន​ចំនួន​ប៉ុន្មាន​តទៅ​ទៀត​។ អញ្ចឹង​ត្រូវយល់ថា​​ក្នុងសកម្មជន​របស់​គណបក្ស សម រង្ស៊ី មួយ​រូបដែល​ចេញមក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ គឺមាន​សម្លេង​ដែល​មក​ជាមួយ​គឺ​​មិនតិចទេ។​

ចំណុចមួយទៀត ​​ដែល​ជាកត្តា​សំខាន់​នោះ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស​ អស់​ឱកាស​​ហើយ ពីព្រោះ​នៅក្នុង​នីតិកាល​ទី៤នេះ​គណបក្ស​ប្រជាជន យក​បាន​៩០ អសនៈហើយ​ អញ្ចឹង​សម្រាប់​នីតិកាល​ទី​៥​បន្ត​ទៀត​នេះ​ ខ្ញុំមិនជឿ​ថា​គណបក្ស​ប្រជាជន​ថម​ថយ​សម្លេង​ទេ គឺមាន​តែ​កើន​ ពី​ព្រោះ​សមិទ្ធផល​កើន​ជា​បន្ត​បន្ទាប់​ កំណែ​ទម្រង់​ធ្វើ​បណ្តើរ​ៗ​ទទួល​បាន​ជោគជ័យ​ អញ្ចឹង​វិសាលភាព​​នៃការគាំទ្រ​​គណបក្ស​ប្រជាជន នឹងកើន​ ពិសេស​យុវជន​ដែល​គ្រប់អាយុ​បោះឆ្នោត​នេះ​គឺ​កើន​​ច្រើន​ណាស់​ ហើយ​យុវជន​ពី៧០% ទៅ៨០% ​បាន​ចូលរួម​គាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា​។ អញ្ចឹង​បើសម្លេង​គណបក្ស​ប្រជាជន​កើន គឺមាន​តែ​សម្លេង​គណបក្ស​ប្រឆាំង​ថយ ពីព្រោះ​ចំនួន​អសនៈ​គឹ​មាន​តែ១២៣​។ ឧទាហរណ៍ នៅ​អាណត្តិ​នេះ​៩០ អញ្ចឹង អាណត្តិ​ក្រោយ​ថាត្រឹម​តែ​១០០ ទៅចុះ​ គឺ​មាន​ន័យថា​១០​ត្រូវកាត់​ពី សម រង្ស៊ី មក​ហើយ​ ពីព្រោះ​កឹម សុខា មាន​តែ​៣​សម្លេង ​បើ​កាត់​ទៅ​វាអស់​ហើយ​។ នេះ​គឺជា​ទិដ្ឋភាព​ដែល​យើង​មើល​ឃើញ​ ដូចនេះ​ហើយទើប​យើង​សន្និដ្ឋាន​ថា គណបក្ស សម រង្ស៊ី នឹង​អាច​បាត់​សម្លេង​។ ចំពោះ​ការដែល​យើង​ព្យាករណ៍​ទុក​ជា​មុន ខ្ញុំ​មើល​ឃើញ​ថា​គណបក្ស​​ប្រជាជន​ លោក​ប្រយ័ត្ន​ប្រយែង​ណាស់​​ ទោះបីជាលោកដឹកនាំរដ្ឋាភិបាល ក៏ដូចជា​​លោក​ខិតខំ​​បង្កើន​​​សមិទ្ធផល​​​​ដែរ ហើយ​ធ្វើយ៉ាងណា​​មិនព្យាករណ៍​ហួស​ហេតុ​នោះទេ​ គឺគ្រាន់​តែ​ព្យាករណ៍​ក្នុង​ចិត្ត​​។ ជាក់​ស្តែង​នីតិកាល​មុន លោក​ព្យាករណ៍​ត្រឹម ៨០ ទៅ៨១​ប៉ុណ្ណោះ ​ប៉ុន្តែ​វាកើន​រហូត​ដល់៩០​​។ ផ្ទុយ​ទៅវិញ​គណបក្ស សិទ្ធិ​មនុស្ស ដែល​ទទួល​បាន​តែ​៣​អសនៈ បែរជា​ហ៊ាន​ព្យាករណ៍​រហូត​​ដល់​​ទៅ​៥៨​ ទៅ៦០ អសនៈ​មុន​ពេល​បោះ​ឆ្នោត។​ ការព្យាករណ៍​ហួស​ហេតុបែប​នេះ គេ​ហៅថា​នយោបាយ​របៀប​​ចៅចាក់​ស្មុគ្រ​​​។​ការដែល​អួត​មុន​បែប​នេះ ហើយ​បែរ​ជា​ទទួល​បរាជ័យ​វិញនោះ​ គឺជាការ​ខ្មាស់​គេ​ខ្លាំង​​ណាស់​​។​

សព្វថ្ងៃនេះ ​ សម្លេង​របស់​គណបក្ស​ប្រឆាំង គឺមិន​មែនជា​សម្លេង​ដោយ​សុច្ឆន្ទៈពិត​ប្រាកដ​ទេ​ វាគ្រាន់​តែ​ជាសម្លេង​ដែលកើត​ចេញពី​ភាពអសកម្ម​ណា​មួយ​នៃមន្ត្រី​មូលដ្ឋាន របស់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​​។ ប៉ុន្តែ​នៅពេល​ដែល​ការធ្វើ​កំណែ​ទម្រង់​ទទួល​បាន​ប្រសិទ្ធិភាព​ជា​ បន្តបន្ទាប់​ ពេលនោះ​សម្លេង​​ទាំងនោះ​នឹង​ត្រូវ​បង្កើន​មកកាន់​គណបក្ស​ប្រជាជន​​វិញ។ ចំណុច​នេះ ថ្នាក់​ដឹកនាំ​របស់​យើង សម្តេច​តេជោ​ ហ៊ុន សែន លោក​តែងតែ​អំពាវនាវ​ឲ្យ​មន្ត្រី​របស់លោក​ធ្វើ​អំពើល្អ​ជាមួយ​ប្រជាពលរដ្ឋ​។ មន្ត្រី​មូលដ្ឋាន​សំខាន់​គឺរឿង​សេវា​សាធារណៈ​ជូន​ប្រជាពល​រដ្ឋ មិនត្រូវ​បង្កបញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ទេ​។

ចំណុចមួយទៀត ​ យើងមើល​ឃើញរួច​ហើយ​ថា​ នៅពេល​ដែល​គណបក្ស​ប្រឆាំង គេនឹង​មិន​ទទួល​​បាន​​ជោគជ័យ​ ជា​ពិសេស​លោក កឹម សុខា គាត់​តែងតែ​ចោទ​បញ្ហា​ដាក់​ទៅលើ​គណៈកម្មាធិការ​​​ជាតិ​​។ គាត់ដូច​ជាព្រួយ​បារម្ភ​អំពី​លទ្ធផល​របស់​គាត់​ ចំពោះ​គណៈ​កម្មាធិការ​ជាតិ​​ រហូត​អំពាវ​នាវឲ្យ​បរទេស​មកជួយ​មើល​ពីបញ្ហា​ដំណើរ​ការនៃ គ ជ ប នៅ​ពេល​បោះឆ្នោត​។ ខ្ញុំ​គិត​ថា​គាត់​​ដូច​ជា​បរទេស​និយម​ពេក​ហើយ​។ គំនិត​របស់​គាត់​គឺកំពុង​តែ​បញ្ច្រាស់​ទៅ​នឹង​ដំណើរ​វិវត្តន៍​នៃ​ការ​ជាក់​ ស្តែង​នៅកម្ពុជា​ហើយ។ ការបោះ​ឆ្នោតកាល​ពីឆ្នាំ​១៩៩៣ អ៊ុនតាក់​រៀបចំ​គឺជួប​នឹង​ភាព​រខេក​រខាក​ខ្លាំង​ណាស់​ ។​ប៉ុន្តែ​ចាប់​ពីនីតិកាល​ទី២មក​ ខ្មែរ​យើង​បានរៀប​ចំដោយ​ខ្លួន​ឯង​ យើង​មាន​បទពិសោធន៍​ ពីនីតិកាល​មួយទៅ​នីតិកាល​មួយ​ រហូត​ដល់មាន​បណ្តា​ប្រទេស​មួយចំនួន​ដែល​គេ​ទើប​តែ​ចាប់ផ្តើម​​រៀបចំការ​ បោះឆ្នោត​គេមក​សុំបទពិសោធន៍​ពី គ ជ ប របស់​កម្ពុជា​ទៅវិញ​។ អញ្ចឹង​ហេតុអ្វី​អស់​លោក នៅ​តែប្រើ​ខួរក្បាល​វិល​ជុំវិញ​មួយ​ដុំ​បែបនេះ?​​។​ នេះគឺ​ជាសម្តី គឺជាឡេះ​របស់​អ្នក​ដែល​ត្រៀម​ខ្លួនចាញ់​​តែ​ប៉ុណ្ណោះ ។ នៅពេល​ដែលដឹង​ថា​ខ្លួនចាញ់​ គឺ​គេចាប់​ផ្តើម​រក​មធ្យោបាយ​ណា​ដើម្បី​​លើក​ហេតុផល​មកដាក់​ធ្វើជាបញ្ហា​។ ហើយ​ហេតុផល​របស់​គាត់​គឺមាន​តែ​រឿង ទី១ ចោទ គ ជ ប ថា​មិន​យុត្តិធម៌​ទៅ​ ទី២ បដិសេធ​នូវ​លទ្ធផល​នៃការបោះ​ឆ្នោត​នោះទៅ​។ បើអស់​លោក​តាំង​ខ្លួន​ជា​អ្នក​នយោបាយ​ពិត​ប្រាកដ​​ហ៊ាន​ទ​ទួលស្គាល់​ការពិត ហ៊ាន​ទទួល​ស្គាល់​សមត្ថភាព​ខ្លួនឯង​ គឺ​សូម​អស់​លោក​កុំ​ប្រើនូវ​រូបមន្ត​បែប​មិន​ថ្លៃថ្នូរ​ពីបណ្តា​ប្រទេស​មួយ​ ចំនួន​នៅមជ្ឍឹម​បូព៌ា ឬនៅ​អារ៉ាប់​អីនោះ គឺ​ទៅអត់​រួចទេ​​។ សូម​អស់​លោក​កុំយក​គំនិត​អស់នោះ​មក​ដាក់​នៅក្នុង​ខួរក្បាល​នៅពេល​ដែលខ្លួន​ ចាញ់​​ឆ្នោត​ និងត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត​ និង​កុំមាន​គំនិត​បង្ក​អស្ថេរភាព​ឡើងវិញ​នៅពេល​ដែល​ខ្លួន​ចាញ់ឆ្នោត​​។ អស់​លោកត្រូវ​យល់ថា តម្លៃ​នៃសន្តិភាព​ដែលកើត​មាននៅ​ប្រទេស​ខ្មែរនេះ​ គឺ​គ្មាន​អស់​លោក​មកចូល​រួមចំណែក​ជួយទេ​ និង​គ្មាន​បរទេស​ណាមកចូលរួម​ចំណែក​ទេ​។ ការ​ចាប់ផ្តើម​ចេញ​ពីការ​ប្រើ​បញ្ញា​ញាណ​សុទ្ធ​សាធ​របស់​ថ្នាក់​ដឹកនាំ​ រាជរដ្ឋាភិបា​លបច្ចុប្បន្ន​ ជាពិសេស​សម្តេច​តេជោ​ ហ៊ុន សែន ដែល​លោក​បាន​ប្រើប្រាស់​នូវបញ្ញា​ញាណ​របស់​លោក​ឆ្លងកាត់​ឧបសគ្គ​រាប់ម៉ឺន​ ជំពូក​ ទោះ​បីជា​ឧបសគ្គ​នោះរង​នូវ​ការតិតៀន មិន​ឲ្យ​តម្លៃ​យ៉ាងណា​ក៏ដោយ​ ទីបញ្ចប់​អ្នក​ដែល​មើលស្រាល​​ អ្នក​ដែល​មិន​ទទួល​ស្គាល់ អ្នក​ដែល​ចាត់ទុក​ថា​សម្តេច​ជា​អាយ៉ង លើក​បន្តុប​ពីណា​មក​នោះ​បាន​ទទួល​ស្គាល់​ការពិត​ និង​ឈាន​មកដល់​ការផ្សះ​ផ្សារ​ជាតិ​ជាមួយ​គ្នា ធ្វើ​ការជា​មួយ​គ្នា និងចុង​បញ្ចប់​យើង​ទទួល​បាន​សន្តិភាព​​ពិតប្រាកដ​នៅឆ្នាំ​១៩៩៨ ដោយសារ​ស្នាដៃ​របស់​សម្តេចតេជោ​។ ដូច្នេះ​សូមអស់​លោក​កុំមាន​គំនិត​ទុទិដ្ឋិ​និយម​ណា​មួយ​​ ចង់​បង្ក​អស្ថេរភាព​ឡើង​វិញ​តាម​មធ្យោបាយ​មិន​ថ្លៃថ្នូរ​ដូច​នៅ​បណ្តា​ ប្រទេស​នានា​មួយចំនួន​នោះឲ្យសោះ​។​

-មតិលោកបណ្ឌិតឈឹម ផលវរុណ
រឿងបោះឆ្នោត ​ឃុំសង្កាត់​នៅឆ្នាំ​២០០៧​កន្លងមក ​ប្រជាពល​រដ្ឋអាច​ពិចារណា​មើល​ថា សមា​ជិក​​​ក្រុមប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស សម រង្ស៊ី ដែល​មាននៅ​ក្នុង​បណ្តា​ឃុំ​សង្កាត់​នានា​ទូទាំង​ប្រទេស​ តើពួក​គាត់បាន​យកតួនាទី​ជាសមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​ នោះទៅ​ធ្វើអ្វីខ្លះ​?​ បើសិន​ជាគាត់​មិនអាច​យក​តំណែង​ជាសមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​យកទៅ​ធ្វើកិច្ចការ​នយោបាយ​មូល​ដ្ឋាន ​រួមជា​មួយនឹង​ប្រជាពលរដ្ឋ​​ រួមជាមួយ​នឹង​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​ប្រជាជន​​ កម្ពុជា​នោះ តើ​ប្រជាពល​រដ្ឋ​គួរ​តែផ្តល់​តំណែង​នោះទៅ​ពួកគេ​ដោយ​អត់​ប្រយោជន៍​បែបនេះ​ ដែរ​ឬទេ?​​។ តំណែង​សមាជិក​រដ្ឋសភា​ក៏ដូចគ្នា​ដែរ​ យើង​មើល​គណបក្ស​លោក កឹម សុខា​ បាន​៣​អសនៈ គាត់​អត់​ប្រើ​វេទិការ​រដ្ឋសភា​ទេ គាត់​យក​ឡេះ​ចោទ​ថា​រដ្ឋសភា​អញ្ចេះ​អញ្ចុះ ហើយបែរ​ជាទៅ​ដើរ​ធ្វើ​នយោបាយ​អាវ៉ាសែ​ទៅវិញ​។​ បើសិន​ជាគណបក្ស​ដែល​អត់​អសនៈ គឺគេអាច​ប្រើ​ច្រកវេទិការ​សាធារណៈ​នេះបាន​។ ប៉ុន្តែ​គណបក្ស​កឹម សុខា ដែល​មាន​៣​កៅ​អី​ទៅ​ហើយ ហេតុអ្វី​បាន​មិនប្រើ​វេទិការ​សភា​ទៅ​វិញ​?​ ដូច្នេះ​ប្រជាពល​រដ្ឋគួរ​តែស្តាយ​ចំពោះ​អសនៈ​ទាំងបី​នោះ​ពីព្រោះ​ តំណាងរាស្ត្រ​របស់​លោក​កឹម សុខា មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ជាម្ចាស់​ឆ្នោតទេ​​។ ម្យ៉ាងទៀត​គណបក្សលោក កឹម សុខា បានចោទ​ប្រកាន់​តាមរយះ​វិចារណៈ​កថា ថាមាន​គណបក្ស​ខ្លះ​កំពុង​តែ​ឃោសនា​បោះឆ្នោត​​ គឺ​គេចង់​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​។ អញ្ចឹង​សូម​ប្រជាពល​រដ្ឋ​គិតមើល​ទៅ លោក កឹម សុខា មួយ​ថ្ងៃៗ​ឃោសនា​កុំឲ្យ​ប្រជាពល​រដ្ឋបោះឆ្នោត​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ តើនេះ​ជា​កា​រ​​ឃោសនា​​ដែរ​ឬទេ?​​​។ តើ​ជាការ​ឃោសនា​ដែរឬទេ?​ នៅពេល​ដែល​លោក កឹម សុខា ទៅ​និយាយ​បោកប្រាស់​ប្រជា​ពលរដ្ឋ​ថាឲ្យ​លុយ៤ម៉ឺន​ ដាក់​ធ្មេញ​មាស រកប្តីឲ្យ​ស្ត្រី​ម៉េម៉ាយ​ ចែកមាស​កន្លះតោន​ជាដើម​នោះ​។​ ចំណុច​នេះគឺ​ជាបទ​ល្មើស​រួច​ទៅហើយ​។

-មតិ​លោក​បណ្ឌិត ឈឹម ផលវរុណ
ចំណុច ​ហ្នឹង​ខ្ញុំ​ចង់បញ្ជាក់នូវ​ប្រយោគ​​​​ពី​រ​ឃ្លា​ ជូន​ប្រជាពល​រដ្ឋ​​​ដើម្បី​កុំ​ឲ្យ​​​អស់​លោក​អ្នក​នយោបាយ​​​ប្រឆាំង​អាឡិ​ អាឡក់​អត់​ដឹង​អីហ្នឹង​បោកប្រជាពលរដ្ឋ​ « គ្មាន​ប្រជាធិបតេយ្យ​សេរី​ណា​ ឬ​ក៏​គ្មាន​ប្រជាធិបតេយ្យ​សេរី​​ឯណា ដែល​ផ្តល់​​សិទ្ធិ​សេរី​ភាព​ឲ្យ​បុគ្គល​ ឬ​ ឲ្យ​ពលរដ្ឋ​ជេរ​ប្រមាថ​អាជ្ញាធរ​ទេ ជេរ​ប្រមាថ​រដ្ឋាភិបាល​ទេ  ពី​ព្រោះ​រដ្ឋាភិបាល​ ជារ​ដ្ឋាភិបាល​​កើត​ចេញ​ពី​រដ្ឋ​ធម្មនុញ្ញ​​ ពី​ប្រជាពលរដ្ឋ គឺ​ជា​រដ្ឋាភិបាល​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា »​។​ នៅ​ពេល​ប្រកួត​ប្រជែង​គ្នា​ទេ ដែល​ជា​ការ​ប្រកួត​ប្រជែង​នយោបាយ​។​ នៅ​ក្រោយពេលនៃ​​ការ​ប្រកួត​ប្រជែង​ រដ្ឋាភិបាល​ហ្នឹង​ទោះ​បី​និន្នាការ​ពី​គណបក្ស​ណា​ក៏ដោយ រដ្ឋាភិបាល​ហ្នឹង​គឺ​ជា​ស្ថាប័ន​​របស់​រដ្ឋ​ហើយ។​ អញ្ចឹង​គ្មាន​ប្រជាធិបតេយ្យ​សេរី​​ឯណា​ ដែល​គេ​ផ្តល់​​សិទ្ធិ​សេរីភាព​​ប្រជាពលរដ្ឋ​ដើរ​ជេរ​ប្រមាថ​រដ្ឋាភិបាលទេ​។​ រហូត​ដល់​ទៅ​ កឹម​ សុខា ក៏​ដើរ​ជេរ​ប្រមាថ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទៅទៀត​ គឺ​គ្មាន​ទេ​ទៅ​ដើរ​រក​មើល​ទៅ។​ ហើយ​មួយ​ទៀត​ « គ្មាន​នីតិ​រដ្ឋ​ឯណា​ ដែល​ផ្តល់​សិទ្ធិ​ទៅ​បុគ្គល​ក្នុង​ការ​ប្រើ​នយោបាយ​ ឬ​ការ​ប្រើ​ឥទ្ធិ​ពល​អ្វី​ ទាំង​ឥទ្ធិពល​​លុយ​ ដើម្បី​ឲ្យ​អ្នក​ហ្នឹង​ទៅ​ជេរ​ប្រមាថ​រដ្ឋាភិបាល​ ឬ​ក៏​ជេរ​ប្រមាថ​អាជ្ញាធរ​ទេ » អត់​មាន​ទេ។​ អញ្ចឹង​ទាំង​ប្រជាធិបតេយ្យ​​សេរី ទាំង​នីតិ​រដ្ឋ គឺ​ត្រូង​តែ​គោរព​រដ្ឋាភិបាល​ថ្នាក់​ជាតិ រហូត​ដល់​អាជ្ញាធរ​របស់​រដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​។​ ហើយ​ចំណុច​​នេះ​សំខាន់​ណាស់​ ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​​កុំឲ្យ​​ជឿ​ កឹម សុខា កុំ​ជឿ​ហ្នឹង​ខ្ញុំ​មិន​មែន​មិន​ឲ្យ​ជឿ​ខាង​នយោបាយ​ទេ ​កុំ​ជឿ​ពាក្យញុះ​ញង់​ ពាក្យ​ដុត​កំហឹង​​រហូត​ឲ្យ​ប្រជាពលរដ្ឋ​​យក​បរិបទ​ពហុបក្ស​​គ្រាន់​តែ​ធ្វើ​ ជា​លេស​​ ឲ្យ​វង្វេង​នៅ​កណ្តាល​ព្រៃ​ កុំ​ជឿ​ឲ្យ​សោះ។​ គ្មាន​ប្រជាធិប​តេយ្យ​សេរី​ណា​គេ​ឲ្យ​យើង​ធ្វើ​អញ្ចឹង​ទេ ហើយ​ក៏​គ្មាន​នីតិ​រដ្ឋ​ណា ឲ្យ​យើង​ទៅ​ធ្វើ​អំពើ​ខុស​ច្បាប់​បាន​ទេ អញ្ចឹង​ហើយ​ខ្ញុំ​គ្រាន់តែ​​ប្រាប់​ទេ ដូច​នៅ​ប្រទេស​អាល្លឺម៉ង់ អឺរ៉ុប​ខាងលិច​ ខ្ញុំ​មិន​និយាយ​ប្លុក​ខាង​កើតទេ​ ​ក្រែង​គេ​ថា​មិន​ជឿ​ខាង​កើត ហើយ​នៅ​អាមេរិក​ សាក​ជេរ​ប្រមាថ​អាជ្ញាធរ​មើល កុំ​និយាយ​ថា​ជេរ​ប្រមាថ​នាយក​​រដ្ឋ​មន្រ្តី ជេរ​ប្រមាថ​ប្រធានាធិបតី ជេរ​ប្រមាថ​រដ្ឋាភិបាល ត្រឹម​តែ​ជេរ​ប្រមាថ​​អាជ្ញាធរ​មូលដ្ឋាន​​ថ្នាក់​ឃុំ​ក៏​ដោយ​ សាក​ទៅ​ច្បាស់​ជា​មាន​ទោស​ឥឡូវ​ហ្នឹង។​ រឿង​អាជ្ញាធរ​​ជា​បុគ្គល​ដែល​ធ្វើ​ខុស​វាមាន​ទោស​របស់​គេ​មួយ ប៉ុន្តែ​ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ​ទៅ​ដាក់​ទោស​ទេ គេ​មាន​ច្បាប់​របស់​គេ។​ ប៉ុន្តែ​រឿង​ប្រជាពល​រដ្ឋ​ទៅ​ជេរ​ប្រមាថ​អាជ្ញាធរ​​គឺគេ​​ ចាប់​ហើយ ពីព្រោះវាធ្វើឲ្យ​រចនា​សម្ព័ន្ធ​​ដឹក​នាំ​ប្រទេស​ រចនា​សម្ព័ន្ធគ្រប់​គ្រង​ប្រទេស​ច្របូក​ច្របល់​។​ ចំណុច​ហ្នឹង​ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ គ្មាន​ប្រជាធិបតេយ្យ​សេរី​ឯណា ដែល​ផ្តល់​​សិទ្ធិ​សេរីភាព​ដល់​បុគ្គល​ ជេរ​ប្រមាថ​រដ្ឋាភិបាល​ ជេរ​ប្រមាថ​អាជ្ញា​ធរ​ទេ ហើយ​ក៏​គ្មាន​នីតិ​រដ្ឋ​ឯណា ដែល​ផ្តល់​ឲ្យ​បុគ្គល​ប្រើ​ឥទ្ធិពល​ណា​មួយ​ ឬ​ ឥទ្ធិពល​នយោបាយ​ក្តី​ ឥទ្ធិពល​កំហឹង​ក្តី ឥទ្ធិពល​នៃ​លុយ​ក្តី ទៅជេ​រ​ប្រមាថ​អាជ្ញាធរ​ដែរ ព្រោះ​នេះ​ជា​រចនា​សម្ព័ន្ធ​នៅ​ប្រទេស​នីតិ​រដ្ឋ​។​
 
-មតិ​លោក ជុំ កុសល
ខ្ញុំ ​ពេល​ខ្លះ​យក​មក​គិត​ ស្តាប់​ទៅ​ដូច​ជា​ខ្លួន​ឯង​ពូកែ​អស្ចារ្យ​ណាស់ ប៉ុន្តែ​ខុស​ទេ​ណាជន​រួម​ជាតិ អញ្ចឹង​បាន​ខ្ញុំ​និយាយ​មួយ​មាត់​ ខ្ញុំ​ថា បើសិន​ជា​ពូកែ​ដូច​ការ​អះ​អាង​របស់​ខ្លួន​មែន​ ទាំង​លោក កឹម សុខា ទាំង​លោក សម រង្ស៊ី ប្រជា​ពលរដ្ឋ​សូម​ស្នើ​​តែ​មួយ​មុខ​ទេ​។​ ឥឡូវ​ដាក់​បេក្ខភាព​ចូល​រួម​ប្រកួត​ប្រជែង​មក ប៉ុន្តែ​សុំ​ឲ្យ​​ធ្វើ​សារណា ធ្វើ​ប្រវត្តិ​ពាក់​ព័ន្ធ​ទៅ​នឹង​សាម៉ី​បុគ្គល​ សាម៉ី​ខ្លួន​មេបក្ស​មួយ​ៗ ហ្នឹង ឲ្យ​ធ្វើ​ចង​ក្រង​សារណា​មក​ អំ​ពី​ប្រវត្តិ​ថា ខ្លួន​អាច​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ជា​មួយ​ជាតិ​ សរសេរ​មក។​ លោក​ កឹម សុខា ធ្លាប់​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ ជា​មួយ​ជាតិ លោក សម រង្ស៊ី ធ្លាប់​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ជា​មួយ​ជាតិ​ ហើយ​ចាប់​ផ្តើម​ពី​ពេល​ណា​​មក​ពេល​ណា ។ អត់​មាន​​​ទេ​លោក​យាយ​លោកតា​ជន​រួម​ជាតិ អត់​មាន​ទាល់​តែ​សោះ​ ធ្វើ​ការ​ប្រៀប​ធៀប​បន្តិច​ទៅ​ចុះ​។​ ខ្ញុំ​មិន​ចង់​ប្រៀប​ធៀប​ព្រោះ​គីឡូ​ ខុស​គ្នា​ពេក​  ពេល​ដែល​សម្តេច​តេជោ ហ៊ុន សែន លោកចាប់​ផ្តើម​ចុះ​ប្រឡូក​​នយោបាយ​ ទាំង​លោក កឹម សុខា លោក សម រង្ស៊ី មិន​ដឹង​នៅ​ឯណា​ផង​​ ហើយ​ជន​រួម​ជាតិ​ស្គាល់​ទេ ខ្ញុំ​ធ្លាប់​គិត​មើល​ថា បើ​គិត​ពី​វ័យ​ យើង​និយាយ​ឲ្យ​សាមញ្ញ​ឲ្យ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​ស្តាប់​​សម្តេច​តេជោ ហ៊ុន សែន វ័យ​លោក កឹម សុខា វ័យ​លោក សម រង្ស៊ី ប្រហាក់​ប្រហែល​គ្នា​ទេ?​។​ សម រង្ស៊ី ដូច​ជា​បង​សម្តេច​ ១ឆ្នាំ ឬ ២ ឆ្នាំ ទេ។​ ឯ​លោក កឹម សុខា​ និង​សម្តេច​ប្រហាក់​ប្រហែល​គ្នា​ទេ ​ហើយ​ជន​ជាតិ​ខ្មែរ​ដូច​គ្នាទៀត​។​ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​មួយ​ ដែល​ប្រទេស​ជាតិ​វឹក​វរ​​ដោយ​សារ​សង្រ្គាម​ តើ​អស់​លោកទាំង​​ពីរ​នោះ​មាន​ប្រើ​ខួរ​ក្បាល​របស់​ខ្លួន​គិត​ទៅ​ដល់​ជាតិ​ ទេ?​ ឱកាស​មាន​ដូច​គ្នា។​ ថា​លោក សម រង្ស៊ី ទៅ​ស្ថិត​នៅ​ក្នុង​​គ្រួសារ​មួយ​ថ្នាក់​ខ្ពស់​ទៅ​ហើយ រៀន​​នៅ​ក្រៅ​ប្រទេស មិន​ស្គាល់​អ្វី​ហៅ​ថា ទុក្ខ​​​វេទនា​របស់​ជាតិ និង​ប្រជាជន​​ទៅ​ចុះ​។ ឥឡូវ​ខ្ញុំ​និយាយ​ត្រឹម​ លោក​ កឹម សុខា ខ្ញុំ​និយាយ​ត្រឹម​សម័យ​​ខ្មែរ​ក្រហម​​ ដែល​រង​គ្រោះ​ដោយ​សារ​ខ្មែរ​ក្រហម​ដូច​គ្នា ហើយ​ចលនា​តស៊ូ​ រើបម្រាស់​​​ផ្តាច់​ខ្លួន​ចេញ​​ពី​របប​ ប៉ុលពត មិន​មែន​កើត​ចេញ​នៅ​ថ្ងៃ​ទី ២ ធ្នូ ១៩៧៨ និង ៧ មករា ១៩៧៩ ទេ វា​កើត​ចេញ​តាំង​ពី​សឹង​ថា តាំង​ពី​ ៧០ ជាង​មក​ម្លេះ​ ៧៣-៧៤-៧៥ រហូត​ដល់​ ៧៧-៧៨​ មក​ កម្លាំង​​ដែល​គេ​អ្នក​តស៊ូ​ហ្នឹង។​ អញ្ចឹង​មិន​មែន​លោក​កឹម​ សុខា ហ្នឹង មិន​ដឹង​ទេ គឺ​ដឹង តែ​បើ​ដំណាក់​កាល​នោះ​ខ្លួន​មាន​គំនិត​អាណិត​ជាតិ មើល​ឃើញ​អំពី​ទុក្ខ​សោក​វេទនា របស់​ប្រជា​ពល​រដ្ឋ ក្រោម​នយោបាយ​កាប់​សម្លាប់​របស់ ខ្មែរ​ក្រហម​ខ្លួន​ប្រហែល​រក​ច្រក​ណា​មួយ​ ដើម្បី​ចូលរួម​តស៊ូ ផ្តួល​រំលំ​របប​ហ្នឹង​ហើយ ប៉ុន្តែ​អត់​។ សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​ដាក់​ជា​សំណួរ​​ខ្លួន​ឯង​ នៅ​ពេល​ដែល​លោក​​ពេញ​វ័យ​​ស្រឡាញ់​​ខ្លួន​អាយុ ១៧-១៨ ឆ្នាំ ស្រឡាញ់​ខ្លួ​ន ឆ្លុះ​កញ្ចក់​១ថ្ងៃ​ ៣-៤ ដង​។​ ខ្ញុំ​ក៏​ឆ្លង​កាត់​វ័យ​ហ្នឹង​ ខ្ញុំ​ក៏​ស្រឡាញ់​ខ្លួន​ខ្ញុំ​ដែរ​ ប៉ុន្តែ​លោក​បាន​លះបង់​មនោសញ្ចេតនា​ជាមួយ​គ្រួសារ ឪពុក​ម្តាយ​ បង​ប្អូន ញាតិ​សណ្តាន លះបង់​ការសិក្សា​ ចូល​បំរើ​ជាតិ​តាម​ការ​អំពាវ​នាវ​របស់​សម្តេច​ប្រមុខ​រដ្ឋ ​នរោ​ត្តម​ សីហនុ ពេល​ដែល​លោក​ទៅ​ធ្វើ​សង្គ្រាម​​ផ្តួល​​រំលំ​របប​ លន់ ណុល តាម​រយៈ​ការ​អំពាវ​នាវ​នេះ លោក​របួស​ខ្លួន​​ប្រាណ លោក​ពិការ​នេត្រា​ម្ខាង​ ជំនួស​អស់​លោក​។​ នៅ​ក្នុង​ដំណាក់​កាល​នោះ គួរ​ណាស់​តែ​ភាព​ពិការ​របស់​លោក ប្រែ​ក្លាយ​ឲ្យ​ប្រទេស​ជាតិ​​ឈាន​ទៅ​រក​ដំណាក់​កាល​សន្តិភាព​ ឈាន​ទៅ​រក​ដំណាក់​កាល​ប្រក្រតី​ឡើង​វិញ វា​បែរ​ទៅ​ជា​​ការ​ចូល​រួម​យក​ជីវិត​ទៅ​ពាំង​នឹង​គ្រាប់​​កាំ​ភ្លើង​​ទទួល​ បាន​ជោគ​ជ័យ​ហើយ​ បែរ​ទៅ​ជា​អស់​លោក​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​មក​កាប់​សម្លាប់​ប្រជាជន​វិញ។​​ លោក​ដាក់​សំណួរ​ខ្លួន​ឯង​ថា លោក​របួស​ហ្នឹង​​វា​គួរ​តែ​បញ្ចប់​​បញ្ហា​ បែរ​ទៅ​ជា​អស់​លោក​ថ្នាក់​ដឹក​នាំ មក​កាប់​សម្លាប់​ប្រជាជន​ តើ​លោក​ឈឺចាប់​ប៉ុណ្ណា ?​ ចំណុច​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​លោក សម្រេច​ចិត្ត​​ចាក​ចោល​ភរិយា​ជាទី​ស្រឡាញ់​ ព្រម​ទាំង​កូន​នៅ​ក្នុង​​ផ្ទៃ លោក​ចាក​ចេញ​ទៅ​នាំ​សហការី​ឆ្លង​កាត់ ចំការ​មីន​ យក​ជី​វិត​ទៅ​ធ្វើ​ដើម​ទុន​ ដើម្បី​ទៅ​រំដោះ​ប្រទេស​ជាតិ ​រំដោះ​បាន​មក​ហើយ ទប់​ស្កាត់​សព្វ​បែប​យ៉ាង​ ផ្សះ​ផ្សា រក​សន្តិភាព​​ ឆ្លង​កាត់​ព្យុះ​ព្យោ​មា ដូច​ខ្ញុំ​បាន​និយាយ​​ខាង​ដើម វា​ច្រើន​ម៉ឺន​ជំពូក​ណាស់​។​ នេះ​ឱ​កាស​មាន​ដូច​ៗ​គ្នា​ អត់​មាន​អ្នក​ណា​ហាម​ឃាត់​​ទេ​ពេល​នោះ​ ប៉ុន្តែ​លោក កឹម សុខា​ នៅ​ឯណា ទើប​លេច​ចេញ​មក​នៅ​ ១៩៩៣ មិន​ដឹង​ចេញ​ពី​ណា​មក។​​ ១៩៩៣​ មក​ចូលរួម​បោះ​ឆ្នោត​ គឺ​គណបក្ស​លោក​តា ស៊ឺន​ សាន បាន​ប៉ុន្មាន​អសនៈ។​ ដល់ ១៩៩៨ រលាយ​គណបក្ស ហើយ​មក​បង្កើត​អង្គការ​សិទ្ធិ​មនុស្ស​... ឥឡូវ​មក​តាំង​ខ្លួន​អ្នក​ពូកែ​យ៉ាង​ម៉េច​ លោក​យាយ​លោក​តា ប្រៀប​ធៀប​ត្រង់​ហ្នឹង។​ ឥឡូវ​បើ​យើង​មើល​បុគ្គល​ថ្នាក់​ដឹក​នាំ​ម្នាក់ ​ដែល​លោក​​យក​ជីវិត​ធ្វើ​ដើម​ទុន​មក​រំដោះ​ប្រទេសជាតិ ឲ្យ​យើង​រស់​បាន​សុខ​បច្ចុប្បន្ន​ ហើយ​និង​មនុស្ស​ម្នាក់​ដែល​មាន​វ័យ​ប្រ​ហាក់​ប្រហែល​គ្នា​ រស់​ដោយ​សារ​គេ​ដែរ​ ហើយ​មិន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ មាន​តែ​បរាជ័យ​ក្នុង​ជីវិត​នយោបាយ​ ហើយ​មក​បង្កើត​គណបក្ស​មួយ​ មក​អួត​ក្អេង​ក្អាង​ថាខ្លួន​គ្រាន់​បើ​ ឯ​គេ​ខុស​រហូត​ ​តើ​លោក​យាយ​លោកតា​​ទទួល​យក​បាន​ទេ? ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​ ខ្ញុំ​មិន​ឲ្យ​តម្លៃ​លោក កឹម សុខា​ ទេ ។​

-មតិ​លោកបណ្ឌិត ឈឹម ផលវរុណ
ការពិត ​ខ្ញុំ​កំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​រហូត​ដល់​ពេល​នេះ​ តែ​ដោយ​សារ​ពេល​ខ្លះ​យើង​មើល​ទៅ​ យើង​ដឹង។​​ ប៉ុន្តែ​យើង​ឃើញ​​ការ​ប្រមាថ​ មាក់​ងាយ​ ដៀល​ វីរៈជន​ស្នេហា​ជាតិ រហូត​ដល់​ត្មេះដៀល​រដ្ឋាភិបាល​ តាំង​ខ្លួន​ឯង​អស្ចារ្យ​។​ ខ្ញុំ​សម្រេច​ចិត្ត​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​បន្តិច អ្វី​ដែល​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​ ផ្អែក​​ទៅ​លើ​ឯកសារ​ផ្សេង​ៗ​ គ្រប់​ច្រក​ល្ហក​ គឺ​កម្ពុជា​យើង​គួរ​តែ​មោទនភាព​ ចំពោះ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រកូល​​ជា​កសិករ​អាច​នាំ​មក​សន្តិភាព​ជូន​ជាតិ​ ។​ បើ​យើង​ពិនិត្យ​ទៅ​លើ​ឯក​សារ​គឺ​មាន​ទាំង​អស់​។​ គេ​មិន​អាច​លុប​ចោល​នូវ​តថភាព​សង្គម​ទេ​ ១៩៨៥ បាន​ប៉ុន្មាន​ខែ ដែល​ប្រមុខ​​រាជរដ្ឋាភិបាល​ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​គណបក្ស​ប្រជាជន​បដិវត្ត​​កម្ពុជា ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​​មន្រ្តី ហើយ​គាត់​ក៏​ប្រើ​ឱកាស​នេះ​ផ្តួច​ផ្តើម​គំនិត​សន្តិភាព​ទៅ​ភ្ជាប់​ជា​មួយ​ អន្តរជាតិ​ គឺ​រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី​ បន្ត​មក​ទៀត​ស៊ីពេល​២ ឆ្នាំគឺពី​ ៨៥ រហូតដល់ ៨៧ ជាង​ ២ ឆ្នាំ បាន​កើត​មាន​នូវ​ជំនួប​ជា​ឯកជន​​រវាង​ ហ៊ុន សែន សីហនុ ហើយ​ជំនួប​ហ្នឹង​គឺ​ជា​ជំនួប​ទី​១ ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​មាន​បំរែ​បំរួល​នៃ​បញ្ហា​កម្ពុជា មក​លើ​ទស្សនៈ​នយោបាយ​ ខុស​គ្នា​របស់​ប្រទេស​នៅ​ក្នុង​តំបន់​ និង​មហា​អំណាច​ពិភពលោក។​ ​​អាហ្នឹង​នៅឆ្នាំ​ ៨៧ ហើយនៅឆ្នាំ​​ ៨៨ ជំនួប​ ហ៊ុន សែន សីហនុ លើក​ទី​​២ ដែល​ធ្វើ​ឲ្យ​ឈាន​ទៅ​រក​ភាព​ជាក់​ស្តែង​ក្នុង​ការ​រៀប​ចំ​ស្វែង​រក​សន្តិភាព ​ជូន​កម្ពុជា។​ មិន​មែន​ ២៣ តុលា កើត​ដោយ​សារ​អន្តរជាតិ​ជប់​ម​ក​ទេ គឺ​ផ្តើម​តាំង​ពីឆ្នាំ​ ៨៥ ចំណាយ​​ពេល​ ២ ឆ្នាំ បាន​ ហ៊ុន សែន សីហនុ មាន​ជំនួប​នោះ។​ ជំនួប​ហ្នឹង​គេ​ហៅ​ថា ជំនួប​ ហ៊ុនសែន សីហនុ ហើយ​ ២៣ តុលា ឯណា​ទៅ​កើ​ត​ពី​បរទេស​ ២៣ តុលា កើត​ពី​តួអង្គ​អម្បាញ់​មិញដែល​ខ្ញុំ​បាន​​និយាយ​។​ ជំនួប​ទី១ ទី២ ហើយ​ជំនួប​ទី១ ទី២ ទៅ​រួច​ទាល់​តែ​មាន​អ្នក​ផ្តួច​ផ្តើម​គំនិត​ វាមិន​មែន​ទទេៗ​ ជំនួប​ទី​១ ទី២ កើត​មក​ដូច​ឥស្សីជប់​យ៉ាង​ម៉េច ជំនួប​ហ្នឹង​កើត​ឡើង​ដោយ​សារ​ផ្តួច​ផ្តើម​គំនិត​របស់​​សម្តេច​នាយក​ រដ្ឋមន្រ្តី​ ហើយ​ចំណុច​ហ្នឹង​យក​ទៅ​ពិចារណាចុះ។​​ ​យើង​ចេះ​តែ​បោះ​ជំហាន​​បន្តិច​ម្តងៗ​ ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្លឺ​ កុំឲ្យ​​​លង់​លក់​ទៅ​តាម​អ្នក​នយោបាយ​ឆបោក​ទាំង​អស់​ហ្នឹង ហើយ​ខ្ញុំ​ជឿ​ថា​ប្រជាពលរដ្ឋ​មិន​ល្ងង់​ដូច​អស់​លោក​ហ្នឹង​ទេ។​ អស់​លោក​អ្នក​នយោបាយ​ប្រឆាំង​ ល្ងង់​ហើយ ងោះសុទ្ធ​ ដែល​គ្មាន​សមត្ថភាព​ធ្វើ​នយោបាយ​បាន​ត្រឹម​តែ​បិទ​បាំង​នូវ​​ការ​រីក​ចម្រើន ​របស់​កម្ពុជា ហើយ​បន្តុះ​បង្អាប់​ការ​រីក​ចម្រើន​​របស់​កម្ពុជា បែរ​ទៅ​ងាក​ពឹក​ផ្អែក​បរទេស​ ដែល​គេ​ត្រូវ​ការ​សហ​ប្រតិបត្តិការ​ និង​ឯក​រាជ្យ​ភាព អធិបតេយ្យ​ភាព​​ តែ​អស់​លោក​ប្រឆាំង​នេះ​គ្មាន​សមត្ថភាព​ការ​ឯករាជ្យ​ភាព​ អធិបតេយ្យ​ភាព​នៃអំណាច​រដ្ឋ​ របស់​កម្ពុជា​ទេ បែរ​ទៅ​ជា​​ងាក​ឡើង​ទៅ​ពឹង​បរទេស​ ហើយ​ចរិត​មាយាទ​នេះ​គឺ​​នឹង​ត្រូវ​បញ្ចប់​ជីវិត​នយោបាយបែប​ហ្នឹង​របស់​ពួក​ គាត់​ហើយ​។

-មតិ​លោក ជុំ កុសល
គាត់ ​ធ្វើ​នយោបាយ​ចូល​ចិត្ត​យក​ដៃ​ទៅ​បាំង​ ព្រះ​អាទិត្យ ព្រះ​អាទិត្យ​បំភ្លឺ​ពិភពលោក ប៉ុន្តែ​លោក យក​បាត​ដៃ​ដ៏​តូច​ទៅ​បាំង​ព្រះអាទិត្យ​យ៉ាង​ម៉េច​កើត​ បាំង​បាន​តែ​​មុខ​លោក​ហ្នឹង​ទេ ប៉ុន្តែ​អ្នក​ដ៏ទៃ​គេ​នៅ​តែ​មើល​ឃើញ​ព្រះ​អាទិត្យ​​។ ខ្ញុំ​ចង់​និយាយ​ថា អស់​លោក​មិន​ដែល​ទទួល​ស្គាល់​ការ​ពិត​ ហើយ​យក​បាត​ដៃ​ដ៏​កខ្វក់​របស់​ខ្លួន​ចង់​​បិទ​បាំង​ទូទៅ​យ៉ាង​ម៉េច​បាន។​​ វា​បាំង​តែ​ភ្នែក​របស់​លោក​ទេ តែ​​ភាព​ពិត​ជាក់​ស្តែង​គេ​មើល​ឃើញ​ថា វា​ចេញ​រូប​រាង​យ៉ាង​ម៉េច​ៗ អញ្ចឹង​ជម្រុះទៅ​អា​​រឿង​ធ្វើ​នយោបាយ​ចូល​ចិត្ត​យក​បាត​ដៃ​បាំង​ព្រះ​ អាទិត្យ​ បាំង​បាន​តែ​មុខ​ខ្លួន​ឯង​ ក៏​គិតថា ប្រហែល​វាជិត​ទៅ​ដល់​អ្នក​ដ៏ទៃ​អាហ្នឹង​គឺ​យល់​ខុស​ហើយ៕​
សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី