Monday, February 27, 2012

បទសម្ភាសន៍រវាង លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យា​ស្ថាន​ពលរដ្ឋវិជ្ជា ជា​​មួយ​ទូរ​ទស្សន៍​បាយ័ន ស្តីពី ​ចរិត​មិន​ទទួលខុ​សត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​គណបក្ស​ប្រឆាំង និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​នៅ​ក្នុង​​សង្គម


ថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០១២
លោក​ សត្យា រក្ស
សំណួរ៖ ​ទាក់ទងទៅនឹង​ចរិត​របស់​គណបក្ស​ប្រឆាំង​នៅកម្ពុជា ជា​ពិសេស​គឺគណបក្ស សម រង្ស៊ី​ ​និង​លោក សម រង្ស៊ី តែម្តង​។ បន្ទាប់​ពីលោក សម រង្ស៊ី​ បាន​ប្រព្រឹត្ត​នូវអំពើខុសឆ្គង​ដូចជាបញ្ហា​ដក​តម្រុយ​ព្រំដែន​ រួមជា​មួយនិង​បញ្ហាផ្សេងៗទៀត​ដែល​បង្ក​ចលាចល​​នៅក្នុងប្រទេសកម្ពុជា​ ហើយមិន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់នូវ​ទង្វើ​របស់គាត់នោះ​​ និងបាន​ចាក​ចេញ​ទៅក្រៅប្រទេស​ដោយគ្មាន​នរណាដេញ​គាត់​នោះ​ទេ​។​​ ឥឡូវនេះ​ សម រង្ស៊ី​ គាត់​កំពុង​តែ​ខ្លាច​​ស្រមោល​​ខ្លួនឯង​​​ គឺខ្លាចនូវ​ទង្វើរបស់ខ្លួន​ ដោយ​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​​​គ្រប់​រូបភាព​ទាំងអស់ ដើម្បីធ្វើយ៉ាងណា​ឲ្យខ្លួនបានវិលមក​ប្រទេសកម្ពុជាវិញ ដូចជាការ​ស្នើសុំ​ទៅ​បរទេស​​នានា​ជាដើម​​។ល។ ដែលគាត់​ធ្លាប់ថាជា​មិត្តភក្ត្រ​របស់​គាត់​នោះ​។ ប៉ុន្តែមកទល់​ពេលនេះ​គឺមាន​រយះពេល​ជាច្រើន​ឆ្នាំមកហើយ​​គឺ សម រង្ស៊ី នៅតែ​គេចពី​សំណាញ់​ច្បាប់ដដែល​។ ជុំវិញ​បញ្ហានេះ សូម​លោក​​បណ្ឌិតជួយ​បញ្ជាក់ជូន​ជន​រួមជាតិ​ដើម្បីស្វែង​យល់​ ថាតើ​ទង្វើរបស់​លោក សម រង្ស៊ី​ ត្រឹម​ត្រូវដែ​រឬទេ​នៅ​ពេល​ដែល​ប្រព្រឹត្តិ​អំពើ​ខុស​ឆ្គងនៅ​ក្នុងប្រទេស​ ខ្លួន​​​បែបនេះ​ ហើយបែរ​ជា​ទៅ​សុំ​​អន្តរាគមន៍​ពីបរទេស​ទៅ​វិញ​​​បាទ​?​

លោក​បណ្ឌិត ឈឹម​ ផលវរុណ
ចម្លើយ៖ ​​ដើម្បីឲ្យប្រជាពល​រដ្ឋបាន​យល់ ថាតើ​ហេតុអ្វីបាន​ជាអ្នក​នយោបាយ​ប្រឆាំង​​ ដែល​តែងតែ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ គឺមូលហេតុមក​ពី​គណបក្ស​ប្រឆាំងគ្មាន​មូលដ្ឋាន​នៃ​ភាព​ម្ចាស់ការ​​​អំណាច​ នយោបាយ​របស់ខ្លួនទេ​ គឺគេ​ប្រើឡើង​តែ​តួអង្គ​បរទេស​។ ខ្ញុំចង់បញ្ជាក់​អំពីចរិត​លក្ខណៈ​ដែល​គណបក្ស​ប្រឆាំងមាន​ពីមុនមក​។ ចលនាដែល​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ គឺមាន​ទិដ្ឋភាព​គ្មាន​ម្ចាស់ការ​នៃអំណាច​របស់​ខ្លួនទេ​ ក្នុងការ​ប្រើជា​តួអង្គ​មួយ​ជជែក​ដោះស្រាយ​ជាមួយ​តួអង្គ​មួយទៀត​ក្នុង​ ក្របខណ្ឌ​​ជាតិ​​របស់ខ្លួន​នោះ​​​​ គឺឲ្យ​តែ​កើត​មានបញ្ហា​ ទោះបីជា​បញ្ហានោះ​កើតឡើង​ដោយសារ​ខ្លួនជា​អ្នកបង្ក​ ឬ​ក៏​បញ្ហា​​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ឬក៏បញ្ហា​តតាំងគ្នាយ៉ាង​ម៉េចក៏ដោយ គឺ​គេតែងតែ​យក​បរទេស​ដាក់​មុខ​ដែរ​​។ សូម្បី​តែ​ការ​ឃោសនា​នយោបាយ​ក៏យកបរទេសដាក់មុខ ការបង្រួបបង្រួមជាតិ​ក៏យកបរទេស​ដាក់មុខ​​ ការស្វែង​រក​សន្តិភាព ទោះបីជា​បរទេស​មិនទទួល​ជោគជ័យក៏គេ​នៅតែ​ឲ្យ​តម្លៃ​បរទេស​ដាក់មុខ​ដែរ​ ដំណើរ​ការ​កសាងប្រទេស​ក៏យក​បរទេស​មកដាក់​មុខដែរ ដោយគេមិន​គិត​អំពី​កម្លាំង​ជាតិ​ទេ​។ ទាំងនេះ​គឺជា​ប្រពៃណី​របស់​គណបក្ស​ប្រឆាំងដែល​តែងតែ​ប្រើ តាំងពីយើង​ផ្តួលរំលំ​របប​ខ្មែរ​ក្រហមនៅ​ថ្ងៃ៧មករា​​ ឆ្នាំ១៩៧៩ មកម្លេះ​​​។ សូម្បី​តែ​ដំណើរ​ការចរចារសន្តិភាព​ ដែលប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តួចផ្តើម​គំនិត​ក៏​មាន​ការ​ជួបប្រទះ​​ ទៅនឹងភាគី​ម្ខាងទៀត គឺ​មិនមែន​យកការ​ជជែកផ្ទៃក្នុង​ជាតិនោះទេ​ គឺយក​តែរឿង​បរទេស​មក​ដាក់មុខ​ជារហូត​។ ចរិតនេះ​គឺបានបន្ត​រហូតមកដល់​គណបក្ស​ប្រឆាំង​នៅកម្ពុជា​សព្វថ្ងៃនេះ​។​ លោក សម រង្ស៊ី បើសិន​ជាគណបក្ស​មួយដែល​គ្មាន​អសនៈ​នៅក្នុង​រដ្ឋសភា ហើយ​មិនដឹង​ជា​ទៅស្រែក​ត្រង់​ណា​នោះ​​ ហើយ​អស់សង្ឃឹម​មិនហ៊ាន​ជជែក​ជាមួយ​ខ្មែរ គឺចេះ​តែស្រែកជា​មួយបរទេស​ក៏ចេះ​តែបន្តទៅ​។ ប៉ុន្តែ​គណបក្ស​ សម រង្ស៊ី មាន​នីត្យានុកូល​ភាព​អំណាចន​យោបាយ​យ៉ាង​ហោច​ណាស់​ក៏​២៦អសនៈ​ក្នុង​ចំណោម​១២៣ ​ដែរ​ អញ្ចឹងនេះ​ជាចលនា​នៃអំណាច​នយោបាយ​មួយ​នៅក្នុង​សភា​របស់ខ្លួន​ ចុះហេតុអ្វី​បានជា​មិនធ្វើ​នយោបាយ​ដោយផ្អែក​ទៅលើ​ភាព​ម្ចាស់ការ​ និងអធិបតេយ្យ​នយោបាយ​របស់បក្ស​ប្រឈម​តទល់​ជាមួយ​នឹង​​ភាគី​ម្ខាងទៀត​ ដែលជាក្រុមភាគច្រើន​​គឺគណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុងសភាទៅ​?​ ដែល​គេហៅថា​ការ​តតាំង​​គ្នា​នៃកម្លាំង​សមាមាត្រ​ខាង​នយោបាយ​នៅក្នុងរដ្ឋសភា​ តាមប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបែប​ប្រជាធិប​តេយ្យ​សភា​និយមទៅ​។ ផ្ទុយទៅ​វិញមន្ត្រី​នយោបាយ​គណបក្ស​ប្រឆាំង​ និងអ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង មេដឹក​នាំគណ​បក្សប្រឆាំង​ គឺ​គេតែងតែ​ឃោសនា​ឲ្យប្រជាពល​រដ្ឋខ្មែរ​សង្ឃឹម​ជឿជាក់​ទៅលើ​បរទេស​ទៅវិញ គេមិន​ដែល​ឃោសនា​ឲ្យ​ប្រជាពល​រដ្ឋ​មានការ​សង្ឃឹម​ជឿជាក់​ និង​ការខំ​ប្រឹងប្រែង​រវាង​ក្រុមភាគ​ច្រើន និង ក្រុម​ភាគ​តិច​​ក្រោម​ប្រធានបទ​ជាតិ​យើងទេ​។ ទោះ​បីជា​បញ្ហា​នោះជា​បញ្ហាតូច​ឬបញ្ហាធំ គឺគេ​មិនយក​បរិបទ​ខ្មែរ​មក​ដោះ​ស្រាយ​ទេ គឺ​គេយក​បរទេស​មកដោះស្រាយ​​​​។ ប៉ុន្តែ​រាល់បញ្ហា​ទាំងនោះ​គឺសុទ្ធ​តែ​បរាជ័យ​ទាំងអស់​ ពីព្រោះ​គ្មាន​បរទេស​ណា​គេ​មកខ្វល់​ជា​មួយ​គណបក្ស​ប្រឆាំងទេ​។ កាលពីមុន​គេអាចជឿ​ទៅលើអ្វី​ដែល​គណបក្ស​ប្រឆាំង​លើក​ ប៉ុន្តែ​ពេលនេះ​ពីនីតិកាល​មួយទៅ​នីតិកាល​មួយ​ បរទេស​គេមើល​ឃើញ​ថា​គណបក្ស​ប្រឆាំង​​និយាយ​គ្មាន​ភាពជាក់​ស្តែង​ ក្នុងទិដ្ឋភាព​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជាទេ​ ពីព្រោះ​បរទេស​គេ​មាន​តំណាងទូត​គេ​ គ្រប់​ទីកន្លែង​ប្រចាំ​នៅកម្ពុជា​ នៅ​ភ្នំពេញ​ក្តី នៅ​តាម​ខេត្តក្តី គេ​ថែមទាំង​ដឹង​អំពី​សមត្ថភាព​ធ្វើ​នយោបាយ​​របស់​គណបក្ស​ប្រឆាំង​ថែមទៀត ថាគណបក្ស​នេះពុំ​មាន​សមត្ថភាព​ក្នុងការ​តស៊ូ​មតិ​ ឬ​ពិភាក្សា​គ្នារវាង​គណបក្ស​ប្រឆាំង​ និង​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​ទេ​ គឺមាន​តែការ​បង្ករឿង​បង្ក​ទំនាស់​​ ប៉ុន្តែពេល​មានការ​ទទួល​ខុសត្រូវ​ចំពោះមុខច្បាប់​​​ ក៏ស្រាប់​តែចាកចេញ​ទៅក្រៅ​ប្រទេស​ទៅប្តឹង​ផ្តល់​បរទេស​ ហើយ​ចរិតប្តឹង​ផ្តល់​បរទេស​នេះ​គឺបានធ្វើ​ឲ្យគេធុញ​ទ្រាន់ទៀត​ផង។​គណបក្ស​ ប្រឆាំង​ដែល​តែងតែ​លើក​អំពី​អាមេរិក​នោះ ជាក់ស្តែង​គឺ​រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិក​​ជា​មួយរដ្ឋាភិ​បាល​កម្ពុជា​ បច្ចុប្បន្ន​គឺមាន​ភាព​លូត​លាស់​​ខ្លាំងណាស់​​។ បើនិយាយ​អំពីកិច្ច​សហប្រតិបត្តិ​ការរវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​សហគម​អន្តរជាតិ​​ ជា​មួយមហា​អំណាច​នានា ជាមួយ​សហភាព​អឺរុប​។ល។ គឺមាន​ការ​លូតលាស់​ច្រើន​ណាស់​។ រីឯ​គណបក្ស​ប្រឆាំង​ទេដែល​បាត់បង់​ជំនឿទុក​ចិត្ត​ពីសហគម​អន្តរជាតិ​ ដូច្នេះ​ហើយ​គណបក្ស​ប្រឆាំង​គឺនៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ទៀត​ បែរជា​នៅ​តែបំប៉ោង​បោក​ប្រជាពល​រដ្ឋថា​អន្តរជាតិ​គាំទ្រ​ខ្លួន ក៏ប៉ុន្តែ​អត់មានទេ សូម្បី​តែ​អាមេរិក​ក៏ដកថយដែរ។​

-មតិលោក សត្យា រក្ស
យើង​ឃើញ​ថាសព្វថ្ងៃ​នេះ​គណបក្ស​ប្រឆាំង​ និង​គណបក្ស​ប្រឆាំង​ដូចគ្នា​ក៏គាត់​មិនត្រូវ​គ្នាដែរ​។ ពួក​គាត់​តែងតែ​អះអាង​ថាជាអ្នក​ប្រជា​ធិបតេយ្យ​ ហើយ​សម រង្ស៊ី ក៏សុទ្ធ​តែជាអ្នក​ប្រជាធិបតេយ្យ​ ប៉ុន្តែ​ធាតុពិត​អ្នក​ប្រជាធិប​តេយ្យ​ទាំងពីរ​​ហ្នឹង​​ កំពុងតែ​ប្រខាំគ្នា​គ្មានសេចក្តី​ថ្លៃថ្នូរ​ទាល់តែសោះ​។ គ្រាន់​តែប្រសាសន៍​របស់​សម្តេច​អគ្គមហា​សេនា​បតីបាន​ធ្លាយ​តាមរយះ​ឯកសារ​ ថតសម្លេង​នោះ​ គឺបានធ្វើ​ឲ្យគណបក្ស​នីមួយៗ​ ហាក់​ភ័យខ្លាច​ក្នុងការ​ទាក់ទង​ជាមួយ​នឹង​សម្តេចផង​ដែរ​។ ឧទាហរណ៍ ដូច​ជាម្សិល​មិញ ម្សិល​ម្ងៃនេះ​ កឹម សុខា បានខឹងនឹង គង់ គាំ ខ្លាំងណាស់​ពីរឿង គង់ គាំ លើកយកអ្វីដែល​ជាប្រសាសន៍​របស់​សម្តេច​និយាយ​ជាមួយ​ កឹម សុខា​ ដែល សម្តេច និយាយថា អាឡូខា ហើយសុខា នោះបាន​ឆ្លើយថា បាទ! បាទ! បាទ! នោះ​។​ ឥឡូវនេះ​កឹម សុខា កំពុង​តែលើក​នូវប្រសាសន៍​របស់​សម្តេច ដែល​រំលឹកនូវ​អានុស្សាវរីយ៍​ជាមួយ គង់ គាំនោះ ត្រូវបាន កឹម សុខា យក​មកប្រើប្រាស់ដែរ។​

-មតិលោកបណ្ឌិត ឈឹម ផលវរុណ​
អ្វីដែល​លោក សត្យា រក្ស បានលើក​មកនេះ​ គឺដើម្បី​ឲ្យ​ដឹងថា​ជាមូល​ហេតុអ្វី​​។ អស់​លោក​អ្នក​ប្រឆាំង​ តែង​តែបន្លឺ​សម្លេងជា​សាធារណៈ​​ជូន​ប្រជា​ពលរដ្ឋ​ថាគេនោះ​ គឺដូចជា​សត្រូវ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ សត្រូវ​នឹងរដ្ឋាភិបាល សត្រូវ​នឹងគណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​គេលេង​មុខពីរ​។ តាមពិត​ក្រោយខ្នង​ គេ​អរណាស់ឲ្យ​តែបាន​សន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ កាល​ពីលោក កឹម សុខា នៅ​ជា​ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មានវេទិកា​មួយដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​តំណាង​អង្គការ NGO សិទ្ធិមនុស្ស​មួយ​ចំនួន​មានលោក កឹម សុខា ចូលរួមដែរ​នោះ។​ ក្រោយពេល​ចេញ​មក​ជួប​គ្នា​នៅ​ក្រៅ​លោក កឹម សុខា​ និយាយ​មួយម៉ាត់​ណាក៏​សម្តេច​នាយក​រដ្ឋមន្ត្រី​ៗដែរ  ចំណុច​នេះ​ខ្ញុំគិត​ថា​​​បុរស​មុខពីរ​ ឬនារី​មុខពីរ​នៅក្នុង​រូបភាព NGO ឬរូបភាព​ប្រឆាំង​នេះ​គឺវា​អត់ស្មោះ​ត្រង់​។ តើយើង​ធ្វើ​នយោបាយ​ចាំបាច់​ទៅប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី ប្រឆាំង​នឹងរដ្ឋាភិបាល​ ប្រឆាំង​នឹងគណបក្ស​ប្រជាជន​កម្ពុជា​បែបសត្រូវធ្វើអី​?​។​យើងអាច​ប្រឆាំង​ តទល់គ្នា​តែនៅក្នុង​គំនិតនយោ​បាយបាន​ហើយ​។​នាយករដ្ឋ​មន្ត្រី​គឺជា​របស់ជាតិ​ កម្ពុជា គឺ​ជាស្ថាប័ន គឺលែង​ជាបុគ្គល​ហើយ ព្រោះជាប់​ឆ្នោតជា​ប្រមុខ​រដ្ឋាភិបាល អញ្ចឹង​ជា​របស់​ជាតិ​ហើយ​។​ នៅពេល​ដែលយើង​ប្រកួត​ប្រជែង​គ្នាទេដែល​យើង​ត្រូវដណ្តើម​យក​កន្លែង​ដែល​នៅ​ ស្ថាប័ន​ជាតិ​។​ដូច្នេះ​គឺមិនមែន​ជាសត្រូវ​នឹងគ្នាទេ វាគឺជាការ​តស៊ូ​មតិ តតាំងគ្នា​​និង​ត្រួតពិនិត្យ​គ្នាទេ​។​

តាមពិត​វប្បធម៌​ប្រជាធិប​តេយ្យ​ ការ​សន្ទនា​រវាង​មេបក្ស​ប្រឆាំង​ និង​ប្រមុខរដ្ឋាភិបាល​ ឬ​ថ្នាក់ដឹកនាំ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល គឺជា​វប្បធម៌​ដ៏ល្អបំផុត ហើយគ្មាន​អ្វីដែល​អាក្រក់​ទេ​។ ចំណុចនេះ​ក៏កម្ពុជា​យើង​ធ្លាប់​ធ្វើ​ដែរ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ចាត់ទុកថា​ជាការ​អាក្រក់​។ លោក សម រង្ស៊ី ក៏ធ្លាប់​ជួប​ជា​មួយ​ប្រមុខ​រដ្ឋាភិបាល​ ជជែក​អំពីបញ្ហា​មួយ​ចំនួន​ហើយ​ល្អូកល្អើន​គ្នាទៀត​ ប៉ុន្តែគេ​មិនបន្ត​វប្បធម៌នេះ​ ដោយសារ​តែ​ក្រុម​និន្នាការ​ប្រឆាំង​នាំគ្នា​រិះគន់លោក សម រង្ស៊ី ថា​គណបក្ស​ប្រឆាំង​លែង​ប្រឆាំង​ទៅវិញ​។​ ប៉ុន្តែ​ដល់​ពេល​លេចចេញ​នូវការសន្ទនា​សម្ងាត់​រវាង​ប្រមុខ​រដ្ឋាភិបាល​​ ដែល​ពួកគេធ្លាប់​ប្រាប់​ប្រជាពលរដ្ឋ​ថាដូចជា​សត្រូវ​នឹងគ្នា​​នោះ​​ អញ្ចឹង​គេខ្មាស់​ខ្លួនឯង​។​​ចំណុច​នេះ​ហើយ​សូម​ប្រជាពល​រដ្ឋយល់​ថា ពួកអ្នកប្រឆាំង​ទាំងនោះ​មិនមែន​ប្រឆាំង​ក្នុងន័យ​ប្រជាធិបតេយ្យ​ទេ​ ពួក​គាត់​នេះប្រឆាំង​មុខពីរ គឺ​នៅពី​មុខជា​សត្រូវ ប៉ុន្តែ​នៅពី​ក្រោយ​ខ្នង​​អរណាស់​ឲ្យតែបានសន្ទនា​ជួប​ជាមួយ​ ប្រមុខរដ្ឋាភិបាល​​។​​

លោក សត្យា រក្ស
សំណួរ៖ សូម​លោកបណ្ឌិតជួយ​ជម្រាបជូន​ជនរួមជាតិ​យើង អំពី​ទស្សនៈ​វិស័យ​របស់​រាជរដ្ឋា​ភិ​បាល​​​​​យើង ក្នុងការ​ប្រើប្រាស់នូវ​នយោបាយ​បន្តវេន​ដល់យុវជន​ជំនាន់ក្រោយ​ ដែលយើង​ហៅថា​បណ្តុះ​ទំពាំង​​ឲ្យ​ស្នងឬស្សី​​ បន្តិចបាទ?​

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ នេះជាចំណុចល្អ ពាក់ព័ន្ធនឹង​បរិបទនេះ ដើម្បី​ឲ្យប្រជាពល​រដ្ឋយល់​​ នយោបាយ​យុវជន​ នយោបាយ​បន្តវេន​នេះសំខាន់​ណាស់ នៅ​ប្រទេសណា ក៏ដូច​ប្រទេស​ណា​ដែរ​គឺ​សម្រាប់​ការវិវឌ្ឍន៍​ពីមួយ​ជំនាន់​ទៅ​មួយជំនាន់​​ គឺមិនមែន​គ្រាន់​តែជា​ការផ្លាស់​ប្តូរពេល​វេលាទេ សូម្បីតែ​ការវិវឌ្ឍន៍​របស់​មនុស្ស​ក៏មាន​ជំហ៊ាន​ទៅមុខ​ដែរ​។ អញ្ចឹង​ហើយការ​គ្រប់គ្រង​ប្រទេស និងការអភិវឌ្ឍន៍​​ប្រទេស​ គឺ​ត្រូវ​ការកម្លាំងជានិរន្ត ហើយ​កម្លាំងជានិរន្ត​នេះ​គឺមាន​ជំនាន់​របស់វា។​ ឧទាហរណ៍​ មុន​ពេល​ដែល​យើង​ឈាន​មកដល់​ថ្ងៃ​រំដោះ ៧ មករា​ គឺពី​ជំនាន់​មុនៗ យើង​ឃើញ​អ្នក​នយោបាយ​ចាស់ៗពីដើម​ ដែល​មាន​តួនាទី​ដឹកនាំរដ្ឋ ឬរដ្ឋាភិបាល​ ក៏​បាន​បន្សល់​​នូវបញ្ហា​ច្រើន​​ណាស់​សម្រាប់​អ្នកជំនាន់​ក្រោយ​ ហើយអ្នក​ជំនាន់​​ក្រោយ​​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​​ធនធាន​​ របស់ខ្លួននោះ​ក៏បាន​សិក្សា​ស្វែងយល់​អំពី​បញ្ហា​ហេតុផល អង្គសេចក្តី​នៃបញ្ហា​កម្ពុជា​​ដែល​កើតមាន និង​សេសសល់​ពីជំនាន់​មុននេះដែរ​​។ គណបក្ស​ប្រឆាំង​តែងតែ​យល់​ច្រឡំថា បញ្ហា​បច្ចុប្បន្ន​​នេះ​គឺសុទ្ធតែកើត​ចេញពី​​យើង​បច្ចុប្បន្ននោះ​គឺមិនមែនទេ ​។ មានបញ្ហាខ្លះ​គឺកើតនៅ​ពេលបច្ចុប្បន្ន​ដែរ​​ដូច​ជាបញ្ហា​ទីផ្សារសេរី​​ជាដើម ក៏ប៉ុន្តែ​ក៏មាន​រឿងជា​ច្រើនណាស់​ដែល​សេសសល់​ពីអតីតកាល​ ។ បញ្ហា​ដែល​សេសសល់​ពី​របបប៉ុល ពត ក៏នៅមានសល់រហូត​មកដល់ពេល​នេះដែរ​​។​​ដូច្នេះ​ហើយ​ការ​អភិវឌ្ឍន៍​នូវ​ធន​ធាន​ មនុស្ស​របស់​ជំនាន់​មុន​គឺ​ហួស​ហើយ គឺ​ចូល​ដល់​ការ​បន្ត​ជំនួស​ពី​ជំនាន់​ក្រោយ​ ដើម្បី​សិក្សា​បញ្ហា​នេះ​ជា​បន្ត​ទៀត​ដែលវាជា​និរន្តរ​ភាព​​​នយោបាយ​នៃ​ការ​ ពិចារណា​នេះ​ឯង​។​តើ​ប្រជាពលរដ្ឋ​បាន​នឹក​ឃើញ​​ទេ​ ឬក៏​ភ្ញាក់​ផ្អើល​ទេ​ ខ្ញុំ​និយាយ​នេះ​គឺ​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែង​​ទេ ការ​គ្រប់​គ្រង​ប្រទេស​ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា គឺ​ជា​ជំនាន់​ថ្មី​សុទ្ធ​សាធ​ ហើយ​ពេល​ហ្នឹង​គឺ​ផ្នត់​គំនិត​នៃ​ការ​ទទួល​ស្គាល់​អ្នក​ជំនាន់​ចាស់​ ដែល​កាន់​របប​មុន​ៗ​ រហូត​ដល់​បន្សល់​ឲ្យ​មាន​ជំលោះ​ រហូត​ក្លាយ​ជា​របប​ប៉ុល​ពត​នេះ​។​ ដល់​ថ្ងៃ​ ៧ មករា ក្រោយ​ថ្ងៃ​រំដោះ​ការ​ដឹក​នាំ​ប្រទេស​គឺ ស្ថិត​នៅ​ក្នុង​សតិសម្បជញ្ញៈ ​របស់​ថា្នក់​ដឹក​នាំ​ជំនាន់​ក្រោយ​ តើ​ពេល​ហ្នឹង​មាន​នរណា​ទុក​ចិត្ត​ថា ជំនាន់​ក្រោយ​អាច​ដឹក​នាំ​ប្រទេស​មក​ដល់​ពេល​នេះ​ទេ?​ ខ្ញុំ​លើក​ឧទាហរ​ណ៍​ហើយ​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែង​ទេ តើ​មាន​អ្នក​ណា​ភ្ញាក់​ផ្អើល​ទេ នៅ​ពេល​ដែល​ សម្តេច​ ហ៊ុន សែន លោក​មាន​អាយុ​ ២៧ ឆ្នាំ ​​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្ត​​កម្ពុជា​ ហើយ​ក្រោយ​មក​នៅ​ក្នុង​រដ្ឋាភិបាល​សាធារណៈ​រដ្ឋ​​​ប្រជា​មានិត​កម្ពុជា​ សួរ​ថា​​មាន​ការ​ភ្ញាក់​ផ្អើល​ទេ?​ ឬ​ក៏​យើង​មាន​ការ​បន្តុះ​បង្អាប់​ តើ​នយោបាយ​ការបរទេស​ក្នុង​ស្ថាន​ភាព​ហ្នឹង​ តើ​ក្នុង​វ័យ​ ២៧ ឆ្នាំហ្នឹង​ ត្រូវ​ពុះ​ពារ​​អ្វី​ខ្លះ? ទើប​​បាន​សម្រេច​នយោបាយ​ការបទេស​ដល់​ពេល​នេះ​។ ចំណុច​មួយ​ទៀត​នៅ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​​ជួរ​ដឹក​នាំ​រដ្ឋាភិបាល​​ របស់​សាធារណៈ​រដ្ឋ​ប្រជា​មានិត​​កម្ពុជា​ ប្រមុខ​រដ្ឋាភិបាល​គឺ​ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ទទួល​ការ​ទុក​ចិត្ត​ពី​គណបក្ស​​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ មន្រ្តី​ក្នុង​អាយុ​ចន្លោះ​ ៣៥-៣៦ សួរ​ថា មាន​ការ​ភ្ញាក់​ផ្អើល​ និង​គួរ​​ឲ្យ​​មាន​មោទនៈភាព​ទេ​​កាល​ហ្នឹង​គិត​មក​ដល់​ពេល​នេះ?​ យើង​ពិចារ​ណា​នៅ​ពេល​ដែល​ធ្វើ​ការ​ចរចា​ រវាង​ភាគី​ទំនាស់​ខ្មែរ​គឺ​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋាភិបាល​ត្រី​ភាគី​របស់​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ជា​ភាគី​មួយ​​ បើ​និយាយ​ពី​វ័យ​ និង​បទ​ពិសោធន៍​គឺ​ខុស​គ្នា​​​ ហើយ​បើ​និយាយ​ពី​ចំនួន​ ៣ ទល់​ ១ តើ​យើង​ទទួល​ស្គាល់​សមត្ថភាព​អ្នក​ជំនាន់​ក្រោយឬ​​ទេ​?​ លទ្ធផល​មក​ដល់​ពេល​នេះ​ ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ គឺ​ឲ្យ​តម្លៃ​នយោបាយ​បន្តវេន​ និង​នយោបាយ​យុវជន​ខ្លាំង​ណាស់​។​ យើង​គិត​មើល​នៅ​ក្នុង​ជួរ​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ អ្នក​ដែល​ទទួល​តួនាទី​ដឹក​នាំ​រដ្ឋាភិបាល​ មាន​វ័យ​អាយុ​តិចជាង​ អ្នក​ដឹក​នាំ​គណបក្ស​ និង​អ្នក​ដឹក​នាំ​រដ្ឋ​សភា ព្រឹទ្ធសភា​ សួរ​ថា ពេល​ហ្នឹង​ថាម​ពល​នៃ​ការ​ដឹក​នាំ​ហ្នឹង​ តើ​យើង​ឲ្យ​តម្លៃ​នយោបាយ​បន្ត​វេន​ នយោបាយ​ប្តូរជំនាន់​ហ្នឹងឬ​​អត់?​​ ចំណុច​ហ្នឹង​ប្រសិទ្ធិភាព​​ខ្លាំង​ណាស់ ត្រង់​ហ្នឹង​ហើយ​ ដែល​គណបក្ស​ប្រឆាំង​គួរ​រៀន​សូត្រ​ ពី​ព្រោះ​មិន​មែន​មាន​ន័យ​ថា ​​      បដិសេធ​អ្នក​ជំនាន់​ចាស់​ទេ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​និរន្តរភាព​ ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​ហ្នឹង​ឯង​ ហើយ​ចំណុច​ហ្នឹង​ដែល​ខ្ញុំ​មើល​ឃើញ​ ទស្សនៈ​វិស័យ​ដែល​ខ្ញុំ​មើល​ឃើញ​ទៅ​មុខ​ហ្នឹង គឺ​យើង​ឃើញ​ថា នយោបាយ​យុវជន​ និង​នយោបាយ​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​ធន​ធាន​មនុស្ស​ដល់​ជំនាន់​ក្រោយ​ ដល់​យុវជន​ រហូត​ដល់​កុមារ​ទៀត​ សំខាន់​ណាស់​រួម​ទាំង​បរិមាណ​ និង​គុណភាព​។​ មិន​មែន​បណ្តុះ​យុវជន​ ដូច​ខាង​គណបក្ស​ប្រឆាំង​អូសទាញ​បាន​យុវជន​បន្តិច​បន្តួច​ គ្រាន់​តែ​បង្ហាត់​ឲ្យ​ចេះ​ជេរ​​គណបក្ស​​ដឹក​នាំ​រដ្ឋាភិបាល​ ជេរ​នាយករដ្ឋ​មន្រ្តី ជេរ​រដ្ឋាភិបាល​នោះ​ទេ។​​ អាហ្នឹង​មិន​មែន​ជា​នយោបាយ​បន្ត​វេន​ទេ​ បន្ត​វេន​ដែរ​បន្ត​វេន​ជេរ​ពី​មនុស្ស​ចាស់​មក​មនុស្ស​ក្មេង​ ប៉ុន្តែ​ឲ្យ​ថា ក្នុង​ន័យ​នយោបាយ​​យុវជន​ នយោបាយ​អភិវឌ្ឍន៍​ នយោបាយ​បន្ត​វេន​ ក្នុង​ន័យ​អភិវឌ្ឍន៍​ គឺ​គណបក្ស​ប្រឆាំង​កំពុង​តែ​អន្លង់​អន្លោច​​នៅ​ក្នុង​អន្លង់​មរណៈ​ខ្លួន​ឯង​ ហើយ។​

លោក​ សត្យា រក្ស
សំណួរ៖ ដូច​បង​ប្អូន​មើល​ឃើញ​ហើយ ហើយ​គិត​មក​ទល់​ពេល​នេះ​ទាក់​ទៅ​នឹង​សាលា​រៀន​នេះ​គឺ​មាន​តួនាទី​សំខាន់​ ណាស់​ នៅ​ក្នុង​ការ​បណ្តុះ​នូវ​ធន​ធាន​មនុស្ស​​ ខាង​ផ្នែក​ចំណេះ​ដឹង​ចំណេះ​គិត​ហ្នឹង​ឯង​។​ យើង​រាប់​ចាប់​តាំង​ពី​បឋម​សិក្សា​ រហូត​ដល់​អនុវិទ្យាល័យ​ វិទ្យាល័យ​ សាកល​វិទ្យាល័យ​ យើង​ឃើញ​ថា ស្ទើ​គ្រប់​ខេត្ត​ខណ្ឌ​ទាំង​អស់​ ដែល​ជា​ឱកាស​សម្រាប់​យុវជន​របស់​យើង​មាន​ឱ​កាស​ទៅ​ក្រេប​យក​ចំណេះ​ដឹង​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ធនធាន​មនុស្ស​ដែល​មាន​សារៈសំខាន់​។ ​ ប៉ុន្តែ​យើង​សួរ​ថា សាលា​រៀន​ដ៏​ច្រើន​ រួម​ជាមួយ​ប្អួន​ ក្មួយ​ៗ ដែល​កំពុង​សិក្សា​ទាំង​មមាញឹក​នេះ​ តើ​គណបក្ស​ប្រឆាំង​គេ​ទទួល​ស្គាល់ការ​ពិត​​ទេ ចំពោះ​បញ្ហា​នេះ​។​ គណបក្ស​ប្រឆាំង​គឺ​គេ​ចាត់​ទុក​សាលា​រៀន​នេះ​ជា​កន្លែង​ដែល​គ្មាន​ប្រយោជន៍​ សម្រាប់​មនុស្ស​នោះ​ទេ គេបន្តុះ​បង្អាប់​គ្រប់​បែប​យ៉ាង​ទាំង​អស់​​ មិន​ថា​ តែ​សាលា​រៀន​ ផ្លូវ​ ស្ពាន គ្រប់​បែប​យ៉ាង​គឺ​សុទ្ធ​តែ​ប្រធាន​បទ​ដែល​គណបក្ស​ប្រឆាំង​ គាត់​ច្រាន​ចោល​ទាំង​អស់។​​ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​គណបក្ស​ប្រឆាំង​កាន់​តែ​ថយ​នូវ​ការ​គាំទ្រ​ពី​ សំណាក់​ប្រជាពលរដ្ឋ​​ ពី​ព្រោះ​គាត់​ដើ​រ​ផ្ទុយ​ពី​ឆន្ទៈ​របស់​​ប្រជាពលរដ្ឋ​។​

ខ្ញុំ​មាន​​រឿង​មួយ​ទៀត​ដែល​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បំភ្លឺ​ផង​ដែរ​ ​យើង​ឃើញ​ថា នៅ​កម្ពុជា​របស់​យើង​ ជាពិសេស​បន្ទាប់​ពី​ប្រទេស​យើង​មាន​ការ​អភិវឌ្ឍន៍​​ មាន​ស្ពាន​ មាន​ផ្លូវ​ មាន​សាលា​រៀន​ មាន​មន្ទីរ​ពេទ្យ​ រួម​ជាមួយ​និង​ជីវភាព​រស់​នៅ​ របស់​ប្រជាពលរដ្ឋ​យើង​បាន​ប្រសើរ​ឡើង​ គឺបញ្ហា​ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក​យើង​ក្រៅ​ពី​បញ្ហា​ផ្សេង​ៗ​នោះ​ ខ្ញុំ​ចង់​លើក​យក​អំពី​បញ្ហា​​ដី​ធ្លី​បន្តិច​ ដើម្បី​ដាក់​ជូន​លោក​បណ្ឌិត​សម្រាប់​ធ្វើ​ការ​ពិចារណា​ទាំង​អស់​គ្នា​ យើង​ឃើញ​ថា បញ្ហា​ដី​ធ្លី​នេះ​តែ​ង​តែ​មាន​កើត​ជា​រឿង​រ៉ាវ ជា​រឿយ​ៗ​ដែរ​ ហើយ​ការ​កើត​នូវ​បញ្ហា​ទំនាស់​ដី​ធ្លី​នេះ​ ក៏​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ ដែល​ធ្វើ​​ឲ្យ​ភាគី​ទាំង​សង្ខាង​ទទួល​យល់​ព្រម​ទាំង​អស់​គ្នា​។​ ក៏​ប៉ុន្តែ​ទោះជា​​យ៉ាង​ណា​ក៏​ដូច​ក្នុង​នាម​រាជរដ្ឋាភិបាល​ គឺ​លោក​មិន​ចង់​ឲ្យ​រឿង​រ៉ាវ​ទាំង​នេះ​កើត​ទេ​ យើង​ចង់​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​រឿង​រ៉ាវ​ទាំង​អស់​ហ្នឹង ទៅ​ជា​រឿង​ធម្មតា​ មាន​ន័យ​ថា ទទួល​ខុស​ត្រូវ​​ទាំង​អស់​គ្នា​ ​ជៀស​វាង​ ឲ្យ​កើត​មាន​ហើយ​បាន​យើង​នាំ​គ្នា​ដោះ​ស្រាយ​នោះ​ វា​ខាត​ពេល​វេលា អញ្ចឹង​ជុំ​វិញ​បញ្ហា​ដី​ធ្លី​នេះ​សម្រាប់​លោក​បណ្ឌិត​ តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ ដែល​ជា​ដើម​ចម​​នាំ​ឲ្យ​មាន​រឿង​មាន​រ៉ាវ​ជា​បន្ត​បន្ទាប់​នេះ​?

លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ប្រធាន​បទ​នេះ​ក៏​ជា​ប្រធាន​បទ​បច្ចុប្បន្ន​ភាព​ដែរ ហើយ​ខ្ញុំ​ចង់​​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​យក​ទស្សនៈ​ចោទ​ប្រកាន់​មិន​ត្រឹម​ ត្រូវ​​របស់​គណបក្ស​ប្រឆាំង​​​ ដែល​គេ​ចោទ​ប្រកាន់​រឿង​ដី​សម្បទាន​សេដ្ឋ​កិច្ច​ហ្នឹង​ទុក​ដោយ​ឡែក​ ដើម្បី​យើង​វិភាគ​ឈ​រ​លើ​សុភវិនិច្ឆ័យឲ្យ​បាន​សុក្រិដ្ឋ​។​ យើង​ទុក​ការ​ចោទ​ប្រ​កាន់​របស់​គណបក្ស​ប្រឆាំង​ ដែល​គេ​បំភ្លៃ​រឿង​បញ្ហា​ដី​សម្បទាន​សេដ្ឋ​កិច្ច​សិន។​

 រឿង​ដី​សម្បទាន​សេដ្ឋ​កិច្ច​ក្នុង​គោល​ការណ៍​ជាក់​លាក់​ គឺ​គ្មាន​អ្វី​ដែល​ខុស​ទេ​ លើក​លែង​តែ​អំណះអំណាង​​នយោបាយ​ទេ​។​ អញ្ចឹង​យើង​ទុក​ដោយ​ឡែក​សិន​រឿង​គណបក្ស​ប្រឆាំង យើង​និយាយ​ រឿង​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​យើង​នេះ​ថា តើ​ត្រូវ​នឹង​ច្បាប់​ឬអត់​ វា​ផ្អែក​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នីតិ​រដ្ឋ​ឬ​អត់​?​ អញ្ចឹង​ខ្ញុំ​លើក​នូវ​មូល​ដ្ឋាន​ពីរ​​ដាក់​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ពិចារណា​ គ្រប់​ឯក​សណ្ឋាន គ្រប់​និន្នាការ​។​    

យើង​មាន​ច្បាប់​​វិនិយោគ​ ​​យើង​មាន​ច្បាប់​ភូមិបាល​ នៅ​ក្នុង​មាត្រា​នៃ​ច្បាប់​វិនិយោគ​ ហើយ​និង​ច្បាប់​​ភូមិ​បាល​​ក៏​មាន​បញ្ញត្តិ​​អំពី​​ដី​សម្បទាន​សេដ្ឋ​កិច្ច ដោយ​វិនិយោគិន​ ហើយ​ក្នុង​នោះ​ច្បាប់​ដែល​បាន​អនុញ្ញាត​រហូត​ទៅ​ដល់​ទាំង​បរិមាណ​នៃ​ចំនួន​ ដី ទាំង​រយៈពេល​នៃ​ការ​ទទួល​សិទ្ធិ​សម្បទាន​ គឺ​សម្រាប់​​ក្រុម​ហ៊ុន​មួយ​មិន​ឲ្យ​លើស​ ១ ម៉ឺន​ហិក​តា​ រយៈពេល​មិន​ឲ្យ​លើស​ ៩៩ ឆ្នាំ។​ បញ្ហា​នេះ​យើង​អាច​ពិចារណា​ហេតុ​អ្វី​ បាន​ក្លាយ​​ទៅ​ជា​ច្បាប់​បាន​ កាល​ហ្នឹង​នៅ​ក្នុង​សភា​ក៏​មាន​គណបក្ស​ប្រឆាំង​ដែរ បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​វិនិយោគ​ក៏​គណបក្ស​ប្រឆាំង និង​គណបក្ស​ដទៃ​ទៀត​​​បាន​ពិភាក្សា​នៅ​ក្នុង​បរិបទ​ហ្នឹងដែរ។​ ឯ​ច្បាប់​ភូមិ​បាល​ក៏​អញ្ចឹង​ដែរ​ ចុះ​នៅ​ពេល​ដែល​អនុវត្ត​ជាក់​ស្តែង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​គតិច្បាប់​​​​ ម៉េច​ក៏​ទៅ​យក​បរិបទ​នយោបាយ​មក​បំភ្លៃ​រឿង?​ បញ្ហា​វា​កើត​​មាន​មែន ​បញ្ហា​ជាក់​ស្តែ​​ង តែ​មិន​មែន​ជា​បញ្ហា​ដែល​រំលោភ​ច្បាប់​ទេ ដែល​រដ្ឋាភិបាល​ផ្តល់​ អាជ្ញាប័ណ្ណ​​ទៅ​ក្រុម​ហ៊ុន​ឯកជន​​​​នោះ​​។​​ បញ្ហា​​វា​នៅ​ត្រង់​នេះ​ទេ ដែល​យើង​នាំ​គ្នា​សិក្សា​ឲ្យ​សុក្រឹត្យ​ អញ្ចឹង​បាន​ជា​ប្រមុខ​រាជរដ្ឋាភិបាល​​រំលេច​នូវ​ពាក្យ​មួយ​ហៅ​ថា « អភិវឌ្ឍន៍​ស្បែក​ខ្លា »​ មាន​ន័យ​ច្បាស់​លាស់​គឺ​ត្រូវ​តែ​ហ៊ាន​អារ​កាត់​ និង​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ ដែល​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​បញ្ហា​ដី​ធ្លី​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សម្បទាន​ដី​ ​សេដ្ឋ​កិច្ច​​ហ្នឹង​ឯង​។​ ខ្ញុំ​លើក​​ឧទាហរណ៍​ តាម​ធម្ម​តា​នៅ​ពេល​ដែល​មុន​​នឹង​ចេញ​នូវ​ អាជ្ញាប័ណ្ណ​​ផ្តល់​នូវ​​ដី​សម្បទាន​សេដ្ឋ​កិច្ច គឺ​មាន​ការ​សិក្សា​ ព្រោះ​បើ​យើង​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់​គឺ​តម្រូវ​ឲ្យ​មាន​​ការ​សិក្សា​ ហើយ​និង​បរិមាណ​ជាក់​លាក់​មួយ​ឲ្យ​ឆ្លុះ​បញ្ចាំង​ទៅ​ហ្នឹង​ភូមិ​សាស្រ្ត​ពិត ​។​ អញ្ចឹង​​បាន​ក្លាយ​ទៅ​ជា​ការ​អនុញ្ញាត​ ប៉ុន្តែ​បរិមាណ​ដែល​ចែង​នៅ​ក្នុង​បញ្ញត្តិ​អាជ្ញាប័ណ្ណ​ហ្នឹង​ ពេល​​យក​ទៅ​អនុវត្ត​ជាក់​ស្តែង​ នៅ​ភូមិ​សាស្រ្ត​ជាក់​ស្តែង​ហ្នឹង តើ​អ្នក​អនុវត្ត​ជាក់​ស្តែង​​​​ គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ អនុវត្ត​ជាក់​ស្តែង​គោរព​តាម​ទិន្នន័យ​ និង​ខ្លឹម​សារ​នៅ​ក្នុង​អាជ្ញាប័ណ្ណ​ហ្នឹងឬ​​អត់?​។​ ឧទាហរណ៍​ថា ១ ម៉ឺន​ហិក​តា​ ហើយ​នៅ​ក្នុង​ភូមិ​សាស្រ្ត​​ច្បាស់​លាស់​ តែ​ដល់​ពេល​​យក​ទៅ​វាស់​ជាក់​ស្តែង​ តើ​មាន​បំពាន​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ ដី​កសិដ្ឋាន​ដែរ​ឬអត់​?​ ឬ​ការ​វាស់​​នៅ​លើ​ក្រដាស​វា​អាច​ខុស​ តើ​អាច​ឆ្លើយ​តប​បញ្ជូន​ព័ត៌មាន​​ដល់​ថ្នាក់​ដឹក​នាំ​ជាតិ​ ដើម្បី​ធ្វើ​ការ​កែ​សម្រួល​នូវ​ភូមិ​សាស្រ្ត​បរិមាណ​ ហ្នឹង​ឡើង​វិញឬទេ?​​ ត្រង់​ហ្នឹង​ជា​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ឯង ដើម្បី​កុំ​ឲ្យ​មាន​ផល​លំបាកដល់​បញ្ហា​ដែល​រដ្ឋាភិបាលត្រូវ​​ដោះ​ស្រាយ​ ព្រោះ​យើង​មាន​​យន្ត​ការ យើង​មាន​សេនាធិការ​ដែន​ដី និង​សេនាធិការ​បច្ចេក​ទេស​ជំនាញ។​ អញ្ចឹង​នៅ​ពេល​ដែល​យក​អាជ្ញាប័ណ្ណ​មក​អនុវត្ត​ជាក់​ស្តែង​ក្នុង​ការ​វាស​វែង ​ដី​ធ្លី​ គឺ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ជំហរ​ ស្មោះ​ត្រង់​ជា​មួយ​រាជរដ្ឋាភិបាល​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ទៅ​ដល់​ដី​កសិដ្ឋាន​ស្រប​ច្បាប់​ ឬ​ដី​លំនៅ​ដ្ឋាន​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ ហើយ​ប្រសិន​ជា​ទិន្នន័យ​ពិត នៃ​អាជ្ញាប័ណ្ណ​​យក​អនុវត្ត​ទៅ​ វាស់​​វែង​​ទៅ​វា​ប៉ះ​ ក៏​ត្រូវ​បញ្ជូន​មក​វិញ​ ស្នើ​​ឲ្យ​មាន​កា​រ​កែ​សម្រួល​​ ពី​ព្រោះ​ថ្នាក់​ដឹក​នាំ​ ថ្នាក់​ជាតិ​ រដ្ឋាភិបាល នាយក​រដ្ឋ​មន្រ្តី​ នៅ​ពេល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​​ជំនាញ​ ស្ថាប័ន​ដែន​ដី ខ្ញុំ​ជឿថា គ្មាន​​ភាព​រឹង​ត្អឹង​ក្នុង​ការ​កែ​សម្រួល​សម្រាប់​​ផល​ប្រយោជន៍​សុខុមាលភាព ​របស់​ប្រជាពល​រដ្ឋ​នៅ​មូលដ្ឋាន​ទេ។​ ប៉ុន្តែ​​​ណាស់​តែ​ភាព​អសកម្ម​នៅ​ទី​នោះ​ ដែល​ទំនាក់​ទំនង​ថ្នាក់​ក្រោម ថ្នាក់​ជាតិ​ មក​ថ្នាក់​លើ​គឺ វា​មាន​ភា​ព​មិន​សុក្រឹត្យ​ វា​ដូច​ជា​ដាច់​កង់ៗ ហើយ​ចំណុច​ហ្នឹង​សំខាន់​ណាស់​ ការ​ស្មោះ​ត្រង់​និង​ការ​ផ្តល់​ព័ត៌មាន​ ហើយ​ការ​ផ្តល់​នូវ​ភាព​ជាក់​លាក់​។ ភាព​សុច្ចរិត​មួយ​ទៀត​មាន​ការ​បារម្ភ​ ឧទាហរណ៍​ថា ១ ម៉ឺន​ហិកតា ស្រាប់​តែ​អ្នក​ទៅ​អនុវត្ត​ជាក់​ស្តែង​ ថែម​ ១ម៉ឺន ២ពាន់​ ហិកតា​ អា ២ពាន់ នេះ​គឺ​វា​ធ្ងន់​ណាស់​ ដែល​ប៉ះ​ពាល់​ដល់​ដី​ប្រជាពលរដ្ឋ​។​ ចំណុច​ហ្នឹង​ហើយ​ដែល​ជា​ការ​វិភាគ​របស់​យើង​នៅ​ពេល​នេះ​គឺ​ ចង់​សំដៅ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ហុច​ដង​ឲ្យ​គណបក្ស​ប្រឆាំង​ ទៅ​ជា​បំភ្លៃ​ថា ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ មិន​បាន​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ហ្នឹង​ទេ​ បែរ​ទៅ​ជា​ គេ​ប្រើ​ពាក្យ​អភិវឌ្ឍន៍​ទឹក​ភ្នែក​ ដូច្នេះ​តើ​យើ​ង​សប្បាយ​នឹង​ពាក្យ​នេះដែរឬទេ?​ ដែល​គណបក្ស​ប្រឆាំង​កំពុង​បំភ្លៃ​ ឬ​ក៏​យើង​ខ្មាស​អៀន​ថា យើង​បាន​ចូលរួម​​ឲ្យ​គេ​បំភ្លៃ​ដែរ​ឬ​អត់?​​​

-មតិលោក សត្យា រក្ស​
ត្រង់ចំណុចនេះ​សូម្បី​តែសាម៉ី​ក្រុមហ៊ុន​ក៏គួរតែ​មានសេចក្តី​ស្មោះត្រង់ដែរ​ ថាតើ​ក្រុមហ៊ុន​របស់យើង​នោះ​ត្រូវ​ការ​ដីប៉ុន្មាន? រាជ​រដ្ឋាភិបាល​អនុញ្ញាត្តិ​ឲ្យយើង​ប៉ុន្មាន​​?​ អញ្ចឹង​យើង​គួរតែទទួល​តែប៉ុណ្ណឹង​ គឺ​ដើម្បី​ជៀសវាង​បញ្ហា​ច្រើន​ផ្សេង​ទៀត ដែល​ខ្ញុំបាន​ទទួល​ព័ត៌មាន​ក្រៅផ្លូវការ​នោះ​។ រឿងរ៉ាវ​មួយចំនួន​ខ្លះ​គឺកើត​ឡើង​ពី​បញ្ញើ ឧទាហរណ៍​ថា​ក្រុមហ៊ុន​មួយ​ទទួល​បានច្បាប់​១០០០​ហិកតា​ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បានបញ្ជា​ឲ្យ​ដាក់​១៥០០ទៅ​​​ ៥០០​ហិកតា​នោះទុក​ឲ្យខ្ញុំ គឺស៊ុំ​គ្រលំ​ជា​មួយ​ក្រុមហ៊ុន​នោះ ហើយក្រុ​ម​ហ៊ុន​ក៏ស៊ុំគ្រលំ​ជា​មួយ​អាជ្ញាធរ​​ដែរ​។ មានពេល​ខ្លះគឺលំបាក​និយាយ បើ​ក្រុមហ៊ុន​មិនឲ្យ​អាជ្ញាធរ​ចូលរួម​ អាជ្ញាធរ​រករឿង​ក្រុមហ៊ុន​នោះ​ដែរ​ ដែល​គេតែង​និយាយ​ថា អារសាច់​ជូនខ្លា​ទើប​នៅ​ស្រុកបាន​ ដែលខ្ញុំ​លើកនេះ​គឺ​ក្នុង​ន័យ​បុគ្គល​ទេ​។ ត្រង់​ចំណុចនេះ​យើង​គួរតែ​នាំគ្នាបោស​សំអាត​នូវ​ចំណុច​អសកម្ម​ទាំងនេះ​ចេញ​ ជាពិសេស​គឺ​បុគ្គល ឬជន​ណាដែល​ប្រព្រឹត្តិ​នូវអំពើ​ខុសឆ្គង​នេះ គឺគួរតែ​បោស​សំអាត​ហើយ មិន​អាច​បន្តឲ្យ​បង្កើត​ភាព​ចលាចល​​នៅក្នុង​សង្គម​យើង​បាន​តទៅ​ទៀតទេ​​។​
លោកសត្យា រក្ស​

សំណួរ៖ ចំពោះ​បញ្ហានេះ ជាយោ​បល់​របស់​លោកបណ្ឌិត តើលោក​បណ្ឌិតមានអ្វី​ដើម្បី​ផ្តល់​ជា​គំនិត​ទៅដល់​អាជ្ញាធរ​​ខ្លះទេ​ ដើម្បី​ជៀសវាង​កើតរឿង បញ្ហាដីធ្លី​ដដែលៗនេះ​​បាទ?

លោកបណ្ឌិតឈឹម ផលវរុណ​
ចម្លើយ៖ រឿង​ដីធ្លីនេះ បើតាម​ការដែល​ខ្ញុំបានចូលរួម​​ធ្វើច្បាប់​វិនិយោគ ធ្វើច្បាប់​ភូមិបាល​នេះ​តួអង្គ​សំខាន់ដែល​ជួយដល់​ប្រមុខរាជ​រដ្ឋាភិបាល​ និងជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ​នោះគឺ​មាន​តួអង្គ​ពីរ​ធំ​ គឺ​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​ជំនាញ​បច្ចេកទេស​ បានន័យ​ថាអាជ្ញាធរ​សូរិយោដីនេះឯង​។​ អញ្ចឹង​នៅ​ពេល​ដែល​ធ្វើ​កិច្ចសហប្រតិបត្តិការ​យើងមិនត្រូវ​គិតពី​ប្រយោជន៍​ បុគ្គល​នោះទេ​​ គឺយើងត្រូវ​គិតពី​ប្រយោជន៍​​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋសិន​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ កិច្ច​សហប្រតិបត្តិការ​​រវាង​អាជ្ញាធរ​ដែនដី​ និង​អាជ្ញាធរ​សូរិយោដី​​ដែលធ្វើ​ដោយ​សុក្រឹត្យ​គឺនឹងផ្តល់​ប្រយោជន៍​ដល់​ ការអភិវឌ្ឍន៍​ហើយ​។ ការ​វាស់វែង​នៃ​ទិន្នន័យ​​លើ​ក្រដាស​ និងទិន្នន័យ​លើដី​វាស់ជាក់ស្តែង​នោះ​ គឺប្រាកដ​ជាផ្តល់​នូវព័ត៌មាន​ជាក់លាក់មួយ​ថា ដីដែល​ផ្តល់សម្បទាន​សេដ្ឋកិច្ច​នោះវានឹងមិន​ប៉ះពាល់​ទៅដល់​ដីប្រជាពលរដ្ឋ​ ឡើយ​។ ប្រសិនបើប៉ះពាល់​ គឺត្រូវ​តែបញ្ជូន​ទិន្នន័យមកថ្នាក់លើ​ ដើម្បី​ធ្វើការ​កែសម្រួល​អាជ្ញាបណ្ណ័​មួយ​ដើម្បី​ផ្លាស់ប្តូរ​បរិមាណ​ដីនោះ​ ​។​ តាម​ពិត​អាជ្ញាធរ​ដែនដីគឺជាអ្នក​ដែលដឹងនូវសាវតាពិត​ដែល​ប្រជាពលរដ្ឋ​កំពុង​​ រស់​នៅ​​លើ​ទីដី​នោះ​​ អញ្ចឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាងអាជ្ញាធរដែនដី និងអាជ្ញាធរ​សូរិយោដី​ប្រាកដ​ជា​ផ្តល់​នូវ​ភាព​សុក្រឹត្យធំធេងណាស់​។​​ បើសិនជាតួលេខនៅលើក្រដាស​ និងនៅលើ​ភូមិសាស្ត្រជាក់​ស្តែង​អត់​មាន​ទំនាស់​ទេ ប៉ុន្តែវាអាច​ប៉ះពាល់​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​​ប្រក្រតី​ របស់ប្រជាពលរដ្ឋនោះ​ គឺយើង​ត្រូវ​គិត​ដល់​​បរិស្ថានណា​សម្រាប់​ជំនួស​ឲ្យ​ប្រជាពលរដ្ឋ​​ អាចប្រាស្រ័យ​ទាក់ទង​ និង​វាង​ក្នុង​រង្វង់​ដី​ដែល​ក្រុមហ៊ុន​ឯកជន​ត្រូវ​ទទួលអាជ្ញាបណ្ណ័​។ ចំណុច​នេះ​គឺ​មានតែ​អាជ្ញាធរដែនដី និងស្ថាបន័មានសមត្ថកិច្ច​ ឬជំនាញ​សមត្ថកិច្ច​ទេ ដែលជួយ​កិច្ចការ​រាជរដ្ឋាភិបាល​សម្រាប់​ផលប្រយោជន៍​ និងភាពសុខដុម​រមនា​របស់​​ប្រជាពលរដ្ឋ​​នៅ​មូលដ្ឋាន​​​៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី