Thursday, February 23, 2012

បទអត្ថាធិប្បាយ​៖ស្លឹកឈើជ្រុះ ព្រោះ​តែដើមងាប់​ឬសកែវ



          វាគួរឱ្យ​អាម៉ាស់ជាទី​បំ​ផុត​ចំពោះការ​ចេញ​មុខមក​បកស្រាយបំ​ភ័ន្តសាធារណមតិជាតិ និង​អន្តរជាតិ​ ដោយ​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​ សម​ រង្ស៊ី ដែល​បាន​ឆ្លើយជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អ្នក​ដែល​ចាកចេញ​ពី​បក្សប្រឆាំង​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​ស្លឹក​ឈើជ្រុះ  តែគាត់​ភ្លេចគិត​ថា​ ដើម​ឈើនោះ​ជិត​ដល់​ពេល​រលំដួលទៅ​ហើយ​។

          ការពិត​ស្លឹក​ឈើ​ជ្រុះ​ គឺដោយ​សារតែដើមឈើនោះ​ ងាប់ ឬស្អុយរលួយឬសកែវ​ ទើប​មិន​អាច​ផ្តល់​លំ​នឹង​ដើម្បី​ទ្រស្លឹក ឬ​មែក​បាន​តទៅ​ទៀត ដូច្នេះ​ ស្លឹក ឬ​មែកឈើនោះ ​​មិន​អាច​នៅ​​ជាប់​ដើមរបស់​វាបាន​​តទៅ​ទៀត​ គឺត្រូវ​តែជ្រុះ ដោយគ្មាន​​អ្វី​មក​ឃាត់​ឃាំង​បាន​ឡើយ នេះ​ គឺជាក្រិត​ក្រម​របស់​ធម្មជាតិ​ ហើយ​មិន​យូរមិន​ឆាប់​ដើមឈើ​ស្អុយ​នោះ​ ប្រាកដជាដួល​រលំ។

          ដូច​គ្នា​នេះ​ដែរ ការ​ចាកចេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ក្នុង​គណបក្ស​សម រង្ស៊ី​ ដែល​បាន​សំ​រេចចិត្ត​នាំគ្នា​មក​ចូល​រួម​ក្នុង​ជី​វភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​ចុង​ក្រោយ​នេះ​គឺពិតជាដោយ​សារការ​អស់​ជំ​នឿទាំង​ស្រុង​លើ​បក្សប្រឆាំង​សម រង្ស៊ី​ នោះ​។

          មន្ត្រីជាន់​ខ្ពស់​របស់​គណបក្ស​សម រង្ស៊ី​ ដែល​បាន​ចាកចេញ​ពី​បក្ស​ គឺជា​សមាជិក​ក្រុម​ប្រឹក្សាខេត្ត ប្រធាន​ និង​សមាជិក​ក្រុម​ប្រឹក្សាស្រុកខណ្ឌ សង្កាត់​ នៅ​ទូទាំង​ប្រទេស​ ដែល​សកម្មភាព​នៃ​ការ​ដើរចេញ​ពី​បក្ស គឺ​មានទ្រង់​ទ្រាយ​ធំ​ណាស់​ ហើយ​ថែម​ទាំង​មាន​កម្លាំង​ដូច​មហាព្យុះ​កំ​បុតត្បូង​ ដែល​មិន​អាច​ព្យាករណ៍​ទុកបាន​ជាមុន។

          មន្ត្រី​ដែល​បាន​ចាកចេញ​ បានឱ្យ​ដឹង​ថា​ ការ​ដែល​ពួក​គេសំ​រេចចិត្តមកចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺដោយ​សារតែ​គណបក្ស​សម រង្ស៊ី​ គ្មាន​គោលនយោបាយ​ច្បាស់​លាស់​ ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រកាន់​គំ​និត «​បើប្រឆាំង​ គឺប្រឆាំង​ផ្កាប់​មុខ » គ្មានស្គាល់​តម្លៃនៃសន្តិភាព​ មាន​តែគំ​និត​បំ​ផ្លាញ​ភាព​សុខសាន្តរបស់​ប្រជាពល​រដ្ឋ មិន​បាន​ចូល​រួម​អភិវឌ្ឍប្រទេសជាតិ ហើយ​ថែម​ទាំង​ធ្វើ​សកម្មភាព​ប្រឆាំង​ ដើម្បី​បន្ទុចបង្អាក់​ផែន​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស តាម​រយៈការ​អំពាវ​នាវ​ឱ្យ​ប្រទេស​ម្ចាស់​ជំ​នួយ​ ​ ផ្តាច់​​ជំ​នួយ​ជាដើម។ ល។

          មន្ត្រី​ ដែល​ចាកចេញ​បាន​បន្ថែម​ទៀត​ថា​ របៀប​នៃការ​ដឹក​នាំក្នុង​បក្ស​សម រង្ស៊ី​ សព្វ​ថ្ងៃ​ហាក់​ដូច​ជា​ «​ក្រុម​ហ៊ុនសម រង្ស៊ី​ផ្តាច់​មុខ » ពី​ព្រោះ​ថា​ ការ​ដឹក​នាំបក្សនយោបាយ​ទាំង​មូល​ បែរជាត្រូវ​បាន​គ្រប់​គ្រង​ដោយ​គ្រួសារ​និយម​ ពីរ ឬ​បី​គ្រួសារ​ធំ​ៗ ដែល​ក្នុង​ចំណោម​នោះ​ មាន​ទាំង​ប្តី​ ទាំង​ប្រពន្ធ​ និង​បង ប្អូន​ថ្លៃ ដណ្តើមតួនាទី​គ្នា​ត្រួតត្រាក្នុង​បក្ស​។ ក្រៅ​ពីនេះ​ ការ​សំ​រេចអ្វី​មួយ​ គឺគណបក្សប្រឆាំង​មួយ​នេះមិន​ដែល​ទទួល​យក​មតិភាគច្រើន​មុន​នឹង​ធ្វើ​ការ​អនុម័ត​នោះទេ   គឺសំ​រេចតាម​តែថ្នាក់​លើ ​ម្នាក់​ពីរ និង​ពុំ​បាន​បង្ហាញអំពី​តម្លាភាពបន្តិច​សោះឡើយ​​ ដែល​បណ្តាល​ឱ្យ​កើត​មាន​នូវ​ការ​ខ្វែង​គំនិត​ ជជែក​ទាស់​ទែង​គ្នា​រាល់​លើក​នៅ​ពេលដែល​មានការ​រៀប​ចំបែង​ចែក​ភារកិច្ច​សម្រាប់​​ថ្នាក់​ដឹក​នាំបក្ស​ម្តង​ៗ តាំង​ពី​ថ្នាក់​លើ ដល់​ក្រោម។

          ដោយ​មិន​ចង់អត្ថាធិប្បាយ​លំ​អិត​អំពីទំ​នាស់​ផ្ទៃក្នុងបក្ស​​ដ៏​​ធ្ងន់​ធ្ងរ​នោះ យើង​គ្រាន់​តែរៀប​រាប់​ត្រួសៗជុំ​វិញ​បញ្ហា​ខ្លះ​ៗដែល​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំ​នួន​ បន្ទាប់​ពី​ពួក​គាត់​ ចាកចេញនាពេល​ថ្មី​ៗនេះ​ ​បាន​ឱ្យ​ដឹង​ទៀត​ថា​​ នៅ​ក្នុង​គណបក្ស​ប្រឆាំង​សម រង្ស៊ី គឺមហាសែន​ពុករលួយ​ បក្ខពួក​ និង​គ្រួសារនិយម​ អត្តនោម័ត​និយម​ និង​ផ្តាច់​ការ​និយម​ ជាពិសេសក្រុម​អ្នក​ដែល​ឃុប​ឃិត​គ្នាអែប​អប​លោកប្រធាន​បក្សដ៏​មហិមា ( លោក សម រង្ស៊ី )ដើម្បី​ការពារ​តំ​ណែង​របស់​ខ្លួន​ ។ ពីព្រោះ​ថា​ ការ​រៀប​ចំ​តំ​ណែង​សំ​ខាន់​ៗនៅ​តាម​ខេត្ត ក្រុង​ និង​មូលដ្ឋាន​ គឺសិទ្ធិ​ផ្តាច់​មុខនៃការ​សំ​រេច គឺមាន​តែលោកសម រង្ស៊ី​ ម្នាក់​គត់ដែល​មានឥទ្ធិពល​ជាង​គេ។

          លោកសម រង្ស៊ី​ បាន​ប្រើប្រាស់អំ​ណាច​ជាអ្នក​ទេសចរណ៍​ផ្លូវ​វែង​ នៅ​ឯបរទេស​ក្នុង​ការ​ដឹកនាំ​ និង​​កាច់​ចង្កូតបក្សនយោបាយ​មួយ​ដែល​កំពុង​ថម​ថយ​កម្លាំង​ ឈាន​ទៅ​រក​ស្ថានភាព​ខ្សោះខ្យល់​​ រលំ​ដួល​ដោយ​មិន​ចាំបាច់​មាន​អ្នករុញ​។ ក្រុម​អ្នក​ចាកចេញ​ពី​បក្ស​សម រង្ស៊ី​ បាន​រៀប​រាប់​ក្នុង​កំ​រិត​មួយ​ដែល​គួរពិចារណាថា​ ការដែល​ពួក​គាត់​មិន​អាច​រស់​នៅ​ជាមួយ​គណបក្ស​សម​ រង្ស៊ី​ តទៅ​ទៀត​បាន​នោះ គឺដោយ​សម្លឹង​មើល​ឃើញ​ថា​ គណបក្ស​សម រង្ស៊ី​សព្វ​ថ្ងៃប្រៀប​ដូច​សំ​ពៅដែល​គ្មានក្តោង​ ដូច​ជាទូក​អត់​ច្រវ៉ា ឬ​​កាណូត​គ្មាន​ម៉ាស៊ីន​ ដែល​វិល​វល់​មិន​អាច​ទៅ​មុខរួច​។

          មន្ត្រី​គណបក្សសម រង្ស៊ី​ ដែល​បាន​មក​ចូល​រួម​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ គឺពួក​គាត់​មាន​នូវ​ការ​ជឿជាក់​ខ្ពស់​មក​លើ​គោលនយោបាយ​ដឹកនាំត្រឹម​ត្រូវ​​ និង​ច្បាស់​លាស់ ជាពិសេស គណបក្សប្រជាជនកម្ពុជា​​ពិត​ជាបាន​ជួយ​សង្គ្រោះ​ខ្មែរទាំង​មូល​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​​​ពូជសាសន៍​ប៉ុល ពត​ ដ៏​សាហាវ​យង់​ឃ្នង ដែល​ផ្ទុយស្រឡះ​​ពី​ថ្នាក់​ដឹក​នាំរបស់​គណបក្ស​សម រង្ស៊ី​ បែជា​នាំគ្នាប្រឆាំង​ទៅ​នឹង​ថ្ងៃរួច​ពី​សេចក្តី​ស្លាប់ នេះ​គឺជាការ​​ប្រឆាំង​ផ្កាប់​មុខ និង​គ្មាន​ហេតុផល​​ ។ ក្រៅ​ពី​នេះ​ ជាបន្ត​បន្ទាប់​មក​ទៀត​ លោកសម រង្ស៊ី​ បាន​បង្ខំ​ឱ្យ​អ្នក​តំណាង​រាស្ត្ររបស់​ខ្លួន​ធ្វើ​ពហិកាមិន​ចូល​ប្រជុំ​ដើម្បី​ការ​អនុម័ត​ថវិកាសម្រាប់​អភិវឌ្ឍប្រទេស​ ដែល​ទង្វើរ​នេះ​ គឺជា​ការ​ប្រឆាំង​នឹង​ឆន្ទៈរបស់​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ លោក សម រង្ស៊ី​ ប្រើល្បិច​កល​ដើម្បី​ឱ្យ​អ្នក​តំ​ណាង​រាស្ត្ររបស់​ខ្លួន​មួយ​ចំ​នួន​លាលែង​ពី​តំ​ណែង​ ប៉ុន្តែ បែជា​ឱ្យពួក​គេ​ទៅ​ឈរ​ឈ្មោះជាសមាជិក​ព្រឹទ្ធសភា។ នេះ​ គឺជាការ​ប្រើ​ឧបាយ​កល​បោកប្រាស់​សាធារណមតិ ដើម្បី​ការ​កេង​ចំ​ណេញ​នយោបាយ​ ដោយ​ពុំ​ឈរលើភាព​ថ្លៃថ្នូរ និង​កិត្តិយសសោះ​ឡើយ។

          គណបក្សនយោបាយ​មួយ​ ដែល​មាន​តែការ​បំ​ភិត​បំ​ភ័យ​ បង្ខំ​ឱ្យ​សមាជិក​របស់ខ្លួន​ស្បថ និងការ​​បង្ខំឱ្យ​សមាជិក​របស់​ខ្លួន​ធ្វើ​សច្ចាប្រណិធាន​ ដោយពាក្យ​សម្បថធ្ងន់ៗ ដូច​ជា​បើ​មិន​ស្មោះ​ត្រង់​ជាមួយ​បក្ស​ សូម​ឱ្យ​ស្លាប់​តៃហោង​ទាំង​ពូជ​។ នេះ​ គឺជា​ការ​រំ​លោភលើច្បាប់​បោះ​ឆ្នោត​ផង និង​ថែម​ទាំង​រំ​លោភ​លើ​សិទ្ធិ​មនុស្ស​ជាសកល​ផង។ តើ​ទង្វើ​បំ​ពាន​ច្បាប់​នេះ​ ឱ្យ​សមាជិកដែល​ធ្លាប់​រស់​នៅ​ជាមួយ​បន្ត​ការភ័យ​ខ្លាចដល់​ថ្ងៃណាទៀត? ដូច្នេះ មន្ត្រី​ទាំង​អស់​នោះ​ដែល​មាន​នូវ​មនសិកាជាតិ​ ស្រឡាញ់​សន្តិភាព​ និង​ភាព​សុខសាន្តក្នុង​សង្គម​គ្រួសារ​ គឺពួក​គាត់​ត្រូវ​តែសំ​រេចចិត្ត​ចាកចេញ​ ដែលវា គឺជាជម្រើស​ល្អ​បំ​ផុត​សម្រាប់​ជីវិត​នយោបាយ​របស់ពួក​គាត់​។

ហើយ​ការ​ចាកចេញ​ពី​បក្ស​ប្រឆាំង​ មក​កសាង​ជីវភាព​នយោបាយ​ថ្មី​ គឺដោយ​សារដឹង​ច្បាស់​ថា​ ​គណបក្ស​ប្រជាជន​ គឺជាគណបក្សដែល​ខ្លាំង​ និង​រឹង​មាំជារៀង​រហូត​។ គណបក្ស​ប្រជាជន​ គឺមាន​ការ​គាំទ្រដ៏ច្រើន​លើសលប់​ពី​ប្រជាពល​រដ្ឋ ដោយ​សារ​ការ​អនុវត្តជាក់​ស្តែង​ តាម​រយៈការ​ធានាបាន​នូវ​ស្ថេរភាពនយោបាយ សន្តិសុខ និង​ការ​អភិវឌ្ឍ   គឺក្នុង​ន័យ​ថា​ និយាយ​យ៉ាង​ណាធ្វើ​យ៉ាង​នោះ ដែល​ជាឱកាសសម្រាប់​ពួក​គាត់​បាន​ចូល​រួម​ដោយ​ផ្ទាល់​​ ។

ដូច្នេះ​ ការ​ចាកចេញ​របស់​សមាជិក​គណបក្ស​សម រង្ស៊ី​ ក្នុង​តំ​ណាក់​កាល​នេះ​  គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការពិត​ថា​ មន្ត្រី​ជាច្រើន​ទៀត​ក្នុង​គណបក្ស​ប្រឆាំង​មួយ​នោះ​ កំ​ពុង​តែរងា និង​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង​ ដោយសារ​គ្មាន​មេកោយ​ច្បាស់​លាស់​ ហើយ​មេបក្សពិត​ប្រាកដ គឺមាន​ទោសជាប់​ខ្លួន​ បាត់​បង់សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​ ផ្ទៃក្នុង​បក្ស​កំ​ពុងរង្គោះ​រង្គើខ្លាំង​ ចលនានៃ​ការ​ចាក​ចេញ​កំ​ពុង​មាន​សកម្មភាព​ខ្លាំង​ក្លានៅ​ទូទាំង​ប្រទេស​ដូច​ទឹក​បាក់​ទំ​នប់​ ។ នេះ​ហើយ​ដែល​គេអាច​និយាយ​បាន​ថា​ ស្លឹក​ឈើ​ជ្រុះ ព្រោះ​តែដើម​ឈើងាប់​ និង​រលួយឬសកែវ  គឺមិន​មែន​បាន​ន័យ​ថា​ អ្នក​ចាកចេញ​ពី​បក្ស​សម រង្ស៊ី​ គឺជាមន្ត្រី​គ្មានតម្លៃនោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ ពួក​គាត់​ គឺសុទ្ធតែជា​មន្ត្រី​ប្រកប​ដោយ​សុភវិនិច្ឆ័យ​ខ្ពស់​  និង​ស្អប់​ខ្ពើមនូវ​​ការ​ជិះជាន់​ គាប​សង្កត់​ ជាពិសេស ​ការ​ប្រើអំ​ណាច​ផ្តាច់​ការ​ក្នុង​បក្ស​តែប៉ុណ្ណោះ​ ៕

ដោយៈ ពូន សំ​រេច