Wednesday, March 21, 2012

បទ​សម្ភាសន៍​រវាង ​លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យា​ស្ថាន​ពលរដ្ឋ​វិជ្ជា​ ជាមួយ​លោក សត្យា រក្ស​ ​ទូរទស្សន៍​បាយ័ន​ ស្តីពី​របាយ​ការណ៍​​​ឡប់ឡែ​របស់​ ខុមហ្វ្រែល


ថ្ងៃទី១៩ ខែមីនា​​​ ឆ្នាំ២០១២
លោក សត្យា រក្ស​ ​
សំនួរ​៖ ​ថ្មី​ៗ​នេះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​បំផុត​ គឺ​ ខុមហ្វ្រែល ដែល​ជា​អង្គការ​មួយ​ ដែល​ប្រជា​ពល​រដ្ឋ​មើល​ឃើញ​ថា​ ជា​អង្គការ​ប្រឆាំង​មួយ​ដែរ ដែល​មាន​និន្នាការ​គាំទ្រ​​គណបក្ស​ប្រឆាំង​ បាន​ចេញ​របាយការណ៍​មួយ​ ដោយ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជនកម្ពុជា​​ ​ គ.ជ.ប​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ដើម​ រួម​ជា​មួយ​រដ្ឋាភិបាល​ផង​ដែរ​ គឺ​ថា លំអៀង​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​ អញ្ចឹង​ចរិត​​របស់​អង្គការ​ ខុមហ្វ្រែល ដែល​ចេញ​របាយការណ៍​​បែប​នេះ​ តើ​លោក​បណ្ឌិត​ឆ្លុះ​បញ្ចាំង​យ៉ាង​ណា​ដែរ​ទៅ ?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ នេះ​ជា​ប្រធាន​បទ​ថ្មី​មួយ​ ដែល​យើង​ទាំង​អស់​គ្មា​ឃើញ​ហើយ គឺ​អង្គការ​NGO ក្នុង​ស្រុក​ ដែល​មាន​ឈ្មោះជា​អក្សរកាត់​ថា ខុមហ្វ្រែល ដែល​បំរើ​ការ​ខាង​ការ​បោះ​ឆ្នោត​ សិទ្ធិ​មនុស្ស​ អីហ្នឹង ខ្ញុំ​ចង់​ធ្វើ​ការ​អត្ថាធិប្បាយ​​មួយ​ តែ​មិន​មែន​ក្នុង​ការ​ឆ្លើយ​តប​​តតាំង​ជា​មួយ​អង្គការ​ ខុមហ្វ្រែល ហ្នឹង​ទេ វា​អត់​មាន​អី​សំខាន់​ទេ ចង់​គេ​ធ្វើ​អី​ធ្វើទៅ ព្រោះ​វា​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​សតិសម្បជញ្ញៈ​​ របស់​ប្រជា​ជាតិ​ខ្មែរ​ ហើយ​ក៏​គ្មាន​ប៉ះ​ពាល់​អ្វី​ទៅ​ដល់​ទស្សនៈ​គាំទ្រ​របស់​ប្រទេស​នានា​ និង​សហគមន៍​អន្តរជាតិ​ទេ។​ តែ​គ្រាន់​តែ​ខ្ញុំ​ចង់​ពន្យល់​ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន ភ័ន្ត​​ច្រឡំ​ទៅ​នឹង​ចរិត​លក្ខណៈ​នៃ​របាយ​ការណ៍​ ហើយ​ព័ត៌មាន​ ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​របស់​​អង្គការ​ ខុមហ្វ្រែល នេះ​​ ​ខ្ញុំ​ចង់​ប្រើ​ពាក្យ​យ៉ាង​ខ្លី​មួយ​សិន​ថា តើ​ចរិត​លក្ខណៈ​នៃ​របាយកាណ៍​របស់​អង្គការ​ ខុមហ្វ្រែល នេះ​មាន​ចរិត​យ៉ាង​ម៉េច? ប៉ុន្មាន​ថ្ងៃ​មុន​នេះ​អង្គការ​ ខុមហ្វ្រែល បាន​ចេញ​របាយ​ការ​ណ៍​ ហើយ​របាយ​ការណ៍​នេះ ខ្ញុំ​ និង​​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​ បាន​ធ្វើ​ការ​សិក្សា​​ពិនិត្យ​ទៅ​​ឃើញ​ថា របាយ​ការណ៍​នេះ​មាន​ចរិត​លក្ខណៈ​​នយោបាយ​ប្រឆាំង​ និង​បែប​អាឡិក​អាឡក់​។​ បាន​ន័យ​ថា មាន​ចរិត​នយោបាយ​ប្រឆាំង​ និង​លក្ខណៈ​ជា​អ្នក​នយោបាយ​ ឬ បែប​បទ​អាឡិក​អាឡក់ ហ្នឹង​ឯង។​​ អញ្ចឹង​របាយ​ការណ៍​ ដែល​មាន​លក្ខណៈ​នយោបាយ​អាឡិក​អាឡក់​​ហ្នឹង វា​គ្មាន​គុណ​សម្បត្តិ​អ្វី​ សម្រាប់​ប្រជាជន​ខ្មែរ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​អាច​ភ័ន្ត​​ច្រ​ឡំ ហើយ​វា​គ្មាន​បាន​ប្រយោជន៍​អ្វី​ដល់​នយោបាយ​អភិវឌ្ឍន៍​ប្រទេស​ដែរ។​ ការពិត​ទៅ​ អង្គការ​ ខុមហ្វ្រែល នេះ​ជួប​បញ្ហា វិបត្តិ​ថវិកា​ខ្លួន​ឯ​ង​ នៅ​ពេល​ជិត​បោះ​ឆ្នោត​នេះ​គ្មាន​បរទេស​ណា​គាំទ្រ​ និង​ឧបត្ថម្ភ​លុយ​ ដើម្បី​ឲ្យ​មេ​ដឹក​នាំ​អង្គការ​នេះ​យក​លុយ​មក​ចាយ​វាយ​សប្បាយ​​ដូច​កាល​ពី​ មុន​ៗ​ទេ។​ ដល់​អញ្ចឹង​ទៅ​ជា​ទម្លាប់​ទៅ​ហើយ អង្គការ​ ខុមហ្វ្រែល ក៏​ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ផ្សេង​ទៀត​ គេ​ច្រើន​តែ​ធ្វើ​របាយ​ការណ៍​អាឡិក​អាឡក់​ ដើម្បី​ជា​សារ​ទៅ​អន្តរជាតិ​ សុំ​លុយ​បរទេស​ទេ។​ បើ​គេ​ធ្វើ​របាយ​ការណ៍​បែប​សុភវិនិច្ឆ័យ​ ទទួល​ស្គាល់​ពី​ការ​រីក​ចម្រើន​ ការ​ល្អ​ប្រសើ​រ​ជា​ជំហ៊ាន​ៗ​នៃ​បរិបទ​បរិយាកាស​នយោបាយ​ក្នុង​ស្រុក​ខ្មែរ​ យើង​នេះ​ គឺ​គេ​យល់​ថា ជា​ការ​ខាត​បង់​របស់​គេ​ដែល​គេ​មិន​អាច​ទទួល​ជំនួយ​ពី​អន្តរជាតិ​តទៅទៀត អញ្ចឹង​ហើយ​ចរិត​ អង្គការ​ ខុមហ្វ្រែល ដូច​នឹង​អង្គការ​សិទ្ធិ​មនុស្ស​​និន្នាការ​ប្រឆាំង​នីមួយ​ៗ​ គេ​រស់​នឹង​​​ស្ថិតិ​នៃ​ការ​ចោទ​ប្រកាន់​ ដើម្បី​យក​ទៅ​លក់​ ធ្វើ​ថ្នូរ​បាន​លុយ​ពី​ម្ចាស់​ជំនួយ​។​ ប៉ុន្តែ​លុយ​ថ្នូរ​ពី​ម្ចាស់​ជំនួយ​ ​គេ​មិន​យក​មក​បំរើ​ការងារ​អភិវឌ្ឍន៍​ សតិសម្បជញ្ញៈ ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​ស្គាល់​ពី​សិទ្ធិ​សេរី​ភាព ជា​ពិសេស​ផ្តោត​ទៅ​លើ​សិទ្ធិ​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើងអាច​​តាម​ដាន​មើល​ទៅកម្ម​វិធី​របស់​ អង្គការ​ ខុមហ្វ្រែល ភាគ​តិច​ណាស់​ដែល​ពន្យល់​ប្រជា​ពលរដ្ឋ​អំពី​ អត្ថន័យ សារៈប្រយោជន៍​ នៃ​សមត្ថភាព ប្រើ​សេរីភាព​លើ​សន្លឹក​ឆ្នោត​នោះ ផ្ទុយ​ទៅ​វិញ​គេ​កៀង​គរ​​​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​កំហឹង​ កៀង​គរ​ឲ្យ​ប្រជា​ពលរដ្ឋ​តតាំង​ទៅ​នឹង​នីតិ​វិធី​ គ.ជ.ប ។ល។ ហើយ​ចោទ​ប្រកាន់​អញ្ចេះ​ចោទ​ប្រកាន់​អញ្ចុះ​ ចុង​ក្រោយ​នៅ​ពេល​លទ្ធផល​មិន​បាន​ជា​ប្រយោជន៍​ដ៏​ល្អ​ដល់​គណបក្ស​ប្រឆាំង​ គេ​ចោទ​ គ.ជ.ប​ ថា គ.ជ.ប ​លំអៀង​ គេចោទ​ថា​ ខុ​សអញ្ចេះ​​ ខុស​​អញ្ចុះ គេ​រុញ​ឲ្យ​គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​។ល។ អញ្ចឹង​យើង​ទាញ​មក​វិញ​ ចរិត​លក្ខណៈ​ អង្គការ​ ខុមហ្វ្រែល នេះ ដែល​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់ គឺ​របាយ​ការណ៍​​របស់​ពួក​គេ​លើក​ណា​ក៏ដូច​​លើក​ណា​ដែរ​ រួម​ទាំង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​ គឺ​បរិបទ​នយោបាយ​ ឬ​ក៏​បរិបទ​អី​ផ្សេងៗ​ វា​គ្មាន​លក្ខណៈ​ជំនាញ​ទេ។​ របាយ​កាណ៍​ហ្នឹង​ក៏​គ្មាន​លក្ខណៈ​ជំនាញ​ដែរ បង​ប្អូន​ពិនិត្យ​មើល​ ចាំ​ខ្ញុំ​ធ្វើ​ការ​​វិភាគ​បក​ស្រាយ​តទៅទៀត​។ ទី​២ ចរិត​លក្ខណៈ​របស់​គេ​គឺ គេ​ធ្វើ​យ៉ាង​ណា​ក្នុង​ផល​ប្រយោជន៍​បុគ្គល​ និង​ក្រុម​គ្រួសារ​គេ​ទេ​ អញ្ចឹង​ហើយ​បាន​ អង្គការ​ ខុមហ្វ្រែល រួម​ទាំង​អង្គការ​ NGO សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​មួយ​ចំនួន​គេ​ច្រើន​ធ្វើ​របាយ​ការណ៍​ភូត​ ភរ​​ទៅ​ម្ចាស់​ជំនួយ​។​ អញ្ចឹងហើយ​បានជា​​យើង​មើល​ឃើញ​ ហេតុ​អ្វី​បាន​ជា​តំណាង​អង្គទូត​នៃ​បណ្តា​ប្រទេស​ធំ​ៗ​ ពិសេស​បណ្តា​ប្រទេស​ជា​មិត្ត​ ជា​អ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា ពុំ​ដែល​គាំទ្រ​នូវ​ទស្សនៈ​​ប្រឆាំង​អស់​ហ្នឹងទេ។​ យើ​ង​មើល​ថ្មី​ៗហ្នឹង លោក កឹម សុខា ក្តី លោក​ សម រង្ស៊ី ក្តី អង្គការ​ ខុមហ្វ្រែល ក្តី អង្គការ​ផ្សេង​ៗ​កំពុង​តែ​បុក​រុក​ទៅ​អន្តរជាតិ ប៉ុន្តែ​អន្តរជាតិ​គេ​ឆ្លើយ​មក រឿង​ទាំង​អស់​ហ្នឹង​គឺ​កម្ពុជា​ខ្លួន​ឯង​ត្រូវ​ដោះ​ស្រាយ​ អញ្ចឹង​បាន​ន័យ​ថា គេ​លែង​ជឿ​សម្តី​ភូតភរ​អ្នក​ទាំង​អស់​ហ្នឹង​ហើយ។​ អញ្ចឹង​ហើយ​ដែល​ខ្ញុំ​ចង់​ទាញ​ពាក្យ​មួយ​មាត់​ ដោយ​សារ​លោក​ សត្យា រក្ស បាន​លើក​ល្អ ពាក្យ​នេះ​មិន​មែន​ជា​សុភាសិត​​ទេ​ ខ្ញុំ​ធ្វើ​ការ​ពិចារណា​រក​ឃើញ​ថា ចរិត​លក្ខណៈ​នៅ​ក្នុង​សង្គម​ខ្មែរ​នេះ​ជាពិសេស​យើង​លើក​ឧទាហរណ៍ អង្គការ​ ខុមហ្វ្រែល​ នេះ វា​ប្រៀប​ដូច​ជា « ក្របី​ស៊ី​សំណាប ទៅ​ជា​បន្ទោស​គោ​ដែល​កំពុង​តែ​ហត់​នឿយ​នឹង​ការ​​ភ្ជួរ​ស្រែ​ » ដោយ​គេ​ចោទ​ប្រកាន់​ថា បើ​កុំ​ឲ្យ​គោ​ហ្នឹង​ភ្ជួរ​ក្របី​ហ្នឹង​អត់​ស៊ី​សំណាប​ទេ ព្រោះ​យក​ក្របី​ហ្នឹង​ទៅ​ភ្ជួរ​ អញ្ចឹង​នៅ​ពេល​ដែល​ក្របី​ ស៊ីសំណាប​ ស៊ី សន្ទូង​ បាន​ន័យ​ថា ជា​អំពើ​បំផ្លាញ​ មិន​បាន​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​​ ឯគោ​កំពុង​តែ​ហត់​នឿយ​ក្នុង​ការ​បញ្ចេញ​ពលកម្ម​ ភ្ជួរ​ស្រែ​គឺ​អភិវឌ្ឍន៍​ប្រទេស​​ បែ​ទៅ​ជា​គេ​ចោទ​ប្រកាន់​គោ​ ដោយ​សារ​គោ​ហ្នឹង​ ហត់​នឿយ​នឹង​ការងារ​ បើ​ទុក​ឲ្យ​ក្របី​ភ្ជួរ​ក្របី​ក៏​គ្មាន​ឱ​កាស​ទៅ​ស៊ី​សំណាប​ ទៅ​ស៊ី​សន្ទូង​ដែរ អាហ្នឹង​ជា​ចរិក​ដ៏​អាក្រក់​នៃ​របាយការណ៍​ហ្នឹង​ ដែលបំភ្លៃ​ បង្វិល​រឿង​ខ្វះ​សុភវិនិច្ឆ័យ​ហ្នឹង​ឯង​ នេះ​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន​ចំណុច​ហ្នឹង​។​

លោក សត្យា រក្ស​
សំណួរ៖ ក្នុង​របាយ​កាណ៍​របស់​ អង្គការ​ ខុមហ្វ្រែល ដ​ដែល​គឺ​គាត់​ចោទ​ប្រកាន់​មន្រ្តី​រាជរដ្ឋាភិបាល​យើង​អាចរាប់​បាន​តាំង​ពី​ ចៅហ្វាយ​ខេត្តជាដើម​ ថា​សុទ្ធ​តែ​ជា​អ្នក​លំអៀង​​ទៅ​លើ​គណបក្ស​ប្រជាជនកម្ពុជា​។​​ អញ្ចឹង​​​ការ​ចោទ​ប្រកាន់​នេះ​តើ​លោក​​បណ្ឌិត យល់​ឃើញ​យ៉ាង​ម៉េចដែរ​​បាទ?

លោកបណ្ឌិត ឈឹម ផល​វរុណ
ចម្លើយ៖ ចំណុច​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​និយាយថា ​ពួក​គេ​នេះ​ធ្វើ​នយោបាយ​បែប​អាឡិ​ក​អាឡក់​ គឺ​គ្មាន​ជំនាញ​យល់​ដឹង។​ នៅ​កម្ពុជា ​យើង​នាំ​គ្នា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ មិន​អញ្ចឹង យើង​ផ្តើម​ចេញ​ពី​របប​នយោបាយ​សេរីពហុបក្ស​ ដូច្នេះហើយ​​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ ត្រូវ​ចេញ​ពី​របប​នយោបាយ​បែប​ហ្នឹង ហើយ​របប​នយោបាយ​បែប​ហ្នឹង​ហើយ ដែល​តម្រូវ​ឲ្យ​កម្ពុជា ដែល​មាន​ប្បញ្ញត្តិ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​គឺ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់ ​គ្រង​ប្រទេស​ ឬ​គ្រប់​គ្រង​​រដ្ឋ​បែប​សភា​និយម។​​ អញ្ចឹង​បើបែប​សភា​និយម​ យើង​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្រ្ត​ ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​អ្នក​តំណាង​រាស្រ្ត​ ៥ ឆ្នាំ​ម្តង​​ៗ​។​ រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា គណបក្ស​ដែល​ឈ្នះ​ឆ្នោត​លំដាប់​លេខ​១​ បាន​ទទួ​ល​នូវ​ឯក​សិទ្ធិ​ ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​ និង​ដឹក​នាំ​រដ្ឋាភិបាល​ ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សភា​និយម​ រដ្ឋាភិបាល​នោះ​ត្រូវ​កើត​ចេញ​ពី​រដ្ឋសភា និង​ទទួល​ខុស​ត្រូវ​ចំពោះ​រដ្ឋ​សភា ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ឆ្នោត​លំដាប់​លេខ​មួយ​ ហើយ​រហូត​អាច​បង្កើត​រដ្ឋាភិបាល​តែ​ឯង​បាន​ទៀត​ អញ្ចឹង​គណបក្ស​ប្រជាជន​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ប្រជា​ពលរដ្ឋ​ម្ចាស់​ ឆ្នោត ហើយ​ក៏​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រទេស​ជាតិ​ទាំង​មូល​ ក្នុង​បរិបទ​នៃ​ការ​​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ​ ទាំង​កសិកម្ម រហូត​ដល់​ថាមពល​អគ្គិសនី ហេដ្ឋារចនា​សម្ព័ន្ធ ស្ពាន​ ថ្នល់​។ល។​ រហូត​ដល់​ប្រព័ន្ធ​គ្រប់​គ្រង​​រដ្ឋ​បាល​ដែន​ដី​ទៅទៀត។ នៅ​ក្នុង​ច្បាប់​របស់​យើង​នេះ​គឺ​ចៅហ្វាយ​ខេត្ត​ត្រូវ​បាន​ទទួល​ការ​តែ​ង​ តាំង​និង​ទុក​ចិត្ត​ពី​គណបក្ស​ដែល​​ឈ្នះ​ឆ្នោត​។​ បើ​អញ្ចឹង​​ទៅ​​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​​ទៅ​រើស​ចៅហ្វាយ​​​ខេត្ត​ពី​គណបក្ស​ ប្រឆាំង​វា​ទៅ​អត់​រួច​ មាន​តែ​ឃុំ​សង្កាត់​ទេ ដែល​ត្រូវ​បោះ​ឆ្នោត​ពី​​​ប្រជាពលរដ្ឋ​ ដោយ​សារ​យើង​បាន​បោះ​ជំហ៊ាន​ចូល​ដល់​នយោបាយ​វិមជ្ឈការ​ និង​សហវិមជ្ឈ​ការ​។​ អញ្ចឹង​បោះ​ជំហ៊ាន​ជា​ជំហ៊ាន​ៗ យើង​មាន​រដ្ឋ​អំណាច​ថ្នាក់​ជាតិ បែប​ប្រជាធិបតេយ្យ​ និង​រដ្ឋ​អំណាច​ថ្នាក់​មូលដ្ឋាន​ ឃុំ សង្កាត់ បែប​ប្រជាធិបតេយ្យ​ ឯរដ្ឋ​អំណាច​​​ថ្នាក់​​កណ្តាល​គ្រាន់​តែ​ជា​សេនាធិការ​របស់​រាជរដ្ឋ​ភិបាល​ ជាពិសេស​របស់​ប្រមុខ​រ​ដ្ឋាភិបាល​។​ ប្រមុខ​រដ្ឋាភិបាល​ប្រឈម​នឹង​ការងារ​ធំពីរ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ ទី​១ កិច្ច​ការ​នយោបាយ​ គឺ​ប្រឈម​តទល់​ទៅ​នឹង​នយោបាយ​របស់​គណបក្សប្រឆាំង​ ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​។ល។ មួយ​ទៀត​ប្រមុខ​រដ្ឋាភិបាល​ប្រឈម​នឹង​កិច្ច​ការ​មួយ​ទៀត​គឺ​ ដំណើរ​ការ​ប្រសិទ្ធភាព​ជា​ប្រក្រតី​នៃ​រដ្ឋបាល​ ដូច្នេះ​កិច្ច​ការ​ពីរ​នេះ​បើសិន​ជា​គណបក្ស​ប្រឆាំង​គ្មាន​សមត្ថភាព​ជួយ​ បាន​ត្រឹម​តែ​ចោទ​ប្រកាន់​ បាន​ន័យ​ថា គណបក្ស​ប្រឆាំង​ពុំ​បាន​ចូលរួម​នៅ​ក្នង​នយោបាយ​សភា​និយម​ទេ ។ ទី២ គណបក្ស​ប្រឆាំង​ក៏​ដូច​ប្រជាជាតិ​ទាំង​មូល​ត្រូវ​ដឹង​ថា ដើម្បី​ឲ្យ​រដ្ឋ​បាល​ដែន​ដី​ រដ្ឋបាល​ថ្នាក់​ក្រោម​ ដំណើរ​ការទៅ​បាន​ល្អ​ក៏​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់​របស់​រដ្ឋបាល​នោះ​ ចំពោះ​ប្រមុខ​រដ្ឋាភិបាល​។​ អញ្ចឹង​ការ​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ ណា​ដែរ ប្រទេស​ប្រកាន់​បែប​ប្រធានា​ធិបតី​និយម​ គឺ​ប្រមុខ​រដ្ឋាភិបាល​ជា​ប្រធានាធិបតី​គឺ​ប្រឈម​នឹង​កិច្ច​ការ​ពីរ​ហ្នឹង​ ដែរ​​ ដូច​នឹង​ប្រទេស​អនុវត្ត​របប​សភានិយម​ គឺ​នាយក​រដ្ឋ​មន្រ្តី​ក៏​ប្រឈម​នឹង​កិច្ច​ការ​ពីរ​ហ្នឹង​ដែរ​។ បើ​សិន​ជា​រដ្ឋបាល​អត់​ដើរ​ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​។​ អញ្ចឹង​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ គឺ​គណបក្ស​ឈ្នះ​ឆ្នោត​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋ​សភា​ គឺ​ត្រូវ​រៀប​គណៈរដ្ឋមន្រ្តី​ ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រសិទ្ធភាព​ តាម​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​​ ដែល​បាន​ដាក់​ឃោសនា​ ឲ្យ​ក្លាយ​ទៅ​ជា​កម្ម​វិធីនយោបាយ​របស់​រដ្ឋាភិបាល​ ហើយ​យន្ត​ការ​ថ្នាក់​ជាតិ​ក៏​ទាម​ទារ​នូវ​យន្ត​ការ​ខ្សែរ​បណ្តោយ​ទៀត យន្ត​ការ​ថ្នាក់​ជាតិ​ដែល​បែង​ចែក​​ជា​ក្រសួង ​​ជា​យន្ត​ការ​​ខ្សែរ​យៈ​ទទឹង​​ ហើយ​យន្ត​ការ​ខ្សែរយៈ​ទទឹង​បាន​បែង​ចែក​ ទៅ​តាម​យន្ត​ការ​ខ្សែ​បណ្តោយ​ទៀត គឺ​បែង​ចែក​នូវ​ខេត្ត​ស្រុក​ហ្នឹង​ទៀត។​ អញ្ចឹង​យន្តការ​ខ្សែ​បណ្តោយ​នេះ ក៏​ត្រូវ​បំរើ​ជា​សេនាធិការ​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែរ។​​ អញ្ចឹង​ដើម្បី​ឲ្យ​​បុគ្គល​ខេត្ត​ បាន​ន័យ​ថា អភិបាល​ខេត្ត គណៈអភិបាល​ខេត្ត​ធ្វើ​ការ​ងារ​អភិវឌ្ឍន៍​ប្រទេស​ ផ្អែក​លើ​នយោបាយ​របស់​រដ្ឋាភិបាល​ ហើយ​នយោបាយ​រដ្ឋាភិបាល​ វាចេញ​ពី​នយោបាយ​របស់​គណបក្ស​ឈ្នះ​ឆ្នោត​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គេ​មិន​អាច​ទៅ​យក​​អភិបាល​ខេត្ត​មក​ពី​គណបក្ស​ផ្សេង​ទេ ព្រោះ​គណបក្ស​ផ្សេង​គេ​មាន​គោល​នយោបាយ​ផ្សេង​ ប៉ុន្តែ​គោល​នយោបាយ​ហ្នឹង​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ រឿង​អី​ទៅ​យក​គោលនយោបាយ​របស់​គណបក្ស​ដែល​ជា​ក្រុម​ភាគ​តិច​មក​អនុវត្ត គឺ​គេ​ត្រូវ​យក​គោលនយោបាយ​របស់​ក្រុម​ភាគ​ច្រើន​ គឺ​គណបក្ស​ឈ្នះ​​ឆ្នោត​ ហើយ​អ្នក​ដែល​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​ វាទាល់​តែ​មន្រ្តី​ខេត្ត​ហ្នឹង ជា​មន្រ្តី​របស់​គណបក្ស​ប្រជាជន​។​ បាន​ន័យ​ថា ចៅហ្វាយ​ខេត្ត ខ្ញុំ​អត់​និយាយ​មន្រ្តី​តូចតាច​ទេ អញ្ចឹង​ចៅហ្វាយ​ខេត្ត​ត្រូវ​ជា​មន្រ្តី​ពី​គណបក្ស​ប្រជាជន​ ដែល​គណបក្ស​ប្រជាជន​មាន​សេចក្តី​ទុក​ចិត្ត ជឿថា បុគ្គល​ហ្នឹង​អាច​អនុវត្ត​គោល​នយោបាយ​គណបក្ស​ប្រជាជន​ គោល​នយោបាយ​រដ្ឋាភិបាល​បាន។​​ ដល់​អញ្ចឹង​គេ​ជំទាស់​ គេ​ថា ចៅហ្វាយ​ខេត្ត​ ធ្វើ​ចៅហ្វាយ​ខេត្ត​ផង ធ្វើ​មេបក្ស​ខេត្ត​ផង ឥឡូវ​ប្រាប់​ខ្ញុំ​មើល​នៅ​ប្រទេស​ណា ទៅ​លើក​ឧទាហរណ៍​នៅ អាមេរិក បារាំង អាល្លឺម៉ង់ អូស្រ្តាលី ... ដែល​គេ​អត់​រៀប​រចនា​សម្ព័ន្ធ​គណបក្ស​​ ឲ្យ​ដូច​នឹង​រចនាសម្ព័ន្ធ​រដ្ឋ​ គ្រាន់​តែ​គេ​ញែក​គ្នា​ដាច់​រវាង​បក្ស និង​រដ្ឋ បាន​ន័យ​ថា ចៅ​ហ្វាយ​ខេត្ត​នៅ​ពេល​ប្រើ​តួនាទី​ជា​អភិបាល​ខេត្ត​ ដាច់​ខាត​មិន​អាច​ប្រើ​តួនាទី​​ជា​ប្រធាន​គណបក្ស​ប្រជាជន​ទេ។​ ប៉ុន្តែ​នៅ​ពេល​ចប់​ម៉ោង ​​នៅ​ប្រទេស​គេ​ក៏​អញ្ចឹង​ដែរ​នៅ​​ចុង​សប្តាហ៍​ សៅរ៍ អាទិត្យ​ គឺ​មិន​មែន​ជា​ការងារ​រដ្ឋ​ទេ នៅ​ពេល​ដែល​គេធ្វើ​ការងារ​គណបក្ស មនុស្ស​ដដែល​ ដែល​មាន​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​ ​ពេល​ហ្នឹង​គេអត់​​ប្រើ​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​ទេ នៅ​ក្នុង​កិច្ច​ការ​គណបក្ស​ គឺ​ប្រើ​​​តួនាទី​ជា​ប្រធាន​គណបក្ស​ខេត្ត​ ដូច្នេះ​រឿង​ហ្នឹង​គឺ​ជារឿង​ធម្មតា​ទេ ។ ឥឡូវ​ក្រែង​ថា ងងឹត​ភ្នែក​មើល​មិន​ឃើញ​ ឬ​ក៏​សិក្សា​មិន​យល់​ពី​អាមេរិក​ ពី​បារាំង​ ពី​អូស្រា្តលី​ ពី​អាល្លឺ​ម៉ង់​ ពី​កាណាដា ឥឡូវ​មើល​គណបក្ស​ប្រឆាំង​ ពួក អង្គការ​ ខុមហ្វ្រែល ទៅ​មើល​ទៅ​ ហើយ​ NGO ប្រឆាំង​ទៅ​មើល​ទៅ អីក៏​ល្ងង់​ម្លេះ គណបក្ស​ សម រង្ស៊ី មាន​តំណាង​រាស្រ្ត​ ២៦ នាក់​ មាន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៅ​មណ្ឌល​​ភ្នំ​ពេញ​ មណ្ឌល​កំពង់​​ចាម​ មណ្ឌល​ព្រៃ​វែង​​។ល។ ពី​ណា​ប្រធាន​បក្ស​សម រង្ស៊ី ភ្នំពេញ មិន​មែន​ ឈឹម​ ផលវរុណ ទេ វាមិន​អាច​ ភ្លើ​អីក៏​ភ្លើ​ម្លេះ យក​ ឈឹម ផលវរុណ មិន​មែន​គណបក្ស​ សម រង្ស៊ី ផង​​ យក​ទៅ​ធ្វើ​ប្រធាន​បក្ស​ សម រង្ស៊ី ភ្នំពេញយ៉ាង​​ម៉េច?​​ ហើយ​មាន​យក​អ្នក​ណា​ផ្សេង​ទេ គឺ​យក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៅ​​​ភ្នំពេញ​ ជា​​ប្រធាន​គណបក្ស​នៅ​ភ្នំ​ពេញ​របស់​ សម រង្ស៊ី ។ តំណាង​រាស្រ្ត​ជា​ប់​ឆ្នោត​នៅ​សៀម​រាប ធ្វើ​ជា​ប្រធាន​គណបក្ស​ខេត្ត​សៀម​រាប គណបក្ស​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង​ ធ្វើ​ជា​ប្រធាន​គណបក្ស​ខេត្ត​បាត់​ដំបង​ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៅ​មណ្ឌល​កំពត​ គណបក្ស​ប្រឆាំង​ដដែល​ គឺ​ជា​ប្រធាន​គណបក្ស​ខេត្ត​កំពត ឯ​ក្រោយ​មក​គេ​ផ្លាស់​ប្តូរ​ អាហ្នឹង​ជា​យុទ្ធ​សាស្រ្ត​នយោបាយ​របស់​គេ​ មាន​ដែល​ឃើញ​គណបក្ស​ទាំង​អស់​ហ្នឹង​ទៅ​យក​អ្នក​ណា​ផ្សេង​​ទេ?​ អត់​ទេ អញ្ចឹង​បាន​ថា អ្នក​ទាំង​អស់​នេះ​ល្ងង់​អត់​ដឹង​អី គ្មាន​ជំនាញ​ ធ្វើ​របាយ​ការណ៍​អាឡិក​អាឡក់​ខាង​នយោបាយ​​​​ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ រដ្ឋាភិបាល​ និងគណបក្ស​ប្រជាជន​កម្ពុជា ហើយ​គោល​ដៅ​គេ​គឺ​ដើម្បី​ ជា​សារសុំ​លុយ​ពី​បរទេស​ទេ ពីព្រោះ​ពួក​គេ​ឲ្យ​តែ​ដល់​ពេល​រដូវ​ដាក់​ពាក្យ​សុំ​លុយ​ គឺ​ថា ដណ្តើមគ្នា និយាយ​ឲ្យ​អស់​ទៅ​ដូច​ចោរហារយអញ្ចឹង ហើយ​បើ​មិន​​ជឿ​ទេ​ទៅ​សួរ​ម្ចាស់​លុយ​ទៅ ពេល​គេ​ដាក់​ទៅ​ជួន​កាល​ជាន់​កម្មវិធី​គ្នា​ សូម្បី​អង្គការ​ទាំង​អស់​​សហការ​គ្នា​ក៏​ដោយ​ តែ​អារឿង​ចូល​ដណ្តើម​លុយ​ជំនួយ​ហ្នឹង គឺ​ដណ្តើម​អញ្ចឹង​ ហើយ​សួរ​ថា មាន​ប្រសិទ្ធ​ភាព​ឬអត់​ មក​ដល់​ពេល​នេះ​​ហើយ​វិធី​នៃ​ការ​ចោទ​ប្រកាន់​ទម្លាក់​កំហុស​ ដើម្បី​​ជា​ថ្នូរ​នៃ​ទំនិញ​ដូរ​យក​លុយ​​វា​អត់​ប្រយោជន៍​ទេ។​ គេ​គួរ​តែ​បង្កើន​សមត្ថភាព​សិទ្ធ​មនុស្ស​​ការ​បោះ​ឆ្នោត​របស់​ខ្លួន​​ឲ្យ​ បាន​ល្អ​ត្រឹម​ត្រូវ ហើយ​ត្រង់​ហ្នឹង​ហើយ​ ដែល​ជា​ការ​រុញ​ឲ្យ​ការ​ចូលរួម​របស់​អង្គការ​សង្គម​​មាន​ប្រសិទ្ធភាព​។​ ការ​ពិត​​យើង​គាំទ្រ​ ​NGO ជា​ចំណែក​មួ​យ​នៃ​អង្គការ​សង្គម​​ ប៉ុន្តែ​ NGO ដែល​មាន​និន្នាការ​ប្រឆាំង​នេះ គឺ​គេ​គ្រាន់​តែ​យក​ស្លាក​ NGO ​មក​ធ្វើ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ទេ​ អ្នក​ទាំង​អស់​ហ្នឹង​គ្មាន​ជំនាញ​ទេ។​ បើ​ NGO គេ​ពិត​ប្រាកដ​ត្រឹម​ត្រូវ​គេ​មាន​ការងារ​ គេ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​ណាស់​ ហើយ​គេ​ផ្តល់សេវា​ជំនាញ​ដល់​ប្រជាពលរដ្ឋ​​ខ្មែរ​ណាស់ ហើយ​យើង​ធ្វើ​ការ​ពិចារណា​មើល​ទៅ​ កុំ​ឲ្យ​ថា ខ្ញុំ​ចេះ​តែ​និយាយ​ យើង​ពិចារណា​មើល​ទៅ​ថា ខុមហ្វ្រែល ធ្វើ​អ្វី​ខ្លះ​សម្រាប់​ក្នុង​សិទ្ធិ​បោះ​ឆ្នោត​ មាន​បាន​ចូលរួម​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សមត្ថភាព​ ក្នុង​ការ​​ដឹង​​ ក្នុង​ការ​យល់​ និង​ក្នុង​​ការ​ពិចារណា​វិនិច្ឆ័យ​សម្រេច​ក្នុង​សិទ្ធិ​បោះ​ឆ្នោត​លើ​សន្លឹក ​ឆ្នោត​ដែរ​ឬអត់?​​ គឺ​អត់​ទេ មាន​តែ​ញុះ​ឲ្យ​ប្រជាពលរដ្ឋ​ ធ្វើ​ដូច​ឯង​គណបក្ស​ប្រឆាំង​ផង​ដែរ​ រហូត​ដល់​មាន​កម្ម​វិធី​ឃ្លាំមើល​សភា ការ​ពិត​ខ្ញុំ​ជួប​បរទេស​ បរទេស​គេ​មិន​ឲ្យ​ប្រើ​ពាក្យ​ឃ្លាំមើល​សភា​ទេ តែ​ពួក​គេ​ហ្នឹង​ខូច​ តា​ម​ពិត​មិន​មែន​ឃ្លាំ​មើល​សភា​ទេ​ អ្នក​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​សភា ដំណើរ​ការ​រដ្ឋាភិបាល​ គឺ​ប្រជាពលរដ្ឋ​ ជា​មួយ​តំណាង​រាស្រ្ត​អញ្ចឹង​គេ​គ្រាន់​ឲ្យ​​អង្គការ​ ខុមហ្វ្រែល​ ធ្វើ​ការ​ងារ​លើក​សមត្ថភាព​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ឲ្យ​ទទួល​បាន​​សមត្ថភាព​កាន់​តែ​ប្រសើ​រ​ឡើង​ ក្នុង​ការ​ប្រាស័យ​ទាក់​ទង​រវាង​អ្នក​ជាប់​ឆ្នោត និង​ម្ចាស់​ឆ្នោត​បាន​ន័យ​ថា រវាង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​​ និង​អ្នក​តំណាង​រាស្រ្ត​ ប៉ុន្តែ​គេ​ទៅ​ដើ​រ​តួ​ដូច​ខ្លួន​គេ​​ជា​អ្នក​ឃ្លាំ​មើល តំណាង​រាស្រ្ត​ ឃ្លាំ​មើល​សភា​ទៅវិញ​។​

លោកសត្យា រក្ស
សំណួរ​៖ ជុំវិញរឿង គ ជ ប នេះ អង្គការខុមហ្រ្វែល​បានអះអាងថា គ ជ ប នេះមិន​អាព្យាក្រឹត្យ​ទេ លំអៀងទៅលើគណបក្សប្រជាជនកម្ពុជា​និងរហូតហ៊ាន​ដល់ទៅអះអាងតាមភាសារបស់ពួក​ គណបក្ស​​​ប្រឆាំង​ថា គ ជ ប ជាចោរលួចសន្លឹកឆ្នោតឲ្យគណបក្ស​ប្រជាជន​ទៅទៀត​។ អញ្ចឹង​ ចំណុច និង​មាយាទ​​ដែល​ខុមហ្វ្រែលបានលើកឡើង​ទាំងនេះ​ និងថា​គ្មានអាព្យាក្រឹត្យបែបនេះ តើលោកបណ្ឌិត​មានអ្វី​ជាការ​បញ្ជាក់​ជូន​ជនរួម​ជាតិ​យើងបាទ​?

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ បងប្អូនប្រជាពលរដ្ឋ​ត្រូវយល់ឲ្យបានច្បាស់ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៅតាម​ទស្សនៈ​​​ឡប់ឡែ​រ របស់ខុមហ្វ្រែល និងពួកនិន្នាការប្រឆាំង​​​​ ដែលស្លៀកពាក់ឯកសណ្ឋានជា NGO សិទ្ធិមនុស្ស​​​នោះ​។ ដើម្បីនឹងធ្វើការវាយតម្លៃទៅលើគុណសម្បត្តិ និងគុណវិបត្តិ​របស់ គ ជ ប យើងត្រូវ​ស្គាល់​​ថា តើ គ ជ ប មានតួនាទី​ជាអ្វី? ។ គ ជ ប គឺជាអង្គការរដ្ឋធម្មនុញ្ញ​ មានន័យ​ថា​ជា​អង្គការ​រដ្ឋមួយ ដែល​រដ្ឋធម្មនុញ្ញបានរំលេចចេញ​ជាអង្គការសម្រាប់រៀបចំការបោះឆ្នោត​។ នៅក្នុងរដ្ឋធម្មនុញ្ញ​បានចែង​ថា ដំណើរការរៀបចំការបោះឆ្នោត​ត្រូវធ្វើដោយច្បាប់បោះឆ្នោត ហើយ​ត្រូវមាន​អង្គការ​រៀបចំការ​បោះឆ្នោត​​មួយដែលជាអ្នកទទួលធុរៈកិច្ចហ្នឹង​។ ​ អញ្ចឹងច្បាប់ស្តីពីការបោះឆ្នោត​ ទោះបី​ជាការ​បោះឆ្នោត​រដ្ឋសភា​ក្តី​ បោះឆ្នោតព្រឹទ្ធសភាក្តី ក្រុមប្រឹក្សាឃុំ សង្កាត់ក្តី​ ក្រុមប្រឹក្សាខេត្ត ក្រុង រាជធានី ខណ្ឌ ស្រុកក្តី​ គឺសុទ្ធ​តែ​ផ្អែកទៅលើគោលការណ៍នីតិរដ្ឋ​ បានន័យថា​ដំណើរ​ការបោះឆ្នោត​នៃ​អង្គ​នីមួយៗ​ មាន​ស្ថាប័ន​រដ្ឋ​ថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន​គឺសុទ្ធតែ​មាន​បញ្ញត្តិ​ក្នុងច្បាប់​។ អញ្ចឹង​តើនរណា​ជា​អ្នក​ធ្វើច្បាប់​? មិនមែន គ ជ ប ទេ​។ រដ្ឋធម្មនុញ្ញ​គ្រាន់​តែ​​ផ្តល់ភារៈកិច្ចឲ្យ គ ជ ប​ ជាអង្គការ​សម្រាប់​រៀបចំ​ការបោះឆ្នោត​។ អញ្ចឹង​អ្នក​​ដែល​ធ្វើ​​ច្បាប់​បោះឆ្នោតគ្រប់ប្រភេទ​ហ្នឹង​គឺរដ្ឋសភា​។​​ ដូច្នេះ​រដ្ឋសភា​គឺជា​​អង្គការ​នៃអំណាច​នីតិប្ប​ញត្តិ​​ ក្នុង​ការ​​តាក់តែង​ច្បាប់ឲ្យបានគ្រប់ពេញលេញ​ដើម្បីឲ្យ គ ជ ប អនុវត្ត និងរៀបចំ​ការ​បោះឆ្នោត​។ សរុប​មក​ គ ជ ប​ គ្រាន់តែជាអង្គការបច្ចេកទេសរៀបចំការបោះឆ្នោត​ ដោយអនុលោម​ទៅ​តាមច្បាប់​បោះឆ្នោត​តែប៉ុណ្ណោះ​​។ អញ្ចឹងបើបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​គឺត្រូវ​អនុលោម​ទៅតាម​ច្បាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​។ ដូច្នេះ ដើម្បីឲ្យប្រសិទ្ធិភាព​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​​​ជ្រើសតាំង​សមាជិក​ក្រុម ​ប្រឹក្សា​ឃុំ សង្កាត់​ គ ជ ប មានភារៈកិច្ច​ និងកាតព្វកិច្ច​​ក្នុងការ​រៀបចំ​នីតិវិធី​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យការ​បោះឆ្នោត​នោះ​ ប្រព្រឹត្តិទៅជាដំណាក់ៗ មានប្រសិទ្ធិភាព​ រលូន ដែល​យើង​ហៅ​ថា សេរី និង​យុត្តិធម៌​​។ រីឯ​​ចរឹត​សេរី និងយុត្តិធម៌ពិតប្រាកដ គឺវាថិតនៅក្នុង​ច្បាប់បោះឆ្នោត និង​ថិតនៅក្នុង​ការបំពេញ​ភារៈកិច្ច​​​នៃ​ស្ថាប័ន​នីមួយៗដែលពាក់ព័ន្ធ​ ក្នុងនោះ​ក៏មាន គ ជ ប ដែរ តែ គ ជ ប ពាក់ព័ន្ធ​តែក្នុង​រឿង​បច្ចេកទេស​​បោះឆ្នោត​តែប៉ុណ្ណោះ​។ អញ្ចឹង​ យើងមើលឃើញថា គ ជ ប បាន​រៀប​ចំ​​តាមជំហ៊ានៗ​នៃប្រតិទិន​របស់​គេ​ក្នុង​ការ​រៀបចំ​ដំណើរ​ការ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​​ គឺគេមាន​ពេល​វេលា​ជាក់លាក់ និងបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ បច្ចេកទេស​ទាំងអស់​នេះ​ក៏​តម្រូវ​ឲ្យ​អង្គ​ពាក់ព័ន្ធនានា​ ដូចជា​គណបក្ស​ដែល​ចង់​ឈរ​ឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយ​ដើម្បីផ្សព្វផ្សាយផង​ និង​រដ្ឋាភិបាល​ រួមនិង​អាជ្ញាធរ​ក៏ចូលរួម​ក្នុង​ការ​សម្រួល​​ធានា​នូវសន្តិសុខសុវត្ថិភាព​ នៃការ​បោះឆ្នោត​ទៅ​តាម​កាល​វេលាដែល​បាន​កំណត់​ ដែលច្បាប់​បានចែងទុក​។ ដូច្នេះ​នីតិវិធី ទាំងអស់ ដែល គ ជ ប បាន​រៀប​ចំ​ធ្វើទៅ​តាម​ច្បាប់​នេះ គឺគ្មានអ្វី​ដែល​ជា​កំហុស​របស់ គ ជ ប ទេ​។ ពាក្យលំអៀង ឬអាព្យាក្រឹត្យ ឬ​មិន​អាព្យាក្រឹត្យ​ គេត្រូវ​ពិនិត្យ​ទៅលើថាតើ គ ជ ប ធ្វើការងារ ផ្អែក លើស្មារតី និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ឬទេ​​?​​ បើមិន​ផ្អែក​ទៅ​លើ​ស្មារតី និងបទប្បញ្ញត្តិ​នៃ​ច្បាប់​នោះ​ទើប​ គ ជ ប ខុស​ ឬក៏បុគ្គល​ណា​ដែល​ជា​មន្ត្រី​ គ ជ ប ទោះបី​ថ្នាក់​លើ​ក៏ដោយ ថ្នាក់​ក្រោម​ក៏​ដោយ​​​ធ្វើខុសនិងប្បញ្ញត្តិច្បាប់​ ធ្វើខុសនឹងនីតិវិធី​ដែលបានប្បញ្ញត្តិទុក​ នោះបុគ្គលនោះគឺខុសហើយ​។ អញ្ចឹង​ពាក្យ​លំអៀង​ មិនមែនលំអៀង​​ដូចការលើក​ឡើង​បែប​អាឡិកអាឡក់​អត់ដឹងអី​របស់​ខុមហ្វ្រែល​​ នោះទេ​។ តើពាក្យអាព្យាក្រឹត្យ មានន័យ​លុះត្រាតែដាក់ពួក​គាត់​មកកាន់​ការណ៍​នោះឬយ៉ាងណា​?​​។ ពាក្យថា​អាព្យាក្រឹត្យ ដូចជាអាព្យាក្រឹត្យរបស់ចៅក្រម​ គឺត្រូវផ្អែកលើ​​ស្មារតី​ច្បាប់ និងការយល់ដឹង​នៃ​ច្បាប់​ ​គឺបញ្ជាក់ថាអាព្យាក្រឹត្យហើយ​ ។ អញ្ចឹង គ ជ ប ក៏ដូចគ្នាដែរ​។ គ ជ ប មិនមែនដើរតួជាអាប៊ីតទេ សូម​កុំច្រឡំ​ ។ គ ជ ប ដើរតួធ្វើជាអង្គការ​បច្ចេកទេស​រៀបចំការបោះឆ្នោត ទៅតាម​ប្បញ្ញត្តិនៃច្បាប់ ហើយ​យើង​ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ​ ទាំងគណបក្ស ទាំងប្រព័ន្ធផ្សព្វផ្សាយ​ ឲ្យតែអនុវត្ត​ទៅតាម​ចំណាត់ការ​បច្ចេកទេស​​របស់​ គ ជ ប​ ទៅគឺវា​រលូន​ទាំងអស់​គ្នា​ហើយ​​។​

ត្រង់ចំណុចនេះ បើសិនជាអង្គការ​ខុមហ្វ្រែល​រកឃើញ​ថា​​ បុគ្គលដែលធ្វើការនៅក្នុង គ ជ ប ពុំ​បាន​​បំពេញ​កាតព្វ​កិច្ចរបស់ខ្លួនដែលបានប្បញ្ញត្តិទុក​​ នៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ គ ជ ប​ មិនបាន​គោរព​ទៅ​តាម​​ច្បាប់​ដែល​សភាអនុមត្តិ​​ នោះគេអាចចោទប្រកាន់បាន ហើយខ្ញុំគាំទ្រ​។​ តែបើ​អ្នក​ឯង​វាយ​តម្លៃ​ព្រាលៗ​ ថា គ ជ ប អញ្ចេះ ឬអញ្ចុះ​ បានន័យថា​អ្នកប្រើ​នយោបាយ​អត់ដឹងអី​ហើយ​។​ ឧទាហរណ៍ ប្រសិន​​បើ​​គេ​លើករឿងចៅហ្វាយខេត្ត​ ឬអាជ្ញាធរ​ដែលពាក់ឯកសណ្ឋានជា​អភិបាលខេត្តតែទៅធ្វើមុខងារ​នយោបាយ​នៅក្នុង​ ម៉ោង​រដ្ឋាភិបាល​នោះគឺមិនខុសទេ​ ពីព្រោះ​នយោបាយ​រដ្ឋាភិបាល​គឺជា​នយោបាយ​ផ្លូវការ​ដែលចេញ​អំ​ពី​​​ នយោបាយរបស់គណបក្សប្រជាជនកម្ពុជាតាមរយះសន្លឹកឆ្នោត​ ដែលហៅថា​នីត្យានុកូល​​ភាព​​ប្រជាធិបតេយ្យ​។ អញ្ចឹងអភិបាលខេត្តគេមានសិទ្ធិនិយាយរៀងរាល់វិនាទី​អំពី​កម្មវិធី​នយោបាយ​​ របស់​រដ្ឋាភិបាល​ តែមិនអាចនិយាយអំពីនយោបាយគណបក្សទេ​។ ប៉ុន្តែ​ប្រសិនបើ​គេប្រើ​តួនាទី​ជា​ប្រធាន​គណបក្សខេត្តវិញ​ក៏មិនខុសដែរ ពីព្រោះយើងអាចសួរគណបក្សប្រឆាំងបាន​ ។ លោក កឹម សុខា​ ដែលដើរធ្វើនយោបាយអាវ៉ាសែ រឡិករឡក់​​ គឺបានប្រើតួនាទីជាអ្នកតំណាងរាស្ត្រផង​ និង​ប្រធាន​បក្ស​ផង​។ តាមពិតបើចង់ប្រើតួនាទីជាតំណាងរាស្ត្រ​ត្រូវធ្វើការងារសភានៅឯរដ្ឋសភា​។ ហើយ​បើ​ចង់​ធ្វើ​នយោបាយ​ខាងក្រៅសភា​ គឺត្រូវប្រើតួនាទីជាប្រធានបក្ស ។ ចំណុចនេះតើ ខុមហ្វ្រែល​មើល​ឃើញ​ឬទេ​​?​ អញ្ចឹងខុមហ្វ្រែលត្រូវលើកពីបញ្ហានេះដែរទើបខ្ញុំគាំទ្រ​។​ បើសិនជាមានបុគ្គលណាមួយ ទោះបី​មាននិន្នា​កា​រ​គណបក្សណាក៏ដោយ​ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្ស សម រង្ស៊ី ទាំង​គណបក្ស​​សិទ្ធិមនុស្ស ឬគណបក្សផ្សេងក៏ដោយ​ ដែលពាក់ឯកសណ្ឋានរដ្ឋ​ ប៉ុន្តែ​ទៅឃោសនា​ក្នុង​ឯកសណ្ឋាន​ជាគណបក្ស​នយោបាយ​ នោះទើបជាការខុសឆ្គង​។ អញ្ចឹងសូមអ្នកឯងដាក់ឲ្យចំមក​ ហើយ​ខ្ញុំ​គាំទ្រ​​។​ អញ្ចឹង បើនិយាយឲ្យចំគឺគណបក្ស កឹម សុខា តែម្តង ពីព្រោះកឹម សុខា​ បានយកស្លាក​តំណាងរាស្ត្រ​ ដើម្បីគេងាយស្រួល​អូសបននយោបាយរបស់គេ​ទៅធ្វើវេទិកាអាវ៉ាសែរបស់គេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មានបញ្ហាគេថា​តំណាងរាស្ត្រចង់ជួបរាស្រ្ត​ ហើយឡានពាក់សុទ្ធតែស្លាករដ្ឋសភា​ ត្រង់ចំណុច​នេះ​តើខាងខុមហ្វ្រែល​មើលឃើញយ៉ាង​ម៉េចដែរ?​​

លោកសត្យា រក្ស
សំណួរ​៖ អង្គការ ខុមហ្វ្រែល គេបានអះអាងថាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានេះ​លំអៀង​ទៅ​គណបក្ស​​ប្រជាជន​​ កម្ពុជា​ ដោយពួកគេមិនបានធ្វើការ​​ពន្យល់ឲ្យបានក្បោះក្បាយថា​តើការ​លំអៀង​នោះ​យ៉ាងម៉េច ​ទេ ព្រមទាំងចោទប្រកាន់​ទៅប្រព័ន្ធផ្សព្វផ្សាយ​របស់លោក​បណ្ឌិត​ថែម​ទៀត​​ផង គឺកម្មវិធី​សម្លេង​​របស់វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​ ដែលលោក​បណ្ឌិតបាន​ចំណាយ​ពេល១ម៉ោង​សម្រាប់​ពន្យល់​ប្រជា​ពលរដ្ឋ​​។​ អញ្ចឹងការចោទប្រកាន់ដោយគ្មានហេតុផល​ត្រឹមត្រូវរបស់ខុមហ្វ្រែល​បែប​នេះ តើលោក​បណ្ឌិត​​មាន​អ្វី​ដើម្បី​ពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំ​ឲ្យប្រជាពលរដ្ឋ​មានការយល់​ច្រឡំ​ជឿទៅ​លើ​អង្គការ​ដែល​គ្មាន​​ ប្រយោជន៍​បែប​នេះ​​បាទ?​​

លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ចំណុចនេះ អង្គការខុមហ្វ្រែលគួរតែធ្វើ​សិក្សា។ មានរូបភាពពីរគឺ ទី១ហៅថា​បរិមាណ​​នៃ​ស្ថានីយ៍ផ្សាយ​ និងមួយទៀតហៅថាគុណភាព និងខ្លឹមសារនៃការផ្សព្វផ្សាយ​។ បើយើង​និយាយ​​ពី​បរិមាណ​​ គឺវាមានស្ថានីយ៍ឯកជន និងស្ថានីយ៍រដ្ឋ​។ ស្ថានីយ៍រដ្ឋគឺត្រូវផ្សាយអំពីសមិទ្ធផល​ជាតិ ដែល​​រដ្ឋាភិបាល​ អាជ្ញាធរ​ និងបញ្ហាសន្តិសុខ។ល។​ គឺគេមិនអាចផ្សព្វផ្សាយ​ពីគណបក្សនយោបាយទេ បើត្រូវ​​ផ្សាយ​​គឺត្រូវ​មានតុល្យភាព​។ ប៉ុន្តែខុមហ្វ្រែលត្រូវមើលឲ្យច្បាស់​ដូចជា ទ ទ ក។តើ ទ ទ ក សព្វថ្ងៃ​​នេះ​​ផ្សាយ​អំពី​សមិទ្ធផលជាតិ​ សមិទ្ធផលរបស់រដ្ឋាភិបាល ឬក៏ផ្សាយពីគណបក្សប្រជាជន​កម្ពុជា?​​ អញ្ចឹង​ត្រូវ​ពិចារណា​ឲ្យច្បាស់​។​ ប៉ុន្តែបើសិនជានៅក្នុងយុទ្ធនាការ​ឃោសានាបោះឆ្នោត គឺគេ​មាន​​កោះ​​អញ្ជើញ​មកពី​គ្រប់​គណបក្ស​​មកបំភ្លឺ នោះ​គឺគេត្រូវគិតអំពីតុល្យភាព បានន័យថា​មិនមែន​ចែក​គ្នា​​ឲ្យស្មើទេ​។ ឧទាហរណ៍ មាន១០គណបក្ស​ រយះពេល៦០នាទី​ គឺមិនមែន​គណបក្ស​មួយ៦នាទី​នោះ​ទេ​​។​ ការឃោសនា​ក្នុងន័យ​សមភាព​ គឺគេបែងចែក​ទៅតាមសមាមាត្ររបស់វា​ មានន័យថា​គណបក្ស​ណា​​ដែល​​មានកាតព្វកិច្ច​​ច្រើន​​ គេ​ក៏​ត្រូវ​ទទួល​​នូវ​ពេល​វេលា​ច្រើន​​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ពី​ព្រោះ​គណបក្ស​ប្រឆាំង​​ គឺ​ជា​ក្រុម​ភាគ​តិច​ងាយ​ស្រួល​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ តែ​អ្នក​បក​ស្រាយ​មិន​អាច​ប្រើ​​​​នាទី​ដ៏ខ្លី​ក្នុង​ការ​បក​ស្រាយ​​បាន​ទេ ពី​ព្រោះ​ការ​ចោទ​ប្រកាន់​គេ​អាច​ចោទ​ប្រកាន់​យ៉ាង​ខ្លី​ ដៀល​តែ​មួយ​មាត់​វា​ចប់​សព្វគ្រប់​ ប៉ុន្តែ​ការបំភ្លឺ​មិន​អាច​ឆ្លើយ​មួយ​មាត់​តប​ទៅ​នឹង​អំពើ​ដៀល​ត្មេះ​បាន​ ទេ។​​ អញ្ចឹង​​នេះ​ហើយ​គេ​ហៅ​ខ្លឹម​សារ​ អញ្ចឹង​យើង​ត្រូវ​ថ្លឹង​នូវ​សុភវិនិច្ឆ័យ​ នៃ​ពាក្យ​សមធម៌​ហ្នឹង​ឲ្យ​ច្បាស់​ មិន​មែន​ស្មើ​គ្នា​ដូច​គេ​ពុះ​នំ​ចែក​គ្នា​ស្មើ​ទេ។​​ ចំណុច​ហ្នឹង​សូម្បី​តែ​ម៉ែ​ឪម្នាក់​សូម្បី​តែ​ពេល​ពុះ​ចែក​នំ​ក៏​មើល​ទៅ​តាម ​ទិដ្ឋភាព​ដែរ អាធំ​ស៊ី​ច្រើន​ ឲ្យ​ច្រើន​ អាហ្នឹង​សមាមាត្រ​ហើយ អាតូច​ស៊ីតិច​បាន​តិច បើ​ចែក​ស្មើ​គ្នា​អាតូចស៊ី​តិច​ វាស៊ី​តែ​បន្តិច​ សល់​មិន​ចោល​។​ អញ្ចឹង​យើង​ត្រូវ​ពិចារ​ណា​ទាំង​អស់​គ្នា នេះជារឿង១​។​​ ទី២ ​រឿង​ទូរទស្សន៍​ និង​វិទ្យុជាតិ ​។​ រឿង​ទូរទស្សន៍​ និង​ស្ថានីយ៍​ឯក​ជន​ វាជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ម្ចាស់​ស្ថានីយ៍​ ហើយ​បើ​ម្ចាស់​ស្ថានីយ៍​ ហើយ​និង​អតិថិជន​ ក្រុម​ណាក៏ដោយ​ អង្គការ​ក្តី ​ស្ថាប័ន​អី​ក៏​ដោយ​ ចង់​ផ្សាយ​អ្នក​ឯង​ត្រូវ​​​​ទាក់​ទង​គេ​ទៅ តែ​បើ​អ្នក​ឯង​គ្រាន់​តែ​ជួល​ម៉ោង​គេ​ ​​តែ​បំផ្លាញ​ពាណិជ្ជកម្ម​ និង​ជំនួយ​​របស់​គេ​​ ក៏​គេ​មិន​ឲ្យ​ដែរ​ ហើយ​ចរិត​គណបក្ស​ប្រឆាំង​ និង​ NGO ប្រឆាំង​នេះ ហ៊ាន​​តែ​ជួល​ម៉ោង​គេ​គឺ បំផ្លាញ​អាជីព​របស់​​គេ​ហើយ ព្រោះ​ចរិត​យើង​វា​អត់​ថ្លៃថ្នូរ ខ្ញុំ​មិន​ចង់​និយាយ​ក្នុង​ន័យ​ពាក្យ​ថោក​ទាប​នៃ​ភាព​ជា​មនុស្ស​ទេ​ អត់​ថ្លៃ​ថ្នូរ​ចំពោះ​ការងារ​។​ បើសិន​យើង​ប្រកាន់​អត្តសញ្ញាណ​របស់​យើង​ច្បាស់​ ឧទាហរណ៍​គណបក្ស​ប្រឆាំង​​ អត្តសញ្ញាណ​របស់​គណបក្ស​ប្រឆាំង​​ គឺ​ត្រូវ​បង្ហាញ​អំពី​ទស្សនៈ​ខុស​​អំពី​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ អាហ្នឹង​វា​អត់​បញ្ហា​ទេ ប៉ុន្តែ​បើ​កាន់​មីក្រូហ្វូន មិន​បាច់​និយាយ​ថា បញ្ចាំង​ទូរទស្សន៍​ទេ​ កាន់តែ​មីក្រូហ្វូន​ និយាយ​នៅ​វេទិកា​អាវ៉ាសែ​ ជេរ​គេទៅ​ហើយ​ហ្នឹង​ មាន​នយោបាយ​ចង​កំហឹង​វណ្ណៈ មាន​នយោបាយ​ចង​កំហឹង​ជាតិ​និយម​ សួរ​ថា បើ​កាន់​មីក្រូហ្វូន​នៅ​មុខ​កញ្ចក់​ទូរទស្សន៍ តើ​វាជះឥទ្ធិពល​អាក្រក់​ដល់​ប្រជាជាតិ​ប៉ុណ្ណា​?​ ដូច្នេះ​រដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​ មិន​មែន​​មាន​កាតព្វកិច្ច​​​ផ្តល់​មីក្រូហ្វូន​​ឲ្យ​អ្នកជេរ​​តែ​ប៉ុណ្ណឹង​ ទេ គឺ​មាន​កាតព្វកិច្ច​ការ​ពារ​សណ្តាប់​ធ្នាប់​នៃ​ការ​ប្រើ​មីក្រូ​ហ្វូន​ ការ​ពារ​សណ្តាប់​ធ្នាប់​នៃ​ការប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បើ​សមត្ថភាព​របស់​យើង​​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រឹម​តែ​ជេរ​គេ រដ្ឋាភិបាល​ក៏​ប្រើ​កាតព្វកិច្ច​ ក្នុង​ការ​កម្រិត​មិន​ទាន់​អនុញ្ញាត​ឲ្យ​អ្នក​ឯង​ស៊ី​នំ​ទូរទស្សន៍​បាន​ដែរ​ ។​ យើ​ង​មើល​តែ​១ម៉ោង​នៅ​តាម​វិទ្យុ​ជេរ​គេ​គគ្រឹក​គគ្រេង​ ចោទ​គេ​សុទ្ធ​តែ​កាត់​ដី​​ ​។ល។​

លោក សត្យា រក្ស
សំណួរ៖ ខ្ញុំ​សុំ​កាត់​ប្រសាសន៍​បន្តិច​ ខ្ញុំ​ឃើញ​ភាព​អសីលធម៌​មួយ​របស់​សកម្មជន​គណបក្ស​សិទ្ធិមនុស្ស​របស់​ កឹម សុខា ដែល​គេ​បាន​ប្រមាថ​លោក​បណ្ឌិត​ដោយ​ផ្ទាល់​ ដែល​គេ​ថា ដូច​លោក​បណ្ឌិត​ហ្នឹង ​គឺ​ថា គេ​នឹង​ចង​ក អូស​តាម​ឡាន គេ​កាត់​អណ្តាត ដកក្រចក​ ជា​ដើម​។ លោកបណ្ឌិត​ពេល​ដែល​ស្តាប់​ឮ​ ​ចរិត​ មាយាថ ឬ ក៏​ភាសា​នៃ​​​សាវ័គ្គ​​ របស់​ កឹម សុខា​ ឬថា ព្រលឹង​​របស់​ កឹម​ សុខា អញ្ចឹង​ចុះ ពួក​ហ្នឹង​សុទ្ធ​តែ​តំណាង​ឲ្យ​ព្រលឹង​ កឹម សុខា ពេល​ដែល​គេ​លើក​ឡើង​អញ្ចឹង​តើ​លោក​បណ្ឌិត​យល់​ឃើញ​យ៉ាង​ម៉េច​ ទាក់​ទង​នឹង​សីលធម៌ មាយាថ​របស់​ពួក​នោះ​​បាទ?

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ ចំណុច​ហ្នឹង​​ហើយ​បាន​ជា​កម្ម​វិធី​វិទ្យុ​ពលរដ្ឋ​វិជ្ជា​​ របស់​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​ យើង​ហ្នឹង​គឺ ទី​មួយ​យើង​ចង់​​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​បាន​រៀន​ប្រើ​ វេទិកា​របស់​យើង​​១ម៉ោង​ ដែល​មាន​បទ​បញ្ជា​ជាក់​លាក់​មួយ​។ ទី២​ទន្ទឹម​នឹង​ការ​រៀន​ប្រើ​​យើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​និន្នាការ​​ អាច​ដឹង​ថា តើ​ចរិត​ណា​ ដែល​ស្ថិត​នៅ​ក្រៅ​ការ​ប្រើ​សេរីភាព​បញ្ចេញ​មតិ​ បើ​យើង​គ្រាន់​តែ​ប្រាប់​ថា អាជេរ​ពី​ក្រៅ​សេរីភាព​បញ្ចេញ​មតិ​ ក្រែង​ថា គេ​មិន​ជឿ​ ឥឡូវ​អ្នក​ឯង​ចាំ​ស្តាប់​​ និន្នាការ​ដែល​គិត​តែ​ពី​ជេរ​នោះតើវាយ៉ាងម៉េច​។ ទី៣​ យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុភវិនិច្ឆ័យ​​មួយ​ទៀត​​ដែល​គណបក្ស​ប្រឆាំង​ NGO ប្រឆាំង​ច្រើន​ថា​ ពេល​គេ​តិះតៀន​​រដ្ឋាភិបាល តិះតៀន​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ គេ​ថា​គេ​តិះ​តៀន​ដើម្បី​ស្ថាបនា ចុះ​នៅ​ពេល​ដែល​វេទិការ​របស់​យើង​ជា​វេទិការ​ចំរុះ​​ គ្រប់​និន្នាការ​មាន​ទាំង​គណបក្ស​ប្រឆាំង​ គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ គណបក្ស​​នៅ​ក្រៅ​ផ្សេង​ៗ​ទៀត គេ​ទូរសព្ទ័​ ចូល​ហើយ​គេ​តិះ​តៀន​គ្នា​ទៅ​វិញ​​ទៅ​មក​ ម៉េច​ក៏អ្ន​ក​មិន​ទទួល​ស្គាល់​​ថា អាហ្នឹង​ជាការ​​តិះតៀន​ ដើម្បី​ស្ថាបនា​ផង​​ និងមិន​ទទួល​ស្គាល់​ថា​ជាការតស៊ូមតិក្នុងន័យនយោបាយផង​។

 ម្យ៉ាងទៀតដើម្បី ​​បង្ហាញ​ឲ្យឃើញថា​ក្រុមណា​ដែលមានចរឹត​អាក្រក់​ជាងគេ​​ វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​ ក៏បាន​ស្វះស្វែងរកលុយដើម្បី​រៀបចំវេទិកា​។ ថ្លៃជួលវិទ្យុ​១នាទី ១ដុល្លារ អញ្ចឹង១ខែ​គឺ១៥០០​ដុល្លារ​​មាន​រយះពេលតែ១ម៉ោងទេ​ ហើយយើងដាក់លក្ខខណ្ឌ​មិន​ឲ្យប្រីយ៍មិត្ត​ដែល​ទូរសព្ទ័​​ចូល​​​មាន​ការ​វាយ​ ប្រហារ​គ្នាទៀត​ គឺយើងសុខចិត្តឲ្យមានការតិតៀនមក​វិទ្យាស្ថានវិញ​ ឲ្យជេរ ឈឹម ផលវរុណ វិញ ប៉ុណ្ណឹង​ហើយ​នៅតែគេ​មិនឲ្យតម្លៃទៀត​។​ មានអ្នកខ្លះ​ដែលយើង​អាចទ្រាំ​បាននឹង​ការ​ជេរប្រមាថ​នេះ គេហ៊ាន​ដៀលយើងថា​ថោកទាបទៅទៀត ព្រោះគេជេរអត់ឈឺ​ គឺមាន​រហូត​ដល់​ថ្នាក់​នេះ​ទៀត​ ហេតុអ្វី​ក៏ខុមហ្វ្រែល​មើលអត់ឃើញ?​។ មានអ្នកខ្លះទៀត​ទូរសព្ទ័ចូល​មកថែម​ទាំងគំរាម​ដកក្រចក គំរាម​កាត់​អណ្តាត​​ គំរាម​យកច្រវាក់ទាក់ក ហេតុអ្វីក៏ខុមហ្វ្រែលមិនធ្វើរបាយការណ៍ផង​?​ ហើយ​ចោទ​ប្រកាន់​ថា​​កម្មវិធី​វិទ្យុ​របស់​វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​នេះ​ វាយប្រហារ​គណបក្ស​ប្រឆាំង​ទាំងអស់​។ ចំណែក​ខាង​គណបក្ស​​ប្រឆាំងដែលជេរ ឈឹម ផលវរុណ ជេរ​វិទ្យាស្ថានពលរដ្ឋវិជ្ជា ជេររដ្ឋាភិបាល​ មានពេល​ខ្លះជេរ​ប្រមុខ​រដ្ឋាភិបាល​ ជេរគណបក្សប្រជាជនកម្ពុជា ម៉េចក៏មិននិយាយផង​?​ តាមពិត​វេទិកា​នេះ​គឺ​ជាវេទិកា​ចម្រុះ​តែម្តង​។

-មតិលោក សត្យា រក្ស​
ត្រង់ចំណុចនេះ ដែលខ្ញុំបានតាមដានស្តាប់ដែរ​នូវ​កម្មវិធី​​របស់វិទ្យាស្ថានពលរដ្ឋវិជ្ជា​ របស់​លោក​បណ្ឌិត ហើយខ្ញុំ​កំពុងមាន​ការងឿង​ឆ្ងល់​ចំពោះ​គណបក្សប្រឆាំង​ ថាតើហេតុអី​ ដែល​កម្មវិធី​ពលរដ្ឋ​វិជ្ជា​នេះ​រៀបចំ​ឡើងដើម្បីពន្យល់ប្រជាពលរដ្ឋ​ ឲ្យស្គាល់អំពីសីលធម៌ សច្ចៈធម៌ យុត្តិធម៌​សង្គមពិតប្រាកដ និង​ធ្វើយ៉ាងណា​ឲ្យ​ខ្មែរទាំងអស់គ្នាលះបង់នូវភាពទុច្ចរិត​នៅក្នុងខ្លួន ឬការ​គាំទ្រ​ជ្រុល​ហួសហេតុ​នោះ​ ឲ្យ​ងាកមកដើរផ្លូវកណ្តាលដើម្បីមកចូលរួម​ដឹកដៃគ្នាកសាង​ប្រទេស​ជាតិ​ បែរជាគណបក្សប្រឆាំង​មិនគាំទ្រ​ទៅ​វិញ​?​​។ ក៏ប៉ុន្តែ​ខ្ញុំឆ្ងល់ថា អ្នកដែលបានចូលរួម​ជាមួយ​គណបក្សប្រឆាំង​ បែរជាជះកំហឹង​ ជះនូវ​ភាព​ឃោរឃៅ​ ដែលមិនគួរឲ្យចង់ស្តាប់​ទៅវិញ​។ នេះជាការមួយបញ្ជាក់អំពីចរឹតរបស់អ្នកគាំទ្រ​ ថា​តើអ្នក​គាំទ្រ​គណបក្ស​ណា​មួយ​ដែល​អាក្រក់​ជាងគេ​?​​

-មតិលោកបណ្ឌិត ឈឹម ផលវរុណ​
ជាចុងក្រោយ ​នេះ​ ខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាស្តារនូវសតិ​សម្បជញ្ញៈ​មួយគឺ​ភាព​សុច្ចរិត​​ ដើម្បីឲ្យសង្គមជាតិយើងឆ្ពោះទៅកាន់នូវភាពសុច្ចរិតបានទាំងអស់គ្នា​​ ទាំងឧត្តមគតិ និងការ​គោរព​ច្បាប់​​។​តើយើងត្រូវរិះរកនូវវិធីទប់ស្កាត់​យ៉ាងណា ដើម្បីកុំឲ្យមានរបាយការណ៍ អាឡិកអាឡក់​បែបនេះ​?​។​ របាយការណ៍ដែលមិនសុច្ចរិត​ទាំងអស់នេះ​វាអាច​ធ្វើ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​ ​​ ដូច្នេះហើយ​ទើប​យើង​​មាន​កាតព្វកិច្ច​ពន្យល់​ប្រជាពលរដ្ឋ​។ យើងចង់ឲ្យសង្គមជាតិមួយ​ទោះបីថិត​នៅក្នុង​ឯក​សណ្ឋាន​​ខុសគ្នា​ក៏ដោយ​​ គឺត្រូវឈរលើសុភវិនិច្ឆ័យ​ និងសុច្ចរិតភាព​ គឺទាំងអង្គការសង្គម​ អង្គការរដ្ឋ​ និងអង្គការឯកជន​ មានន័យថា​បុគ្គល​ដែលថិតនៅក្នុងអង្គការទាំងនោះ​ត្រូវប្រកាន់​យក​នូវ​ឧត្តម​ គតិ​ស្មោះត្រង់​​ ដើម្បី​ចៀស​វាង​ ដូចឧទាហរណ៍​ខុសឆ្គង​ដែលខុមហ្វ្រែល​បាន​ចោទ​ប្រកាន់​មកលើ គ ជ ប​ ចោទ​ប្រកាន់​​មក​លើ​រដ្ឋាភិបាល​ នេះ​អញ្ចឹង​។​​​ ពួកយើងកំពុងតែធ្វើការងារ ដើម្បី​បង្ហាញ​អំពី​ចំណុចខ្សោយ​របស់គណបក្ស​ប្រឆាំង ដើម្បីឲ្យឱកាសគណបក្សប្រឆាំងក្នុងការរៀបចំ​ខ្លួនឡើងវិញ​ឲ្យ​បាន​ល្អ​​ គឺដើម្បីឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ទៅប្រកួត​​ប្រជែង​ជាមួយ​គណបក្ស​ ប្រជាជនកម្ពុជា​​។ ការប្រកួត​ប្រជែង​ជាមួយដៃគូរដែលមានកម្លាំងប្រហាក់ប្រហែលគ្នា​ គឺជាប្រការដែលល្អ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​មាន​ការបាក់ស្លាប​។ អញ្ចឹងការតិតៀនគណបក្សប្រឆាំង​ ការដែល​ប្រជាពលរដ្ឋ​តិតៀន​គ្នា​ទៅវិញ​ទៅមក​នោះ​ គឺជាការ​ស្ថាបនាទៅវិញទេ។​ តើខុមហ្វ្រែល​ ហ៊ានតិតៀនគណបក្សប្រឆាំង ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​​អាចស្ថាបនា និងកែទម្រង់ខ្លួនឯងឬទេ​?​ ផ្ទុយទៅវិញ ពួកគេគិត​តែរួមដៃគ្នា​ដើម្បី​ជេរ​រដ្ឋាភិបាល​​ និងជេរគណបក្សប្រជាជនកម្ពុជា​ ហើយ​រហូត​ជេរ​ដល់​វិទ្យាស្ថានពលរដ្ឋវិជា្ជ ដែលកំ​ពុង​តែ​​ធ្វើ​ការ​ពន្យល់​ និងអប់រំប្រជាពលរដ្ឋ​ឲ្យមាន​ការយល់ដឹងទៅវិញ​​។​ យើង​មិនចង្អៀត​ចង្អល់​នឹង​ការ​តិតៀន​នោះ​ទេ​​ ប៉ុន្តែ​កុំឲ្យដើរចូលគន្លង​ដូចពាក្យថា « ក្របីស៊ីសំណាបបែរជាចោទប្រកាន់គោកំពុងតែនឿយហត់ក្នុងការភ្ជួរស្រែ » ។ តើនរណាខ្លះដែលកំពុង​ហត់នឿយ​ក្នុង​ការ​ភ្ជួរស្រែ​? ​ហត់នឿយ​ក្នុង​ការ​កសាង​ប្រទេស​​? គឺរដ្ឋាភិបាល គណបក្ស​ដឹកនាំរដ្ឋាភិបាល និងគណបក្សដែលមានសុភវិនិច្ឆ័យ​ ចំពោះការ​អភិវឌ្ឍ​សង្គម​​ជាតិ​ អង្គការសង្គម ដែលកំពុងមាន​សុក្រឹត្យភាពក្នុងការងាររបស់ខ្លួន​ ស្ថាប័នឯកជន និង​ប្រជាពលរដ្ឋ​ដែល​មាន​ការស្មោះត្រង់​។

ដូច្នេះយើងទាំងអស់គ្នាគ្រប់និន្នាការ សូម​ច្រានចោលនូវរបាយការណ៍​ទុច្ចរិត ភូតភរ បោកប្រាស់​ ដែល​ចេញ​ពីខុមហ្វ្រែលនេះ ពីព្រោះចរឹតនៃភាពមិនស្មោះត្រង់នេះ​ធ្វើឲ្យមានការប៉ះពាល់ បំផ្លិចបំផ្លាញ​នូវភាព​សុច្ចរិតរបស់​សង្គមជាតិយើង​ របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា​។ យើងត្រូវមានឧត្តមគតិ​ប្រឆាំង​​នឹងអំពើមិនស្មោះត្រង់ទាំងនោះ​ ជាពិសេសគឺដូចជាឧទាហរណ៍នៃរបាយការណ៍​អាឡិកអាឡក់​​ខាង​នយោបាយ​របស់​ខុមហ្វ្រែល​ កន្លងមក​នេះ​៕
សម្រង់ព័ត៌មាន លោក នូ សាវុធឌី