Tuesday, May 29, 2012

និយាយ​ការពិត​ ៖​ បក្ស​សម រង្ស៊ី​ យកលុយ​ដើរទិញ​ទឹក​ចិត្តពី​ម្ចាស់ឆ្នោត


និយាយ​ការពិត​ ៖​
បក្ស​សម រង្ស៊ី​ យកលុយ​ដើរទិញ​ទឹក​ចិត្តពី​ម្ចាស់ឆ្នោត

ដោយការ​​ត្រេក​ត្រអាល​ចង់​កាន់​អំ​ណាច​ ហួស ហេតុ នៅ​ទី​បំ​ផុ​ត​​ឆ្កែកន្ទុយ​ខ្វៀន នៅតែខ្វៀន​ បក្ស​ប្រឆាំង​សម រង្ស៊ី បាន​ត្រឹម​តែជា​បក្ស​ប្រឆាំង​ជារៀង​រហូត​ ហើយ​ទង្វើ​ដែល​បក្ស​មួយ​នេះ​ចោទ​ប្រកាន់មកលើ​​បក្ស​ដ៏ទៃថា​ បានប្រើ​លុយ​​ទិញ​ទឹក​ចិត្ត​ម្ចាស់​​ឆ្នោតនោះ ប្រែក្លាយ​ទៅ​ជា​បទ​ចម្រៀង​អត់​ន័យ ពី​​​​ព្រោះ​ ការពិតជាក់​ស្តែង​     គណបក្ស​សម រង្ស៊ី ខ្លួន​ឯង​ទៅ​វិញ​ទេ  ដែល (រូបថត សកម្មជនបក្ស សម រង្ស៊ី ដើរចែកលុយថ្ងៃឃោសនាបោះឆ្នោត)

​បាន និង​កំ​ពុង​​រំ​លោ​​ភ​​បំ​ពាន​​លើច្បាប់​បោះឆ្នោត​ទាំង​កំ​រោល​ តាម​រយៈការ​យក​ប្រាក់ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋក្នុង​ម្នាក់ៗ ២ម៉ឺន​​រៀ​ល និង​បាន​​ស្នើសុំឱ្យ​ប្រជាពល​រដ្ឋទាំង​នោះ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សម រង្ស៊ី​​​។

ជាទូ​ទៅ​ គេតែង​តែឮថ្នាក់​ដឹក​នាំ​គណ​បក្ស​ សម​ រង្ស៊ី ​សមាជិក​សភាមួយ​ចំ​នួន​ រួមទាំង​សកម្ម​ជន​​របស់​បក្សប្រឆាំង​មួយ​នេះ និយាយអួត​ក្អេង​ក្អាងថា បក្សរបស់​ខ្លួនជាបក្សស្អាតស្អំ មិន​ពុក​រលួយ​ ហើយ​ថា​ សកម្មជន​របស់​បក្ស​សម រង្ស៊ី​ទាំង​អស់​ គ្មាន​អ្នក​ណាម្នាក់​ ខ្លាចនូវ​ការ​បំ​ភិត​បំ​ភ័យសោះ​ឡើយ​ ក្នុង​ន័យ​ថា​  គេគំ​រាម ​សម្លុតមិន​ខ្លាច ឬទិញ​ទឹក​ចិត្តមិន​លក់​ជាដាច់​ខាត​។

​ ​ ​ស្តាប់​មើល​ទៅ​ ដូច​ជាបក្ស​មួយ​នេះ​ ​មាន​គោលនយោបាយ​ល្អ​ឥត​ខ្ចោះ ហើយ​បាន​ និង​កំ​ពុង​ត្រូវ​រងគ្រោះ​ដោយ​គេធ្វើ​បាប កៀប​សង្កត់​ គំ​រាម​កំ​ហែង លើ​សកម្មភាព​នយោបាយរបស់​ពួក​គេ​ជាប្រ​ចាំ។ ប៉ុន្តែ ធាតុពិត​ បក្ស​ប្រឆាំង​មិន​មានទទួល​រង​នូវ​ការ​កៀប​សង្កត់​ ឬការ​​ធ្វើ​ទុកបុកម្នេញ​ពីអ្នកណាឡើយ​  ផ្ទុយ​ទៅ​វិញ​ បក្ស​សម រង្ស៊ី​ ខ្លួន​ឯង គឺ​ពោរពេញ​ទៅ​ដោយ​ល្បិចកល​ បោក​ប្រាស់​ប្រជាពលរដ្ឋដ៏គួរឱ្យ​ខ្លាច​​រអារ​ជាទី​បំ​ផុត​។

ជាក់​ស្តែង កាលពី​ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ ២០១២ នៅ​ខេត្តតាកែវ ត្រូវ​គេថតរូប​បាន​ និង​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម(Facebook)​យ៉ាង​ព្រោង​ ព្រាត​ នូវ​អំពើ​លាមក​ផ្ទុយ​ពី​ច្បាប់​ ដែល​ត្រូវ​បាន​​​បក្សប្រឆាំង​យក​មក​អនុវត្តផ្ទាល់​ខ្លួន​ឯងនៅ​ទី​សាធារណៈ ដោយ​គ្មានការ​​ខ្មាសអៀន គឺ​សកម្ម​ជន​បក្ស សម រង្ស៊ី ដូច​មាន​នៅ​ក្នុង​រូប​ថត​បង្ហាញ​នេះ កំ​ពុង​ដើរចែក​លុយ​ជូន​ប្រជាពល​រដ្ឋម្នាក់ៗ​ចំ​នួន​២ម៉ឺន​​រៀល​ ក្នុងកំ​ឡុង​​ពេល​យុទ្ធនាការឃោសនាបោះ​ឆ្នោត ដែល​ច្បាប់​ហាម​ឃាត់​ជាដាច់​ខាត​នូវ​ទង្វើ​បែប​​នោះ។

យោង​តាម​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់​អាណត្តិ​​ទី​៣ ប្រការ ៨.១៣.៧ ចែង​ថា​ គណបក្សនយោបាយ ឬ​បេក្ខជន ឬ​តំ​ណាង​ ឬ​ជន​ណាម្នាក់​ មិន​ត្រូវ​ផ្តល់​វិភាគ​ទាន​ ជូន​សាគុណ​ ឬ​រង្វាន់​លើក​ទឹក​ចិត្ត​ ជាប្រាក់​កាស់ ឬ​ជា​សម្ភារៈ ទោះបី​តាម​មធ្យោបាយ​ណាក៏ដោយ​ដល់​ស្ថាប័ន​ អង្គការ​ ឬ​បុគ្គល​ណា​ម្នាក់​ក្នុង​គោល​បំណង​ទិញ​ទឹក​ចិត្តអ្នក​បោះ​ឆ្នោត​ឡើយ​។​

​ច្បាប់​ស្តីអំពី ​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តី​អំពី​​វិសោធនកម្ម​ច្បា​ប់​ស្តី​អំពី​​ការ​បោះ​ឆ្នោត​ក្រុម​ ប្រឹក្សាឃុំ​សង្កាត់​ មាត្រ១៧៨ ថ្មី ចែង​ថា​ ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​បោះ​ឆ្នោត​  លុប​បេក្ខភាព​របស់​សាម៉ីខ្លួន ឬ​លុប​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត ​ដោយ​គណបក្ស​នយោ​បាយ​ដោយគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជាប្រាក់​ពី​៥លាន​ ទៅ​២៥លាន​រៀល​ ដោយ​ពុំ​គិត​ពីទោសព្រហ្មទណ្ឌផ្សេង​ៗ ចំ​ពោះ​ជន​ទាំង​ឡាយ​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​បាន​ប្រព្រឹត្តអំពើ​ណា​មួយ​បំ​ពាន​ច្បាប់​។​

ដូចនេះ ការ​ប្រើ​ប្រាស់​ថវិកា​ដើម្បី​ទិញ​ទឹក​ចិត្តអ្នក​បោះ​ឆ្នោត ដូច​ឃើញ​ច្បាស់​ក្រឡែត​នឹង​ភ្នែក​យ៉ាង​នេះ គឺជា​ការ​បញ្ជាក់​បាន​យ៉ាង​គ្រប់​គ្រាន់​ទៅសាធារណមតិអំពី​ ចរិត​ពុត​ត្បុត​ កលល្បិច​បោក​ប្រាស់​ប្រជាពល​រដ្ឋ និងអំពើ​បំ​ពាន​ច្បាប់​របស់​​បក្ស​សម រង្ស៊ី​ ដោយ​មិន​អាច​ប្រកែក​បាន​។

ការ​ផ្សព្វ​ផ្សាយ​នូវ​រូប​ភាព​នៃការ​កាន់​ ប្រាក់​ហុចជូន​ទៅ​ប្រជាពល​រដ្ឋ បង្កប់​ជាមួយ​នឹង​ការ​ចែង​ផ្សាយ​គោល​នយោបាយ​ឃោសនា​បោះ​ឆ្នោត​ គឺជាបើក​កកាយនូវ​សារ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​មក​ដល់​ ថ្ងៃទី​៣ ខែ មិថុនា ខាងមុខ រំ​លេចឡើង​នូវទង្វើ​ « ​ដេញ​ទាន់​ជាន់​កែង​» ។ ទាំង​នេះ​ គឺជាការ​បង្ហាញ​​នូវ​ភស្តុតាង​ពិត​ប្រាកដ​ដល់​ម្ចាស់​ឆ្នោត​ ក្នុង​ការ​ពិចារណាអំពី​អំពើ​ជាន់​ឈ្លី​ពីលើ​ច្បាប់​ដោយ​បក្ស​សម រង្ស៊ី ដែល​តែងតែ​និយម​ចូល​ចិត្តលាបពណ៌​មកលើ​​គណបក្សដទៃ តែផ្ទុយទៅ​វិញ​បក្ស​ប្រឆាំង​ខ្លួន​ឯង​ គឺបា​ន និង​កំ​ពុង​ប្រព្រឹត្តអំពើ​ស្មោគ​គ្រោកនោះ ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះ​ឡើយ​។

មជ្ឈដ្ឋាន​អ្នកវិភាក​នយោបាយ ក៏ដូច​ជាសកម្មជន​បក្ស​ប្រឆាំង​មួយ​ចំ​នួន​ដែល​បាន​ចាកចេញ​ពី​បក្ស​សម រង្ស៊ី បាន​ឱ្យ​ដឹង​ថា ថវិកាដែល​សមាជិក​គណបក្ស​ប្រឆាំង​យក​ទៅ​ទិញ​ទឹក​ចិត្ត​ពី​ប្រជាពល​រដ្ឋ ដើម្បី​ជាថ្នូរឱ្យ​ពល​រដ្ឋបោះ​ឆ្នោត​ឱ្យ​បក្ស​ខ្លួន​នោះ ​គឺមួយ​ចំ​ណែក​បាន​មក​ពី​បេក្ខជន​ឈរឈ្មោះ​ជា​មេឃុំ ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សាឃុំ សង្កាត់ខ្លះ​ ​យក​ប្រាក់​ពី​ក្រុម​គ្រួសារ​ផ្ទាល់​ខ្លួនមក​ចាយវាយ អ្នក​ខ្លះ​លក់​ដី​ធ្លី​ ស្រែ​ចំ​ការ​ ផ្ទះ​សម្បែង ដើម្បីធ្វើ​នយោបាយ​ ដោយ​គិត​ថា​ ពេល​ជាប់​ឆ្នោត​នឹង​ប្រឹង​រក​លុយ​ត្រឡប់​មក​វិញ​ដើម្បី​ទូ​ទាត់​ជាមួយ​ ថ្លៃចំ​ណាយ​ដែល​ខាត​បង់​ទៅ​នេះ​ ។    ចំ​ណែក​ឯ ថវិកាមួយ​ចំ​នួន​​ទៀត​​ គឺបាន​មក​ពី​ការ​កៀង​គរ​ពី​សប្បុរសជន​នៅ​ឯក្រៅ​ប្រទេស​ ក្នុង​ន័យ​​បោក​ប្រាស់​គេថា យក​មក​ជួយ​អភិវឌ្ឍ​ប្រទេស ពង្រឹងលទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ ពួក​គេបាន​បង្វែរ​ទិសដៅ​ដោយ​យក​ប្រាក់​ទាំង​នេះ​ទៅទិញ​ទឹក​ចិត្តរបស់ប្រជាពល ​រដ្ឋ ដើម្បី​ចង់​បាន​អំ​ណា​ច​​នៅ​តាម​មូល​ដ្ឋាន​ទៅ​វិញ។

បើ​និយាយ​អំពី​ សកម្មភាពឃោសនា​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​មក​នេះ​​ គេបាន​សម្គាល់ឃើញ​ថា​ គណបក្ស​ប្រឆាំងមិន​មាន​កម្មវិធី​នយោបាយ​ក្នុង​ការ​អភិវឌ្ឍភូមិ​ឃុំឱ្យ​បាន​ ច្បាស់​លាស់ ដើម្បី​លើក​កម្ពស់​ជី​វភាព​ប្រជាពល​រដ្ឋឱ្យ​បាន​ប្រសើ​រឡើង​នោះ​ទេ គឺមាន​តែការ​បើក​យុទ្ធនាការ​រិះ​គន់ និង​ចោទ​ប្រកាន់​​មក​លើ​រាជ​រដ្ឋាភិបាលអំពី​បញ្ហា​អសកម្ម​ដ៏តិចតួចដែល​ពួក​ គេខិតខំ​ ផ្លុំបំ​ប៉ោង​ និង​ផ្សព្វ​ផ្សាយ​ ពង្រីក​ឱ្យ​ទៅ​ជា​រឿង​ធំ​ ដើម្បី​សម្អុយ​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល ។ ប៉ុន្តែ មហាជនទូ​ទៅ​ដ៏ច្រើន​លើសលប់​ ​បាន​ដឹង​ច្បាស់​ណាស់​ថា​ កម្ពុជា​សព្វ​ថ្ងៃកំ​ពុង​រស់នៅ​ជាមួយ​សន្តិភាព​ និង​ការ​អភិវឌ្ឍ រីក​ចំ​រើន​ស្ទើរគ្រប់វិស័យ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ហើយ​បញ្ហាមួយ​ចំ​នួនត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​ រួច​រាល់ជាស្ថាពរ​ហើយ​តាម​ផ្លូវ​ច្បាប់ ដោយ​ឡែក​បញ្ហា​មួយ​ចំ​នួន​​ទៀត​ដែល​នៅ​សេសសល់ ដូច​ជា​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង​ជាដើម គឺរាជ​រដ្ឋាភិបាល​ បាន​ និង​កំ​ពុង​បន្ត​បោះ​បង្គោល​ព្រំ​ដែន​នៅ​លើ​ដី​ជាក់​ស្តែង​ ដើម្បី​កសាង​ខ្សែព្រំ​ដែន​មួយ​ច្បាស់​លាស់ ដែល​ជាខ្សែព្រំ​ដែន​អន្តរជាតិ ព្រំ​ដែន​សន្តិភាព​ មិត្តភាព​ និង​សហប្រតិបត្តិការ បញ្ចប់​បាន​នូវ​ជម្លោះព្រំ​ដែន និង​ក៏​ដើម្បី​ទុក​សម្រាប់​ជាអាវុធ​ច្បាប់​ដ៏រឹង​មាំក្នុង​ការ​ការពារនូវ​ អធិបតេយ្យ និង​បូរណភាព​ទឹក​ដីឱ្យ​បាន​ស្ថិត​ស្ថេរគង់​វង្ស និង​ទុកជាមរត៌ក​សម្រាប់​អនុជន​​ជំ​នាន់​ក្រោយ ដែល​ផ្ទុយ​​ពី​គណបក្ស​ប្រឆាំង​ គឺមិនបាន​រួច​ចំ​ណែក​អ្វី​សោះ​ ក្នុង​ការ​ចូល​រួម​ថែរក្សា​​សន្តិភាព​នេះ គឺមាន​តែការ​ខិត​ខំ​បង្ក​នូវ​ភាព​ចលាចលសង្គម​  និង​ឆ្លៀត​ឆក់យក​​ឱកាស ដើម្បី​កេង​ចំ​ណេ​ញ​នយោបាយ​​​របស់​ពួក​គេតែ​ប៉ុណ្ណោះ​។

អត្ថបទដោយៈ សុខ សំណាង​