Wednesday, March 28, 2012

សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ឱកាស​នៃ​សន្និ​សីទ​សង្គម​ស៊ីវិល​អាស៊ាន​/ វេទិកា​ប្រជាជន​អាស៊ាន ​ (ACSC/APF)


សុន្ទរកថា
ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន
ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី
ក្នុង​ឱកាស​នៃ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន/ វេទិកា​ប្រជាជន​អាស៊ាន ​ (ACSC/APF)
“​យើង​ជាប្រជាជន​អាស៊ាន​រួមដៃ​គ្នា​សម្រាប់​សហគមន៍​អាស៊ាន”
រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១២
 
  • ឯកឧត្តម លោក​ជំទាវ ឯក​អគ្គរដ្ឋ​ទូត​​រ​​នៃអាស៊ាន​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា
  • ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីគណៈប្រតិភូ
  • តំណាងរបស់អង្គការសង្គមស៊ីវិល
  • ក្រុមគ្រួសារអាស៊ានជាទីមេត្រី​
ខ្ញុំសូមសម្តែង ​នូវអំណរ​គុណ​ចំពោះ​គណៈកម្មាធិការ​រៀបចំ ជាពិសេស​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​​កិច្ច​សហ​ប្រតិបត្តិ​ការ និង​សន្តិភាព ដែល​បាន​អញ្ជើញ​ខ្ញុំ មក​ចូលរួម​ក្នុងវេទិកា​នេះ។ ខ្ញុំក៏​​សូម​សម្តែង​នូវ​ការ​កោត​សរ​សើផង​ដែរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​គណៈ​កម្មា​ធិការ​រៀបចំ សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន /វេទិកា​ប្រជា​ជន​អាស៊ាន​ប្រចាំ​ឆ្នាំ២០១២ ក្នុង ​ការរៀបចំ​វេទិកា​នេះ​ឡើង ​ដើម្បី​ធ្វើជា​វេទិកា​មួយ​សម្រាប់​ប្រាស្រ័យ​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន និង​ថ្នាក់​ដឹកនាំ​រដ្ឋា​ភិបាល​របស់​ខ្លួន។
ក្នុង ​នាម​សម្តេច​អគ្គមហា​សេនា​​បតី​​​តេជោ ហ៊ុន សែន​​ នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ខ្ញុំ​មាន​សេចក្តី​សោម​នស្ស​រីករាយ​សូមឆ្លៀត​យក​ក្នុង​ឱកាស​នេះ សូម​សម្តែងនូវ​អំណរ​សាទរ​ចំពោះ​គណៈ​ប្រតិភូ​តំណាង​​​​អង្គការ​សង្គម​ស៊ីវិល​ មកពីរដ្ឋ​ជា​សមាជិក​​អាស៊ាន និង​សូម​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ក្នុង​ការ​អញ្ជើញ​មក​​​​​ ប្រទេស​កម្ពុជា។ ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ទាំង​អស់គ្នានៅថ្ងៃ​នេះ បង្ហាញនូវ​ការប្តេជ្ញា​ចិត្តយ៉ាង​មុតមាំ​រួម​ដៃគ្នា​ក្នុង​ការ​ដោះ​ស្រាយ​ បញ្ហា​ប្រឈម​រួមដែល​​ប្រជាជន​អាស៊ាន​កំពុង​ជួប​ប្រទះ។ ខ្ញុំ​មាន​ជំនឿ​ទុកចិត្ត​ថា សម្លេង​របស់​​អ្នក​ទាំង​អស់​​គ្នានឹង​ត្រូវ​បានជួ្រត​ជ្រាប​កាន់​​តែ​ ខ្លាំងឡើងៗ ​ក្នុង​បុព្វ​ហេតុ​​​នៃ​ការ​បង្កើត​​តំបន់​អាស៊ី​​អាគ្នេយ៍​មួយ​ និង​តំបន់​ដ៏ទៃ​ទៀត​ ប្រ​កប​ដោយ​សុខដុមរមនា និង​រុងរឿង។
ខ្ញុំសូម ​បញ្ជាក់​ថា ភាព​ជាដៃគូដ៏​ពិតប្រាកដ​នៃកិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ រដ្ឋា​ភិបាល អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​នៃ​អ្នក​សិក្សាស្រាវ​ជ្រាវ​គឺពុំមែន​ត្រឹមតែ​ជា​ទស្សនា​ទាន​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង​និង​ប្រកប​ដោយ​ផ្លែផ្កា​ ក្នុង​តំបន់​របស់​យើង។ នេះ​ជា​និន្នាការ​ជា​បន្ត​បន្ទាប់​និង​វិជ្ជមាន ព្រោះខ្ញុំ​ជឿជាក់​ថា យើង​ទាំងអស់​គ្នាមាន​តួនាទី​ថែរក្សា​និង​ពង្រឹង​សន្តិភាព និង​សន្តិសុខ ស្ថេរភាព និង​ការអភិវឌ្ឍ។
គណៈប្រតិភូ និងអ្នកចូលរួមទាំងអស់
ដោយ ​សារ​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពិភព​លោក​មួយ​ ដែល​មាន​នៃ​សកល​ភាវូបនីយកម្ម យើង​ជួប​ប្រទះ​នូវបញ្ហា​ស្មុគស្មាញ និង​ភាពមិន​ប្រាកដ​ប្រជា​កាន់តែ​ច្រើន​ឡើងៗ​ដែល​តម្រូវ​ឲ្យទាំង​តួអង្គ​រដ្ឋ និង​​តួអង្គ​មិនមែន​រដ្ឋធ្វើការ​រួមដៃគ្នា។ កិច្ច​សហ​ប្រតិបត្តិការ​ក្នុងតំបន់ និងក្នុង​ពិភពលោក​ផ្តល់​នូវ​​​   មូល​ដ្ឋាន​​ដ៏​សំខាន់​​​​មួយ​ ក្នុង​ការ​ដោះស្រាយ​បញ្ហាទាំង​នោះ។
នៅក្នុង ​តំបន់របស់​យើង យើង​ជួប​ប្រទះ​ការ​ប្រឈម​ថ្មីៗ​ជាច្រើន ដែល​កើត​ចេញ​ពី​ទាំង​កត្តា​មនុស្ស និង​ធ​ម្មជាតិ។ ភាព​ក្រីក្រ និង​គម្លាត​នៃ​ការអភិវឌ្ឍ​យ៉ាងធំ និកម្មភាព ការ​ប្រែប្រួល​អាកាស​ធាតុ គ្រោះ​ធម្មជាតិ នៅ​តែ​ជាបញ្ហា​ប្រឈម​ជាចំបង​យ៉ាង​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ​ដែល​មាន​សន្តិ​សុខស្បៀង​ សន្តិ​សុខ​ថាមពល និងសន្តិ​សុខ​ធនធាន​ទឹក ក៏​ដូច​ជាសិទ្ធិ​មនុស្ស (ជា​ពិសេស​សិទ្ធិ​សម្រាប់​ស្រ្តី និង​កម្មករ​ទេស​ន្តរ​ប្រវេសន៍) ការងារ​សមរម្យ យុត្តិធម៌​សង្គម ការការ​ពារ​បរិស្ថាន និង​អភិបាល​កិច្ច​ល្អ។
ខ្ញុំសូមលើកឡើង ​ផង​ដែរ​ថា យើង​ ជាប្រជាជន​អាស៊ាន មាន​សំណាង​ដោយ​បាន​ឃើញ​ការ​អភិវឌ្ឍ​​ ជា​វិជ្ជ​មាន​​​ដ៏ខ្លាំង​ក្លា​នៃ​ស្ថាប័ន​តំបន់​របស់​យើង​ ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​កិច្ច​សហ​​ប្រតិ​បត្តិ​ ការ​ក្នុង​តំបន់ និង​ស្ថាប័នូបនីយកម្ម ក្នុង​តំបន់អាស៊ី​បូព៌ា​ទាំងមូល។ យើង​សង្ឃឹម​ថា តួនាទី​បែប​ ​នេះ​សម្រាប់​អាស៊ាន​ នឹង​នៅតែ​បន្ត​ជា​មួយ​គំនិត​ផ្តួចផ្តើម​ថ្មីៗ គំនិតថ្មីៗ ព្រម​ទាំង​ភាព​វៃឆ្លាត​ផ្នែក​ការ​ទូត។ របៀប​​ទំនាក់​ទំនង​ក្នុង​ស្ថាន​ភាព​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជាច្រើន ដើម្បី​បង្កើត​នូវសមតា​ប្រកប​ដោយ​ថាម​​ពល មិន​​​មែន​ជា​ការ​ងាយ​ស្រួល​នោះឡើយ​ទេ។ អាស៊ាន​ចាំបាច់​ត្រូវមាន​សម្លេង​តែមួយ​ដើម្បីបង្ហាញ​ឲ្យ​ឃើញ​នូវ​អត្ថ​ ប្រយោជន៍​រួម​របស់​យើង។
អាស៊ាន ​សម្រេច​បានសមិទ្ធផល​គួរឲ្យកត់​សម្គាល់​យ៉ាងហោច​ណាស់ចំនួន​បី រួមមាន សន្តិភាព និង​ស្ថេរភាព ទំនាក់ទំនង​សេដ្ឋកិច្ច​ឆ្ពោះទៅ​កាន់​សមាហរណកម្ម និង​ការបង្កើត​នូវ​សហគមន៍​ការទូត​ដ៏​សកម្ម​មួយ។ ប៉ុន្តែ សមិទ្ធផល​ទាំងនេះ​អាចត្រូវ​រារាំង​ដោយ​ជម្លោះ​ទំនាស់​អធិបតេយ្យ​ភាព ភាព​ជាតិ​និយម​ហួស​ហេតុ គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​សមាជិក​ថ្មី និង​ចាស់របស់​អាស៊ាន និង​ភាព​មាន​កម្រិត​ផ្នែក​ការ​ទូត​ដើម្បី​បញ្ចៀស​បញ្ហា​និង​ការដោះស្រាយ​ ជម្លោះ។
ទន្ទឹមនឹងមោទ ​នភាព​ដែល​យើង​មានចំពោះ​នៃ​សមិទ្ធផល​ដែល​យើង​សម្រេច​បាន យើង​ត្រូវតែ​ខិត​ខំ​ឲ្យ​កាន់តែខ្លាំង​ថែម​ទៀត ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​នៅសល់  និង​បញ្ហា​នាអនាគត​ខាង​មុខ។ ខ្ញុំ​ជឿ​​ជាក់ថា ប្រជាជន​អាស៊ាន រួមទាំង​រដ្ឋាភិបាល​និងអង្គការ​សង្គម​ស៊ីវិល អាច​ចូលរួម​ផ្តល់​នូវ​គំនិតដ៏​មាន​សារៈប្រយោជន៍​ជាក់​ស្តែង​ក្នុង​ការ​ ដោះស្រាយ​បញ្ហាប្រឈម​ទាំងនោះ។ យើង​ត្រូវ​កែលំអ និងថែ​រក្សា​វប្បធម៌​នៃ​ភាព​ជា​ដៃគូ និង​ទំនាក់​ទំនងរវាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល និង​យុវជន ខណៈ​ពេល​ដែលយើង​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​អាស៊ាន​មួយដែល​មាន​ប្រជាជន​ ជាស្នូល​យ៉ាង​ពិតប្រាកដ និង​យើងរួម​គ្នា​កសាង​សហគមន៍​របស់​​យើង​ប្រកប​​ដោយ​ជោគជ័យ។
យើង ​ក៏ត្រូវខិតខំ​ធ្វើការឲ្យ​កាន់តែខ្លាំង​ថែមទៀត​ដើម្បី​ជម្រុញ​ទឹកចិត្ត​ ប្រជាជន​អាស៊ាន បង្កើន​ការ​យល់​ដឹង​​​ពីបេតិក​ភណ្ឌ​រួមដែល​ពួកគេមាន​ចំណែក និង​វាសនារួម ព្រមទាំង​ដើម្បីលើក​ទឹកចិត្ត​ឲ្យមានការ​ចូលរួម​របស់​ពួកគេក្នុង​ដំណើរការ​ ប្រកបដោយ​ក្តីសោមនស្ស​រីករាយ​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​តំបន់។
គណៈប្រតិភូ និងអ្នកចូលរួមទាំងអស់
ក្នុងឱកាស ​នេះ ខ្ញុំសូម​រំលឹកឡើង​វិញនូវគោល​បំណងមួយ​ចំនួន​នៃ​ធម្មនុញ្ញ​របស់​អាស៊ាន ដែល​អាច​ទាក់ទង​នឹងអ្វី​ដែលអ្នក​ទាំងអស់​គ្នានឹង​ពិភាក្សា​ក្នុងរយៈ​ពេល​ បីថ្ងៃនេះ។ គោលបំណង​ទាំងនោះ​រួម​មាន៖
  • ធានាថា ប្រជាជន​អាស៊ានរស់​នៅប្រកប​ដោយសន្តិភាព​ជា​មួយពិភព​លោក​ទាំង​មូលក្នុង​បរិយាកាស​យុត្តិធម៌ ប្រជាធិប​តេយ្យ និង​សុខដុមរមនា។
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់​អភិបាលកិច្ច​ល្អ​និង​នីតិរដ្ឋ ការពារ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សេរីភាព​ជាមូលដ្ឋាន។
  • លើកស្ទួយការអភិវឌ្ឍ ​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ធានាការ​ការពារ​បរិស្ថាន​តំបន់ និរន្តរ​ភាព​នៃ​ធនធាន​ធម្មជាតិ និង​ការ​អភិរក្ស​មរតក​វប្បធម៌ និង​គុណភាព​នៃ​ជីវ​ភាពរស់​នៅ​ខ្ពស់​របស់​ប្រជាជន។
  • អភិវឌ្ឍធនធានមនុស្ស តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ជិត​ស្និទ្ធ​ក្នុង​ការអប់រំ និង​ការ​សិក្សា​ក្នុង​មួយ​ជីវិត និង​កិច្ច​សហ​ប្រតិបត្តិ​លើ​ផ្នែក​វិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យា ដើម្បី​ផ្តល់​សិទ្ធិ​ជូន​ប្រជាជន​អាស៊ាន និង​ដើម្បី​ការពង្រឹង​សហគមន៍​អាស៊ាន។
  • ពង្រឹង ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងការកសាង​បរិស្ថាន​មួយប្រកប​ដោយ​សុវត្ថិភាព សន្តិសុខ និង​ភាព​គ្មាន​គ្រឿងញៀន​សម្រាប់​ប្រជាជន​អាស៊ាន។
  • ជម្រុញឲ្យមាន អាស៊ាន ដែល​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ដល់​ប្រជាជន​អាស៊ាន ដែល​ក្នុងនោះ​គ្រប់​ផ្នែក​ទាំងអស់​នៃសង្គម​ត្រូវ​បានលើក​ទឹកចិត្ត​ឲ្យចូលរួម និង​ទទួល​ផល​ប្រយោជន៍​ពី​ដំណើរការ​សមាហរណកម្ម និង​ការកសាង​សហគមន៍​អាស៊ាន។
  • លើក ​កំពស់ជម្រុញ​អត្តសញ្ញាណ​អាស៊ាន តាម​រយៈ​ការជម្រុញ​ឲ្យមាន​ចម្រើន​ឡើងនូវ​ការយល់​ដឹង​ថែម​ទៀត​អំពី​វប្បធម៌ និង​មរតក​ចម្រុះ​ក្នុង​តំបន់។
ខ្ញុំដឹងថា អ្នកទាំង​អស់ដែល​បានជួប​ជុំ​គ្នាក្នុង​វេទិកានា​ថ្ងៃនេះ តំណាង​ឲ្យ​ក្រុមនៃ​អង្គការ​សង្គម​ស៊ី​វិល​​​ជា​ច្រើន​ដែល​មកពីខាង​ ក្នុងប្រទេស​កម្ពុជា និងមក​ពីរដ្ឋសមាជិក​ផ្សេងទៀត​របស់​អាស៊ាន។ គណៈកម្មា​ធិ​ការ​រៀប​ចំរបស់​កម្ពុជា​បានទទួល​អាណត្តិ​ក្នុង​ការរៀប​ចំវេទិកា ​ឆ្នាំនេះ ពីម្ចាស់​ផ្ទះរៀប​ចំកាល​ពីឆ្នាំមុន​គឺ​ប្រទេស​​ឥណ្ឌូ​​ណេ​ស៊ី ដើម្បី​ធានា​ដំណើរ​ការប្រកប​ដោយ​តម្លាភាព និង​ប្រជាធិប​តេយ្យ ជា​ពិសេស​គឺការ​ប្រព្រឹត្តិ​ទៅ​​ដោយ​រលូន​ និង​ជោគជ័យ​នៃការ​រៀបចំ​វេទិកា​ប្រជាជន​អាស៊ាន​ប្រចាំឆ្នាំ​២០១២​នេះ។
តំណាងរបស់កម្ពុជា ត្រូវបាន​ជ្រើសរើស​ដោយការ​បោះឆ្នោត​នៅ​ឯ​កិច្ច​​ប្រជុំ​រៀបចំ​ដែល​ ប្រព្រឹត្ត​ទៅ​​ នៅ​សកល​វិទ្យាល័យ​កម្ពុជានៅ រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០១២ ដោយ​មានអ្នក​ចូល​រួម​​ចំនួន​២,៧៧៩នាក់ មក​ពីអង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និងអង្គការ​យុវជន។ គោល​​បំណង​ចំបង​នៃ​កិច្ច​​ប្រជុំ​រៀបចំ​នេះ​គឺដើម្បីប​ង្កើតនូវ​ភាព​ ស្របច្បាប់ និង​ភាពជា​តំណាង​នៃ​ដំណើរ​ការ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​យុវជន​តំណាង​ មួយរូប និង​តំណាង​សង្គម​ស៊ីវិល​មួយ ដើម្បី​​ទំនាក់​ទំនង​​ជាមួយ​ថ្នាក់ដឹក​នាំអាស៊ាន ព្រម​ទាំង​បោះឆ្នោត​ជ្រើសរើស​គណៈ​កម្មការ​ចំនួន​៤ដើម្បី​រៀប​ចំ​​វេទិកា​ ប្រជា​ជន​អាស៊ាន​នេះ។
អនុញ្ញាត ​ឲ្យខ្ញុំអបប់​អរសាទរ​ចំពោះ​អ្នក​ទាំងអស់​គ្នាដោយ​បាន​ជាប់​លើការ​បោះឆ្នោត ហើយក៏​សូម​សម្តែងនូវ​អំ​ណរ​​​សាទររបស់​ខ្ញុំទៅកាន់​ដល់​តំណាង​ទាំងអស់​មកពី​ រដ្ឋ​ជាសមាជិក​អាស៊ាន​ដទៃទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូន​ពរដល់​ឯកឧត្តម អស់លោក លោកស្រី​ដែលបាន​ជួបជុំគ្នា​ក្នុងថ្ងៃនេះ​ក្នុង​ នាម​ប្រជាជន​អាស៊ាន ឲ្យជួប​ប្រទះតែនឹង​ភាព​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​គំនិត​ក្នុងវេទិកា​នេះ។ ខ្ញុំមាន​ជំនឿ​ ចិត្តថា ការចូល​រួមដ៏​សកម្ម និង​ប្រកបដោយ​ការស្ថាបនា​របស់​អ្នក​ទាំង​អស់​គ្នានឹងជួយ​​អាស៊ាន​វិវត្តន៍​ កាន់​ តែខ្លាំង​ក្លាថែម​ទៀតនា​ពេលប៉ុន្មាន​ឆ្នាំខាង​មុខនេះ ដោយ​ហេតុថា​យើង​រំកិល​ទៅ​រកផ្លាស់​ប្តូរទៅកាន់ “​សហគមន៍​មួយ វាសនាតែមួយ”។
ខណៈពេលដែល ​ខ្ញុំទុកឲ្យអ្នក​ទាំងអស់​គ្នាដំណើរ​ការនូវ​ធ្វើកិច្ច​ការពិភាក្សា​ដ៏សំខាន់ ​នេះ​ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង​អ្នក​ចូលរួមទាំង​អស់ សូមជួប​ប្រទះ​តែនឹង​សេចក្តី​សុខ ជ័យ​ជំនះគ្រប់ភារ​កិច្ច​ និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។
ឥឡូវ ខ្ញុំសូម​ប្រកាស​បើក​វេទិកានេះ។
សូមអរគុណ!