Wednesday, March 28, 2012

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​​សាទរ​​ការរីក​​ចម្រើន​​នៅព្រះ​​​​រាជា​ណា​ចក្រ​​កម្ពុជា


  ក្នុងឱកាស​ជួប​ពិភាក្សា​​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នា​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ឯកឧត្តម បុ​ប ខារ ( Bob Carr ) ​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី បាន​សម្តែង​អំណរសាទរ​ចំពោះ​ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ នូវ​រាល់​ស្នាដៃ​ដែល​កម្ពុជា​ទទួលបាន​ទាំងអស់ ដូចជា​សន្តិភាព កំណើន​សេដ្ឋកិច្ច​​និង​ការធ្វើ​​ឲ្យ​បាន​ល្អ​ប្រសើរ នូវ​​សុខមាលភាព របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ក៏បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រទេស​កម្ពុជា ដែល​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​ប្រទេស​អូស្ត្រាលី មាន​មោទនភាព ខ្លាំងណាស់​ដែល​ធ្វើជា​ដៃគូ​សន្ទនា របស់​អាស៊ាន​។​

យោង​តាម​ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ ​ដឹង​ថា នៅ​ក្នុង​ជំនួប​សំដែង​ការគួរ​សម​នោះ​ ឯកឧត្តម​ BOB CARR រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី ក៏​បាន​សាកសួរ​សុខទុក្ខ និង​ជូនពរ​សព្វ​សារ​ធុ​ការ​ពរ​ជូន​ចំពោះ​អ្នកឧញ៉ា​មហា​ភក្តី​សិ​ប្បុ​រស​ភោ​ គា​ធិបតី  ​ហ៊ុន នាង ដែលជា​បិតា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សូម​ឲ្យ​មាន​សុខភាព​ល្អ និង​ជាសះស្បើយ​ពី​ជំងឺ ។

ឯកឧត្តម​ជំនួយការ​ឲ្យ​ដឹងថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន ​ថ្លែងអំណរគុណ​ផងដែរ​ជូន​ចំពោះ BOB CARR ដែល​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា ដោយមាន​ប្រសាសន៍ថា កម្ពុ​ជាមាន​មោទន ភាព​ណាស់ ព្រោះ​ការទទួលបាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា គឺ​មិនអាច​កាត់ផ្តាច់​បាន​អំពី​តួនាទី របស់​អូស្ត្រាលី​ទេ ជាពិសេស លោក ហ្គា​រ៉េត​អេ​វ៉ាន អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អូស្ត្រាលី​ និង​លោក សាន់​ដឺ​សុន (អតីត​ប្រមុខ​កង​ទ័ព​​រក្សា​សន្តិភាព​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​ អង្គការ​សហប្រជា​ជាតិ​ ប្រចាំ​នៅ​កម្ពុជា អ៊ុនតាក់​ )ផងដែរ​។​ សម្តេច​តេ​ជោ​មានប្រសាសន៍ថា អូស្ត្រាលី​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​សម្រាប់​កម្ពុជា​។​

សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ប្រទេស​​អូស្ត្រាលី​ដែល​បានផ្តល់​ជំនួយ​សម្រាប់​ការ​កាត់ ទោស​មេដឹកនាំ​ខ្មែរក្រហម ដោយមាន​ប្រសាសន៍ថា ឯកឧត្តម​ ហ្គា​រ៉េត​អេ​វ៉ាន គឺជា​សាក្សី​មួយរូប​នៅក្នុង ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព​សម្រាប់​ក​ម្ពុ​ជា ហើយ​ក្នុង​ការចរចា​នោះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ផ្ទាល់ បានទាមទា​ឲ្យ​ដាក់​នៅក្នុង​កិច្ចព្រមព្រៀង​ថា «​ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប្រល័យពូជសាសន៍​» ដែល​ពេលនោះ​ហើយ​ដែល​កម្ពុជា​ទាមទា​កាត់ទោស​ខ្មែរក្រហម​ ​។​

ឯកឧត្តម​​ជំនួយការ​ថ្លែងថា សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អូស្ត្រាលី​ដែល បាន​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ ២០១១ ក៏ដូចជា​ការជួយ​កម្ពុ​ជា​លើ​វិស័យ កសិកម្ម រួមទាំង​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​ផងដែរ​។​ សម្តេច​តេ​ជោ​ បានស្នើ​ឲ្យ​អូស្ត្រាលី​បន្ត​ផ្តល់ ជំនួយ​ដល់​កម្ពុជា ជាពិសេស ពិនិត្យមើល​លទ្ធភាព​ជួយ​កម្ពុជា​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឬ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​អាណត្តិ​ក្រោយ​ផងដែរ​៕​