Wednesday, May 30, 2012

កម្ពុជា​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​សម្រប​សម្រួល​ ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះហើរ​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ ថ្នាក់​តំបន់​លើក​ទី១


ដោយ​ មាន​ការ​គាំទ្រ​ពី​អង្គការ​ JICA កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​​ថ្នាក់​តំបន់​ កម្ពុជា វៀតណាម ឡាវ ​លើក​ទី​១ ស្តីពី​​ការ​អភិវឌ្ឍន៍​ ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះ​ហើរ​​ថ្មី​តាម​ផ្កាយ​រណប​ត្រូវ​បាន​ប្រារព្ធ​ ធ្វើ​ឡើង​នៅ​វិមាន​មិត្តភាព​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ នា​ព្រឹក​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១២​ ក្រោម​អធិបតី​ភាព​ឯកឧត្តម តឹក រ៉េត​សំរេច​ រដ្ឋ​លេ​ខា​ធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយក ​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី និង​ឯកឧត្តម ម៉ាសាហ្វូមី គុរ៉ូគី ឯកអគ្គ​រាជ​ទូត​ជប៉ុន​​ប្រចាំ​នៅ​កម្ពុជា ក្នុង​នាម​ជា​ភាគី​ផ្តល់​ជំនួយ​​។

កិច្ច ​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​​ថ្នាក់​តំបន់​លើក​ទី​១ ស្តីពី​​ការ​អភិវឌ្ឍន៍​ ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះ​ហើរ​​ថ្មី​​ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​រយៈ​ពេល​ ពីរ​ថ្ងៃ ២៩-៣០ ខែ​ឧសភា ឆ្នាំ ២០១២ ដែល​មាន​ប្រតិភូ​មក​ពីស្ថាប័ន​អាកាសចរណ៍​វៀតណាម​ចំនួន ១៧ រូប ឡាវ ចំនួន ១០ រូប មក​ពី​ស្ថាន​ទូត​ជប៉ុន​ និង​អង្គការ​ JICA និង JCAB ចំនួន​ ១៣ រូប ព្រម​ទាំង​ប្រតិភូ​មក​ពី​រដ្ឋ​លេខាធិការ​ដ្ឋាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ សរុប​ចំនួន ៦៨ រូប​ចូលរួម​ មាន​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​អំពី​​ការ​អនុវត្ត​គម្រោង​ផែន​ផ្លាស់​​​ប្រព័ន្ធ​គ្រប់​គ្រង​ ការ​ហោះ​ហើរ​ពី​ប្រព័ន្ធ​ផ្ទាល់​ដី​ទៅ​ប្រព័ន្ធ​ផ្កាយ​រណប​រវាង​ប្រទេស​ទាំង ​បី កម្ពុជា វៀត​ណាម ឡាវ​ ក៏​ដូច​ជា​ការ​បង្កើត​នូវ​ក្រុម​សម្រប​សម្រួល​ និង​វាយ​តម្លៃ​អំពី​​កិច្ច​ដំណើរ​ការ​​នៃ​ការ​រៀប​ចំ​អនុវត្ត​ការងារ​ផ្លាស់ ​ប្តូរ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះហើ​រ​​ថ្មី​ ពី​ស្ថាប័ន​អាកាសចរណ៍​នៃ​បណ្តា​ប្រទេស​នីមួយៗផងដែរ។

​ក្នុង​សុន្ទរកថា​ប្រកាស​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម តឹក រ៉េត​សំរេច​ ដំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន ​មាន​ប្រសាសន៍​ចាត់ទុក​ ឧស្សាហកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ ដើរ​តួនាទី​ជា​ចំបង​នៅ​ក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ពិភពលោក​ និង​នៅ​តែ​ជា​វិស័យ​មួយ ដែល​មាន​ការ​រីកចំរើន​លឿនក្នុង​សេដ្ឋកិច្ច​ពិភពលោក​។​ នៅ​ក្នុង​គ្រប់​តំបន់​នៃ​ពិភពលោក​រដ្ឋនីមួយៗ​​ពឹង​ផ្អែក​ទៅ​លើ​ឧស្សាហកម្ម​ អាកាស​ចរណ៍​ ក្នុង​ការ​​ជួយ​រក្សា​ និង​ជម្រុញ​នូវ​កំណើន​សេដ្ឋ​កិច្ច​​របស់​ខ្លួន​ ដូច្នេះ​តម្រូវ​ការ​នៃ​​ធានា​សុវត្ថិភា​ និង​ប្រសិទ្ធភាព​​នៃ​ការ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ តាម​ប្រព័ន្ធ​គ្រប់​គ្រង​ថ្មី​គឺ​ជា​ការ​ចាំ​បាច់​។​

​​ ឯកឧត្តម តឹក រ៉េត​សំរេច​ បាន ​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​ និង​វត្ត​មាន​ប្រតិភូ​មក​ពី​ប្រទេស​ឡាវ និង​វៀត​ណាម ក៏​ដូច​ជា​អ្នក​ជំនាញ​ការ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ដ៏​មាន​សារសំខាន់​ នេះ​នៅ​កម្ពុជា។

ឯកឧត្តម មៅ ហាវណ្ណាល់ រដ្ឋ ​លេខាធិការ​ នៃ​រដ្ឋលេខា​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​រៀប​ចំ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះ​ហើរ​ថ្មី​ រដ្ឋាភិបាលជប៉ុន​បាន​ផ្តល់​ជំនួយ​គាំទ្រ​ពីរ​ជំហាន​ ។ ជំហាន​ទី​១ គឺ​ការ​សិក្សា​បង្កើត​ផែន​ការ​មេ​ ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះហើរ​ថ្មី​(The New CNS/ATM systems) នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀត​ណាម​។ ជំហានទី​ ២ គឺជា​គម្រោង​ការ​​នៃ​ការ​អភិវឌ្ឍន៍​សមត្ថភាពក្នុង​ការ​ផ្លាស់​ប្តូរ​​ ប្រព័ន្ធ​គ្រប់​គ្រង​ថ្មី​រយៈ​ពេល​ ៥ ឆ្នាំ ពី​ឆ្នាំ ២០១១ ដល់ ២០១៥ ដែល​មាន​គោល​បំណង​កែ​លម្អ​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការ​ហោះ​ហើរ​​ និង​ពង្រីក​​នូវ​ចំណុះ​​ផ្ទៃ​អាកាស​​នៅ​ភាគ​ខាង​កើត​តំបន់​មេគង្គ​។​

សូម ​បញ្ជាក់​ថា នៅ​ក្នុង​​ឆ្នាំ ២០១០ តាម​រយៈ​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន(JICA) និង​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ ដល់​​ ប្រទេស​​កម្ពុជា ​វៀតណាម​ ឡាវ​ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ផ្លាស់​ប្តូរ​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះ​ហើរ​​ រយៈ​ពេល​៥ ឆ្នាំ ចាប់​ពី ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ គម្រោង​ការដែល​មាន​តម្លៃ​ប្រមាណ ៦ លាន​ដុល្លារ​អាមេរិក​​គ្រ​ប​ដណ្តប់ទៅ​លើ​ការ​រៀប​ចំ​ប្រព័ន្ធទទួល​ និង​​ផ្តល់​ព័ត៌មាន​​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ហោះ​ហើរ​​​​នៅ​ព្រលាន​ យន្តហោះ​អន្តរ​ជាតិ​​ភ្នំពេញ សៀម​រាប​ ប្រទេស​កម្ពុជា​ ព្រលាន​យន្ត​ហោះ​ទីក្រុង​វៀង​ច័ន្ទ​ ប្រទេស​ឡាវ និង​ព្រលាន​យន្តហោះ​នៅទីក្រុង​ ហាណូយ និង​ ហូជីមិញ ប្រទេស​វៀត​ណាម​។ ផែន​ការ​មេ​ស្តីពី​ប្រព័ន្ធ​គ្រប់​គ្រង​​​ការ​ហោះ​ហើរ​តាម​ផ្កាយ​រណប​​នៅ​ កម្ពុជា​ វៀត​ណាម ឡាវ​ ត្រូវ​ប្រតិបត្តិ​តាម​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ហោះ​ហើរ​ថ្មី​តាម​ផ្កាយ​រណប​ នៃ​អង្គការ​អាកាសចរណ៍​អន្តរជាតិ​៕​
អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស