Wednesday, February 29, 2012

សន្និសីទ និងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១២ នៃ​បណ្តាញ​ធានា​គុណភាព​អប់​រំអាស៊ី-ប៉ាស៊ីភិច


ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ នៅទីស្នាក់ ការអា​ជ្ញាធរ​អប្សរា ទីក្រុង​អង្គរ ខេត្ត​សៀម​រាប មាន​រៀបចំ​សន្និសីទ និងកិច្ច​ប្រជុំ​ប្រចាំឆ្នាំ​២០១២ នៃ​បណ្តាញ​ធានា​គុណភាព​អប់រំ​អាស៊ី-ប៉ា​ស៊ី​ភិច ដែល​មាន​ការចូល​រួមពីវា​គ្មិន អ្នកជំនាញ​វិស័យអប់​រំនិង​ធានាគុណ​ភាព​អប់រំ និង​អ្នកសិក្សា​ស្រាវ​ជ្រាវ​ជាតិ និងអន្តរ​ជាតិ​ចំនួន​ប្រមាណ​៣០០នាក់ តំណាង​ឱ្យស្ថាប័ន និងភ្នាក់ងារ​ធានាគុណភាព​អប់រំ​ចំនួន​១៣០ មកពី​៣២​ប្រទេស នៅ​ទូ​ទាំងពិភព​លោក ដែលក្នុង​នោះមានការ​ចូលរួម​ពីគណៈ​គ្រប់គ្រង​នៃសាកល​វិទ្យាល័យ​ចំនួន​៤៧​នៅ​ កម្ពុជា។
សន្និសីទ និងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១២នេះ ត្រូវបាន​រៀបចំ​ឡើងដោយ​គណៈ​កម្មាធិកា​រទទួល​ស្គាល់​គុណ​ភាព អប់រំនៃ​កម្ពុជា និងបណ្តាញ​ធានាគុណភាព​អប់រំ​អាស៊ី-ប៉ា​ស៊ី​ភិច និងមាន​កិច្ចសហការ​ពី​សមាគម​គ្រឹះ​ស្ថាន​ឧត្តមសិក្សា​កម្ពុជា ក្រោម​ប្រធាន​បទ ៖ “ការធានា​គុណភាព​អប់រំ​ពី​ខាងក្រៅ នៅក្នុង​តំបន់​អាស៊ី-ប៉ាស៊ីភិច ៖ តើមានការផ្លាស់ប្តូរអ្វីខ្លះក្នុងរយៈពេល​មួយ​ទសវត្សរ៍កន្លងមកនេះ​? ”។
សន្និសីទ និងកិច្ច​ប្រជុំប្រចាំ​ឆ្នាំនេះ​មានគោល​បំណង ៖
  • ពិភាក្សា​អំពីការ​រំពឹងទុក និងសមិទ្ធផល​ដែល​សម្រេច​បាន​លើ​ការងារ​ធានាគុណភាព​អប់រំ​ថ្នាក់​ឧត្តម​សិក្សា
  • សិក្សា​ស្វែង​យល់​អំពីបញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងការ​ធានាគុ​ណ​ភាព​អប់រំ​​ថ្នាក់ឧត្តម​សិក្សា
  • ចែក​រំលែក​បទពិសោធន៍​ល្អៗស្តីពីការ​ធានាគុណភាព​អប់រំ​របស់គ្រឹះស្ថាន​អប់រំ និង​ភ្នាក់ងារ​ធានា​គុណភាព អប់រំ
  • ជំរុញកិច្ច​សហប្រតិ​បត្តិការ​ល្អ​ប្រសើរ ក្នុង​ចំណោម​ភ្នាក់ងារ​ធានាគុណភាព​អប់រំនៅ​ក្នុង​តំបន់ និង
  • ចែក​រំលែក​ចក្ខុវិស័យ​ស្តីពីគុណ​ភាព​អប់រំថ្នាក់ឧត្តម​សិក្សា។
គួររំលឹក ​ផងដែ​រថា កាលពី​ខែកញ្ញា ឆ្នាំ២០០៥ កម្ពុជា​បានទ​ទួល​រៀបចំ​សិក្ខាសាលា​បណ្តុះ​បណ្តាល​មន្រ្តីវាយ​តម្លៃ​គុណភាព​ អប់រំ នៃ​បណ្តាញ​ធានា​គុណភាព​អប់រំ​អាស៊ី-ប៉ា​ស៊ី​ភិច ដោយ​មានការ​ចូលរួម​ពី​មន្រ្តី​វាយ​តម្លៃជា​ច្រើន​នាក់ មក​ពី​ជាង១០ប្រទេស​ក្នុង​តំបន់។ នៅឆ្នាំ​២០០៦ កម្ពុជា​បានចូល​ជាសមា​ជិក​ពេញ​សិទ្ធិ​នៃបណ្តាញ​ធានា​គុណភាព​អប់រំ​អាស៊ី​ -ប៉ា​ស៊ី​ភិច។ តាមរយៈ​ការចូល​រួមយ៉ាង​សកម្មនៅ​ក្នុងដំណើរ​ការ​នៃស្ថាប័ន​នេះ​អស់រយៈ​ពេលជា​ ច្រើន​ឆ្នាំមក និងបន្ទាប់​ពីឆ្លងកាត់​ការប្រកួត​ប្រជែង​យ៉ាងស្វិ​ត​ស្វាញ​ជា​មួយ​ បណ្តាប្រទេស​ជាច្រើន​ក្នុង​តំបន់​មក កម្ពុជា​បាន​ទទួល​ទំនុក​ចិត្ត និងការគាំទ្រ​ពីបណ្តាញ​ធានា​គុណភាព​អប់រំ​អាស៊ី​-ប៉ា​ស៊ី​ភិច ឱ្យទទួល​ធ្វើជាម្ចាស់​ផ្ទះរៀបចំ​សន្និសីទ និង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១២​នៃ​បណ្តាញ​ធានា​គុណ​ភាពអប់រំ​អាស៊ី-ប៉ា​ ស៊ី​ភិចនៅ​ពេលនេះ។ នេះជាកិត្តិយស​ដ៏ធំធេង​មួយទៀត​របស់​កម្ពុជា​ក្នុងការ​បង្ហាញ​ឱ្យឃើញថា កម្ពុជា​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​សំខាន់ៗ​ ប៉ុណ្ណោះទេ ប៉ុន្តែ​កម្ពុជា​ក៏អាចរៀបចំ និង​ដឹក​នាំវេទិកា​ទាំងនេះ​បាន​ដែ​រ​។ ជាងនេះ​ទៀត ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំនៅទីក្រុងអង្គរ ខេត្ត​សៀមរាប នា​ពេល​នេះ ក៏ផ្តល់ឱកាស​ដល់អ្នក​ចូលរួម​ឱ្យបាន​ស្គាល់​នូវ​ប្រវត្តិ​សាស្រ្ត ប្រពៃណី និងវប្បធម៌​ដ៏​រុងរឿងរបស់​កម្ពុជាដែល​ធ្លាប់ត្រូវបាន​គេស្គាល់ថា​ជាចក្រភ​ ពអង្គរ។