Wednesday, March 21, 2012

ទស្សនវិភាគ ៖ ​អ្នក​​តំ​ណាង​​អង្គការ​ សមាគម​មិន​មែន​​រដ្ឋាភិបាល​ និង​យុវជន​អាស៊ាន​ ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើសដោយ​សេរី​ យុត្តិធម៌ និង​​តម្លាភាព​​ ​


           កិច្ចប្រជុំត្រៀមរៀបចំវេទិកាប្រជាជាតិអាស៊ានរបស់សង្គមស៊ីវិលកម្ពុជា បាន​បោះឆ្នោត​ជ្រើស​រើសអ្នក​តំ​ណាង​របស់​ខ្លួន​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណជាង​២ពាន់នាក់ ដែលជា​​តំណាង​​អង្គការ​សមាគម សហជីព​ចំ​នួន​ជាង​៩០០ នៅ​កម្ពុជា​ ។ ជាលទ្ធផលបេក្ខជន​ពីររូប​បាន​ទទួល​ការ​គាំទ្រដោយសម្លេង​លើសលុប។

          ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្តទៅកាលពី​ថ្ងៃ​ទី ​១៥ ខែមីនា​ ឆ្នាំ ២០១២      ​ដោយ​សេរី​ ត្រឹម​ត្រូវ​ ​យុត្តិធម៌ តាម​លក្ខណៈប្រជាធិបតេយ្យ និងប្រកបដោយ​តម្លា​ភាព​ជាទី​បំ​ផុត​ ដែល​បាន​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ខ្មែរសំរាប់សហ​ប្រតិ​បត្តិការ​ និង​សន្តិភាព(CICP) ឧបត្ថម្ភ​ដោយ មូលនិធិ​ វប្បធម៌ និង​សិល្បៈ​ជប៉ុន(IFAC) នៅ​សកលវិទ្យា​ល័យ​កម្ពុជាក្នុង​ទី​ក្រុង​ភ្នំ​ពេញ​។

លោក សុខ ធាវុធ ប្រធានសមាគមយុវជនកម្ពុជា-​អាស៊ាន(CAYA)​បានទទួល​សម្លេង​ឆ្នោត​គាំទ្រចំ​នួន​១៥៨០សម្លេង ឈ្នះ​ដាច់​សម្រាប់​ទទួល​តួនាទី​ជាតំណាង​យុវជនអាស៊ាន លើដៃ​គូរ​ប្រកួតប្រជែង​ លោក សេន សុវណ្ណៈ ប្រធាន​អង្គការយុជនពង្រឹងខ្លួនឯង ដែល​បាន​ទទួល​សម្លេង​ឆ្នោត ៣៣សម្លេង​ នៃចំ​នួន​សន្លឹកឆ្នោតសរុប១៨៣០ សន្លឹក

ចំ​ណែកលោកស្រី ហូយ សុជីវណ្ណី នាយិកា​នៃអង្គការ​បំលាស់​ប្តូរ​ជាវិ​ជ្ជ​មាន​សំរាប់​កម្ពុជា​(PCC) ត្រូវបានគណៈកម្មការបោះឆ្នោត​ជ្រើស​រើស​​​ដោយលើក​ដៃតំ​ណាង​ឱ្យ​អង្គការ​សមាគម ​មិន​មែន​រដ្ឋាភិបាល​ ​ពី​ព្រោះ​គ្មាន​​​គូរ​ប្រ​កួតប្រជែង។

បន្ទាប់​ពី ​បង្ហាញ​នូវ​លទ្ធផល​ឆ្នោត​រួច​មក​ គណៈកម្មការ​រៀប​ចំ​បោះ​ឆ្នោត​នៅ​ក្នុង​ឱកាសនោះ​ ក៏​បាន​ប្រកាសឱ្យ​តំ​ណាង​អង្គការ​នីមួយៗបញ្ជូន​តំ​ណាង​របស់​ខ្លួន ​សម្រាប់​ការ​​ឈរឈ្មោះ​ជ្រើស​រើស​​បង្កើត​គណៈកម្មការចំ​នួន​​៤ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នាពេល​ខាង​មុខ។

គណៈកម្មការ ​ទាំង​បួននោះ​ រួម​មាន​ គណៈកម្មការរៀប​ចំ​ គណៈកម្មការ​ដឹក​នាំទូ​ទៅ គណៈកម្មការ​កម្មវិធី​ និង​គណៈកម្មការ​​ឯកសារ ដែល​ត្រូវ​បាន​ដឹក​នាំ និង​គ្រប់​គ្រង​ដោយ​អង្គការ​សមាគម​ចំ​នួន​៤ ផ្សេង​ៗគ្នា​ តាម​រយៈការ​បោះ​ឆ្នោត​លើក​ដៃជាឯកច្ឆន្ទ។

លោកស្រី ណេត ចន្ថា នាយិការងនៃ​វិទ្យាស្ថានខ្មែរសម្រាប់​​សហ​ប្រតិបត្តិការ ​និង​សន្តិ​ភាព​(CICP)បានឲ្យដឹងថា មុននឹងរៀបចំកម្មវិធី​នៅ​ថ្ងៃនេះ​ គឺវិទ្យាស្ថាន​ខ្មែរសម្រាប់​សហ​ប្រតិ​បត្តិការ និង​សន្តិភាព​  បាន​ផ្សព្វផ្សាយដំ​ណឹង​ជូន​សាធារណជនយ៉ាង​ទូ​លំ​ទូលាយ​​ រួម​ទាំង​ចែក​ចាយ​លិខិត​អញ្ជើញ​ជាច្រើន​សម្រាប់​​ការ​ចូល​រួម​ប្រកួត​ប្រជែង ​​ចាប់​តាំង​ពីថ្ងៃទី៩ខែ​មីនា រហូត ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២មកម៉្លេះ ។   ដំ​ណឹង​នេះ​ធ្វើ​ឡើង​តាមរយៈការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌​មាន គេហទំ​ព័​រ ​ជា​ច្រើន និងតាមទូរទស្សន៏ក្នុង​ស្រុក​។

បើ​ទោះ​ជា​ ដំ​ណើរការ​ប្រព្រឹត្តទៅ​ ដោយ​សេរី​ ត្រឹម​ត្រូវ យុត្តិធម៌ តម្លាភាព​ និង​តាម​លក្ខណៈ​​ប្រជាធិបតេយ្យយ៉ាង​នេះ​ក៏​ដោយ​ ក៏​នៅ​តែមាន​ការ​រិះ​គន់​ពី​អង្គការ​មួយ​ចំ​នួន​តូចដែល​មិន​បាន​ចូល​រួម​​ ឈរឈ្មោះ​បោះ​ឆ្នោត​ និង​សារព័ត៌មាន​បរទេស​​ដែល​មាន​និន្នាការ​ប្រឆាំង​ ​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​ពុំ​ឈរលើ​ការ​ពិតជាក់​ស្តែង​​ និយាយ​មួល​បង្កាច់​ថា អង្គការ​ដែល​ជាប់​ឆ្នោត​ គឺជាអង្គការ​តូច​តាច មិន​មាន​ឈ្មោះ​បោះ​សម្លេង មិន​ហ៊ាន​រិះគន់​រាជ​រដ្ឋាភិបាល​នូវ​ចំ​នុចរសើប​ និង​ថា​ ដំ​ណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​រដ្ឋាភិបាល​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Cambodia Daily កាលពី​ថ្ងៃទី​១៩​ខែ មីនា ឆ្នាំ ២០១២ និង​សារព័ត៌មាន Bangkok Post ថ្ងៃទី​១៨ ​ខែ មីនា ឆ្នាំ ២០១២។

ពាក្យ​ចោទ​ ប្រកាន់​ទាំង​នេះ​ គឺបាន​បង្ហាញ​នូវ​ការនាំគ្នាទូង​ស្គរ ​វាយ​បំ​ផ្លាញលទ្ធិ​ប្រជាប្រជា​ធិបតេយ្យនៅ​កម្ពុជា​​ ដែល​ពួក​គេបាន​យក​ស្លាក​អង្គការ​របស់​ខ្លួន​ មក​បន្តុះ បង្អាប់​អង្គការ​ដទៃ ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​អ្នក​ចូល​រួម​រាប់​ពាន់​នាក់​ ក្នុង​នោះមាន​​ទាំង​ព្រះ​សង្ឃ និស្សិត បញ្ញាវ័ន្ត​ អង្គការ​សមាគម សហជីព​ ដែល​ពួកគេបាន​សម្រេច​ចិត្តដោយ​សុភវិនិច្ឆ័យ​ក្នុង​ការ​គាំទ្របេក្ខជន​ ទាំងពីររូប​ឱ្យមាន​ភាព​ជាអ្នក​តំណាងដ៏ស្របច្បាប់ ក្នុង​ការ​ជួប​ជាមួយ​ប្រមុខរាជ​រដ្ឋាភិបាល​ និង​បណ្តាមេដឹក​នាំប្រទេស​នីមួយ​ៗនៃសមាជិក​អាស៊ាន​     ក្នុង​នាម​​​អង្គការសមាគម​មិ​នមែន​​រដ្ឋាភិបាល និង​តំ​ណាង​យុវជន​កម្ពុជា​ សម្រាប់​វេទិកាអាស៊ាន​។

ក្រុម​អ្នក ​រិះ​គន់ទាំង​នោះ​​ គួរគប្បី​បង្ហាញ​នូវ​ការ​ចូល​រួម​ និង​លើក​តម្លៃ កិត្តិយស​ ហើយ​​ជាង​នេះ​ទៅ​ទៀត គួរតែបង្កើននូវ​​កិច្ចសហការ​ដើម្បី​មុខមាត់​របស់​ប្រទេស​ខ្លួន​ ដែល​មាន​ឱកាសបាន​ធ្វើជាម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំកំ​ពូល​អាស៊ាន​ មិន​គួរគប្បី​នឹង​នាំគ្នា​ជាន់​កំ​ទេច ក្តិចបំ​ផ្លាញ​ សម្លាប់​ទឹក​ចិត្តដល់​អង្គការ​ សមាគម​ផ្សេង ​ដើម្បី​សំ​រេច​គោលដៅ​ប្រឆាំង​ ទាញ​យកផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​អទិ​ភាព​ ហើយ​​បំ​ភ្លេចផល​ប្រយោជន៍​ជាតិនោះ​ទេ​​​​​។

ការពិត​ តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម​ សហជីព​នៅកម្ពុជា​​ គឺបង្កើត​ឡើង​ដើម្បីបំ​រើផល​ប្រយោជន៍​ពល​រដ្ឋខ្មែរ លើក​កម្ពស់​ដំ​ណើរការ​ប្រជាធិបតេយ្យ ពង្រឹង​ការគោរព​ច្បាប់​ និង​ចូល​រួម​កសាង​ អភិវឌ្ឍប្រទេស​ដោយ​តម្លាភាព​ មិន​មែន​បង្កើត​អង្គការ​សម្រាប់តែ​ពង្រីក​សេចក្តី​ក្លាហាន​ ក្នុង​ការ​ប្រើប្រាស់​វេទិការិះគន់​ដើម្បី​តែការ​ទាក់​ទាញ​ជំ​នួយពី​បរទេស​​    ហើយ​សម្លឹង​មក​ស្រុក​ខ្មែរ​ក្នុ​ងក្រសែ​ភ្នែ​ក​​អាក្រក់ ដោយ​ពុំ​មាន​ការ​តាំង​ចិត្តធ្វើ​ជាគំ​រូ​សម្រាប់​បណ្តាអង្គការ​ដទៃរៀន​សូត្រ ​តាម​នោះ​ទេ។ ​​​

ការ​រៀប​ចំ ​វេទិកាសង្គម​ស៊ីវិល វេទិកាប្រជាជន​អាស៊ាន និង​ដំ​ណើរការ​ឆ្ពោះ​ទៅ​អាស៊ាន​តែ​មួយ​ឆ្នាំ២០១៥ គឺដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលបំ​ណង​ជាក់​លាក់​ និង​គោលការណ៍​ចំ​បង​ដែល​ចែង​ក្នុង​ធម្មនុញ្ញអាស៊ាន​ ក្នុង​ផែន​ទី​ចង្អុល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ ឆ្នាំ ២០០៩ ‑ ២០១៥។

វេទិការអាស៊ាន គឺបង្កើត​ឡើង​ដើម្បីបំ​រើឱ្យ​ផល​ប្រយោជន៍របស់​​ប្រជាជនទាំងដប់​ប្រទេស​។ វេទិកា​​នេះ​ ផ្តល់​ឱកាសឱ្យ​ប្រជាពលរដ្ឋចូលរួមលើកឡើងនូវ​បញ្ហារួមគ្នា រិះរក​យុទ្ធសាស្រ្តដោះ​ស្រា​យ​​ថ្នាក់ជាតិ និងតំបន់។

សន្និសីទកំពូលសង្គមស៊ីវិលអាស៊ាន / វេទិកាប្រជាជនអាស៊ាន(ACSC / APF) ត្រូវបានផ្ដួច​ផ្ដើមគំនិតដំបូង ដោយប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០០៥ ហើយបន្ទាប់មកត្រូវបានរៀបចំឡើង នៅ ប្រទេសហ្វីលីពីននៅឆ្នាំ២០០៦ បន្ទាប់មកនៅប្រទេសសឹង្ហបូរី ២០០៧ និងនៅរាជាណាចក្រថៃ​នៅឆ្នាំ២០០៩ និងឆ្នាំ២០១០  នៅសាធារណៈរដ្ឋ​សង្គម​និយមវៀតណាម ​ឆ្នាំ២០១១​​​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ហើយនៅឆ្នាំ​២០១២នេះ កម្ពុជា​យើង​ ធ្វើជាម្ចាស់ផ្ទះ​អាស៊ាន​​។

វេទិការអាស៊ាន ​លើកទី៧ នៅប្រទេសកម្ពុជាដែលប្រារព្ធធ្វើ​ឡើងចំ​នួន​២ថ្ងៃ ចាប់​ពីថ្ងៃទី៣ ដល់​ថ្ងៃទី៤ ខែមេសា  ឆ្នាំ២០១២ តាម​គម្រោងមាន​អ្នកចូលរួមចំនួន១២០០ ទៅ១៥០០នាក់ នឹងលើកឡើង​ប្រធាន​បទ​ស្តី​ពី​ « យេនឌ័រ និងការអភិវឌ្ឍន៍ក្នុងអាស៊ាន » ដែលនឹងរៀបចំវេទិកា​សង្គមស៊ិវិល​ឲ្យ​ប្រជាជន​របស់អាស៊ាន​ទាំង​ដប់​ប្រទេសនេះ សម្រេច​ដំណើរការ​ឆ្ពោះទៅបង្កើត​បាន​នូវ​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ។

ដូច្នេះ​​ ការ​បោះ​ឆ្នោត​ជ្រើសរើសអ្នក​តំ​ណាង​អង្គការ​សមា​គមមិន​មែន​រដ្ឋាភិបាល​​ និង​តំ​ណាង​​យុវជន​អាស៊ាន​ ក៏ដូច​ជា​ការ​បង្កើតគណៈកម្មការ​ទាំង​៤​ ដើម្បី​​ចូល​រួម​រៀប​ចំ​វេទិកាអាស៊ាន​ គឺពិត​ជាបាន​ធ្វើ​ឡើង​តាម​លក្ខណៈ​ស្រប​ច្បាប់ តាម​លក្ខណៈប្រជាធិបតេយ្យ​ ប្រកួត​ប្រជែងដោយ​បើក​ចំ​ហរ ជូន​ដំ​ណឹង​ជា​សាធារណៈ មិន​មែន​ធ្វើ​ឡើង​ដោយ​ភាព​ស្ងាត់​ស្ងៀម ឬ​ក៏​រៀប​ចំ​ដោយ​រាជ​រដ្ឋាភិបាល​នោះ​ទេ។

 ផ្ទុយ​ទៅ​ វិញ​ការ​ខកខាន​ពុំ​បាន​ចូលរួម​​បោះឆ្នោត​ គឺអាច​ចាត់​ទុក​ថា​ ជាចេតនា​ចង់​បង្កើត​នូវ​យុទ្ធនា​ការ​​បំ​​ផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​ ជាតិខ្លួន​ឯង​ និងចាំតែរិះ​គន់​ មិនបាន​​ចូល​រួម​​សហ​ការ​ គឺជា​ការ​បាត់​បង់​ឱកាសមួយ​ដ៏​ធំ​ក្នុង​នាម​ជាអង្គការ​ សមាគមមិន​មែន​រដ្ឋាភិបាល​មួយ​នៅ​កម្ពុជា​ ឬ​ក៏​អាច​និយាយ​បាន​ថា​ ប្រហែល​ជា​ដឹង​ខ្លួន​ជាមុន​ថា​ អង្គការ​របស់​ខ្លួន​គ្មាន​ប្រជាប្រិយភាព​ ឬ​នឹងមិន​ទទួលបាន​ជោគ​ជ័យ​ទើប​មិន​ឈរឈ្មោះ​សម្រាប់ការ​បោះ​ឆ្នោត​នោះ​៕

ដោយៈ សម រាំងសែក (អ្នក​វិភាគ​ឯករាជ្យ​)