Monday, February 27, 2012

សម្តេច​​អគ្គ​មហា​​សេនា​​បតី​​តេជោ ហ៊ុន សែន ប្រកាស​​​បើក​ ការ​ផ្ស​ព្វ​ផ្សាយ​ ចលនា​ប្រឡង​​ប្រណាំង​ទីក្រុង​ស្អាត​


ក្នុង ​ពិធី​ប្រកាស​ជាផ្លូវ​ការ ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាតដែល​ធ្វើឡើង​នៅ​វិមាន​សន្ដិភាព នា​​ព្រឹក​ថ្ងៃទី ២៧ ខែ កុម្ភៈ​ ឆ្នាំ ២០១២ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​​ជំរុញ​ឱ្យភាគី​ពាក់ព័ន្ធ ពិនិត្យ​មើល​ការ​អភិវឌ្ឍន៍​នៅទីក្រុង​ដែល​ទើប​បង្កើត​ឡើង​ថ្មីៗ ដូច​ជាទីក្រុង​បាវិត ទី​ក្រុងសួង ទីក្រុង​ប៉ោយ​ប៉ែត និង​ខណ្ឌ​ពោធិ៍​សែនជ័យ​ជាដើម ។

សម្រាប់​​ការងារ​បរិស្ថាន​​នៅ​រាជធានី​ភ្នំពេញ សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី បាន​អំពាវនាវ​ឱ្យ​អាជ្ញា​ធរ ត្រូវ​ធ្វើ​យ៉ាង​ណា មិនឱ្យ​មាន​ថង់​បា្លស្ទិក និង​ក្រដាស នៅ​តាម​ទី​សាធារណៈ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់អ្នក ធ្វើ​ដំណើរ​ទូទៅ ដោយ​សម្ដេច​បញ្ជាក់​ថា “ត្រូវ​ចាត់​វិធាន​ការ​ណ៍​ធ្វើ​ឲ្យ​ទីក្រុង​គ្មាន​សម្រាម​ថង់​បា្លស្ទិក និង​ក្រដាស” ។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី បាន​ឱ្យដឹង​ថា គ្រាន់​តែរយៈ​ពេល​មួយថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ មាន​សម្រាម​រហូត​ទៅ​ដល់ ១៦០០​តោន ។

ដោយ​យោង​តាម​ការ​បិណ្ឌបាត​របស់​ព្រះ​សង្ឃ និង សេច​ក្តី​ជូន​ដំណឹង​ (ស.ជ.ណ) របស់​រាជ​រដ្ឋាភិបាល សម្តេច​តេជោ បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ដុតគោ​ដាក់​លក់ តាម​ដង​ផ្លូវ​សាធារណៈ ឬ​នៅ​មុខ​ហាង​នីមួយៗ ព្រោះ​ការដុត​ច្រង៉ាងៗ​បែបនេះ វា​បង្ហាញ​ពី​ឃោរ​ឃៅ។ សម្តេច​តេជោ​បាន​អំពាវ​នាវ​ឲ្យ​ អាជ្ញាធរ​​តាម​មូលដ្ឋាន ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​នានា ហើយ​បើម្ចាស់​ភោជនីយដ្ឋាន​ណា​មិន​ស្តាប់​ទេ នឹង​ចាត់​វិធាន​ការ​រដ្ឋ​បាល​ បិទ​ជីវកម្ម​ចោល​តែម្តង។

ទាក់​ទិន​នឹង​ភ្ញៀវ​ទេសចរ សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី បាន​ជំរុញ​ឱ្យភាគី ទាំងអស់ ត្រូវ​យកចិត្ដ​ទុកដាក់​ភ្ញៀវ​ទេសចរ​ជាតិ​ផងដែរ ដោយ​សារតែ​ភ្ញៀវ​ទេសចរ​ជាតិខ្លះ ពួក​គេមិន​ខ្លាច​ការស្នាក់​នៅ​សណ្ឋាគារ​ល្អ​ប្រណីតៗ ថ្នាក់​ផ្កាយ​៥ ផ្កាយ ៤ និង ផ្ទះ​សំណាក់​នោះ​ឡើយ ហើយ​គោល​ដៅ​នៃ ការ​ទស្សនា​របស់​ភ្ញៀវជាតិ ពិត​ជា​បាន​រួម​ចំណែក​ជំរុញ​បង្កើន​ជីវភាព​របស់​ប្រជាពល រដ្ឋ​តាម​មូលដ្ឋាន។​
ឯកឧត្តម​ ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត បាន មាន​ប្រសាសន៍​ថា ក្នុងឆ្នាំ​២០១១ កម្ពុជា​ទទួល​បាន​ទេសចរ​អន្ដរជាតិ​ចំនួន ២.៨៨១. ៨៦២ នាក់ ក្នុង​កំណើន ១៥​ភាគរយ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១០ ជាមួយ​នឹង​កំណើន ទេសចរ​ក្នុង​ស្រុក ប្រមាណ ៧​លាន​នាក់ ដែល​មាន​កំណើន ៣​ភាគរយ ។ ចំនួន​ភ្ញៀវ​ទេសចរ​ទាំងនេះ បាន​នាំ​ចំណូល​ចូល​ជាតិ ចំនួន ១.៩១២ លាន​ដុល្លារ ស្មើ​នឹង ១២ ភាគ​រយ នៃ​ផលិត​ផល​ក្នុងស្រុក​រួម​ទាំង​ការបង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ៣៥​ម៉ឺននាក់ ។

ឯកឧត្តម​ ថោង ខុន បាន​បញ្ជាក់​ថា តាមការ​ព្យាករណ៍​ទុក​របស់​ក្រសួង​ទេសចរណ៍​ថា “សម្រាប់​ឆ្នាំ២០១២ កម្ពុជា​នឹង​អាច​ទទួល​បាន​ទេសចរណ៍​អន្ដរជាតិ​ប្រមាណ ៣.២ លាន នាក់ ឆ្នាំ២០១៥ ប្រមាណ ៤.៥ លាននាក់ និង​នៅ​ឆ្នាំ២០២០ កម្ពុជា​នឹង​អាច ទទួល​បាន​ទេសចរណ៍​អន្ដរជាតិ​ប្រមាណ ៧​លាន​នាក់ ជា​មួយ​នឹង​ចំណូល​សរុប​ប្រមាណ ៥​ពាន់លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ ៨០ម៉ឺននាក់ ”។

ឯកឧត្តម​ ថោង ខុន​ បាន ចាត់​ទុកថា ទេសចរណ៍​ទីក្រុង​ជា​គោល​ដៅ ទេសចរណ៍​ទាក់ទាញ​ដ៏ល្អ និង​ចម្បង​មួយ ដែល​ត្រូវ​យកចិត្ដ​ទុកដាក់​ធ្វើ​ការគ្រប់​គ្រង និង​អភិវឌ្ឍន៍​ប្រកប​ដោយ និរន្ដរភាព និង ការ​ទទួល​ខុសត្រូវ។ តំបន់​ទីក្រុង​ទាំង​ឡាយ​នៅ​កម្ពុជា ពិត​ជា​មាន​សារ​សំខាន់​ណាស់ សម្រាប់​ទទួល​ស្វាគមន៍ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដោយ​ហេតុថា​តំបន់​ទេសចរណ៍​ភាគច្រើន​របស់​កម្ពុជា រាប់​ទាំង​គោល​ដៅ​ទេសចរណ៍​​ចម្បងៗ របស់​ប្រទេស​ជាតិ​ភាគ​ច្រើន ស្ថិត​នៅក្នុង​ ឬនៅ​ជិត​តំបន់​ទីក្រុង ដែល​ជា​មូលដ្ឋាន​ផ្ដល់​ឱ្យ​ភ្ញៀវ​ទេសចរ នូវ​ការស្នាក់​នៅ​ហូបចុក និង​សេវា​ផ្គត់​ផ្គង់​ដទៃ​ទៀត ដែល​ចាំបាច់​ត្រូវតែ​ធានា​នូវ ការ​ផ្គត់ផ្គង់​មួយ​ប្រកប​ដោយ​សុវត្ថិភាព​គុណភាព និង​អនាម័យ​ល្អ​ប្រសើរ ។

ក្រោយ ​ឆ្នាំ​១៩៧៩ រាជធានី​ភ្នំពេញ បាន​ទទួល​រង​នូវ​ការបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ពី​សំណាក់របប​ ប៉ុល ពត ។ ជំនាន់​នោះ​ រាជ​ធានី​ភ្នំពេញ​មាន​តែផ្លូវ​តែមិន​សូវ​មាន​​មនុស្ស​ដើរ។ បច្ចុប្បន្ន​នេះ​រាជធានី​ភ្នំពេញ​នោះ បាន​ប្រែ​ក្លាយ មុខមាត់​ដ៏មិន​គួរ​ឱ្យជឿ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ តាមរយៈ​ការ​អភិវឌ្ឍន៍ ដោយប្រមូល​ផ្ដុំ​ពី​អគារ​ធំៗ ប្រព័ន្ធច​រាចរណ៍​ខ្វាត់​ខ្វែង និង​ប្រព័ន្ធផ្លូវ​ធំទូលាយ​រួម​ទាំង​ជា​បណ្ដុំ នៃ​ចលនា​សេដ្ឋ​កិច្ច​កម្ពុជា ។

រាជរដ្ឋាភិបាល ​កម្ពុជាបាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត នៅ​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ ២០១១។ គណៈកម្មាធិការ​ជាតិ​មួយ​នេះ មាន​តួនាទី​ភារកិច្ច​ជា​អ្នក​តាម​ដាន​ការ​អនុវត្តន៍ ផ្តល់​មតិ​យោបល់ និង​ការណែនាំ​ផ្សេងៗ ដល់​បណ្តា​ក្រុង-ខណ្ឌ​ទាំងឡាយ ក្នុង​គោល​បំណង​លើក​កម្ពស់ និង រក្សា​ឲ្យបាន​នូវ​សោភ័ណ​ភាព អនាម័យ បរិស្ថាន​ល្អនៅ​តាម​បណ្តា​ទី​ក្រុង-ខណ្ឌ ពិសេស​ចូលរួម​ក្នុង​សកម្មភាព និង​យុទ្ធសាស​អភិវឌ្ឍ​នានា​របស់​រាជ​រដ្ឋាភិបាល ដើម្បី​រក្សា និង​ប្រែក្លាយ​បណ្តា​ទី​ប្រជុំជន​ឲ្យ​ក្លាយ​ជា​ទីក​ន្លែង ដែល​មានភាព​កក់ក្តៅ ក្នុង​ការរស់​នៅ ជា​ទីកន្លែង​ដែល​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកប​ដោយ​ទំនុក​ចិត្ត និង​ភាព​ជឿជាក់។

ការប្រកាស ​ផ្សព្វផ្សាយ «ចលនា​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត» គឺ​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​ពន្លឿន​ការ អភិវឌ្ឍន៍​​យុទ្ធសាស្រ្ត​ស្នូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ដែល​មានចែង​ក្នុងផែន​ការយុទ្ធ​សាស្ត្រ​អភិឌ្ឍន៍​ជាតិ ២០០៩-២០១៣ ពោល​គឺជំរុញ និង​លើក​កម្ពស់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត។