Wednesday, March 28, 2012

ឯកឧត្តមបណ្ឌិត សុខ អាន ចូល​រួម​ជា​អធិបតី​បើក​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន/វេទិកា​ប្រជាជន​អាស៊ាន​


នៅ​ ក្រោម​ប្រធាន​បទ​ដែល​ត្រូវ​ពិភាក្សា​​ “យើង​ប្រជាជន​អាស៊ាន​រួម​ដៃ​គ្នា​សម្រាប់​សហគមន៍​អាស៊ាន​” សន្និសីទ​​ សង្គម​ស៊ីវិល​អាស៊ាន​/​វេទិកា​ប្រជាជន​អាស៊ានបាន​ប្រារព្ធ​ ធ្វើ​ឡើង​នៅ​សាល​សន្និសីទ​​ចតុមុខ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ ២០១២ ក្រោម​អធិប​​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម បណ្ឌិត​ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ។​
លោក​ អៀង អូននី​ នាយក​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញាវ័ន​​ប្រជាធិបតេយ្យ​(CDSIF) ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​៤ ដែល​ត្រូវ​បាន​ជ្រើ​ស​រើស​ឲ្យ​រៀប​ចំ​អង្គ​សន្និសីទ​នេះ បាន​ឲ្យ​ដឹង​ថា សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​/​វេទិកា​ប្រជាជន​អាស៊ាន​ត្រូវ​បាន​រៀប​ចំ​ ឡើង​ក្នុង​គោល​បំណង ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា កសាង​ទំនាក់​ទំនង​ ចំណេះ​ដឹង រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ លើក​ឡើង​ពី​​​ការ​លំបាក និង​បញ្ហា​ប្រឈម​ទាំង​ឡាយ​មក​ពិភាក្សា​រកដំណោះ​ស្រាយ​ និង​យក​បញ្ហា​ទាំង​នេះ​ទៅ​ជូន​ថ្នាក់​ដឹក​នាំ​ដែល​ចូល​រួម​សន្និសីទ​កំពូល​ អាស៊ាន​ជួយ​ដោះ​ស្រាយ​។
ដោយ​ចាត់​ទុក​​​​ការ​ប្រមូល​ផ្តុំ​របស់​ តំណាង​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជា​ពលរដ្ឋ​អាស៊ាន​ បង្ហាញនូវ​ការប្តេជ្ញា​ចិត្តយ៉ាង​មុតមាំ​រួម​ដៃគ្នា​ក្នុង​ការ​ដោះ​ស្រាយ​ បញ្ហា​ប្រឈម​រួម ដែល​​ប្រជាជន​អាស៊ាន​កំពុង​ជួប​ប្រទះ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សន្និសីទ​ថា  ខ្ញុំ​មាន​ជំនឿ​ទុកចិត្ត​ថា សម្លេង​របស់​​អ្នក​ទាំង​អស់​​គ្នានឹង​ត្រូវ​បានជួ្រត​ជ្រាប​កាន់​​តែ​ ខ្លាំងឡើងៗ ​ក្នុង​បុព្វ​ហេតុ​​​នៃ​ការ​បង្កើត​​តំបន់​អាស៊ី​​អាគ្នេយ៍​មួយ​ និង​តំបន់​ដ៏ទៃ​ទៀត​ ប្រ​កប​ដោយ​សុខដុមរមនា និង​រុងរឿង។
ឯកឧត្តម​បណ្ឌិត សុខ អាន បញ្ជាក់ ​ថា ភាព​ជាដៃគូដ៏​ពិតប្រាកដ​នៃកិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ រដ្ឋា​ភិបាល អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​នៃ​អ្នក​សិក្សាស្រាវ​ជ្រាវ​គឺពុំមែន​ត្រឹមតែ​ជា​ទស្សនា​ទាន​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង​និង​ប្រកប​ដោយ​ផ្លែផ្កា​ ក្នុង​តំបន់​របស់​យើង។ នេះ​ជា​និន្នាការ​ជា​បន្ត​បន្ទាប់​និង​ វិជ្ជមាន ព្រោះខ្ញុំ​ជឿជាក់​ថា យើង​ទាំងអស់​គ្នាមាន​តួនាទី​ថែរក្សា​និង​ពង្រឹង​សន្តិភាព និង​សន្តិសុខ ស្ថេរភាព និង​ការអភិវឌ្ឍ។
ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​ឲ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​អាស៊ាន​ ជួប​ប្រទះ​ការ​ប្រឈម​ថ្មីៗ​ជាច្រើន ដែល​កើត​ចេញ​ពី​ទាំង​កត្តា​មនុស្ស និង​ធ​ម្មជាតិ។ ភាព​ក្រីក្រ និង​គម្លាត​នៃ​ការអភិវឌ្ឍ​យ៉ាងធំ និកម្មភាព ការ​ប្រែប្រួល​អាកាស​ធាតុ គ្រោះ​ធម្មជាតិ នៅ​តែ​ជាបញ្ហា​ប្រឈម​ជាចំបង​យ៉ាង​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ​ដែល​មាន​សន្តិ​សុខស្បៀង​ សន្តិ​សុខ​ថាមពល និងសន្តិ​សុខ​ធនធាន​ទឹក ក៏​ដូច​ជាសិទ្ធិ​មនុស្ស (ជា​ពិសេស​សិទ្ធិ​សម្រាប់​ស្រ្តី និង​កម្មករ​ទេស​ន្តរ​ប្រវេសន៍) ការងារ​សមរម្យ យុត្តិធម៌​សង្គម ការការ​ពារ​បរិស្ថាន និង​អភិបាល​កិច្ច​ល្អ។
ទោះ​បី​យ៉ាង​ណា​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​បញ្ជាក់​ថា អាស៊ាន​សម្រេច​បាន​សមិទ្ធផល​​គួរឲ្យកត់​សម្គាល់​យ៉ាងហោច​ណាស់ចំនួន​បី រួមមាន សន្តិភាព និង​ស្ថេរភាព ទំនាក់ទំនង​សេដ្ឋកិច្ច​ឆ្ពោះទៅ​កាន់​សមាហរណកម្ម និង​ការបង្កើត​នូវ​សហគមន៍​ការទូត​ដ៏​សកម្ម​មួយ។ ប៉ុន្តែ សមិទ្ធផល​ទាំងនេះ​អាចត្រូវ​រារាំង​ដោយ​ជម្លោះ​ទំនាស់​អធិបតេយ្យ​ភាព ភាព​ជាតិ​និយម​ហួស​ហេតុ គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​សមាជិក​ថ្មី និង​ចាស់របស់​អាស៊ាន និង​ភាព​មាន​កម្រិត​ផ្នែក​ការ​ទូត​ដើម្បី​បញ្ចៀស​បញ្ហា​និង​ការ​ដោះ​ស្រាយ​​ ជម្លោះ។
នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​ផ្តល់​ជា​អនុសាសន៍​ថា  ខ្ញុំ​សូម​លើក​ឡើង​​​ផង​ដែរ​ថា យើង​ ជាប្រជាជន​អាស៊ាន មាន​សំណាង​ដោយ​បាន​ឃើញ​ការ​អភិវឌ្ឍ​​ ជា​វិជ្ជ​មាន​​​ដ៏ខ្លាំង​ក្លា​នៃ​ស្ថាប័ន​តំបន់​របស់​យើង​ ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​កិច្ច​សហ​​ប្រតិ​បត្តិ​ ការ​ក្នុង​តំបន់ និង​ស្ថាប័នូបនីយកម្ម ក្នុង​តំបន់អាស៊ី​បូព៌ា​ទាំងមូល។ យើង​សង្ឃឹម​ថា តួនាទី​បែប​ ​នេះ​សម្រាប់​អាស៊ាន​ នឹង​នៅតែ​បន្ត​ជា​មួយ​គំនិត​ផ្តួចផ្តើម​ថ្មីៗ គំនិតថ្មីៗ ព្រម​ទាំង​ភាព​វៃឆ្លាត​ផ្នែក​ការ​ទូត។ របៀប​​ទំនាក់​ទំនង​ក្នុង​ស្ថាន​ភាព​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ជាច្រើន ដើម្បី​បង្កើត​នូវសមតា​ប្រកប​ដោយ​ថាម​​ពល មិន​​​មែន​ជា​ការ​ងាយ​ស្រួល​នោះឡើយ​ទេ។ 
អាស៊ាន​ចាំបាច់​ត្រូវមាន​សម្លេង​តែមួយ​ដើម្បីបង្ហាញ​ឲ្យ​ឃើញ​នូវ​អត្ថ​ប្រយោជន៍​រួម​របស់​យើង។
សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​/​វេទិកា​ ប្រជាជន​អាស៊ាន​​លើក​ទី​៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញរយៈ​ពេល​ ៣ ថ្ងៃ (២៨-៣០ ខែ​មីនា ឆ្នាំ ២០១២) មាន​សមាជិក​ចូលរួម​ចំនួន ១០៩៣ នាក់ ក្នុង​នោះ​មាន​ប្រតិភូ​បរទេស​ចំនួន​ ២១២ នាក់​ តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩៦ និង​ប្រជាជន​អាស៊ាន​ មក​ពី​​ ៩ ប្រទេសផ្សេង​​ទៀត​ រួម​មាន​ប្រទេស​ ប៊្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ​និង​វៀត​ណាម។
 អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤ ដែល​ទទួល​បាន​ការ​ជ្រើស​រើស​​កាល​ពី​ថ្ងៃទី ១៥ មីនា ឆ្នាំ ២០១២ ដើម្បី​ជា​តំណាងរបស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​​ធ្វើ​​ការ​រៀប​ចំ​ សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​/​វេទិកា​ប្រជាជន​អាស៊ាន​​លើក​ទី​៨ រួម​មាន អង្គការ​​សហព័ន្ធ​និស្សិត​បញ្ញាវ័ន​​ប្រជាធិបតេយ្យ​(CDSIF) វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព​(CICP) អង្គការ​បម្លាស់​ប្តូរ​វិជ្ជមាន​ដើម្បី​​កម្ពុជា​(PCC) និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សិទ្ធិមនុស្ស​កម្ពុជា​-អាស៊ាន​ ​(CACHRD) ៕​