Wednesday, March 21, 2012

ឧត្តមសេន័យទោ យ៉ា គឹមអ៊ី បើកកិច្ចប្រជុំ ដើម្បីពង្រឹង សន្ដិសុខ មុនកិច្ចប្រជុំ កំពូលអាស៊ាន


ភ្នំពេញ ៖ ដើម្បីពង្រឹងសន្ដិសុខ នៃកិច្ច ប្រជុំកំពូលអាស៊ាន នាពេលខាងមុខឱ្យកាន់ តែល្អប្រសើរ លោក យ៉ា គឹមអ៊ី មេបញ្ជា ការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជ​អាវុធ​ហត្ថ ​រាជ ធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមីនា នេះ បានបើកកិច្ចប្រជុំ ដោយមានការចូលរួមពី កម្លាំង អ.ហ ​ទូទាំង រាជធានីភ្នំពេញដើម្បី ដាក់វិធានការបន្ថែមទៀត ។

លោក យ៉ា គឹមអ៊ី បានថ្លែងថា ក្រៅពី ការជំរុញឱ្យមានវិធានការ ពង្រឹងសន្ដិសុខ ខាងលើនេះ ការហ្វឹក​ហាត់​ទៅលើកងកម្លាំង ក៏ត្រូវបានធ្វើឡើងផងដែរ ។

មេបញ្ជាការរូបនេះ បានអំពាវនាវឱ្យ កម្លាំង អ.ហ ទូទាំង រាជធានីភ្នំពេញ ត្រូវ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្សេងទៀត ត្រូវរឹតបន្ដឹង និងរកវិធីសាស្ដ្រ ផ្សេងៗ ការពារសន្ដិសុខឱ្យបានល្អ សម្រាប់ កិច្ចប្រជុំកំពូលមួយនេះ ដែលមានការចូល រួមពីថ្នាក់ដឹកនាំពិភពលោក ល្បីៗជាច្រើន នាក់ ៕