Tuesday, March 6, 2012

សុន្ទរកថា ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី តំណាងដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រ​កម្ពុជា ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​គរុនិស្សិត ​កម្រិត​ឧត្តម “ បរិញ្ញា+១ ” ជំនាន់ទី១៦ និង​គរុ​សិស្ស​កម្រិត​​មូលដ្ឋាន ឯកទេស​ភាសា​បារាំង-ខ្មែរ “ ១២+២ ” នៃ​វិ​ទ្យាស្ថាន​ជាតិអប់រំ


សុន្ទរកថា
ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ​
ដល់គរុនិស្សិត ​កម្រិតឧត្តម “ បរិញ្ញា+១ ” ជំនាន់ទី១៦ និងគរុសិស្សកម្រិត​មូលដ្ឋាន ឯកទេសភាសាបារាំង-ខ្មែរ “ ១២+២ ” នៃវិទ្យាស្ថានជាតិអប់រំ
រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១២

  • ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាទីមេត្រី!
  • គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្ត្រីរាជការ ក្មួយៗគរុនិស្សិត និងគរុសិស្សទាំងអស់​ជាទីស្រឡាញ់រាប់អាន!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស​រីករាយ ចូលរួមក្នុងពិធីប្រគល់​សញ្ញាបត្រជូនដល់ក្មួយៗ ​គរុ​និស្សិត និងគរុសិស្ស ចំនួន ១.០៣២នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះ ខ្ញុំ​សូម​សម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងការកោតសរសើរ​ដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងមន្ត្រីរាជការទាំងអស់ នៃវិទ្យាស្ថានជាតិអប់រំ ដែលបានខិតខំ​យកអស់កម្លាំងកាយចិត្ត ក្នុងការអប់រំ បណ្តុះបណ្តាល បង្ហាត់​បង្ហាញ និងផ្ទេរចំណេះដឹងដ៏​មានតម្លៃដល់​ក្មួយៗ​គរុ​និស្សិត និង​គរុសិស្សទាំងអស់ដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅរួម​ចំណែក​​អភិវឌ្ឍ​ធនធានមនុស្សនៅ​កម្ពុជា។ លទ្ធផលគួរជាទីមោទនៈដែលវិទ្យាស្ថាន​ជាតិ​អប់រំ ក៏ដូចជា​ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាន​នាពេលកន្លងមកនេះ គឺជា​ការ​​ឆ្លើយតប​យ៉ាងសមស្រប និងទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់​រាជរដ្ឋាភិបាល និងសេចក្តី​ត្រូវការ​របស់ប្រទេសជាតិ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយ​គុណវុឌ្ឍិ​ខ្ពស់ ដើម្បីក្លាយ​ជាកម្លាំង​ប្រកប​ដោយ​សក្តានុពល​ ក្នុងការជួយជម្រុញដល់កំណើនសេដ្ឋកិច្ច និងការកាត់​​​បន្ថយ​​ភាព​ក្រីក្រ​។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗគរុនិស្សិត និងគរុសិស្សទាំងអស់
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ពិសេសការអប់រំបណ្តុះបណ្តាលគ្រូបង្រៀន ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​ជំនាញ​វិជ្ជា​ជីវៈ​ខ្ពស់​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។  បច្ចុប្បន្ននេះ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និង​ឯកជន បាននិងកំពុងខិតខំប្រឹងប្រែងពង្រីកលទ្ធភាព ក៏ដូចជាពង្រឹង​សមត្ថភាពរបស់ខ្លួន ដើម្បីបំពេញ​នូវតម្រូវ​ការ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ឲ្យស្របតាមនិន្នាការសេដ្ឋកិច្ចនិងនយោបាយ ក្នុង​បរិបទ​នៃ​ចរន្តសកលភាវូបនីយកម្ម។ ជាក់ស្តែង តួលេខនិស្សិតដែលបានបញ្ចប់​ការ​សិក្សាមានការ​កើន​ឡើងគួរ​ឲ្យ​​ កត់សម្គាល់ជារៀងរាល់ឆ្នាំ។ ដោយឡែក នៅចំពោះមុខយើងនេះ គរុនិស្សិត និង​គរុសិស្ស ចំនួន ១.០៣២នាក់ បាន​ខិតខំពុះពារឆ្លងកាត់ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជាគ្រូ​ បង្រៀនអស់រយៈពេល​ពេញ​មួយ​ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំនេះ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ​ ដែល​ក្មួយៗ​ទាំង​អស់​​នឹងទទួល​​បានសញ្ញាបត្រ​នៅពេល​បន្តិច​ទៀត​នេះ។

តាមរបាយការណ៍របស់ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញ​ពីការរួមចំណែកយ៉ាងធំធេងរបស់​វិទ្យាស្ថាន​ជាតិ​អប់រំក្នុងការ​ បណ្តុះ​បណ្តាលគ្រូកម្រិតឧត្តម និង​កម្រិត​មូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្នុងនាមខ្ញុំ​ផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផលដ៏ធំធេងនេះ និងសូមកោតសរសើរដោយស្មោះចំពោះ​ក្រសួង​​​​អប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលបានយកចិត្ត​ទុកដាក់ខ្ពស់ក្នុងការលើក​កម្ពស់​គុណភាព​អប់រំ និងបណ្តុះបណ្តាល​ធនធាន​មនុស្ស ដោយបាន​ខិតខំខ្នះខ្នែងគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ធ្វើឲ្យ​វិទ្យាស្ថាន​នេះអាច​ដំណើរការរហូតដល់សព្វថ្ងៃ ហើយថែមទាំងមានលទ្ធភាព​បណ្តុះ​បណ្តាល​គ្រូឲ្យមាន​សមត្ថភាព​​​ពេញលេញ និង​មាន​ជំនាញប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។  

ក្នុងបរិបទនៃការវិវត្តឥតឈប់ឈរក្នុងពិភពលោក ជាពិសេសការរីក​លូត​លាស់នៃបច្ចេក​វិទ្យា​​​ព័ត៌មានវិទ្យានិងគមនាគមន៍ (ICT) ទាមទារ​ឲ្យ​យើង​អភិវឌ្ឍទាំង​បច្ចេកទេសគរុកោសល្យ និងឯកសារ​សិក្សាស្រាវជ្រាវ ព្រមទាំងត្រូវយកចិត្តទុកដាក់ជាចម្បងលើ​ការ​លើក​កម្ពស់​គុណភាព​​អប់រំ ក្នុងវិស័យ​អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ​បើការអប់រំមិនអាចធានាបាននូវគុណវុឌ្ឍិទេ នោះការអប់រំនិងការ​បណ្តុះ​បណ្តាលនឹង​គ្មាន​ន័យ ហើយរាល់ការចំណាយទាំងថវិកា និងស្មារតី នឹងត្រូវខ្ជះខ្ជាយឥត​ប្រយោជន៍ ពីព្រោះថាការអប់រំដែលគ្មានគុណភាព មិនត្រឹមតែបំផ្លាញ​អនាគតរបស់​សិស្ស​-និស្សិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបង្កក្តីអន្តរាយដល់ធនធានរបស់ប្រទេសជាតិទាំងមូល ដែលនេះ​នឹង​ធ្វើឲ្យ​ប្រទេស​ជាតិ​បាត់បង់​នូវ​​សមត្ថភាពក្នុងការ​ប្រកួត​ ប្រជែងលើគ្រប់វិស័យ និងរារាំងដល់កិច្ចខិតខំលើកកម្ពស់កម្រិត ជីវភាព​ប្រជាជន និងការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិយើងថែមទៀតផង។

រាជរដ្ឋាភិបាល ​បាន​ចាត់ទុកការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងការ​ប្រើប្រាស់​​​​​​​មូលធន​បញ្ញា​របស់ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាចក្ខុវិស័យរយៈពេលវែង​​សម្រាប់អភិវឌ្ឍ​ប្រទេស​​ជាតិ​។ បទពិសោធន៍ប្រវត្តិសាស្រ្ត​​​បង្ហាញ​ថា​ប្រទេស​ដែល​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​ ​ការ​អភិវឌ្ឍ​ គឺ​ចាប់​ផ្តើម​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការវិនិយោគក្នុង​ វិស័យអប់រំ ពីព្រោះ​ធនធាន​មនុស្ស​ជាប្រភព​មិន​ចេះ​​រីង​ស្ងួត​សម្រាប់​​​​ធានានូវ​ កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍសង្គម​ប្រកបដោយចីរភាព​ ព្រមទាំង​ជាកម្លាំង​បន្តវេន​ក្នុងការការពារ និង​កសាង​មាតុភូមិ​ជាទីស្នេហារបស់យើង។

ក្នុង ​ន័យ​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវគោលនយោបាយពង្រឹងវិស័យអប់រំនិង​ការបណ្តុះ​ បណ្តាល​វិជ្ជាជីវៈ ដែល​ជារបៀបវារៈ​ដ៏​សំខាន់​​បំផុតសម្រាប់​ឆ្លើយតបទៅ​នឹងបញ្ហាប្រឈមនានា ហើយ​បាន​ផ្តល់អាទិភាព​ខ្ពស់​​​បំផុត​ក្នុងការកែទម្រង់ និងការ​អភិវឌ្ឍ​វិស័យ​អប់រំ តាមរយៈការពង្រឹងគុណភាព និងមូលដ្ឋានអប់រំ។ ដើម្បី​សម្រេច​បាន​ទស្សនទាន​នេះ​ យើងត្រូវបន្តបង្កើនបរិមាណ​ និងលើក​កម្ពស់​​​​គុណភាព​​អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យ​ច្រើន​​​ថែមទៀត​ ដែលការលើកកម្ពស់​គុណភាព​​ធនធានមនុស្សនេះ គឺជា​កត្តា​ស្នូល​ដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ចាំបាច់​ត្រូវបន្ត​​យក​ចិត្ត​ទុក​ដាក់​តម្រង់​ ទិស​នៃ​ការងារអប់រំ​ឲ្យកាន់​តែមាន​គុណភាព និង​ត្រូវកសាង​បទដ្ឋានផ្សេងៗធានា​លើក​​ស្ទួយ​វិស័យអប់រំ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗគរុនិស្សិត និងគរុសិស្សទាំងអស់
ក្មួយៗជ័យលាភីទាំងអស់ដែលនឹង ​ទទួលបានសញ្ញាបត្រនាពេលបន្តិចទៀតនេះ ត្រូវយក​សមត្ថ​ភាព​ និងចំណេះដឹងដែល​ក្មួយៗមាន ទៅប្រើ​ប្រាស់ឲ្យអស់លទ្ធភាពក្នុងការផ្ទេរចំណេះដឹង​បន្ត​ដល់សិស្ស-និស្សិត​ នៅតាមគ្រឹះស្ថានសិក្សា ដែលក្មួយៗត្រូវទៅបំពេញភារកិច្ច។ ក្មួយៗនេះហើយ​ គឺជា​អ្នកទទួល​មរតក​សង្គម និងជាអ្នក​បន្តវេន ហើយវាសនាប្រទេសជាតិ គឺពឹងផ្អែកលើក្មួយៗ​ទាំងអស់​គ្នា។ ដូច្នេះ សូម​ក្មួយៗ​​ទាំងអស់ខិតខំបំពេញភារកិច្ចឲ្យបានល្អ​ប្រសើរ ហើយត្រូវខិតខំប្រឹងប្រែងកសាង​បុគ្គលិក​​លក្ខណៈផ្ទាល់​ខ្លួន និងយក​ចំណេះ​ដឹងដែល​ទទួលបានពីការសិក្សានៅវិទ្យាស្ថានជាតិអប់រំ ទៅប្រើ​ប្រាស់​​​ឲ្យ​សមស្រប​និងចំទិសដៅ។ ចូរក្មួយៗ​រក្សាឲ្យ​បាននូវ​សមត្ថភាព​ប្រជែង​ឈ្នះរបស់ជាតិ និងរបស់​បុគ្គល​ខ្លួនឯងផ្ទាល់។ សូមក្មួយៗកុំបោះបង់ចោលការសិក្សា និងត្រូវបន្តការសិក្សាស្រាវជ្រាវ ហើយ​ត្រូវចាត់​​ទុកថា​ការ​រៀន​សូត្រ គឺជាដំណើរ​ការមួយដែលមិនចេះចប់ ដើម្បីដុសខាត់ចំណេះដឹង និងចំណេះធ្វើ​របស់ខ្លួន​ម្នាក់ៗ​ឲ្យកាន់​តែ​ប្រសើរថែមទៀត។ ក្មួយៗត្រូវចងចាំថា ដើម្បីក្លាយជាគ្រូបង្រៀនដ៏ឆ្នើម ត្រូវបំពេញឲ្យ​បាន​នូវ​​លក្ខណសម្បត្តិបីយ៉ាងគឺ សមត្ថភាព​អប់រំសិស្ស សមត្ថភាពស្រាវជ្រាវ និងសីលធម៌វិជ្ជាជីវៈ។ ខ្ញុំមាន​ជំនឿ​យ៉ាង​មុតមាំថា ក្មួយៗដែលជាជ័យលាភីនាថ្ងៃនេះ គឺជាធនធានមនុស្ស​ប្រកប​ដោយ​​លក្ខណ​សម្បត្តិ​ទាំងបីយ៉ាង​នេះ​ ហើយស្នាដៃដែលក្មួយៗនឹងបញ្ចេញនាពេលដ៏ខ្លីខាងមុខនេះ នឹង​រួមចំណែកបង្កើន​សមត្ថភាព​​​ធនធានមនុស្សយើងបានថែមមួយកម្រិតទៀតជាក់ជាមិន​ ខាន។

ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តនិងជម្រុញ​ឲ្យគណៈគ្រប់គ្រងគ្រប់​​​​​​លំដាប់ថ្នាក់ និង​សាស្ត្រាចារ្យ​​​​​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ បន្តយក​ចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍធនធានមនុស្ស និង​ស្ថាប័ន​របស់ខ្លួន ដើម្បីឲ្យ​ស័ក្តិសម​​ជាវិទ្យាស្ថានគំរូក្នុងការបណ្តុះបណ្តាលគ្រូកម្រិតឧត្តម និង​កម្រិត​មូល​ដ្ឋាន ប្រកប​ដោយ​ចំណេះ​ដឹង សមត្ថភាព សីលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់។

            ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែង​នូវការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជាស្មារតី ​សម្ភារៈ ថវិកា និងបច្ចេកទេស​ដល់ដំណើរ​ការបណ្តុះ​បណ្តាលរបស់វិទ្យាស្ថាន​ជាតិ​អប់រំ។​ ខ្ញុំសូមកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែងរបស់​គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង​បុគ្គលិក​ទាំងអស់​នៃវិទ្យាស្ថានជាតិអប់រំ ដែលបានរួមគ្នាបំពេញបេសកកម្មក្នុងការ​បណ្តុះ​បណ្តាល​គរុ​និស្សិត និងគរុសិស្ស ទទួល​បាន​លទ្ធផល​គួរជា​ទីមោទនៈ។

ជាទីបញ្ចប់ ខ្ញុំសូម​អបអរសាទរ និងចូលរួមយ៉ាងសប្បាយរីករាយ​ជាមួយ​ក្មួយៗ​នៅថ្ងៃនេះ និង​សូម​ជូនពរដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ព្រមទាំងក្មួយៗគរុ​និស្សិត និងគរុសិស្សទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ។
សូមអរគុណ !