Tuesday, February 21, 2012

បទអត្ថាធិបាយៈ សម រង្ស៊ី ថា៖ កឹម សុខា ពាក់ស្បែក​ប្រជាធិប​តេយ្យ​ក្លែងក្លាយ


បន្ទាប់ពីការ ​ចាកចេញ ពីគណ​បក្ស សម រង្ស៊ី មកចូល​រួមជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស មិនបាន​ប៉ុន្មាន​ផង សមាជិក​សមាជិការ​នៃគណបក្ស​ទាំងនោះ បាន​សម្លឹងឃើញ​ទីជម្រក​ថ្មីមួយ​ទៀត ដែលជា​ទីឋាននៃ​ឧត្តមភាព និងអនាគត​ដ៏ល្អ​ត្រចះត្រចង់​របស់ពួកគេ។

          តើមូល​ហេតុអ្វី ទើបមាន​ការធ្វើចំណា​កបក្សយ៉ាង​ភ្លូកទឹកភ្លូក​ដីបែប​នេះ? តើ​ជម្រកថ្មី​រប​ស់​សមាជិក​សមាជិការ​នៃគណបក្ស​ប្រឆាំងទាំង​អស់នោះ នៅឯណា? ហើយ​ពិតជា​បានផ្តល់​នូវ​ឧត្តមភាព និងអនាគត​សម្រាប់ពួក​គេយ៉ាង​ដូចម្តេច?

          នរណាក៏​បានដឹង និងឮហើយថា ការបែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​សម រង្ស៊ី គឺកើត​ឡើង​​ដោយ​កំហុស នៃយុទ្ធសាស្ត្រ​នយោបាយ​របស់​ពួកគេ គឺការវាយ​ប្រហារ​បំផ្លើស​បំភ្លៃ​ការពិត ប្រ​ឌិត​ព្រឹត្តការណ៍ ចោទប្រកាន់​មកលើ​គណបក្សប្រជាជន​កម្ពុជា ទាំងងងឹត​ងងុល​ខ្វះការ​ពិ​ចា​រណា​។

          ដោយក្តីអស់​សង្ឃឹមចំពោះ​ការដឹកនាំ ដែលពុំមាន​ការទទួល​ខុសត្រូវ គ្មានអំណោយ​ទាន​របស់គណ​បក្សប្រឆាំង ប្រជាធិប​តេយ្យក្លែង​ក្លាយ​ទាំងនេះ ម្តងហើយ​ម្តងទៀត ចលនា​នៃចំ​ណាកបក្ស​កើតមាន​ជាបន្តបន្ទាប់ ហើយមាន​ទ្រង់ទ្រាយ​ធំទៀតផង។

          ការបែកបាក់បង្កើត​ជាការចោទ​ប្រកាន់គ្នា​ទៅវិញ​ទៅមក រវាង លោក សម រង្ស៊ី និង លោ​ក កឹម សុខា ដែល​បង្កបាន​ជាសង្គ្រាមពាក្យ​សម្តី បរិហារ ហែកហួរ តិះដៀល​គ្នាមិន​ចេះ​ចប់​មិន​ចេះ​ហើ​យ​​ក្នុងទីលាននៃ​ការដណ្តើម​សកម្មជន និងអ្នកគាំទ្រ ប្រៀបបាន​នឹងកូន​ក្មេងលេង​ទាញ​ព្រា​ត់​​​យ៉ាង​ដូច្នេះ​ដែរ។

          ជុំវិញការបែក​បាក់ជា​ប្រព័ន្ធ ហើយមាន​លក្ខណៈទ្រង់ទ្រាយ​ធំ របស់​គណបក្ស ​សម រង្ស៊ី ត្រូវបាន លោក កឹម សុខា ប្រធាន​គណបក្សសិទ្ធិ​មនុស្ស​រីករាយ​អបអរ​សាទរ​ស្វាគមន៍ចំពោះ​ការបាក់​បែកនេះ ហើយ កឹម សុខា ក៏បានអំពាវ​នាវឲ្យអ្នកគាំ​ទ្រគ​ណបក្សសម រង្ស៊ី ទាំងអស់​ភ្ញាក់រលឹក ហើយ​ដើរចេញ​ពីទីងងឹត​មកទីភ្លឺ ឲ្យបាន​ឆាប់រហ័ស និងទាន់​ពេល​វេលា ដោយ​លោក​បានលើក​តម្កើង​គណបក្ស​សិទ្ធិមនុស្ស​របស់​ខ្លួនជា​គណបក្ស​ប្រឆាំងទី ១ នៅ​កម្ពុជា ព្រោះយល់​ថា គណបក្ស​សម រង្ស៊ី នឹងរលំ​រលាយ​នាពេល​ដ៏ខ្លីខាង​មុខនេះ។

          ឆ្លើយតបនឹង លោក កឹម សុខា មេដឹកនាំ​គណបក្ស សម រង្ស៊ី បានចោទ​ប្រកាន់​គណ​បក្ស​សិទ្ធិ​មនុស្សថា ដណ្តប់ស្បែក​ប្រជាធិ​បតេយ្យ​ក្លែងក្លាយ ហើយ​អ្វីដែល​បក្ស​សិទ្ធិ​មនុ​ស្ស​ទទួល​បា​ន​​នោះ គឺជាដុំ​ឈើពុក សំរាម​ស្អុយរលួយ​អស់ទៅហើយ។

          ការលើក​ឡើង​បែបនេះ របស់​គណបក្ស​សម រង្ស៊ី មិន​មែន​ជាលើកទីមួយ​នោះទេ ដែល​គេ​​តែងតែធ្វើ​ការ​ប្រមាថ បន្ទាប​បន្ថោកតម្លៃ​មនុស្សមក​លើសកម្មជន​របស់ខ្លូន ព្រោះថា នៅ​ពេល​​ណា ដែល​សកម្មជន​របស់ខ្លួន​បាត់បង់ជំនឿ​លើការដឹក​នាំរបស់​ពួកគេ ហើយ​ដើរចេញពី​បក្ស​នោះ គេតែងតែ​ចាត់ទុក​អ្នក​ទាំងនោះ ជាជនក្បត់​បក្ស ជាដុំ​ឈើពុក ជាស្លឹក​ឈើជ្រុះ ជាសំរាម​ស្អុយរលួយ ដែលកា​រចោទ​ប្រកាន់បែបនេះ មានលក្ខណៈខុសប្លែកពី​ពេលមុនៗ នៅពេលដែល សម រង្ស៊ី ទទួលផល​ចំណេញ​នយោបាយ ពីអ្នក​ទាំងនោះ សម រង្ស៊ី តែងតែ​ចាត់ទុក​អ្នកទាំង​នោះថា ដុំមាស​ដ៏មាន​តម្លៃ ជាវត្ថុទិព្វ។

          ការសប្បាយ​រីករាយ​អបអរសាទរ នូវភាព​បរាជ័យ​របស់​គណបក្សសម រង្ស៊ី មិនបានប៉ុន្មា​ន ថ្ងៃផង ភាពសោកសៅ​ក្នុងបក្ស​សិទ្ធិមនុស្ស បាននាំ​មកនូវ​ការអាប់​អួរ និងសេចក្តី​ខ្មាស់​អៀនជា​ខ្លាំង  ដោយសមាជិក​គណបក្ស​សិទ្ធិមនុស្ស​ខ្លួនឯង រួមជាមួយ​គណបក្ស​សម រង្ស៊ី ដែល​បាន​មក​ចូលរួមជាមួយ​មិនទាន់បាន​អង្គុយក្តៅគូថ​ផង អ្នកទាំងនោះ ក៏បាន​សម្រេចចូល​រួមជាមួយ​គណ​បក្សប្រជាជន​កម្ពុជាវិញ​អស់ទៅ​ហើយ។ សកម្មភាព​ទាំងនេះ ត្រូវបាន​បក្សសម រង្ស៊ី សើច​ចំអក​ឡកឡឺយទៅវិញយ៉ាងខ្លាំង។

          ទោះជាយ៉ាង​ណាក៏​ដោយ កំហុស​យុទ្ធសាស្ត្រ​នយោបាយ​ដ៏ធ្ងន់ធ្ងរ ដែលមិន​អាច​ស្រោច​ស្រង់​បាន របស់​គណបក្ស​ប្រឆាំងទាំងពីរ ការសម្រេច​ចិត្តលើឆន្ទៈ​នយោបាយ​ដ៏ត្រឹមត្រូវ ប្រកប​ដោយភាព​ច្បាស់​លាស់ របស់អតីត​អ្នកគាំទ្រ​គណបក្ស សម រង្ស៊ី ដែលបាន​មកចូលរួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស និងអ្នក​ដែល​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស បានដឹក​ដៃគ្នាជា​ក្រុមធំៗ​ចាក​ចេញជា​បន្តបន្ទាប់ មករួមរស់ក្នុង​មហាគ្រួសារ​នៃគណបក្ស​ប្រជាជន​កម្ពុជា ដោយ​អ្នកទាំង​នោះ​ផ្តើមស្វែង​យល់ និង​សម្លឹង​ឃើញកាន់​តែច្បាស់​ថា ពួកគេគ្រាន់​តែជាបាវ​បំរើឱ្យ​បន​នយោបាយ​រប​ស់​ សម រង្ស៊ី និង កឹម សុខា តែប៉ុណ្ណោះ ព្រោះការរួម​រស់ក្នុង​បក្ស​ប្រឆាំង​ពីរនេះ កន្លងមក​ពួក​គាត់​មិន​ដែលមាន​ឱកាស ក្នុងការ​បង្កើតឆន្ទៈ​នយោបាយ​ម្តងណា​នោះទេ។

          ការសម្រេច​ចិត្តក្នុងការ​ធ្វើចំណាក​បក្ស របស់មន្ត្រី​គណបក្សទាំង​ពីនេះ ត្រូវបាន​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់​ឃើញ​ថា គឺការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ឧត្តមភាព និងការ​ស្វែង​រកអនាគត​ដ៏ត្រចះ​ត្រចង់ ពោលគឺការ​សម្រេច​ចិត្តចាក​ចេញ​ពីទី​ងងឹត មកងងឹត​សូន្យ​ឈឹង​ហើយ​ការចាក​ចេញ​ពីទី​ងងឹត​សូន្យ​ឈឹង មករក​ទីដែល​មាន​ពន្លឺពិត​ប្រាកដ។

          សរុប​សេចក្តីមក ការសម្រេច​ចិត្តត្រឹម​ត្រូវ​លើឆន្ទៈ​នយោបាយ​របស់​ប្រជាពលរដ្ឋ គ្រប់​និន្នាការ​តាមរយៈ​ការ​រួម​រស់ ជាមួយ​គណបក្សប្រជាជន​កម្ពុជា គឺជាការ​សម្រេច​ចិត្តប្រកប​ដោយ​ភាពច្បាស់​លាស់ និង​ប្រសិទ្ធ​ភាពខ្ពស់ក្នុង​ការជួយ​លើកស្ទួយ​លទ្ធិ​ប្រជាធិ​បតេយ្យ ការពារ​បូរ​ណ​​ភាពទឹកដី ធានានូវ​ស្ថានភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​ហិរញ្ញវត្ថុ ជំរុញ​ការ​អភិវឌ្ឍ អភិ​បាល​​កិច្ចល្អ តម្លាភាព ការទទួល​ខុសត្រូវ ទប់ស្កាត់​អំពើពុក​រលួយ ការពារសិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋទូទៅ លើកតម្កើង​កម្រិតជីវភាព ​និងសុខមាល​ភាពសង្គម ក្រោមការ​ដឹកនាំដ៏​ឈ្លាសវៃ របស់​សម្តេចអគ្គ​មហាសេនា​បតីតេជោ  ហ៊ុន សែន នាយយករដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាច​ក្រ​កម្ពុជា៕

ដោយៈ ឧត្តម សក្តិ