Tuesday, March 6, 2012

បទវិភាគៈ ពលរដ្ឋ​ខ្មែរ​គ្មាន​ជំនឿ​លើ​គណបក្ស​ប្រឆាំង


រដូវកាលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ បានខិតជិតមកដល់ គណបក្សនយោបាយទាំងអស់ នៅកម្ពុជា ក៏បាននិងកំពុងមមាញឹកស្វះស្វែងរកបេក្ខជនមានសមត្ថភាព និង​មាន​ប្រជាប្រិយភាពគ្រប់ ច្រកល្ហកដើម្បីយកមកបង្ហាញ និងបង្អួតដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការ​ត្រៀមលក្ខណៈ​ដណ្តើមជ័យជំនះ សម្រាប់ការ បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ ឆ្នាំ២០១២ នាពេលខាងមុខ ។

ប៉ុន្តែរឿងគួរឲ្យសោកស្តាយ គឺក្រុមគណបក្សជំទាស់ទាំងអស់នោះ ពុំមានលទ្ធភាព និងសមត្ថភាព គ្រប់គ្រាន់​​អាច​ទាក់​ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរឲ្យ​ជឿជាក់​លើគោល​ នយោបាយ និង​មេដឹកនាំ​របស់​ខ្លួន ទើបក្លាយជាឧបសគ្គយ៉ាងខ្លាំង លើការស្វែងរកបេក្ខជន​មកប្រកួតប្រជែង​នៅលើទីលានប្​រជាធិបតេយ្យ នៃការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់នេះ ។

បើយើងពិនិត្យមើលឲ្យបានដិតដល់ នឹងកាន់តែស៊ីជំរៅទៅលើក្រុមគណបក្សជំទាស់ទាំងអស់នោះ យើង​នឹងឃើញភ្លាមគឺពួកគេខ្វះខាតសព្វបែបយ៉ាងដូចជា គោល​នយោបាយ​ល្អ មេដឹក​នាំដែល​អាចទុក ចិត្តបាន ពិសេសភាពទទួលខុសត្រូវនៅមានកម្រិត នៃក្រុមការ​ងា​រទ្រទ្រង់​គណបក្សរបស់ពួកគេនៅតាម បណ្តាខេត្ត/រាជធានី។

ដោយឡែកចំពោះក្រុមគណបក្សជំទាស់ដែលទើបបង្កើតថ្មីថ្មោង នៅមានភាពស្ទាក់ស្ទើរយ៉ាងខ្លាំង ក្នុង​ការចំណាយ ពីព្រោះ​ពួកគេ​ដឹងច្បាស់​ថានឹងមិន​ទទួល​បានការ​គាំទ្រ​ច្រើនពីប្រជាពលរដ្ឋទេ ដែល​អាច ធ្វើឲ្យខាតបង់ថវិកាឥតប្រយោជន៍ ជាពិសេសអាចនឹងមានប៉ះពាល់ ឬបាត់ការ​គាំទ្ររឹត​តែខ្​លាំង​បន្ថែមទៀត ព្រោះភាពបរាជ័យ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នេះ គឺជាការឆ្លុះយ៉ាងធំធេង ទៅលើលទ្ធផល សម្រាប់ការ​បោះឆ្នោតជ្រើស​តាំង​សភា​តំណាង​រាស្រ្ត​នាឆ្នាំ២០១៣ ។

ហេតុផលខាលើនេះហើយ ដែលក្រុមគណបក្សជំទាស់ទាំងអស់នោះ បានបង្វែរការទទួលខុសត្រូវ ក្នុងគណបក្សខ្លួន ដោយបង្កើតជាលេសគ្រប់បែបយ៉ាងតាមតែអាចទៅរួច មកដា​ក់បន្ទុក ឬ ទម្លាក់​កំហុស មកលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាមិនសេរី មិនយុតិ្តធម៌ និងគណ​បក្សប្​រជាជន​កម្ពុជា ជាគណបក្ស​កាន់អំណាចថាដើរ​គំរាមកំហែង​សកម្មជន​ពួកគេមិនឲ្យ​ឈរជា​បេក្ខជន​គណបក្សរបស់ខ្លួន ។

តាមពិតទៅ នេះគឺគ្រាន់តែជាលេស សម្រាប់ឲ្យមតិជាតិ អន្តរជាតិមួយចំនួន ដែលខ្វះការតាមដាន និង ពិចារណាដោយម៉ត់ចត់នោះ អាចនឹងវង្វេងព័ត៌មាន និង ស្មារតី ហើយ​ងាកទៅរក​ភាព​អាណិត​អាសូរ លើកកលល្បិចនយោបាយបោកបញ្ឆោតដោយមិនដឹងខ្លួន ។

សរុបសេចក្តីមក អ្វីៗដែលគណបក្សជំទាស់ទាំងអស់ អំពាវនាវឲ្យមតិជាតិ និង អន្តរជាតិ ជួយនោះ គឺជាល្បិចចុងក្រោយ សម្រាប់​ការ​បិទបាំង​នូវភាព​បរាជ័យ​ដែល​មិន​ទាន់​មកដល់តែប៉ុណ្ណោះ ។
ភូមិន្ទ