Tuesday, March 6, 2012

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន និង​លោកជំទាវ​ប្រគល់​សញ្ញាបត្រ​ ជូន​គរុសិស្ស​បញ្ចប់​ការ​សិក្សា​ ១០៣២ នាក់


គ្រូបង្រៀន ​កម្រិត​ឧត្តម​(បរិញ្ញា+១)ជំនាន់​ទី ១៦ និង​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសាបារាំង​-ខ្មែរ ជំនាន់​ទី​១៣​ សរុប​ចំនួន ១០៣២ នាក់ ទទួល​បាន​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ក្លាយ​ជា​គ្រូបង្រៀន​​នា​ព្រឹក​ ថ្ងៃទី ៦ ខែ​មីនា ឆ្នាំ ២០១២ ក្រោម​អធិបតី​ភាព​​ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន និងលោក​ជំទាវ​។​​

ថ្លែ​ង​ក្នុង​ពិធី​ ​ ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​​ ​ក្នុង​នាម​តំណាងដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន ​ចាត់​ទុក​ការ​​ប្រគល់​សញ្ញាបត្រ​ជូន​គរុសិស្សចំនួន​ ១០៣២ នាក់​ ជា​លទ្ធផល​គួ​រជាទី​មោទនៈ ដែល​វិទ្យាស្ថាន​អប់​រំ ក៏​ដូច​ជា​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា សម្រេច​បាន​​​នា​ពេល​កន្លង​មក​ ដោយ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​និង​ទាន់​ពេល​វេលា​ទៅ​នឹង​គោល​នយោបាយ​របស់​ រាជរដ្ឋាភិបាល​ និង​សេច​ក្តី​ត្រូវ​ការ​របស់​ប្រទេស​ជាតិ​ ក្នុង​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណវុឌ្ឍិ​ខ្ពស់​ ដើម្បី​ក្លាយ​ជា​កម្លាំង​ប្រ​កប​ដោយ​សក្តានុពល​ ក្នុង​ការ​ជួយជម្រុញ​​ដល់​​កំណើន​សេដ្ឋ​កិច្ច និ​ង​កាត់​បន្ថយ​ភាពក្រីក្រ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន មាន ​ប្រសាសន៍​​​ថា ក្នុង​បរិបទ​នៃ​ការ​វិវត្ត​ឥតឈប់​ឈរ​ក្នុង​ពិភពលោក ជា​ពិសេស​ការ​​រីក​លូត​លាស់​នៃ​បច្ចេក​វិទ្យា​​ព័ត៌មាន​វិទ្យា​ និង​គមនាគមន៍​ (ICT) ទាម​ទារ​ឲ្យ​យើង​អភិវឌ្ឍន៍​ទាំង​បច្ចេក​ទេស​ គរុកោសល្យ​ និង​ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​ ព្រម​ទាំង​ត្រូវ​ចិត្ត​ទុក​ដាក់​លើ​​ការ​លើក​កម្ពស់​គុណភាព​អប់​រំ​​ ក្នុង​វិស័យ​អប់​រំ​ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បញ្ជាក់​ថា បើ​ការ​អប់​រំ​មិន​ធានា​បាន​នូវ​គុណវុឌ្ឍិ​ទេ​នោះ​ការ​អប់​រំ​ និង​ការ​បណ្តុះ​បណ្តាល​នឹង​គ្មាន​ន័យ ហើយ​រាល់​ការ​ចំណាយ​ទាំង​ថវិកា និង​ស្មារតី​ នឹង​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ ពី​ព្រោះ​ថា ការ​អប់​រំដែល​គ្មាន​គុណភាព​ មិន​ត្រឹម​តែ​បំផ្លាញ​អនាគត​របស់​សិស្ស​និស្សិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​​ទាំង​បង្ក​ក្តី​អន្តរាយ​ដល់​​ធន​ធាន​របស់​ប្រទេស​ជាតិ​ទាំង​ មូល​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាត់​បង់​នូវ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ ប្រជែង​លើក​គ្រប់​វិស័យ និង​រារាំង​ដល់​កិច្ច​ខិត​ខំ​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាជន​ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យើង​ថែម​ទៀត​។

​ជាមួយ​និង​ការ​រំលឹក​​ឲ្យ​ដឹង​អំពី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំដ៏​ត្រឹម​ត្រូវ​​របស់​សម្តេច​អ​គ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ដែល ​ចាត់​ទុក​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ និង​ការ​ប្រើ​ប្រាស់​ធន​បញ្ញា​របស់​ប្រទេស​ជាតិ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ ជា​ចក្ខុវិស័យ​រយៈ​ពេល​វែង​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ណែនាំ​ឲ្យ​​ក្មួយ​ៗ​ គរុសិស្ស​ដែល​ទទួល​សញ្ញាបត្រ​ ទាំង​អស់​ខិត​ខំ​បំពេញ​ភារកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ត្រូវខិត​ខំ​​ប្រឹង​ប្រែង​​កសាង​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន​ និង​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​ ទៅ​ប្រើ​ប្រាស់​ឲ្យ​បាន​សម​ស្រប​ និង​ចំទិស​ដៅ​។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​បញ្ជាក់​ថា ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​ដ៏ឆ្នើម​ត្រូវ​បំពេញ​ឲ្យ​បាន​នូវ​លក្ខណៈ​សម្បត្តិ​បីយ៉ាង គឺ សមត្ថភាព​អប់រំសិស្ស សមត្ថភាព​ស្រាវ​ជ្រាវ​ និង​សីលធម៌​វិជ្ជាជីវៈ​។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​​ដែរឯក​ឧត្តម អ៊ឹម សិទ្ធី រដ្ឋ ​​មន្រ្តី​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​ឲ្យ​ដឹង​ថា អនុលោម​តាម​យុទ្ធសាស្រ្ត​ចុតកោណ​ដំណាក់​កាល​ទី​២ របស់​រាជរដ្ឋាភិបាល​​អាណត្តិ​ទី៤ នៃ​រដ្ឋ​សភា ផែន​ការ​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​​ឆ្នាំ ២០០៩-​២០១៣ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​បាន​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្រ្ត​វិស័យ​អប់​រំ​ឆ្នាំ ២០០៩-​២០១៣ ដោយ​ផ្តោត​​លើ​គោល​នយោបាយ​​គន្លឹះ​សំខាន់​ៗ​​រួម​មាន -១ ​​ ការ​ធានា​លទ្ធភាព​​​ទទួល​បាន​​សេវា​អប់​រំ​ប្រកប​ដោយ​សមធម៌​ -២ ការ​​លើកកម្ពស់​គុណភាព​​ និង​ប្រសិទ្ធភាព​នៃ​សេវា​អប់​រំ​ -៣ ការ​អភិវឌ្ឍ​ស្ថាប័ន​ និង​ការ​អភិវឌ្ឍ​មន្រ្តី​អប់​រំ សម្រាប់​ធ្វើ​វិ​មជ្ជការ​ ។

ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ ក្រសួង​​អប់​រំ​យុវជន​ និង​កីឡា បាន​ឲ្យ​ដឹង​ថា បច្ចុប្ប​ន្ន​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​សាលា​រៀន​ចំណេះ​ទូទៅ​ចំនួន ១១.០៤៦ និង​ថ្នាក់​រៀន ៨១.៦០១ នៅ​​​ទូ​ទាំង​ប្រទេស​ ដែល​ក្នុង​នោះ​មាន​អាគារ​សិក្សា​ ៣៤៧៦ ខ្នង ត្រូ​វជា ១៨០១៩ បន្ទប់​ គិតត្រឹម​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១២ ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​​សម្តេច​តេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង ​មាន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ សរុប​ចំនួន​ ៩៧ ក្នុង​នោះ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​មាន​ចំនួន​ ៣៨ ។ មាន​សិស្ស​ និង​និស្សិត នៅ​គ្រប់​ភូមិសិស្សា សរុប​ប្រមាណ​ជាង​ ៣,៥ លាន​នាក់​ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ជា​ង​ ១៣​ លាន​នាក់​។ ដោយ​ឡែក​និស្សិត​នៅ​ឧត្តម​សិក្សា​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​រង​ ដល់​ថ្នាក់​បណ្ឌិត​មាន​ចំនួន​ ២២២.១៤៦នាក់​ ក្នុង​នោះ​និស្សិត​ជា​នារី​មាន​ចំនួន ៨៣.៧១៩ នាក់ និង​កំពុង​សហការ​ជា​មួយ​ដៃ​គូរ​អភិវឌ្ឍន៍​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ កម្រិត​ខ្ពស់​ជូន​ដល់​និស្សិត​ទាំង​អស់​ចំនួន​ ៩២.៣៤០​ នាក់​ ក្នុង​ទូទាំង​ប្រទេស​​។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំ​ពេញ​មាន​ អន្តេវាសិក​ដ្ឋាន​ចំនួន​ ៥ ខ្នង​ ដោយ​មាន​និស្សិត​កំពុង​ស្នាក់​នៅ​ប្រមាណ​ ៧៧៥ នាក់​ ក្នុងនោះ​និស្សិ​ត​នារី ៥៤៤ នាក់​។ ក្នុង​ចំណោម​និស្សិត​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​មាន​និស្សិត​បរទេស​ ៤០ នាក់​ ក្នុង​នោះ​នារី​ ២៩ នាក់​៕