Tuesday, February 28, 2012

បទវិចារណកថា៖ ក្បួនបោកថ្មីរបស់គណបក្សសមរង្ស៊ី



នៅពេល​ថ្មីៗនេះគណបក្ស​សមរង្ស៊ីបាន​ខិតខំ​ប្រឹងស្រែក​បោកប្រាស់​ប្រាប់​សាធារណជន​ថា គណបក្សសមរង្ស៊ី បានទទួល​អសនៈ​ចំនួន១១ ក្នុងព្រឹទ្ធសភា​សំរាប់​អាណត្តិទី៣ ដែលខ្លួន​បានចាត់​ទុកថា ជាកំណើនមួយក្នុង​កំលាំង​នយោបាយ ដើម្បីធ្វើឱ្យ​ខ្លួនអាច​ឈានដល់ការ​ទទួលបាន​ជោគជ័យ ក្នុងការបោះ ឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១២នេះ និងការបោះ​ឆ្នោតជាតិ​ឆ្នាំ២០១៣ ខាងមុខ ទោះបី អវត្ត​មាន មេបក្ស​របស់​ខ្លួនក្នុងប្រទេស​ក៏ដោយ។
សំរាប់ប្រជាជន​កម្ពុជា​ភាគច្រើន​ដ៏លើស​លុប​ដែលជា​អ្នកបោះឆ្នោត​យល់​ឃើញ​ថា ការលើក​ឡើង ដ៏រាក់កំផែល​របស់​គណបក្ស​សមរង្ស៊ី អំពីតួលេខ និងលទ្ធផល​នៃអសនៈក្នុងព្រឹទ្ធសភា​ដែលខ្លួន​ទទួល​បាន ដើម្បី​យក មកធ្វើជា​មូលដ្ឋាន​ក្នុងការ​វិភាគ និងវាយ​តំលៃ​សំរាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ និងការ បោះឆ្នោត​ថ្នាក់​ជាតិ គឺជា​ការកំ​សោយខាង​វិទ្យាសាស្ត្រ​នយោបាយ​ក្នុងការ​ដឹកនាំ ក៏ដូចការ​គណនា​ជាយុទ្ធសាស្ត្រ ចំពោះ​កំលាំង​នៃការ​គាំទ្រខាង​នយោបាយ​ដ៏ពិតប្រាកដ​ចំពោះ​ការបោះឆ្នោត​អសាកល និងការបោះ​ឆ្នោត​ថ្នាក់ជាតិដែល​មានមូល​ដ្ឋាន២ ផ្ទុយគ្នា​លើអ្នក​បោះ​ឆ្នោត។
សំរាប់​អង្គបោះ​ឆ្នោត​ក្នុងការ​បោះឆ្នោត​អសកល​រួមមាន​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០០៧ និងសមាជិក​សភាក្នុង​តំណែង ដែល​តម្រូវ​ឱ្យអ្នក​ដែលអាច​បោះឆ្នោត​បាន អាស្រ័យ​លើឈ្មោះ​ក្នុង​បញ្ជី គណបក្សដែលមាន​ស្រាប់ ឧទាហរណ៍ គណបក្ស​សមរង្ស៊ី​ក្នុងឆ្នាំ​២០០៧ មានសមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅទូទាំងប្រទេស​ចំនួន​២៦៦០​នាក់ តាមតួ​លេខ​ក្នុងបញ្ជី​គណបក្ស​ដែលមាន​ក្នុងបច្ចុប្បន្ន​គឺជាតួលេខ ដែល​គណបក្សត្រូវរំពឹង​ទុក​ថា នឹងបោះឆ្នោត​ឱ្យបេក្ខជន​របស់​បក្ស។ ហើយការ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំសង្កាត់ និងការ​បោះឆ្នោត​ថ្នាក់​ជាតិ គឺជាការ​បោះឆ្នោត​សកល ដែលប្រជាជន​គ្រប់អាយុ​បោះឆ្នោត​មាន សិទ្ធិចូល​រួមការ​បោះឆ្នោតទាំងនោះ។ 
ផ្ទុយទៅវិញ​លទ្ធផល​ជាក់ស្តែង​សំរាប់ការ​បោះឆ្នោតព្រឹទ្ធសភា​អាណត្តិទី៣ គណបក្ស​សមរង្ស៊ី បាន ទទួល​ត្រឹមតែ​២៥០៣សម្លេង ទាបជាង​សម្លេង​ដែល​គណបក្សមាន​ក្នុងបញ្ជី​បច្ចុប្បន្នដែល​លទ្ធផល​នេះ បាន បង្ហាញឱ្យ​ឃើញថា សម្លេង​ដែលត្រូវ​បោះឆ្នោត​ឱ្យគណបក្ស​សមរង្ស៊ី​មិនបាន​នៅនឹង​ដដែល​នោះ​ឡើយ។
ផ្ទុយទៅ​វិញគណ​បក្សសមរង្ស៊ី​បានបាត់​បង់សម្លេង​ដល់ទៅ​ប្រហែល​១៨៣​សម្លេង ហើយ​ដែល​សម្លេង នោះ បានមក​បោះឆ្នោត​ឱ្យគណបក្ស​ប្រជាជន​កម្ពុជាយ៉ាង​ប្រាកដ​ណាស់។ ហើយ​ជាក់ស្តែង​គណបក្ស​សមរង្ស៊ី បាននិង កំពុងបាត់បង់​សមាជិក​គាំទ្រខាង​នយោបាយ​ដ៏រឹងមាំ​របស់ខ្លួន​ថែមទៀត​ជាបន្តប​ន្ទាប់ ដូច​ដែលអ្វីដែល​បានកើត​ឡើងនៅ​ក្នុងខេត្ត​កំពង់ចាម និងកំពង់​ឆ្នាំង​ថ្មីៗ​នេះ។
ដូច្នេះ សំរាប់​អសនៈ​ចំនួន​១១ ដែល​គណបក្ស​សមរង្ស៊ី​ទទួល​បាន​គឺច្បាស់​ណាស់​ទទួល​បានពី សម្លេងដែល ខ្លួនមាន​តាំងតែពី​ឆ្នាំ២០០៧​មកម្លេះ។ តើនេះ​ជាជោគ​ជ័យ ឬការបរាជ័យ​សំរាប់​គណបក្ស សម រង្ស៊ី? សំរាប់ប្រជាជន​ភាគច្រើដែល​ជាអ្នកបោះ​ឆ្នោត​យល់​ឃើញថា ការបាត់​បង់​សម្លេង ឬ ការធ្លាក់​ចុះនៃ​សម្លេងក្នុងបញ្ជីបក្ស នឹងមាន​ឥទ្ធិពល និងផលប៉ះ​ពាល់យ៉ាង​អាក្រក់​សំរាប់​គណបក្ស​សមរង្ស៊ី នៅក្នុង​ការបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និងការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុងឆ្នាំ​២០១៣ខាងមុខ​យ៉ាងពិត​ប្រាកដ។
 ហេតុដូច្នេះកំ​លាំង​គាំទ្រខាង​នយោបាយ​ដែលផ្អែក​លើបញ្ជី​គណបក្ស​សំរាប់ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​លទ្ធផល​នៃការបោះ​ឆ្នោត​នោះ មិនអាច​ជាមូលដ្ឋាន​ដែលគណ​បក្សសមរង្ស៊ី​យកមកធ្វើការ​វិភាគ និងវាយតំលៃ ដើម្បីអះអាង​អំពី​លទ្ធភាព ដែលខ្លួន​នឹងទទួល​បានជោគជ័យ​សំរាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំសង្កាត់ និងកា​របោះឆ្នោតថ្នាក់​ជាតិខាង​មុខបាន​ឡើយ។
ផ្ទុយទៅវិញ​គណបក្សប្រជាជន​កម្ពុជា​មិន​បានយ​កលទ្ធផល​នៃការបោះ​ឆ្នោត​អសកល​នេះ ធ្វើជា​មូល ដ្ឋាន ដើម្បីវាយ​តំលៃអំពី​ការវិវត្តន៍​នៃកំលាំង​នយោបាយ​របស់ខ្លួន​ឡើយ។ ប៉ុន្តែ ដោយផ្អែក​លើ​សម្លេង ដែលគណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន គឺកើន​លើសពី​ការរំពឹង​ទុក។ ជាក់ស្តែង​សម្លេង​ក្នុងបញ្ជី​គណបក្ស​ប្រជាជន កម្ពុជា​មិននៅដ​ដែល​ឡើយ ហើយបាន​កើនឡើង​ដល់ទៅ​៧៩៧​សម្លេង ក្នុងនោះ មាន​១៨៣​សម្លេង ដែលជាសម្លេង​បានបែក​ចេញពី​គណបក្សសមរង្ស៊ី ដែលបាន​បោះឆ្នោតឱ្យបេក្ខជន​គណបក្សប្រជាជន​កម្ពុជា។ លទ្ធផល​ជាក់ស្តែង គណបក្សប្រជាជន​កម្ពុជា​ទទួលបាន​៨៨៨០​សម្លេងលើស​ពីសម្លេង​បច្ចុប្បន្ន ដែល​គណបក្ស ប្រជាជន​កម្ពុជា​មាន​ក្នុង​បញ្ជី។ ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០០៨ នីតិកាល​ទី៤ គណបក្ស​ប្រជាជន​កម្ពុជា​បានកាន់​កាប់​៩០​អសនៈក្នុង​សភាជាតិ ហើយ​សំរាប់​នីតិកាល​ទី៥ខាង​មុខនេះ គណប្ស​ប្រជា ជនកម្ពុជា​នឹង​ទទួលបានអសនៈ​ក្នុងសភាជាតិ​កើនឡើង​ថែម​ទៀត អាស្រ័យ​ដោយ​សមិទ្ធផល​នានា​ដែល រដ្ឋាភិបាល​កម្ពុជា​សំរេចបានជា​បន្ត​បន្ទាប់​លើផ្លូវ​កំណែ​ទម្រង់​គ្រប់វិស័យ ហើយ​ទទួលបាន​ការគាំទ្រ​ពីប្រជាជន ដែលជា​អ្នកបោះ​ឆ្នោតជូនគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស កំណើត​នៃយុវជន​ដែលជា​កំលាំង​នយោបាយ​ថ្មីបាន​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។
សរុប​សេចក្តី​មក ប្រសិន​បើគិត​តាម​ចំនួនអសនៈ​គណបក្ស​សមរង្ស៊ីគ្មាន​បានជោគ​ជ័យ​ឡើយ ពីព្រោះ អ្វីដែល​គណបកស​សមរង្ស៊ី​ទទួលបាន គឺទទួលបាន​ពីសម្លេងដែលខ្លួន​មានតាំងតែ​ពីឆ្នាំ២០០៧​មកម្លេះ។ ហើយការ​យកលទ្ធផល​នៃអសនៈ​ដែលខ្លួន​ទទួលបាន​ពីការបោះ​ឆ្នោត​អសកល ធ្វើជាមូល​ដ្ឋាននៃការវាយ​តំលៃ និង​ការវិភាគ ដើម្បីអះ​អាង​ថាខ្លួន​នឹងទទួល​បាន​ជ័យជំនៈ​លើការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និងការ​បោះឆ្នោតថ្នាក់​ជាតិខាង​មុខ គឺគ្រាន់​តែជា​ល្បែង​បោកប្រាស់​ថ្មីដល់ សាធារណៈជ​នតែ​ប៉ុណ្ណោះ។ កា​រពិត និង​ជាក់ស្តែង សកម្មជនរ​បស់​សមរង្ស៊ី ដែល​ជាកំលាំង​គាំទ្រខាង នយោបាយ​រឹងមាំ​របស់ សមរង្ស៊ីត្រូវ​បាន​សុំចុះ​ចូលជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ អំពីការ​បរាជ័យរ​បស់សមរង្ស៊ីច្រើនជា​ការជោគ​ជ័យ ដែលគ្រាន់​តែឋិតក្នុងការ​ស្រមៃរបស់​សមរង្ស៊ី ដែលជា​ទណ្ឌិតភៀស​ខ្លួនដោយ​ខ្លួនឯងនៅក្រៅ​ប្រទេស​តែប៉ុណ្ណោះ។
ដោយ ឡុង សុគុណ