ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ៖ យើង
ឃើញថានេះគឺជាសប្តាហ៍មួយដែលលទ្ធផលនៃការបោះឆ្នោត
បានលេចឡើងយ៉ាងច្បាស់ហើយ ដែលធ្វើឲ្យគណបក្សខ្លះខកចិត្ត
កំពុងតែបង្ហាញនូវភាពកោលាហល
ហើយគណបក្សខ្លះគឺបង្ហាញនូវក្តីអស់សង្ឃឹម
ដោយប្រកាសច្រានចោលលទ្ធផលនៃការបោះឆ្នោតជាដើម។ល។
ហើយបើតាមអំណះអំណាងរបស់គណបក្សនយោបាយនីមួយៗ ជាពិសេសគណបក្ស
ប្រឆាំងតែម្តង ដែលខ្ញុំចង់សំដៅទៅលើបក្ស កឹម សុខា និង បក្ស សម
រង្ស៊ី គឺថា ហាក់បីដូចជាមិនសប្បាយចិត្តជាមួយលទ្ធផលនេះទេ
ដោយគេប្រើភាសាច្រានចោល ហើយសម្រាប់ កឹម សុខា គឺ
គេស្ថិតនៅក្នុងភាពអល់អែក ដោយបន្តុះបង្អាប់ថា គេលួចផង
ហើយសប្បាយរីករាយនឹងលទ្ធផលរបស់ខ្លួនផង។
អញ្ចឹងជុំវិញបញ្ហានេះ តើលោកបណ្ឌិតមានអ្វីជាការបំភ្លឺ
ជុំវិញព្រឹត្តិការណ៍ក្រោយការបោះឆ្នោតនេះ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បើ
យើងពិនិត្យទៅលើលទ្ធផលផ្លូវការបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប
យើងឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបាននូវសម្លេងគាំទ្រ
ដ៏ច្រើនលើសលប់ ហើយមានកំណើន បើធៀបទៅនឹងលទ្ធផលបោះឆ្នោត ២០០៨
កន្លងទៅ គឺគណបក្សប្រជាជនកម្ពុជា បានរហូតដល់ជាង ៣ លាន ៦ សែន។
ឯគណបក្ស សម រង្ស៊ី ដែលទទួលបាននូវលំដាប់ថ្នាក់លេខ ២
ប៉ុន្តែឃ្លាតឆ្ងាយពីគណបក្សប្រជាជន គឺបានជាង ១លាន ២សែន ២ម៉ឺន។
តួលេខនេះបើយើងយកទៅធៀបកាល២០០៨ គណបក្ស សម រង្ស៊ី ធ្លាក់ចុះ។
គណបក្ស សម រង្ស៊ី កាលពី២០០៨ បាន ១លាន ៣សែន ជាង អញ្ចឹងធ្លាក់ចុះ។
គណបក្សបានលំដាប់លេខ ៣ គឺគណបក្ស កឹម សុខា បានលេខ៣ មែន តែលេខ៣
នេះ ឃ្លាតពី គណបក្ស សម រង្ស៊ី ទៅទៀត
យើងមិនបាច់យកមកធៀបជាមួយគណបក្សប្រជាជនកម្ពុជាទេ វាឆ្ងាយ
ឆ្ងាយដាច់អាល័យ។ ប្រៀបធៀបត្រឹម កឹម សុខា នឹង សម រង្ស៊ី
ពីរនាក់ហ្នឹងក៏ឃ្លាតគ្នាដែរ កឹម សុខា
ថ្វីត្បិតតែមានការកើនឡើងបើធៀបឆ្នាំ២០០៨ គឺ កឹម សុខា បានតែ
៣សែន ៩ ម៉ឺន គឺជិត ៤សែន ហើយ ២០១២ នេះ កឹម សុខា កើនរហូតទៅដល់ ៥សែន ៧
ម៉ឺន ទោះបីមានកំណើនពិតមែន តែរវាងកឹម សុខា និង សម រង្ស៊ី
ឃ្លាតគ្នាឆ្ងាយណាស់។ សម រង្ស៊ី ២០១២ បាន ១លាន ២ សែន ២ ម៉ឺន ឯកឹម សុខា
២០១២ បាន ៥ សែន ៧ម៉ឺន អញ្ចឹងខុសគ្នាជាងពាក់កណ្តាល។
បើយើងគិតទៅគំលាតពួកគាត់នេះឆ្ងាយគ្នាណាស់
មិនបាច់យកមកធៀបជាមួយគណបក្សប្រជាជនកម្ពុជាទេ។ យោងតាមលទ្ធផលនេះ
យើងឃើញថា អំនួតអួតក្អេងក្អាងរបស់គណបក្ស កឹម សុខា
បង្ហាញឲ្យប្រជាពលរដ្ឋឃើញថា ជាការបាក់អំនួតលើកទី២។
យើងអាចសិក្សាកាលពី ២០០៨ កឹម សុខា គេអួតថា គេនឹងឈ្នះបាន ៥៨ អសនៈ
នៃអសនៈសភា ១២៣ រហូតអាចបានទៅដល់ ៦៣ អសនៈ តែដល់លទ្ធផលពិតប្រាកដ
កឹម សុខា បានតែ ៣។ ដូច្នេះអួតនេះអួតហួស ធ្លាក់មក ៣
ដល់ពេលលទ្ធផលបោះឆ្នោត គាត់បាន ៣ គាត់ថា គាត់នៅតែឈ្នះ
ពេលគាត់ឃោសនា គាត់ថា បាន ៥៨ ទៅ ៦៣ ដល់ពេលលទ្ធផលជាក់លាក់ បាន ៣
គាត់ថា គាត់នៅតែឈ្នះ។ ដូច្នេះ កឹម សុខា
មានបញ្ហាមួយហើយខាងសតិសម្បជញ្ញៈ ។ ឥឡូវទៀតហើយ គាត់ថា
ដូរឫសគល់តែម្តង បោះឆ្នោតឆ្នាំ ២០១២ ហ្នឹង គឺយកឈ្នះតែម្តង។
គាត់ថា ពេលនេះជាងពេលណាៗទាំងអស់ ដូចកាល២០០៨
បើយើងស្តាប់សន្ធឹកនៃការអួត ២០១២ ហ្នឹង គួរតែ ១៦៣៣ ឃុំ-សង្កាត់
គួរតែ កឹម សុខា គាស់បានអស់ហើយ ។ កឹម សុខា បានតែ ១៨ ឃុំ
បើធៀបជាមួយ ១៦៣៣ បានតែ ១,១% ទេ
ហើយបើយើងនិយាយពីសម្លេងឆ្នោតវាតិចតួចបំផុត តែកឹម សុខា
ថាឈ្នះទៀតហើយ ។ ងាកមក សម រង្ស៊ី អត់ប្រកែកថា
ខ្លួនឯងឈ្នះឬចាញ់ទេ តែអំនួតរបស់គាត់ដែលគាត់ថា
នឹងផ្លាស់ប្តូរបានសម្រេចផលរបស់គាត់ហ្នឹង
លទ្ធផលគ្មានអ្វីខុសពីមុនៗគឺដដែល
គឺគាត់មិនអាចយកជ័យជំនះបានទេ។ ផ្ទុយទៅវិញ ២០១២
នេះមានតែធ្លាក់ចុះនូវសម្លេងគាំទ្រ ដល់អញ្ចឹងទៅគណបក្ស សម រង្ស៊ី
ក៏អនុវត្តនូវប្រពៃណីទំនៀមទំលាប់របស់ខ្លួនច្រានចោលលទ្ធផលបោះ
ឆ្នោត។ ប៉ុន្តែ កឹម សុខា ដូរឥរិយាបទបន្តិច ពីព្រោះកាល ២០០៨ កឹម
សុខា អួតថា ៥៨ ទៅ ៦៣ ដល់បាន៣ នៅតែស្រែកថា ឈ្នះ។
ប៉ុន្តែនៅក្នុងផ្លូវចិត្តគឺចាញ់ហើយ អញ្ចឹងហើយបានងាយត្រូវគ្នា
ជាមួយ សម រង្ស៊ី ក្នុងការប្រឆាំងលទ្ធផលបោះឆ្នោត។ ដល់ ២០១២ នេះ
កឹម សុខា បាក់អំនួតក៏ពិតមែន ប៉ុន្តែកឹម សុខា គិតថា គ្រាន់បើជាងអត់
ព្រោះពី ០ ឃុំ មកបាន ១៨ ឃុំ ដែរ
ហើយពីអត់មានតំណាងនៅក្នុងឃុំសង្កាត់ មកបាន
ប៉ុន្មានរយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែរ
ហើយសម្លេងឆ្នោតកើនពី ៣ សែន ៩ ម៉ឺន មក ៥ សែន ៧ ម៉ឺន ឃើញថា កើនដែរ ។
ដូច្នេះ ខ្លួនអល់អែក បើបដិសេធទៅខ្លាចវាខាត ព្រោះខ្លួនមានកំណើន
តែបើមិនបដិសេធទៅហាក់ដូចជា ដកឃ្លាចេញពី សម រង្ស៊ី
ពីព្រោះខ្លួនទាល់ច្រកដែរចង់ប្រើប្រាស់ សម រង្ស៊ី។ អញ្ចឹងកឹម
សុខា រៀររែកចិត្ត ដើម្បីឲ្យខ្លួនដើរតួរជាគណបក្ស ប្រឆាំង ដូច សម
រង្ស៊ី ព្រោះគេចោទគាត់ថា ជាគណបក្សបញ្ឆោតទេ។ សម រង្ស៊ី អះអាងថា
ខ្លួនគាត់ជាគណបក្សប្រឆាំងតែមួយគត់ ឯ កឹម សុខា ក៏អួតអញ្ចឹងដែរ
ប៉ុន្តែប្រជាពលរដ្ឋទូទៅចាត់ទុក កឹម សុខា ថា ជាគណបក្ស បញ្ឆោតទេ។
អញ្ចឹងដើម្បីកុំឲ្យដូចពាក្យគេថា កឹម សុខា គាត់ថា
គាត់បានប៉ុណ្ណឹងមែន ប៉ុន្តែគាត់ចោទប្រកាន់ថា គេលួចសន្លឹកឆ្នោត
២០១២ នេះ។ ចំណុចហ្នឹងខ្ញុំចង់ជាសារមួយដែរ ហេតុអីបានជា បណ្តោយ
កឹម សុខា ឲ្យប្រើពាក្យបំភ្លៃការពិត ឬក៏ចោទប្រកាន់ងាយៗម្លេះ
គួរតែពិនិត្យទៅលើលក្ខណៈច្បាប់ខ្លះ ដើម្បីឲ្យ កឹម សុខា
ត្រូវទទួលស្គាល់ចំពោះពាក្យសំដីដ៏អាក្រក់របស់ខ្លួន
ដែលធ្វើឲ្យប្រជាពលរដ្ឋភាន់ច្រឡំ។
ត្រង់ហ្នឹងខ្ញុំចង់បញ្ជាក់ទៅ គ.ជ.ប ថា តើភាសាដែល កឹម សុខា
ធ្វើសន្និសីទការសែតនៅឯមន្ទីរបក្សរបស់ខ្លួនក្រោយពេលលទ្ធផលដែល
គាត់ដឹង គាត់ចោទប្រកាន់ថា គេលួចសន្លឹកឆ្នោត
ច្បោលៗរបៀបហ្នឹងតើគួរអនុញ្ញាតឲ្យអ្នកនយោបាយអាឡិអាឡក់ដូច កឹម
សុខា ប្រើវេទិការសាធារណៈមកចោទប្រកាន់អញ្ចឹងដែរ ឬក៏យ៉ាងណា?
បើទស្សនៈខ្ញុំ មិនមែនរុញច្រានឲ្យទៅតាមគន្លងហ្នឹងទេ
ប៉ុន្តែភាសាអ្នកនយោបាយដូច កឹម សុខា នេះ បើសិនជា កឹម សុខា
មានភស្តុតាង គួរតែដាក់ភស្តុតាងមកស្ថាប័ន គ.ជ.ប តែបើកឹម សុខា
គ្រាន់តែថា លេងសើច កំប្លែងនយោបាយនៅវេទិកា សាធារណៈឬ
សន្និសីទកាសែត គួរតែមានវិធានការផ្លូវច្បាប់ណាមួយ
ជម្រុញឲ្យលោក កឹម សុខា ដាក់ភស្តុតាងមក មិនអាច
ធ្វើលេងៗអញ្ចឹងបានទេ ។ លទ្ធផលនេះបង្ហាញអំពី ចរិត លក្ខណៈសម្បត្តិ
គុណសម្បត្តិនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះគឺបង្ហាញអំពីចីរភាព
និងការបន្តទៅមុខនៃដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម
នៅថ្នាក់មូលដ្ឋាន។
អំណាចមូលដ្ឋានត្រូវបានឆ្លងកាត់ការបោះឆ្នោតដោយទៀតទាត់ ៥ ឆ្នាំ
ម្តង ប៉ុន្តែនៅឆ្នាំ ២០១២ នេះ
នីត្យានុកូលភាពប្រជាធិបតេយ្យតាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ
បានបង្ហាញនូវទិដ្ឋភាព ២ ដាច់គ្នា។ ទិដ្ឋភាពទី១
គឺប្រជាពលរដ្ឋខ្មែរ ច្រើនជាង ២ភាគ ៣ បានន័យថា ជិតដល់ ៧០%
បានបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា
ចំពោះនយោបាយអភិវឌ្ឍន៍មូលដ្ឋាន
ហើយនិងយល់ព្រមទទួលយកឲ្យគណបក្សប្រជាជនកម្ពុជា
អភិវឌ្ឍន៍មូលដ្ឋានជាបន្តទៀតសម្រាប់ ៥ ឆ្នាំ ខាងមុខ។
ដែលខ្ញុំហ៊ានថា នេះគឺខ្ញុំផ្អែកលើទឡ្ហីករណ៍នៃលទ្ធផលគឺ
បានន័យថា គណបក្សប្រជាជនអត់បានបាត់បង់សន្លឹកឆ្នោតទេ
បើយោងតាមវិទ្យាសាស្រ្តនយោបាយ
កាលណាអត់បាត់បង់សន្លឹកឆ្នោតបានន័យថា
ប្រជាពលរដ្ឋគាំទ្រដំណើរអភិវឌ្ឍន៍បន្តនៅមូលដ្ឋាន
ក្នុងល្បឿនប៉ុណ្ណា យើងអាចវិភាគស៊ីជម្រៅទៀត
ហើយយើងអាចបំបែកទូទាំងប្រទេស ហើយយើងបំបែកមកខេត្តក្រុង
ហើយយើងបំបែកមក ឃុំ-សង្កាត់ យើងអាចមើលឃើញថា
មានចំណុចវិជ្ជមានខ្លាំងប៉ុណ្ណា ចំណុចខ្សោយនៅសល់អ្វីខ្លះ។
ទិដ្ឋភាពទី ២ ចរិតលក្ខណៈនៃការបោះឆ្នោត យើងអាចមើលឃើញថា
ប្រជាពលរដ្ឋប្រហែល ២០%ទៅ ២៥% គឺបោះឆ្នោតដណ្តើមគ្នា
រវាងគណបក្សប្រឆាំងនឹងគណបក្សប្រឆាំង បានសេចក្តីថា គណបក្ស សម រង្ស៊ី
និងគណបក្ស កឹម សុខា
បានដណ្តើមគ្នានូវសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋតែ ២៥% ទេ
នេះមានន័យថា កន្លែងខ្លះ សម រង្ស៊ី បូមយកពី កឹម សុខា កន្លែងខ្លះកឹម
សុខា បូមយកពី សម រង្ស៊ី។ បានសេចក្តីថា ទាំង សម រង្ស៊ី ទាំង កឹម
សុខា
ពុំមានសមត្ថភាពនយោបាយឯណាទៅដណ្តើមយកការគាំទ្ររបស់គណបក្សប្រជាជន
កម្ពុជាទេ
គឺមានតែដណ្តើមចំណែករបស់ពួកដែលប្រឆាំងនឹងគណបក្សប្រជាជន
កម្ពុជាទេ។
លោក សត្យា រក្ស
សំណួរ៖ ទាក់
ទងទៅនឹងគណបក្ស បញ្ឆោត ដែលខ្ញុំចង់សំដៅទៅ កឹម សុខា ខ្ញុំឃើញថា
ឥឡូវនេះ ភាពបញ្ឆោតចេញរូបរាងហើយ ជាពិសេសបងប្អូនដែលឃ្លាំមើល
ពីរឿងថា បញ្ជូនមេឃុំទៅរៀននៅអាមេរិក
រួមជាមួយនឹងការបង្កើតសាលាមត្តេយ្យ ក្នុងភូមិ
រួមជាមួយនឹងការបង្កើតមជ្ឈមណ្ឌលកសិកម្មនៅក្នុងឃុំ
រួមជាមួយអ្វីច្រើនណាស់ដែល កឹម សុខាបានសន្យា។
ប៉ុន្តែប៉ុន្មានថ្ងៃនេះ បានពន្យល់ទៅមេឃុំរបស់ខ្លួន
ដែលគាត់ទៅខាងខេត្តកំពត គាត់ថា គាត់នឹងគោរពពាក្យសន្យានេះ
ប៉ុន្តែអង្គការអន្តរជាតិគេបានយល់ព្រមហើយក្នុងការអញ្ចើញមេឃុំទៅ
ធ្វើទស្សនកិច្ចសិក្សា នៅអាមេរិក ក្តី នៅបារាំង ក្តី នៅអូស្រ្តាលី
ក្តី ប៉ុន្តែគេកំណត់ ឲ្យទៅម្តងតែ២ នាក់ទៅ ៣ នាក់ទេ
ម្តងឃុំនេះម្នាក់ពីរនាក់អញ្ចឹងទៅ
ម្តងខាងនោះម្នាក់ពីរនាក់អញ្ចឹងទៅ។
អញ្ចឹងសំដីនេះខ្ញុំចង់ឲ្យលោកបណ្ឌិត
ជួយបញ្ជាក់មើលទាក់ទងទៅហ្នឹងកិច្ចសន្យារបស់ កឹម សុខា
ថាតើមាយាទ ដែលលោកបណ្ឌិតធ្លាប់ស្គាល់ កឹម សុខា តាំងពីដើម
រហូតទៅដល់មានមាយាទនយោបាយភូតកុហករបស់ កឹម សុខា
រួមជាមួយកិច្ចសន្យាចុងក្រោយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់
ដែលទាក់ទងទៅនឹង ឡានពេទ្យ
ទាក់ទងទៅហ្នឹងនាំមេឃុំទៅរៀន...តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េច?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
និយាយឲ្យងាយយល់នឹងសាមញ្ញបំផុត កឹម សុខា
ស្រែកប៉ោងដូចក្អាត់ក្នុងក្អម នេះយើងដឹងទាំងអស់គ្នា
គ្មានអ្នកណាមួយប្រកែកទេ សូម្បីតែកូនកឹម សុខា ប្រពន្ធ កឹម សុខា
ក៏ទទួលស្គាល់ដូចតែគ្នាហ្នឹង ប៉ុន្តែក្នុងចិត្តរបស់ កឹម សុខា
មិនមែនដល់ថ្នាក់ជាមនុស្សវង្វេងស្មារតីអស់
ដោយសាររឿងអស់ហ្នឹងទេ។ កឹម សុខា នៅដឹងខ្លះ
ថាអ្វីដែលគាត់ស្រែកគឺ ដូចក្អាត់ក្នុងក្អមអញ្ចឹង
គាត់មិននឹកស្មានថា គាត់អាចជាប់មេឃុំបានម្នាក់ផង កុំនិយាយថា ១៨ ។
កាលដែល កឹម សុខា ស្រែកគាត់មិនស្មានថា គាត់បានជាប់មេឃុំផង
គាត់អរឲ្យត្រឹមតែបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទេ
ដល់អញ្ចឹង កឹម សុខា គិតថាមិនអាចជាប់មេឃុំ បានយើងឃើញថា កឹម
សុខា លេងនយោបាយសន្យា។ ធម្មតាគណបក្សនយោបាយ
គេអត់លេងទេល្បែងហ្នឹងព្រោះគេខ្លាចវាវ័ន្តក តែ កឹម សុខា
គិតថា មិនវ័ន្តកទេ ព្រោះអញវាមិនជាប់ដល់មេឃុំទេ កឹម សុខា
គិតអញ្ចឹង ។ ដល់ចៃដន្យជាប់តែមិនជាប់ម្នាក់ទេ ជាប់ដល់ ១៨ ឃុំ
សង្កាត់ អញ្ចឹងវាវ័ន្តកហើយ វ័ន្តទៀត។ តើគាត់វ័ន្តកយ៉ាងម៉េច?
ការសន្យាទាំងឡាយ
រហូតក្នុងវេទិកាផ្សាយបន្តផ្ទាល់របស់វិទ្យាស្ថានពលរដ្ឋវិជ្ជា
យើងនៅតាមវិទ្យុហ្នឹង កូនចៅបននយោបាយ កឹម សុខា ទូរស័ព្ទ មកថា កឹម
សុខា ពុំបានសន្យាទេទាល់តែឈ្នះធ្វើនាយករដ្ឋមន្រ្តី
បានធ្វើអាហ្នឹង ចាប់ផ្តើមវ័ន្តកហើយ ចាប់ផ្តើមដោះសារ។
តាមពិតរឿងឃោសនាបែបសន្យា គេយកតែពីរលទ្ធភាពទេ ទី១ កឹម សុខា
មានក្រដាស មានខិតប័ណ្ណបោះផ្សាយ ហើយយើងមានរក្សាទុក។ ទី២ កឹម សុខា
បាននិយាយឃោសនា ក្នុងរយៈពេល ១៥ ថ្ងៃ
ជារយៈពេលផ្លូវការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា
ឃុំសង្កាត់ ដូច្នេះការឃោសនានៅក្នុងរយៈពេល ១៥ ថ្ងៃ
ជារយៈពេលផ្លូវការ គឺអ្វីដែល កឹម សុខា និងបននយោបាយ កឹម សុខា
និយាយនៅក្នុងខណៈពេលហ្នឹង
ក៏ជាការសន្យាផ្លូវការក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
មិនមែនសន្យាយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
ទៅជាពាក់ព័ន្ធទៅហ្នឹងបោះឆ្នោតសភាធ្វើនាយករដ្ឋមន្រ្តីនោះទេ
គឺមិនទាន់ដល់ឯណា។ យើងរាប់នៅក្នុងខិតប័ណ្ណ កឹម សុខា សន្យាថា
មេឃុំ ខ្លួនជាប់ឆ្នោតនឹងបានទៅរៀនប៉ុន្មានខែនៅអាមេរិក នៅបរទេស
ផ្លាស់ប្តូរបទពិសោធន៍ ឥឡូវវ័ន្តកហើយ។ យើងគុណទៅ
សំបុត្រយន្តហោះទៅអាមេរិកប៉ុន្មាន
យើងយកលេខគត់ចុះគ្រាន់អាចតថ្លៃសំបុត្រយន្តហោះចុះថោកជួយអរ
២ពាន់ដុល្លារទៅចុះសម្រាប់ទៅមក។ ២ពាន់ដុល្លារ គុណ ១៨ នាក់
ប៉ុន្មាន ម៉ឺន ចុះទៅស្នាក់នៅ ៣ ខែ ក្តី ៦ ខែក្តី
វាមិនអាចខ្ចប់បាយ ខ្ចប់ នំបុ័ង ពីភ្នំពេញ ទៅស៊ីនៅអាមេរិកទេ
មិនអាចទេ។ ដូច្នេះប្រាកដជាទិញនៅទីនោះហើយ ហើយស្នាក់នៅ
ធ្វើលិខិតឆ្លងដែនថា នៅស្រុកខ្មែរទេ ថាអាចសម្រួលគាត់បន្តិចទៅ
អាណិតគ្នា នៅថ្លៃសេវា ឥឡូវថាមានបរទេសគេព្រមទៀត។
យើងគិតទៅជឿឬមិនជឿ មេឃុំប្រទេសណាដែលទំនេរមកបណ្តុះបណ្តាល
ឥឡូវថា គេរកលុយចាត់ចែងទៅចុះ គ្រាន់តែ កឹម សុខា គិតថ្លៃយន្តហោះ
គិតស្នាក់នៅ ៣ខែ ទៅ ៦ខែ គិតទៅ មិនបាច់និយាយអ្វីច្រើនទេ
គិតតែលុយទៅ ហើយកុំប្រកែកថា ទាល់តែធ្វើនាយករដ្ឋមន្រ្តី
នៅក្នុងខិតប័ណ្ណផ្សាយឃោសនាមាន ហើយនៅក្នុងខិតប័ណ្ណគេ គឺ បណ្ណាល័យ
ឥឡូវបណ្ណាល័យខ្នាតទាបក៏បានទទួលដែរឲ្យតែបានធ្វើសិន។
មួយទៀតគាត់សន្យាថា នឹងសង់មត្តេយ្យសាលា មិនមែនមត្តេយ្យមួយឃុំ
មាន ១ ទេ កឹម សុខា ថា ឲ្យមានគ្រប់ភូមិ បានន័យថា នៅកម្ពុជា
មួយឃុំអាចមាន ៤ទៅ៥ ភូមិ អញ្ចឹងត្រូវមានមត្តេយ្យសាលា ៤ទៅ៥
ឥឡូវមត្តេយ្យសាលាខ្នាតតូចកុំអាលធំអាណិតគ្នា
ហើយនយោបាយក្តាមគ្រោង របស់បននយោបាយ កឹម សុខា
គេថានឹងដឹកកុំព្យូទ័រចូលមន្ទីរឃុំដែលគណបក្ស
សិទ្ធិមនុស្សឈ្នះឆ្នោត។ ឥឡូវថា កុំទិញកុំព្យូទ័រថ្លៃ ១
ពាន់ដុល្លារ ឬ ២ ពាន់ដុល្លារ ទិញអាថោក មួយតែ ២00 ដុល្លារ
ក៏បានដែរទៅ ឲ្យតែបានដឹកចូល។ បើដឹកអា ២០០ ដុល្លារ ១ គ្រឿង
១៨ ឃុំ គុណទៅប៉ុន្មាន ចុះបើ មួយឃុំ ២ ទៅ ៣ គ្រឿង
ព្រោះគេសុទ្ធតែ Network សេវាល្អអីណានោះ តែនិយាយគ្នាឲ្យហើយ
ប្រយ័ត្នចោទប្រកាន់ថា ថវិការដ្ឋឲ្យតិច មិនមែនទេណា
អ្នកត្រូវដឹងរួចទៅហើយថា ថវិកាជាតិទម្លាក់ឃុំគឺមិនច្រើនទេ
នៅអាមេរិក បារាំង អាល្លឺម៉ង់ នៅប្រទេសណាក៏ដូចគ្នាដែរ
ប៉ុន្តែចំណូលរបស់ឃុំគឺ ប្រភពចំណូលតាមរយៈផ្សេងៗទៀត។
តិចដល់ខ្លួនឯងសន្យាបោកប្រាស់
ស្រាប់តែមកទម្លាក់បន្ទុកមករដ្ឋាភិបាល អាហ្នឹងខូចហើយ
ចរិតថោកទាបបំផុត។
លោក សត្យា រក្ស ៖ តែ
កឹម សុខា គេបញ្ជាក់នៅចុងក្រោយនេះដែរ គឺគាត់បញ្ជាក់ថា
រឿងកុំព្យូទ័រ រឿងឡានពេទ្យ រឿងមត្តេយ្យសាលា នេះ
ស៊ីសងលើគាត់សុំគេបានឬមិនបានទេ ទៅជាអញ្ចឹងវិញ។
លោកបណ្ឌិត ឈឹម ផលវរុណ៖ មិន
អីទេ អ្នកដោះសារសម ទុកឲ្យប្រជាពលរដ្ឋពិចារណាចុះ
តែបើអ្នកដោះសារមិនសម អាហ្នឹងចូលដល់បោក ប្រជាភិថុត
គឺអ្នកកំពុងធ្វើនយោបាយដ៏ថោកទាបបំផុត ។ ឥឡូវយើងពិចារណាមួយទៀត
ឃុំណាដែលភ្លើងអគ្គិសនីអត់ទៅដល់
គេនឹងទិញម៉ាស៊ីនភ្លើងដាក់ឲ្យទៀត
រហូតដល់មានឡានសង្គ្រោះបន្ទាន់ទៀតនៅតាមឃុំមួយៗ។
ឥឡូវយើងចាំមើលរហូតដល់មានមជ្ឈមណ្ឌលសុខភាព។
មជ្ឈមណ្ឌលសុខភាពមាននៅតាមឃុំ ឥឡូវ កឹម សុខា មិនទៅបង្កើត
មជ្ឈមណ្ឌលសុខភាពអីប្លែកទេ រៀបចំឲ្យល្អថែមទៀតមើល
ធ្វើឲ្យអស្ចារ្យថែមទៀតមើល ហ្នឹងក៏យើងទទួលយកបានដែរ។
មួយទៀតអត់មាននៅក្នុងក្រដាស់ទេ ប៉ុន្តែមាននៅលើពាក្យសំដី កឹម
សុខា ក្នុងរយៈពេល ១៦ ថ្ងៃ នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ
សង្កាត់ ដាក់ធ្មេញឲ្យយាយតា ៤ម៉ឺន ១ខែ សម្រាប់ចាស់ៗ ព្រោះកឹម សុខា
និយាយនៅពេលឃោសនាបោះឆ្នោត ដូច្នេះអាហ្នឹងក៏យកមកគិតជាមួយដែរ
តម្លើងប្រាក់ខែ បញ្ចុះថ្លៃសាំង
បោះឆ្នោតឃុំសង្កាត់ទៅបោកប្រជាពលរដ្ឋ តាំងពីបញ្ចុះថ្លៃសាំង
តម្លើងប្រាក់ខែ ឥឡូវចាំមើលគាត់បាន ឃុំ ១៨ ហ្នឹង
តើគាត់អាចតម្លើងប្រាក់ខែប្រជាពលរដ្ឋនៅឃុំ បានឬអត់ យើងចាំមើល
តើយាយតា ដែល កឹម សុខា ឈ្នះ ១៨ ឃុំ កំពុងរស់នៅ
អាចមានជោគវាសនាបាន ដាក់ធ្មេញឲ្យឬអត់ ហើយ៤ ម៉ឺន មិនបាច់ឲ្យ ៤
ម៉ឺន ឃុំផ្សេង ៤ ម៉ឺនតែចាស់ៗនៅ ឃុំ ១៨ ហ្នឹងចុះ ព្រោះ កឹម សុខា
និយាយពេលឃោសនា។ អញ្ចឹងយើងទាំងអស់គ្នាត្រៀមចាំទាំងអស់គ្នា
ទាំងកម្មវិធីរបស់យើងនៅទូរទស្សន៍បាយ័ន
ទាំងកម្មវិធីផ្សាយបន្តផ្ទាល់របស់វិទ្យាស្ថានពលរដ្ឋវិជ្ជានៅវិទ្យុ
យើងនឹងរាប់ថយក្រោយ រាប់ចាប់ពីខណៈថ្ងៃទី ១ គឺខណៈពេលដែល
ការផ្តល់តំណែងដល់មេឃុំ ចៅសង្កាត់
និងការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៣
ពេលហ្នឹងយើងរាប់ជាថ្ងៃទី១ ហើយយើងរាប់ថយក្រោយពីថ្ងៃទី ១
រហូតទៅដល់ថ្ងៃ ២៨ ខែ កក្កដា ឆ្នាំ ២០១៣
ដែលជាថ្ងៃបោះឆ្នោតរដ្ឋសភានីតិកាលទី ៥ ហើយយើងរាប់ថយក្រោយមក
រាប់បាន ១ ថ្ងៃ សួរកឹម សុខា ថា ម៉េចទៅ កឹម សុខា បានប៉ុន្មាននាក់ហើយ
ទៅអាមេរិក សួរបានធ្វើអីខ្លះ សួរដេញៗរហូត
ឲ្យប្រជាពលរដ្ឋតាមដាន បង្ខំ កឹម សុខា ឲ្យគោរពកិច្ចសន្យា។
លោក សត្យា រក្ស
សំណួរ៖
ខ្ញុំនៅចាំថា កាលពីឆ្នាំ២០០៨ គណបក្សទាំងពីរគឺ គណបក្ស សម រង្ស៊ី
និងគណបក្ស កឹម សុខា ជាសត្រូវស៊ីសាច់គ្នា។ កឹម សុខា
ចោទថាគណបក្ស សម រង្ស៊ី គឺជាអាយ៉ង ជាគណបក្សប្រឆាំងក្លែងក្លាយ
គ្មានប្រជាធិបតេយ្យ។ ចំណែក សម រង្ស៊ី ក៏បានប្រកាសដែរថា កឹម សុខា
នេះគឺគ្រាន់តែជាអាយ៉ង ជាគណបក្សតូចតាច ជាគណបក្សកូនមាន់មកចឹកជើង សម
រង្ស៊ី ។ល។ អញ្ចឹងពេលឆ្នាំ២០០៨ នោះ
គឺពួកគេបានដណ្តើមប្រជាប្រិយភាពគ្នាយ់ាងខ្លាំង
ប៉ុន្តែនៅពេលដែលលទ្ធផលបរាជ័យយ៉ាងអាម៉ាសរៀងខ្លួន គឺ សម រង្ស៊ី
បាន២៦ ហើយ កឹម សុខា បានតែ៣ នោះ
ស្រាប់តែពួកគេចាប់បង្កើតសម្ព័ន្ធភាពឯណា ដើម្បីមានការផ្តួលរំលំ
ហើយពេលនោះសម្តេចអគ្គមហាសេនាបតី លោកក៏បានមានប្រសាសន៍ដែរថា
សម្ព័ន្ធភាពនោះ គឺជាសម្ព័ន្ធភាពបីសាច។
ពេលនោះប្រជាពលរដ្ឋក៏បានតាមដានមើលដែរ
ហើយឃើញថាវាក្លាយទៅជាបាយឡុកបាយឡ
និងក្លាយទៅជាសង្គ្រាមជេរប្រមាថគ្នាយ៉ាងអាណាធិបតេយ្យទៅវិញ។
ឥឡូវនេះ
គឺជាលើកទី២ ហើយ ក្រោយពីបរាជ័យនៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ
សង្កាត់ យើងឃើញថាមានសញ្ញានៃការបោះពាក្យចងសម្ព័ន្ធភាពនោះទៀតហើយ
ប៉ុន្តែយ៉ាងណាៗនោះ គឺមិនទាន់ដឹងទេ។ ត្រង់ចំណុច
ចង់ចងសម្ព័ន្ធភាពថ្មីជាលើកទី២ របស់ កឹម សុខានេះ
តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េចដែរបាទ ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ
៖ ដូចខ្ញុំបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ជាញយដងរួចមកហើយ
ហើយក៏សូមឲ្យបងប្អូនចងចាំផងដែរថា កឹម សុខា
នៅពេលដែលទាល់ច្រកនយោបាយ ឬនៅពេលដែលទៅដល់ផ្លូវទាល់មួយ ពេលនោះ កឹម
សុខា នឹងសម្រេចចិត្តទៅសុំលុនតួចុះចូលគណបក្សប្រជាជនកម្ពុជា
ឬក៏ទៅសុំលួងលោមគណបក្ស សម រង្ស៊ី ដើម្បីបន្តជីវិតនយោបាយរបស់ខ្លួន
ហើយឥឡូវនេះយើងឃើញកាន់តែច្បាស់ហើយ។ បោះឆ្នោតឆ្នាំ២០១២ ហើយ
គឺធ្វើចរឹតដូចកាលបោះឆ្នោតឆ្នាំ២០០៨ អញ្ចឹង គឺគ្រាន់តែបោះឆ្នោតហើយភ្លាម
កឹម សុខា បានបោះដៃទៅរក សម រង្ស៊ី ភ្លាម ។
តាមពិតគាត់គ្រាន់តែមិនសារភាពថា ជួយផងៗ ខ្ញុំទាល់ច្រកហើយ នោះទេ
គាត់សុខចិត្តនិយាយថា ខ្ញុំសុខចិត្តបោះដៃមុន ដើម្បីប្រជាជាតិ។
យើងពិនិត្យមើល តើ កឹម សុខា បោះដៃនោះគឺដើម្បីប្រជាពលរដ្ឋខ្មែរ
ឬក៏ដោយសារតែគាត់ជិតដល់ទីទាល់ច្រក? ។ តាមពិត កឹម សុខា
ដឹងច្បាស់ណាស់ ប៉ុន្តែអ្នកដែលនៅបម្រើក្នុងបននយោបាយ កឹម សុខា
ទេដែលមិនដឹងក្រយៅរបស់ កឹម សុខា
នេះបើតាមការវិភាគតាមបែបវិទ្យាសាស្ត្រនយោបាយរបស់ខ្ញុំ។
យើងមានទឡ្ហីករណ៍ច្បាស់លាស់ គឺមហិច្ឆតារបស់ កឹម សុខា
ចង់ធ្វើនាយករដ្ឋមន្ត្រី ឬចង់មកដឹកនាំរដ្ឋាភិបាល
ប៉ុន្តែបើយោងតាមលទ្ធផលបោះឆ្នោតឆ្នាំ២០១២ របស់ កឹម សុខា
នៅតាមខេត្តនីមួយៗ គឺ កឹម សុខា មិនអាចទទួលបាន ១ អសនៈទេ។ ឧទាហរណ៍
នៅសៀមរាបដែល កឹម សុខា ធ្លាប់បានជិត១ម៉ឺនសម្លេងនោះ
គឺពេលនេះធ្លាក់មកនៅត្រឹមតែពីរពាន់ ឬបីពាន់ សម្លេងតែប៉ុណ្ណោះ។
សម្លេងដល់ទៅជិត១ម៉ឺន គឺមិនទទួលបានកៅអីផង ចុះបើធ្លាក់មកនៅត្រឹមតែពីរ
ឬបីពាន់ សម្លេងក្នុងមួយខេត្ត តើទទួលអសនៈម៉េចនឹងបាន?
គឺសូន្យហើយ។ នៅបន្ទាយមានជ័យ ដែលមាន៦ អសនៈ កាលនៅឆ្នាំ២០០៨
ចំនួនសម្លេងមិនទាំងជាប់ផង ដល់ឆ្នាំ២០១២ នេះ ចំនួនសម្លេងធ្លាក់ទៀត
អញ្ចឹងក៏សូន្យដែរ។ នៅបាត់ដំបងដែលមាន៨ អសនៈ ពេលបោះឆ្នោត ឆ្នាំ២០១២
នេះក៏ថយសម្លេងទៀត បើឆ្នាំ២០០៨ អត់បានផងនោះ ហើយឥឡូវថយសម្លេងទៀត
អញ្ចឹង គឺសូន្យទៀតហើយ។ នៅពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ
គឺមិនបាច់និយាយទេ គឺប្រាកដជាសូន្យហើយ។ យើងឃើញចំនួនឡើងគឺនៅ
កំពង់ចាម អញ្ចឹង កឹម សុខា អាចសង្ឃឹមថា បើសម្លេងនៅឆ្នាំ២០១២
អាចរក្សាបាន ឬក៏កើនឡើងនៅឆ្នាំ២០១៣ គឺអាចបាន២ អសនៈ ទៅចុះ។
នៅកណ្តាលគឺថាអាចរក្សាបានទៅចុះ អញ្ចឹងគឺបាន១ដដែល។
ចំណែកនៅព្រៃវែងគឺឃើញមានកើនបានពាក់កណ្តាលដែរអញ្ចឹងគឺអាចបាន២ទៀត
។ សរុបទៅគឺអស់ហើយត្រឹម៥ អសនៈ។
រីឯខេត្តផ្សេងៗទៀតមិនបាច់និយាយទេគឺអត់តែម្តង។ អញ្ចឹងចំនួន៥
អសនៈ ក្នុងចំណោម១២៣ អសនៈ តើ កឹម សុខា
ធ្វើម៉េចនឹងទៅធ្វើនាយករដ្ឋមន្ត្រីកើតទៅ? អញ្ចឹងនៅឆ្នាំ២០១២នេះ
កឹម សុខា បានប្រឹងអស់លទ្ធភាពហើយ គឺជានយោបាយឃោសនាបែបស្លឈាម
ត្រដរខ្យល់សុទ្ធសាធ ហើយកើនបានចំនួនតែប៉ុណ្ណឺង
គឺមិនអាចធ្វើនាយករដ្ឋមន្ត្រីបានទេ។ ដល់អញ្ចឹងទៅ កឹម សុខា
មានការព្រួយបារម្ភ ពីព្រោះខ្លួនមានចំណងមួយដែលអួតក្អេងក្អាងថា
គេធ្វើប្រធានបក្សតែពីរអាណត្តិទេ ដូច្នេះ
គាត់សង្ឃឹមតែឆ្នាំ២០១៣នេះទេ ហើយតែអស់អាណត្តិនេះហើយគឺចប់ហើយ។
បើនិយាយពីអាយុទៀត គឺកាន់តែចាស់ហើយ។ ដូច្នេះ គឺ កឹម សុខា
បានដើរដល់ផ្លូវទាល់ហើយ អញ្ចឹងហើយគឺត្រូវតែងាកបោះដៃទៅរក សម
រង្ស៊ី។ អញ្ចឹងចំពោះសម្ព័ន្ធភាព ដែលមានចរឹតលក្ខណៈដដែល
ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបែបហ្នឹង តើ សម រង្ស៊ី ឲ្យតម្លៃ កឹម សុខា
កម្រិតណា? យើងទុកឲ្យ សម រង្ស៊ី ពិចារណាខ្លួនឯងទៅ។
ប៉ុន្តែបើយើងវិភាគដោយខ្លួនយើង គម្លាតរវាង កឹម សុខា និង សម រង្ស៊ី
គឺនៅឃ្លាតគ្នាឆ្ងាយណាស់។ កឹម សុខា បាន៥សែន ៧ម៉ឺន សម រង្ស៊ី បាន១លាន
២សែន ២ម៉ឺន អញ្ចឹងគឺខុសគ្នាជិតពាក់កណ្តាល ដូច្នេះចំនួននេះ កឹម សុខា
មិនអាចទៅរកបានទេ។ អញ្ចឹង តើ រង្ស៊ី ឲ្យតម្លៃ កឹម សុខា ស្មើខ្លួន
ឬនៅឆ្ងាយពីខ្លួន? បើនៅឆ្ងាយពីខ្លួន បញ្ហាគឺវាមិនខុសពីឆ្នាំ២០០៨
ឬ២០០៩ ឬ២០១០នោះទេ។ បញ្ហាគឺនៅតែមើលឃើញថាជាកូនឆ្កែ
ឬជាកូនមាន់ប៉ុណ្ណោះ គ្រាន់តែកូនមាន់ពេលនេះឡើងបានធំបន្តិចតែប៉ុណ្ណោះ
តែឲ្យក្លាយទៅជាស្មើនឹងមេមាន់នោះគឺមិនទាន់ទៅរួចទេ។
អញ្ចឹង
តើ សម រង្ស៊ី អាចឲ្យតម្លៃគីឡូ កឹម សុខា ឬទេ? ហើយតើ សម រង្ស៊ី គិតដូច
កឹម សុខា ដែរឬទេ នៅពេលដែលបូកគ្នាទៅថាអាចឈ្នះគណបក្សប្រជាជនកម្ពុជានោះ? ។
បើយើងបូកគណបក្សទាំងពីរនេះចូលគ្នា គឺបានតែ១លាន ៧សែន ឬថា១លាន ៨សែន
ទៅចុះ។ ចំណែកគណបក្សប្រជាជនកម្ពុជា គឺបាន ៣លាន ៦សែនជាង
អញ្ចឹងទាំងពីរនោះគឺបានតែពាក់កណ្តាលទេ។ ដូច្នេះ សម រង្ស៊ី
គាត់ចេះបូកលេខហើយ ពីព្រោះជំនាញគាត់ខាងគណនេយ្យស្រាប់។
អញ្ចឹងខ្ញុំជឿថា លោក សម រង្ស៊ី គាត់នឹងថ្លឹងថា តើគួរយក កឹម សុខា
មកដាក់ក្នុងទ្រូង ដោយមិនអាចឈ្នះគណបក្សប្រជាជនកម្ពុជា ឬក៏ឲ្យ កឹម
សុខា ដើរតួជាមេគណបក្សបញ្ឆោត ដើម្បី សម
រង្ស៊ីស្តារឡើងវិញនូវមុខមាត់របស់ខ្លួនដែលបានធ្លាក់ចុះនៅឆ្នាំ២០១២។
រឿងគឺមានតែប៉ុណ្ណឹងទេ។
លោក សត្យា រក្ស
សំណួរ៖
ទាក់ទងទៅនឹងសម្ព័ន្ធភាពនេះ ឃើញថា សម្រាប់គណបក្ស សម រង្ស៊ី
មកទល់ពេលនេះ
អ្នកណាក៏ដឹងដែរថានៅផ្ទៃក្នុងគណបក្សកំពុងតែមានការបែកបាក់យ៉ាងធ្ងន់
ធ្ងរ គឺគ្មានការឯកភាពគ្នាទេ
ដោយម្នាក់ៗធ្វើស្តេចក្រាញ់រៀងៗខ្លួន។ បើក្នុងគណបក្សមួយ
គ្មានការឯកភាពគ្នាទៅហើយ ហើយទៅបូកជាមួយ កឹម សុខា ទៀត
តើវានឹងធ្វើឲ្យផ្ទៃក្នុងនោះកាន់តែរលួយយ៉ាងណាទៅលោកបណ្ឌិត?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
ចំណុចនេះ ប្រហែលជាបងប្អូនប្រជាពលរដ្ឋមិនទាន់ភ្លេចទេ គឺ កឹមសុខា
បានស្រែកថា បើមេៗគេមិនព្រមរួមគ្នា គឺយើងថ្នាក់ក្រោមរួមគ្នាទៅ។
មានន័យថា បើមេៗមិនរួមគ្នា ខាងក្រោមៗ មកបោះឆ្នោតឲ្យសិទ្ធិមនុស្សទៅ
គឺមានន័យអញ្ចឹង។ មានពេលខ្លះ កឹម សុខា បានអំពាវនាវហៅ សុន ឆ័យ
ឲ្យមកចូលរួមទៅទៀត។
បើសិនជាមនុស្ស
ភាគច្រើន ដែលគាំទ្រគណបក្ស សម រង្ស៊ី
ពិតជាចង់ឲ្យមានការរួបរួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស មែននោះ វាគួរតែ សម រង្ស៊ី
បាត់សម្លេងច្រើនជាងនេះគឺអាចដល់ទៅ១លានសម្លេងទៅចុះ ហើយ កឹម សុខា
ឡើងដល់១លាន កន្លះ ហើយ សម រង្ស៊ី នៅសល់តែជាង២សែន
នោះទើបត្រឹមត្រូវតាមការអំពាវនាវរបស់ កឹម សុខា ។ គឺបានន័យថា
ម្ចាស់ឆ្នោតដែលគាំទ្រគណបក្សប្រឆាំងពិតជាចង់រួបរួមមែន ប៉ុន្តែ កឹម
សុខា យកសម្លេងពី សម រង្ស៊ី បានត្រឹមតែ ១សែន កន្លះ ប៉ុណ្ណោះ។ ដូច្នេះ
សម្លេងដែលនៅសល់របស់ សម រង្ស៊ី នោះគឺគេមិនគាំទ្រការបង្រួបបង្រួមរបស់
កឹម សុខា ទេ។
លោក សត្យា រក្ស
សំណួរ៖
បើតាម សកម្មភាពរបស់ សម រង្ស៊ី វិញគឺក្នុងនាមគាត់ជាប្រធានបក្ស
គឺគាត់មិនទាន់ឲ្យសញ្ញាថា នឹងរួបរួមជាមួយគណបក្ស កឹម សុខា ទេ
គឺគាត់គ្រាន់តែអំពាវនាវឲ្យគណបក្សប្រជាធិបតេយ្យដូចគ្នានោះ
មករួបរួម។ ប៉ុន្តែគឺថ្នាក់ក្រោមទេដែលសរសេរលិខិតថាឲ្យមកជជែកគ្នា
ពីរឿងសម្ព័ន្ធភាពនេះ។ អញ្ចឹងបើតាមលោក សម រង្ស៊ី
គឺមិនទាន់មានសញ្ញាទេ ហើយសកម្មភាពនេះគឺដូចគ្នាកាលពីឆ្នាំ២០០៨ដែរ
ប៉ុន្តែ កឹម សុខា ចាប់ផ្តើមជ្រួលច្របល់ខ្លាំងមែនទែន។
ត្រង់ចំណុចនេះ សូមលោកបណ្ឌិតជួយបញ្ជាក់បន្តិចបាទ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
តាមការពិត
ប្រធានបទដែលលើកឡើងថាការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យហ្នឹង
គឺជាប្រធានបទបង្កើតឡើងដើម្បីកេងចំណេញគ្នាទៅវិញទៅមកទេ។រង្ស៊ី
មិនហ៊ានប្រកែកដាច់អហង្ការ ខ្លាចខាត ។ ចំណែក កឹម សុខា
យកពាក្យបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីកេងចំណេញ។ រង្ស៊ី
ដឹងថារួមជាមួយ កឹម សុខា គឺមិនចំណេញទេ
ប៉ុន្តែបើប្រកែកថាទេនោះវាធ្វើឲ្យខាតបង់
អញ្ចឹងសុខចិត្តលេងសើចបន្តិចៗជាមួយ កឹម សុខា ទៅ។ កឹម សុខា
ដឹងថាខ្លួនមិនអាចយកសម្លេងពីគណបក្សប្រជាជនមកបានទេ
គឺមានតែយកពីគណបក្ស សម រង្ស៊ី
ដូច្នេះហើយគឺមានតែប្រើពាក្យប្រជាធិបតេយ្យទៅ ដើម្បីឲ្យដឹងថា
រង្ស៊ី មិនចង់រួបរួមទេ អញ្ចឹងគឺអាចយកអ្នកគាំទ្រពី រង្ស៊ី ទៅ។
នេះជានយោបាយដែល កឹម សុខា
មានតាំងពីពេលដែលខ្លួនធ្វើនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ពីព្រោះពេលនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
អ្នកដែលទៅចូលរួមក្នុងវេទិកា គឺសុទ្ធតែជាអ្នកគាំទ្រគណបក្ស សម
រង្ស៊ីទាំងអស់ ហើយចុងក្រោយ កឹម សុខា ក្របួចយកមកធ្វើគណបក្ស
សិទ្ធិមនុស្សទាំងអស់។ ឥឡូវនេះគឺគាត់លេងវិធីនេះទៀតហើយ
ដោយយកចំណងជើងបង្រួបបង្រួម ចំណងជើងប្រជាធិបតេយ្យហ្នឹង ដើម្បីយកសម្លេង
សម រង្ស៊ី មកចូល កឹម សុខា ។
សរុបមក
យើងសួរថា តើចរឹតបង្រួបបង្រួមនេះអាចនឹងទៅបានកម្រិតណា?
តើវាអាចទៅបានយ៉ាងម៉េច? បើទស្សនៈពីរហ្នឹង ឃ្លាតគ្នាឆ្ងាយ
ហើយប្រើល្បិចទៅវិញទៅមកបែបនេះ។ ជាក់ស្តែងថ្មីៗនេះ កឹម សុខា
ធ្វើជាបោះដៃហើយធ្វើលិខិត ឯ រង្ស៊ី
ឆ្លើយមកវិញគឺអត់មានឆ្លើយចំថាបង្រួបបង្រួមគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្សទេ
គឺគាត់គ្រាន់តែថាបង្រួបបង្រួមអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ ។
ដូច្នេះ កឹម សុខា មិនមែនជាតួឯកទេ គឺជាតួទូទៅទាំងអស់គ្នា
ហើយចូលមកនៅក្នុងគណបក្ស សម រង្ស៊ី ទោះបីជាពេលនេះគេមិនប្រើពាក្យហ្នឹង
តែឥឡូវគេប្រើពាក្យថាគណបក្ស សម រង្ស៊ី បើកទ្វារចំហរ ចំណែក កឹម សុខា
ក៏ថាបើកទ្វារចំហរដែរ។ អញ្ចឹងបើបើកចំហរដូចគ្នា តែគ្មានមនុស្សចូល
តើរួបរួមគ្នាយ៉ាងម៉េច?។ សម រង្ស៊ី ក៏បានកំណត់ឲ្យ កឹម សុខា
ត្រូវជួបគ្នានៅទីក្រុង ម៉ានីល នៅថ្ងៃប៉ុណ្ណេះ ខែប៉ុណ្ណេះ ទៀតនៅប្រទេស
ហ្វីលីពីន ។ ប៉ុន្តែបើ កឹម សុខា ពិតជាចង់ជួបមែន
គឺខ្លួនមិនចាំបាច់តូចចិត្តទេ ពីព្រោះខ្លួនបាននិយាយថាបង្រួបបង្រួម
សិទ្ធិមនុស្ស ជាមួយ សម រង្ស៊ី តែដល់ សម រង្ស៊ី
ឆ្លើយមកវិញគឺបង្រួបបង្រួមអ្នកប្រជាធិបតេយ្យទៅវិញ អញ្ចឹងហើយទើប កឹម
សុខា អន់ចិត្ត មួយចំណុចរួចទៅហើយ។ ត្រង់នេះបញ្ជាក់ថា ខ្លួន កឹម សុខា
នេះ គឺជាតួរងរួចទៅហើយ។ ហើយឥឡូវនេះមិនទាន់កំណត់ទេ
យើងនឹងតាមដានមើលបន្តទៅទៀតថា តើចរឹតបោកគ្នាទៅវិញទៅមក
ក្រោមស្លាកបង្រួបបង្រួមហ្នឹងអាចអ្នកណាចំណេញ ឬអ្នកណាខាត?
ប៉ុន្តែសម្រាប់ខ្ញុំ គណបក្ស សម រង្ស៊ី គួរតែក្លាហាន បើមិនក្លាហានទេ
កឹម សុខា នឹងកេងចំណេញពាក្យរួបរួមនេះហើយ។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២
គឺ កឹម សុខា បានកេងចំណេញពីពាក្យនេះមិនតិចម៉ឺនសម្លេងទេពីគណបក្ស សម
រង្ស៊ី ។ ដូច្នេះ គណបក្ស សម រង្ស៊ី គួរពិចារណា
ហើយត្រូវក្លាហានចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោត មិនត្រូវកេងចំណេញពី កឹម
សុខា ដល់ថ្នាក់ខ្លាចមិនហ៊ានប្រកែក ឬមិនហ៊ានអឺអើជាមួយ កឹម សុខា
ដោយគ្រាន់តែនិយាយសើរៗជាមួយ កឹម សុខា នោះទេ បើនៅតែអញ្ចឹងទៀត នោះ កឹម
សុខា ច្បាស់ជាកេងចំណេញទៀតហើយ៕
សម្រង់ព័ត៌មាន ៖ លោក នូ សាវុធឌី