Thursday, February 23, 2012

បទអត្ថាធិប្បាយ ៖ សមរង្ស៊ីមិនមែន អ៊ុងសានស៊ូជីទេ


នៅពេលថ្មីៗនេះ លោកសមរង្ស៊ី បានផ្ញើលិខិតមួយ​ច្បាប់ជូនទៅ​កាន់​បណ្តា​មេដឹកនាំ​ពិភពលោក ចំនួន​២១ប្រទេស ដោយ​បាន​លើក​ឡើងនូវ​ចំណុច​ជាច្រើន​ក្នុងនោះ​ក៏បានលើក​ឡើងផង​ដែរថា ខណៈពេល ដែលពិភពលោក​កំពុងតែចាប់​អារម្មណ៍នឹង​ការដោះលែង​មេបក្ស​ប្រឆាំង​ភូមា គឺលោកស្រី អ៊ុងសាន ស៊ូជី ហើយបក្ស​ប្រឆាំង​រូបនេះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួមការ​បោះឆ្នោត​នៅពេល​ខាង​មុខ​នេះ​នៅ​ខណៈ​ពេល ដែល​ត្រូវ​ក្រឡេក​មើល​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្នាន​ឆ្នាំថ្មីៗនេះ បានធ្វើដំណើរ​លើមាគ៌ា​ផ្ទុយ​នឹង​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ក្នុងស្ថាន​ភាពពីរផ្ទុយ​គ្នា​ស្រឡះ​សុទ្ធ​សាធ សមរង្ស៊ី​មិនអាច​យក​ខ្លួនគាត់ ឬ ស្ថានភាព​នៅក្នុង ប្រទេសកម្ពុជា​ទៅប្រៀប​ធៀប​នឹង​លោកស្រី អ៊ុងុសាន ស៊ូជី ឬ ក៏ប្រទេស​ភូមា​បាន​ឡើយ។ ដោយឈរ​លើមូល​ដ្ឋាន​នៃភាពសម​ហេតុ​ផលក្នុង​កត្តា​នយោបាយ​ដឹកនាំ និងទិដ្ឋាភាព​ផ្លូវច្បាប់ សមរង្ស៊ី គឺជា​ទណ្ឌិត​ដែល​ត្រូវបានតុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បានកាត់ទោស​ឱ្យជាប់គុក​ពីបទដក​បង្គោល​តំរុយព្រំ ដែនដែល​ប្រើប្រាស់​ដើម្បីកំណត់ខ្សែ​ព្រំដែន​ក្នុង​ខេត្តស្វាយ​រៀង ដែលជា​ទង្វើផ្ទុយ​ពីច្បាប់​ជាតិ និង នីតិវិធី​សភាជាតិ ដែល​ក្នុងនាមលោក​កាល​ណោះ​ជា​សមាជិក​សភា​ម្នាក់ដែរ។ ក្នុងឋានៈ​ជាទណ្ឌិត សមរង្ស៊ី ត្រូវបាន​ដកហូត​អភ័យ​ឯកសិទ្ធិ ហើយចូល​បំរើទោស​គុកតាម​ច្បាប់ជាតិ មុននឹង​និយាយ​អំពីការ​បោះឆ្នោត ឬ ការសុំការ​លើកលែង​ទោស។ នេះហើយ​ជានីតិរដ្ឋ ដែល​សមរង្ស៊ី​ចង់បាន ហើយ​លោក​ត្រូវ​ធ្វើ​ជាគំរូ ដើម្បី​អនុវត្ត​នីតិរដ្ឋ។ ក្នុងស្ថាន​ភាពនេះ លោកស្រី អ៊ុងុសាន ស៊ូជី មិនមែន​សមរង្ស៊ី ហើយ​សមរង្ស៊ី មិនមែន លោកស្រី អ៊ុងសាន ស៊ូជីដែរ។ ព្រោះ លោកស្រី អ៊ុងុសាន ស៊ូជី មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ក្នុងប្រទេស​ឡើយ។
ក្នុងទិដ្ឋភាព​នយោបាយ សមរង្ស៊ី ក្នុងឋានៈ​ជាទណ្ឌិត​បានព្យាយាម និងប៉ុនប៉ង​ទំលាក់​រដ្ឋាភិបាល ដោយបាន​ធ្វើការ​ញ្ញុះញង់ឱ្យ​ប្រជាជន​ធ្វើបដិវត្ត​ប្រឆាំង ដូចនៅ​ក្នុងប្រទេស​ទុយ​ណេស៊ី អេហ្ស៊ីប៘ ដែល​ប្រាស់​ចាក​ពីគោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិ​បតេយ្យដ៏​ពិតប្រាកដ​នោះ។​ក្នុងស្ថាន​ភាព​ដែល ប្រទេសកំពុងបោះ​ជំហ៊ាន​ឆ្ពោះទៅមុខ​លើផ្លូវកំណែទម្រង់​លើគ្រប់​វិស័យ​ដែលគ្មាន​ប្រទេសណា​ដូចកម្ពុជា​នោះ សមរង្ស៊ីបា​នឆ្លៀតឱកាស​និយាយ​មួលបង្កាច់​អំពីស្ថានភាព​មិនពិតប្រាកដ​ក្នុងប្រទេស​ប្រាប់សហគមន៍​អន្តរជាតិ ហើយ​ស្នើឱ្យ​បណ្តាប្រទេស​ទាំងនោះ​ផ្តាច់​ជំនួយ​មក​កម្ពុជា ខណៈពេលដែល​កម្ពុជា​កំពុង​ត្រូវការ​ទាក់ទាញ ឱ្យមានការ​វិនិយោគទុន​នានាដើម្បី​កសាង​សេដ្ឋកិច្ចឱ្យ​បានចំរើន​លូតលាស់ ហើយជីវភាព​ប្រជាជន​បាន ល្អប្រសើរពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ តើសមរង្ស៊ី​បានធ្វើអ្វីខ្លះ ដើម្បីការរីក​ចំរើន​ដល់ជាតិ​មាតុភូមិ និងប្រជាជន ទាំងមូល? ផ្ទុយទៅវិញ​សមរង្ស៊ី​បានយក​បញ្ហាផ្ទាល់​ខ្លួន និងអារម្មណ៍​យល់ឃើញ​ផ្ទាល់ខ្លួន​ជាមាគ៌ា​នយោ បាយ​ដើម្បីធ្វើការ​សងសឹកក្នុង​ឥរិយាបថ​ប្រែប្រួល​គ្មានហេតុផល​សំរាប់​ឱ្យប្រជាជន​ទទួលយក​បានឡើយ។ អ្វីដែលប្រជាជន​កម្ពុជា ដែល​ជាអ្នកបោះឆ្នោត​បានយល់​ដឹង​យ៉ាងច្បាស់​ថា សមរង្ស៊ី​ខ្លួនឯង​ផ្ទាល់​បាន ផ្ញើលិខិតសុំទោស​ជូន​សម្តេច ហ៊ុន សែន កាល​ពីឆ្នាំ​២០០៦ ថា គាត់បាន​សោកស្តាយ​ខ្លាំងណាស់​ចំពោះ ការចោទប្រកាន់​ទាំងអស់​របស់​គាត់មក​លើសម្តេច​ថាជា​រឿងមិន​ពិតនោះទេ។
នេះជាការ​សារភាព​មួយដ៏ច្បាស់​លាស់​របស់​សមរង្ស៊ី ដែលឆ្លុះ​បញ្ចាំងឱ្យ​ឃើញនូវ​កំហុស​ខុសឆ្គងខាង នយោបាយ​មកលើ​រដ្ឋាភិបាល ក៏ដូចលើ​អ្នកដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។​បើយ៉ាង​ដូច្នេះ តើ​សហគមន៍ អន្តរជាតិ និង​ប្រជាជន​កម្ពុជា​អាចបន្ត​ជឿលើ​សមរង្ស៊ីបាន ឬទេ? ត្រង់ចំណុច​នេះ សមរង្ស៊ី​បានបាត់បង់​នូវ​តក្កវិជ្ជា ខាងនយោបាយ ក៏ដូចការ​ដឹកនាំ​នយោបាយ​សំរាប់ខ្លួន​គាត់​ផ្ទាល់ និងសំរាប់​ជាតិមាតុភូមិ​ផងដែរ។
ដូច្នេះ ត្រង់ចំណុច​ខាងការ​ដឹកនាំ​នយោបាយ​វិញ សមរង្ស៊ី មិនមែន​លោកស្រី អ៊ុងសាន ស៊ូជីទេ ព្រោះ លោកស្រី អ៊ុងុសាន ស៊ូជី មិនបាន​អំពាវសុំឱ្យ​សហគមន៍​អន្តរជាតិ​ផ្តាច់ជំនួយ​មកភូមា ហើយ​លោកស្រី ក៏មិនបាន​ប្រើប្រាស់​គំនុំ​ផ្ទាល់ខ្លួន ដើម្បីដុត​បញ្ឆោះ​កំហឹង​ប្រជាជន​ឱ្យធ្វើ​បដិវត្ត ឬ ដើម្បីវាយ ប្រហារ​មកលើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ភូមាឡើយ​ដែរ។ ក្នុងជីវភាព​នយោបាយ​បច្ចុប្បន្ន លោកស្រី អ៊ុងសាន ស៊ូជីបាន​គាំទ្រនយោបាយ​កែទម្រង់​របស់រដ្ឋា​ភិបាល ហើយបាន​ចូលរួមក្នុង​ការបង្រួប​បង្រួម និង​ស្ថាបនា​ជាតិ ភូមា។
រួមសេចក្តី​មក ការសារ​ភាពកំហុស​របស់​សមរង្ស៊ី ដែលបានវាយ​ប្រហារ​រដ្ឋាភិបាល និងថ្នាក់​ដឹកនាំ ពិសេស​មកលើ​សម្តេច ហ៊ុន សែន តាមរយៈ​លិខិតមួយច្បាប់​របស់គាត់​កាលពីឆ្នាំ​២០០៦បាន​ធ្វើឱ្យ សមរង្ស៊ីខ្លួនឯងបាន​បាត់បង់​នូវតក្កវិជ្ជា​ខាង​នយោបាយ ដែលប្រជាជន​កម្ពុជាភាគ​ច្រើនដ៏​លើសលុប និង សហគមន៍អន្តរជាតិលែង​មានជំនឿ​លើការ​ប្រឆាំងរបស់​សមរង្ស៊ីមក​លើរដ្ឋាភិបាល​កម្ពុជាទៀត​ឡើយ។
ការពិត និងជាក់ស្តែង ប្រជាជន​កម្ពុជា​ដ៏លើស​លុប​បាន​បន្តគាំទ្រ​ដល់ការដឹក​នាំរដ្ឋា​ភិបាល​ដោយ គណបក្ស​ប្រជាជន​កម្ពុជា អាស្រ័យ​ដោយរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុងដើរ​លើផ្លូវដ៏ត្រឹម​ត្រូវការ​កសាង និងអភិវិឌ្ឈជាតិ​មាតុភូមិ ដែលបាន​ប្រែក្លាយ​ស​ង្គមកម្ពុជា​មួយដែល​ហិនហោច​ដោយសង្គ្រាម​ស៊ីវិល​មកជា ប្រទេស​មានការ​ឯកភាព​ទឹកដី សន្តិភាព ស្ថិរភាព​នយោបាយ និងសន្តិសុខ​សណ្តាប់ធ្នាប់​នៅទូទាំង​ប្រទេស ពិសេស គឺការ​អភិវឌ្ឍ និងការរីក​ចំរើនមួយ​ដែល​ប្រជាជន​កម្ពុជាបាន និងកំពុង​ទទួល​បាន។ ដូច្នេះ​ហើយ​ប្រជាជនកម្ពុជា​ទាំងមូល​ត្រូវតែ​ថែរក្សា​ឱ្យបានគត់​ហ្មត់នូវ​សមិទ្ធផល​ទាំងនោះ​ជារៀង​រហូតទៅ។
    ដោយ ឡុង សុគុណ