Thursday, June 14, 2012

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ឯកឧត្តម ហី ហ្គូឈាង សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្ដាល​ការិយាល័យ​នយោបាយ​ នៃ​បក្ស​កុម្មុយនីស្ដ​ចិន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច ​ព្រមព្រៀង​ចំនួន​៧


សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ជាមួយនិង​ ឯកឧត្តម​ ហី ហ្គូ​ឈាង​ សមាជិក ​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​ការិយាល័យ​នយោបាយ នៃ​បក្ស​កុម្មុយនីស្ដ​ចិន និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​ម្រា​ប់​ពិនិត្យ​វិន័យ នៃ​បក្ស​កុម្មុយនីស្ដ​ចិន នា​​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១២ បាន​​ធ្វើ​ជា​អធិបតី​ក្នុង​​​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ ចំនួន ៧​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ធ្វើ​នៅ​វិមាន​សន្តិភាព​រាជធនី​ភ្នំ​ពេញ​ រួម​មាន​៖

១. ឯកឧត្តម​ គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ Liu Liange អនុប្រធាន​ធនាគារ​អា​ហរ​ណ នី​ហរ​ណ​ចិន បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៤៖
​ក​.កិច្ចព្រមព្រៀង​ឥណទាន​អនុគ្រោះ​សម្រាប់​អ្នកទិញ ស្ដីពី​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៦ (​ជំហាន​ទី​២)
​ខ​.កិច្ចព្រមព្រៀង​ឥណទាន​អនុគ្រោះ​សម្រាប់​អ្នកទិញ ស្ដីពី​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៤៤

​គ​.កិច្ចព្រមព្រៀង​ឥណទាន​អនុគ្រោះ​សម្រាប់​អ្នកទិញ ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​ពហុ​បំណង​បាត់ដំបង​

​ឃ​.អនុស្សារណៈ​យោគយល់​គ្នា ស្ដីពី​ឥណទាន​អនុគ្រោះ​សម្រាប់​អ្នកទិញ និង​ឥណទាន​សម្បទាន​របស់​រដ្ឋាភិបាល សម្រាប់​គម្រោង​ផែនការ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល ៣-៥​ឆ្នាំ​។

២.ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Ji Ping អគ្គលេខាធិការរង​មូលនិធិ​ចិន ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​គម្រោង​សាងសង់​​អគារ​ក្នុង​មណ្ឌល​សុខភាព​អន្លង់​ក្ងាន ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

៣.ឯកឧត្តម​​នាយ​ឧ​ត្ត​ម​សេនីយ៍ ឌុល គឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ភស្ដុតាង និង​ហិរញ្ញវត្ថុ នៃ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក He Liyang អគ្គនាយករង​ក្រុមហ៊ុន​ចិន Huawei បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម ស្ដីពី​គម្រោង​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់ និង​គ្រប់គ្រង​ចរាចរ​។​

៤.ឯកឧត្តម​​​ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ ភិ​រុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ និង​បច្ចេកទេស នៃ​ក្រសួងការពារជាតិ និង​លោក Chen Jian អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ចុះហត្ថលេខា​លើ​វិ​ញ្ញាប​ន​ប័ត្រ ស្ដីពី​ការ​ប្រគល់ និង​ទទួល​យន្ដហោះ ប្រភេទ MA60 ចំនួន ២​គ្រឿង រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
ពិធីចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជំនួប​ពិភាក្សា​រវាង​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ជាមួយនិង​ ឯកឧត្តម​ ហី ហ្គូ​ឈាង ​សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​ការិយាល័យ​នយោបាយ នៃ​បក្ស​កុម្មុយនីស្ដ​ចិន ។​

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​​ថា ក្នុងជំនួប​ពិភាក្សាគ្នា រយៈពេល​ជាង​មួយ​ម៉ោង​​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ បានស្នើ​ដល់​ភាគី​ចិន​បន្ត​ជួយ​ដល់​កម្ពុជា តាម​រយៈ​​ការផ្តល់​ឥណទាន ការពិនិត្យ​លើ​បញ្ហា​នាំ​ទំនិញ ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន​កាន់តែ​ច្រើនឡើង ដើម្បី​​ឈានទៅដល់​ទំហំ​ពាណិជ្ជកម្ម ៥០០០ លាន​ដុល្លា​សហរដ្ឋអាមេរិក​ដូច​បានកំណត់​ទុក​នៅ​ឆ្នាំ​២០១៧​។ ​សម្តេច​តេ​ជោ​ ​បានស្នើ​ដល់​ភាគី​ចិន​ឲ្យ​ជំរុញ​វិ​និ​យោ​ទុន អ្នក​អ្នក​ទេសចរណ៍​ចិន​មកកាន់​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើនឡើង ជាពិសេស​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​ខេត្ត​នានា​របស់​ប្រទេស​ចិន​ មកកាន់​រាជ​ធានី​​ភ្នំពេញ ខេត្តសៀមរាប​របស់​ក​ម្ពុ​ជា រួម​ទាំង​ជំរុញ​វិស័យ​យុវជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ ល្អប្រសើរ​ឡើង ព្រោះថា​យុវជន គឺជា​អ្នក​បន្តវេន​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​នៅពេល​អនាគត​។​

​ឯកឧត្តម​ អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​​ថា ឯកឧ​ត្ត​ម ហី ហ្គូ​ឈាងបានទទួល​យក​នូវ​សំណើ​ដ៏​មាន​សារសំខាន់​នេះ ។ ​ទាក់ទិន​ទៅនឹង​ការបន្ត​ផ្តល់ ឥណទាន​ដល់​កម្ពុជា​នោះ ឯកឧត្តម ហី ហ្គូ​ឈាង មានប្រសាសន៍ថា នេះ​គឺជា​លទ្ធភាព​ដែល​ប្រទេស ចិន​អាច​ធ្វើបាន និង​បានស្នើ​ដល់​ភាគី​កម្ពុជា​ឲ្យ​លើក​គំរោង​ដើម្បី​ធ្វើការ​ពិនិត្យ​​ ជាក់ស្តែង​។

​ក្នុង​​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​​ជា​លើក​ទី​១​ ឯកឧត្តម ហី ហ្គូ​ឈាង មានប្រសាសន៍ ​បន្តថា ឯកឧត្តម​បានឃើញ​ផ្ទាល់ និង​ភ្នែក​ពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដូចដែល​រដ្ឋាភិបាល​និង​ប្រជាជន​ចិន តែងតែ​គោរព​ពី​ភាព ឈ្លាសវៃ​នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង ​ការដឹកនាំ​សេដ្ឋកិច្ច ក៏ដូចជា​ស្ថេរភាព នយោបាយ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​លើក​កំពស់ ពិសេស​ទៅទៀត​នោះ​កិត្តិ​ស័ព្ទ​និង កិត្យានុភាព​របស់​កម្ពុ​ជាមាន​ភាពល្បីល្បាញ​ទាំង​នៅក្នុង​តំបន់​ក៏ដូចជា​ នៅលើ​ឆាក​អន្តរជាតិ​នោះ​។ ឯកឧត្តម ហី ហ្គូ​ឈាង ក៏បាន ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏ដូចជា​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ដែលជា​រៀងដរាបមក​តែងតែ​គាំទ្រ​ដល់ ប្រទេស​ចិន​ ​។

​​ទាក់​ទង​​នឹង​បញ្ហា​នេះ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា សម្តេច​​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ នៃ​ប្រទេស​ទាំងពីរ ដែល​ចាប់​ផ្តើមឡើង​ពី​ទំនាក់ទំនង​ក្នុង​ភាពជា​អ្នក​ជិត ខាង​ល្អ មិត្ត​ទុកចិត្តបាន និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន ដែល​ត្រូវបាន​លើក​កំពស់​ដល់ដៃ​គូរ​ជា​យុទ្ធ សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ​។​ សម្តេច​តេ​ជោ​​ មានប្រសាសន៍​បន្តថា​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​មិនអាច​កាត់​ផ្តាច់​​​ អំពី​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ចិន​បាន​នោះទេ ហើយ​ការរីកចំរើន​របស់​ចិន​គឺ​បាន​នាំមក នូវ​វិបុលភាព​សំរាប់​ប្រទេសជិតខាង​ក៏ដូចជា​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​ ជំនួយ​របស់​ប្រទេស​ចិន​មិន​ត្រឹមតែ​ជួយ​កម្ពុជា​ឪ្យ​មានការ​រីកចំរើន​លើ​ វិស័យសេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​អាចជួយ​ដល់​ឯក​រាជ្យ​ភាព​របស់​កម្ពុជា​ផងដែរ​។