Tuesday, May 29, 2012

បទវិចារណកថា ដំបូន្មាន​ចំពោះ​បក្ស​សិទ្ធិ​មនុស្ស ៖ ដក​មេ​បក្ស​មុខ​លុយ​ ដាក់​មេ​បក្ស​ថ្មី​វិញ​ប្រសើរ​ជាង ​!


យុទ្ធនាការ ​ឃោសនា​រក​សម្លេងឆ្នោត​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត ប្រជែង បាន​កន្លង​ផុតជិត​ពីរ​សប្តាហ៍ទៅ​ហើយ ដោយ​គណបក្ស​នីមួយៗ​តែងរិះ​រកគ្រប់​មធ្យោបាយ ដើម្បី​ធ្វើការ​ទាក់​ទាញ​ម្ចាស់​ឆ្នោត​ឲ្យ ងាក​មករក​ការគាំទ្រ​លើ​គោល​នយោបាយ នៃ​គណបក្ស​របស់​ពួកគេ​រៀងៗ​ខ្លួន ។

យ៉ាងណាមិញ ក្រុម​គណបក្ស​ប្រឆាំង​បានព្យាយាម​លើកយក​ចំណុចមួយ​ចំនួន​មកធ្វើ​ការ​រិះគន់ និង ជេរប្រមាថ រាជរដ្ឋាភិបាល​យ៉ាងចាស់​ដៃ ដោយ​គ្មាន​គោរព​នូវ​ក្រម​សីលធម៌​អ្វីទាល់​តែ​សោះ ក្នុង​នាមជា​គណបក្ស​នយោបាយ នៃ​ប្រជាជាតិ​មួយ ។ មិនតែ​ប៉ុណ្ណោះ​ពួក​ក្រុម​គណបក្ស​ប្រឆាំង​ទាំងនោះ បានឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា នេះ មក​ធ្វើការ​បន្តុះបង្អាប់​ដល់​មេ​ឃុំ/​ចៅសង្កាត់​យ៉ាង​អយុត្តិធម៌​បំផុត ដោយ​មិនខ្វល់​នឹងការ​អភិវឌ្ឍន៍​ជាក់ស្តែង​នៅ​នឹងកន្លែង​ឡើយ ។

 ទោះបី ​ក្នុង​អំឡុង​ពេលកំពុង​តែធ្វើ​យុទ្ធនាការ​នោះ ពួកគេ​បានដើរ​លើផ្លូវ ឆ្លង​តាមស្ពាន ជ្រក​ក្រោម ម្លប់វត្ត ឬ​សាលា​រៀន ដែល​សុទ្ធ​សឹងតែ​ជា​សមិទ្ធផល​ជាក់ ស្តែង​កើត​ចេញពី​ការកសាង មួយ​ចំណែក របស់​រាជ​រដ្ឋាភិបាល និង​មួយចំណែក​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី ក៏ពួក​ក្រុម​គណបក្ស​ប្រឆាំង​ទាំងនោះ ហាក់បី​ដូចជា​ពុំមាន​ការ​ខ្មាសអៀន​សោះ នៅ​តែស្រែក​ក្តែងៗ​ទាំង​បំពាន​ថា គ្មាន​ការរីក​ចំរើន​នៅតាម​មូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ជា​ដដែល ។

នេះសបញ្ជាក់ ​ឲ្យឃើញ​ថាក្រុម​គណបក្ស​ទាំងនោះ ខ្វះ​ការទទួល​ខុសត្រូវ​លើ​មនសិការ​របស់​ខ្លួន ដែល​នេះមាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែពុះ​ពារ​គ្រប់​ឧបសគ្គ​ធ្វើអ្វីៗ ដើម្បី​ប្រជាជន ទោះ​ជាស្ថិត​នៅក្នុង​កាលៈទេសៈ​ដ៏លំបាក​លំបិន​យ៉ាងណា​ក៏ដោយ ក៏មិន​រាថយ ឬរត់​ចោល ស្រុក តួយ៉ាង​ដូចថ្ងៃ​រំដោះ ៧​ មករា ១៩៧៩ ជាដើម ។

ប៉ុន្តែអ្វី ​ដែល​គួរឲ្យ​អស់​សំណើច និង​ភ្ញាក់​ផ្អើលខ្លាំង​បំផុត​នោះ គឺ​សកម្មជន​ឃោសនិក នៃ​គណបក្ស សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា បាន​ដើរស្រែក​ទាំង​មិនដឹង​អីទាល់​តែសោះ​ថា ដូរ​មេឃុំ​មុខ​លុយ ដាក់​មេ​ឃុំ​បំរើ​រាស្រ្ត នេះ ជារឿង​អណោច​អធម​បំផុត ដែល​សកម្មជន​ឃោសនិក​ពុំ​ដែល​បាន​ដឹង​រឿង​ពិត​ហើយ​ស្រែកតាម​លោក កឹម សុខា ។

ឆ្លៀត ​ក្នុងឱកាស​ដ៏​កម្រ​នេះ ក្នុងនាម​ខ្ញុំធ្លាប់​ជា​សមាជិក​ស្ថាបនិក និង​ជាអ្នក​ដឹកនាំ​ម្នាក់​ក្នុង​ជួរ​គណបក្ស ដើម្បី​បង្ក​បង្កើត​គណបក្ស​សិទិ្ធ​មនុស្ស​នេះ​ឡើង ជា​មួយ​លោក កឹម សុខា និង​មិត្តភក្តិ​បងប្អូន​ខ្មែរ​នៅ​ក្នុង​ស្រុក និង​បងប្អូន​ខ្មែរ នៅ​បរទេស​មួយ​ចំនួន​ធំ ជាពិសេស​បំផុត​នោះ គឺលោក​អគ្គលេខា​ធិការ យ៉ែម ប៉ុញ្ញាឫទ្ធិ ដែល​ជាអ្នក​តំណាង​រាស្រ្ត មណ្ឌល​ព្រៃ​វែង​បច្ចុប្បន្ន និង​លោក​អគ្គលេខា​ធិការ​រង ជុន យ៉ុង នៃ​គណបក្ស សិទ្ធិ​មនុស្ស​បច្ចុប្បន្ន នេះ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ជា​ច្រើន​ទៀត​ ពិតជា​បាន​ដឹង យ៉ាង​ច្បាស់​មិនអាច​ប្រកែក បាន លុះត្រា​តែមនុស្ស​ទាំង​នោះគ្មាន​ឧត្តមគតិ គ្មាន​ភាព​សច្ចៈ គ្មាន​ខួរក្បាល ឬថ្លើម​ប្រមាត់ និង​ក្បត់មិត្ត​ភក្តិ តែ​ប៉ុណ្ណោះ​ទេ ទើប​អាច​និយាយ​បានថា អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ជាការ​មិនពិត ។

ប៉ុន្តែ ​ខ្ញុំនៅ​តែ​សង្ឃឹម​យ៉ាងមុត​មាំ​ថា​អ្នកទាំង​នោះ មិនទាន់​ភ្លេចអស់​នៅឡើយ​ទេ ថា​លោក កឹម សុខា បាន​ទាម​ទារ​យ៉ាង​ស្វិតស្វាញ​នូវ​ប្រាក់​ខែ ១០,០០០ ដុល្លារ រហូត​មក​សល់​នៅ​ត្រឹម​តែ ៥,០០០ ដុល្លារ ក្នុង ១ខែ សម្រាប់​តួនាទី​ជា​ប្រធាន​គណបក្ស ។

ខ្ញុំគិតថា ​បងប្អូន​ប្រជាពល​រដ្ឋអាច​ធ្វើ​ការពិចារណា​ឲ្យបាន​ច្បាស់​បន្តិច​ទៅមើល ហើយ​ថែម​ទាំង​សួរនាំ​អ្នក​ដែល ធ្លាប់​ស្គាល់​លោក កឹម សុខា តើ​ប្រវត្តិ​រូបបុគ្គល​នេះ​យ៉ាង​ដូចម្តេច​ដែរ ?

ទី១ ពេល​ប្រជាជន​ទើប​ងើប​ចេញ​ពី​របបខ្មែរ​ក្រហម​ ក៏លោក កឹម សុខា អាច​លួច​អង្ករជាតិ​ដើម្បី​ធ្វើ​មាន​បាន​ដែរ។

ទី កាលនៅ​ជាប្រធាន​អង្គការ​​វីជីលេន លោក​ កឹម សុខា កិបកេង​លុយ​ជំនួយ​យ៉ាងច្រើន​យកទៅ​ធ្វើ នយោបាយ​ជាមួយ​គណបក្ស​លោក​តា សឺន សាន ។

ទី កាលនៅ​ជាប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បានកិប​កេង​លុយ​អង្គការ​ជាច្រើន រហូត​ដល់​សហរដ្ឋ​អាមេរិក បាន​កាត់​ជំនួយ​តែ​ទុក​មុខ​មាត់​ឲ្យ ដោយ​មិន​ហែក​កេរ្តិ៍ នេះ​តាម​ទម្លាប់​របស់​សហរដ្ឋ អាមេរិក ។

ទី  កិបកេង​លុយ​បេក្ខជន និង​សមាជិក​គណបក្ស យក​ទៅ​បំពេញ​ភាព​ហឺហារ និង ទិញដី សម្រាប់ ធ្វើ​ចំការ​កៅស៊ូ​នៅ​ខេត្ត​កំពង់​ចាម ។

ទី  បោកប្រាស់​លុយ​ពីអតីត​អគ្គហិរ​ញ្ញឹក ១៧,៣០០ ដុល្លារ ខ្ចី​សម្រាប់​ទិញ​រថយន្ត​ម៉ាក លុចស៊ីស ៤៧០ ពណ៌​ខ្មៅ តែ​មិនព្រម​សង​ត្រឡប់​វិញ ទោះ​ជាមាន​ប្រាក់​ខែ​តំណាង​រាស្រ្ត​ហើយ​ក៏ដោយ ។

សរុប​សេចក្តី​មក តើ​ពាក្យថា ដក​មេឃុំ​មុខ​លុយ ដាក់​មេឃុំ​បំរើ​រាស្ត្រ វាសាកសម​នឹង​លោក កឹម សុខា ឬ​សកម្មជន​ឃោសនិក នៃ​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ស្រែក​ដែរឬទេ ? ចំពោះ​ខ្ញុំ​គិត​ថា ត្រូវ​ពិចារ​ណា​ថា គួរ ដក​មេ​បក្ស​មុខ​លុយ ដាក់​មេបក្ស​ថ្មី​វិញ​ ប្រសើរ ​​ជាង ហើយ​ខ្ញុំសូម​ផ្តល់ យោបល់​ទៅចុះ ដើម្បី​កុំ​ឲ្យ​ពិបាក​គិត​គឺលោក សឺន សូបែរ្តិ៍  កូន​ប្រុស លោកតា សឺន សាន សម​ជា​មេ​គណបក្ស​សិទិ្ធ​មនុស្ស​ជាង។

ម្យ៉ាង ​ទៀត ពេលដក​មេបក្ស​មុខលុយ​ហើយ គឺ​សកម្មជន​ឃោសនិក និង​ថ្នាក់​ដឹកនាំ​ទាំង​អស់ នៃ គណបក្ស​សិទិ្ធ​មនុស្ស​ក៏គួរ​រក​មធ្យោបាយ​រ៉ៃអង្គាស​គ្នា​យ៉ាង​ម៉េច ដើម្បី​សង​លុយ លោក រាជ សម្រេច ជា​អតីត​អគ្គហិរញ្ញឹក ហើយ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​ផង ចៀស​វាង​ខូច​ពូជ​ខាង​លោក កឹម សុខា ខាន​បាន​ធ្វើ​នយោបាយ​បោកប្រាស់​គ្នាឯង​ទៀត ព្រោះ​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​សូម​ជ្រាប ។

ពីខ្ញុំ ភូមិន្ទ
សូម​លោក​ចាងហ្វាង​កាសែត​ទាំងអស់​មេត្តា​ជួយ​ចុះ​យក​តែ
បុណ្យ​ផង ដើម្បី​កុំឲ្យ​រាស្រ្ត​ខែ្មរ​ចាញ់​ឧបាយ​កល​បោក​ប្រាស់
លោក កឹម សុខា ទៀត ព្រម​ទាំង​បងប្អូន​ខ្មែរ​បាន​ដឹង​ដំណើរ
រឿង​ពិត​ខ្លះ​របស់​បុគ្គល​មេគណបក្ស​មុខ​លុយ​នេះ​ផង ។