Tuesday, July 10, 2012

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​​ប្រកាស​​បើក​កិច្ច​ប្រជុំ​​រដ្ឋមន្ដ្រីការ​បរទេស​អាស៊ាន​លើក​ទី ៤៥

កិច្ច​ប្រជុំរ​ដ្ឋមន្ដ្រី​ការប​រទេស​អាស៊ាន​លើក​ទី៤៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀត​ដោយ​មាន​វត្តមាន​ចូល​រូម​ពី រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​១០ អគ្គ​លេខា​ធិកា​រអាស៊ាន ឯ.ឧ សូរិន្ទ ពិត​​សូ​វ៉ាន់ និង​មាន​ប្រទេស​សង្កេត​ការណ៍​ចំនួន​ពីរ​ទៀត​គឺ ប្រទេស​ប៉ាពួញូវ​ហ្គីណេ និង​ប្រទេស​ទីមរ័​ខាងកើត​បាន​ប្រារព្ធ​ពិធី​បើក​​ជាផ្លូវ​ការ នាព្រឹក​ថ្ងៃទី ៩ ខែ​កក្កដា ឆ្នាំ ២០១២ នៅវិមាន​សន្តិភាព​រាជ​ធានី​ភ្នំពេញ ក្រោម​អធិបតី​ភាព​សម្តេច​អគ្គ​​​​​មហា​សេ​​នា​ប​​តី​​​តេជោ  ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​​​ក្នុងឆ្នាំ ២​​​០១​​២​។

ថ្លែងបើកកិច្ច​​​ប្រជុំ​​​​សម្តេច​អគ្គ​​​​​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​​​ណា​ចក្រ​​​កម្ពុជា ក្នុងឋានៈ​ជាប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំ២០១២​នេះ បាន​មាន​ប្រសាសន៍​​កត់សំគាល់​ថា ក្នុងរយៈ​ពេល៤៥​ឆ្នាំនៃការ​ចាប់​​​បដិ​​​ស​ន្ធិ បច្ចុប្បន្ន​នេះ​អាស៊ាន​បាន​ក្លាយ​ជាស្ថាប័ន​ដែល​មាន​សមា​ហរណ​​​​កម្មយ៉ាង​ជិត​ស្និទ្ធ ទាំង​ផ្នែក​នយោបាយ​ និង​​​​សេដ្ឋកិច្ច និង​ជា​តួ​អង្គ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី ព្រម​ទាំង​ជាដៃ​គូយុទ្ធ​សាស្ដ្រ​​​មិន​អាចខ្វះ​​​បាន​​​របស់​​​​បណ្ដា​ប្រទេស​​ធំៗ និង​​​​អង្គការ​សំខាន់​ៗនៅ​ក្នុងពិភព​លោក។
សម្តេច​តេជោ​មាន​ប្រសាសន៍​ថា កម្ពុជា​ពិតជា​មាន​មោទន​ភាព​ណាស់ ដែល​បាន​រួម​ចំណែក​ជាវិជ្ជ​មាន​ដល់​អាស៊ាន ស្របតាម​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួនក្នុង​ការ​បង្កើន នូវ​វឌ្ឍន​ភាព​ចាប់​តាំង ពីកម្ពុជា​បានក្លាយ​ជា​សមា​ជិក ពេញ​សិទ្ធិ​របស់​អាស៊ាន​នៅ​ឆ្នាំ ១៩៩៩ មក។ ជា​រួម​សមិទ្ធ​ផលដែល​អាស៊ាន​សម្រេច​បាន​ក្នុងរយៈ​ពេល​កន្លង​មក មាន​ទំហំ​ធំធេង និងមាន​សារៈ សំខាន់​​ណាស់។ សមិទ្ធ​ផល​ទាំង​នោះ គូស​បញ្ជាក់​ពីការ​ប្ដេជ្ញា​ចិត្ដ និងឆន្ទៈ​នយោ​បាយ​ដ៏មុតមាំរ​បស់​អាស៊ាន ដើម្បី​បន្ដធ្វើកា​រជាមួយ​គ្នាយ៉ាង​ជិត​ស្និទ្ធ​ស្រប​តាម​ស្មារតី​អាស៊ាន គឺការ​ឯកភាព សាមគ្គីភាព មិត្ដភាព និងកិច្ច​សហប្រតិ​បត្ដិការ។ ស្មារតី​អាស៊ាន​នេះ ជានិមិត្ដ​រូប​នៃ​ប្រធាន​បទ​អាស៊ាន​សម្រាប់​ឆ្នាំ ២០១២ គឺ “អាស៊ាន សហ​គមន៍​តែ​មួយ វាសនា​តែមួយ” ក្នុងខណៈដែល​កម្ពុជា​ធ្វើជា​ប្រធាន អាស៊ាន ដើម្បី​គូស​បញ្ចាក់ អំពីការ ប្ដេជ្ញាយក​ចិត្ដទុក​ដាក់ដ៏​មុតមាំ និងការ​ប្ដេជ្ញា​ចិត្ដខាង​នយោ​បាយ ក្នុងការ​បំពេញ​ការ​ងារ ទាំង​ក្នុង​នាម​ជាសហ​គមន៍​រួមគ្នា ទាំងក្នុង​នាម​ជា​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន​ឆ្ពោះ​ទៅ​សម្រេច​ជោគ​ជ័យ​យ៉ាង​ពិតប្រាកដ​ក្នុងការ​បង្កើត សហគមន៍​អាស៊ាន​នៅឆ្នាំ ២០១៥ ហើយ​លើស​នេះ​ទៀត ឆ្ពោះទៅរក​ការ​ប្រែក្លាយ​អាស៊ាន ទៅជា​មហា​គ្រួសារ​ដ៏ជិត​ស្និទ្ធ​មួយ ដែល​មានភាព​សុខដុម​ទាំង​ផ្នែក នយោបាយ សន្ដិសុខ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌ ដោយ​ផ្អែក​លើ​គោល​ការណ៍​វិធាន​នៃច្បាប់​សុខ​សន្ដិភាព និង​ភាព​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច ។
ដោយ​រំលឹក​អំពី​បញ្ហា​ប្រឈម​នានា​ទាំង​កម្រិត​សកល និង​កម្រិត​តំបន់​ក៏ដូច​ជា​គម្លាត​រវាង​បណ្តា​ប្រទេស​អាស៊ាន​នៅមាន​នៅឡើយ​នោះ សម្តេច​តេជោ​បាន​​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់ ​បង្កើន​ការ​ខិត​ខំប្រឹង​ប្រែង​ទ្វេដង​ថែម​ទៀត ដើម្បី​ជំរុញ​កំណើន និង​​ចែក​រំលែក​ផ្លែផ្កា​នៃ​កំណើនឱ្យបាន​ប្រ​​កបដោយ​សមធម៌ ទាំងក្នុង​កម្រិត​ជាតិ ទាំងក្នុង​កម្រិតតំ​បន់។ សម្តេច​តេជោ​នាយ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​​ច្បាស់​ណាស់​ថាការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​នេះ មិនត្រឹម​តែជា​បុរេ​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន សម្រាប់​ធានា​ភាព​ប្រកួត​ប្រជែង​របស់​អាស៊ាន និង​សម្រាប់​ការកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែក៏​នឹង​ជួយឱ្យ​អាស៊ាន​សម្រេច​បាននូវ​សមាហ​រណកម្ម​ដ៏​ពិត​ប្រាកដ​នៅក្នុង​តំបន់​ផង ព្រមទាំង​នឹង​ជួយ​លើក​តម្កើង​មជ្ឈភាព​របស់​អាស៊ាន​ទាំង​នៅ​ក្នុង​កិច្ចការ​តំបន់ និង​នៅក្នុង​កិច្ចកា​រអន្ដរ​ជាតិ ជាសក​លផង​ដែរ ។
          ជាមួយ​នឹងការ​វាយតម្លៃ​ខ្ពស់ចំពោះ​តួនាទី រដ្ឋម​ន្ដ្រីការ​បរទេស​អាស៊ាន​ក្នុង​ការ​សម្រ​ប​សម្រួល​ដ៏​សំខាន់ នៃ​ដំណើរ​ការ​បង្កើត​សហគមន៍​អាស៊ាន ជា​ពិសេស​ការ​ដោះ​ស្រាយ​​​​បញ្ហា​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្ដិការ​សន្ដិ​សុខ នយោ​បាយ និង​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ក្រៅ​តំបន់​អាស៊ាន​នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤៥ នៅ​រាជធានី​ភ្នំពេញ សម្តេច​តេជោ​នាយក​រដ្ឋ-​មន្ត្រី​មាន​ស្នើឲ្យ​រដ្ឋមន្ដ្រីកា​របរទេស​អាស៊ាន ផ្ដោត​ការ​យក​ចិត្ដ​​ទុក​​ដាក់លើ​​​​ចំណុ​ច​​អាទិភាព​ចំនួន​៦ រួមមានៈ
- ទី១. ការ​សម្រេច​ឱ្យបាន​នូវការ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ ២០១៥ គឺជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​អាស៊ាន។ ក្នុង​ន័យ​នេះ​យើង​ត្រូវ​ដាក់​ចេញ និង​អនុវត្ដ​វិធាន​ការ​ដើម្បី​ពន្លឿន​ការ​អនុវត្ដ​ផែនទី ចង្អុល​ផ្លូវ​សម្រាប់​សហគមន៍​អាស៊ាន និង​ផែន​ការ​ការងារ​ទី២ នៃ​គំនិត ផ្ដួចផ្ដើម​សមាហ​រណកម្ម​អាស៊ាន (២០០៩-២០១៥) រួម​ទាំង​ការ​អនុវត្ដ ផែន​ការ​មេស្ដី​ពី​​ការតភ្ជាប់​អាស៊ាន​ឱ្យបាន​ទាន់​ពេល​វេលា។ ជា​មួយ​នេះ ការរៀប​ចំនូវ​របាយ​ការណ៍ វាយ​តម្លៃពាក់​កណ្ដាល​អាណត្ដិ​នៃផែន​ការ​ការ​ងារទី​២ នៃ​គំនិត​ផ្ដួច​ផ្ដើម សមា​ហរណ​កម្ម អាស៊ាន ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ គឺកា​រចាំ​បាច់​ណាស់ ដើម្បី​បូក​សរុប វឌ្ឍនភាព​នៃការ​អនុវត្ដ ផែន​ការកា​រងារទី២ នៃ​គំនិត​ផ្ដួច​ផ្ដើម​សមាហ​រណកម្ម​អាស៊ាន និង កំណត់់​វិធាន​ការច្បាស់​លាស់ សំដៅ​ឈាន​ទៅ​សម្រេច​គោល​បំណង និង​កំណត់​ទិស​ដៅ​សម្រាប់​អនុវត្ដ​បន្ដ​ក្នុង​ពេល​អនាគត រួម​ជាមួយ​នឹង​ការ​ពង្រឹង​ការ​អនុវត្ដ​គម្រោង​អាទិភា​ព​មួយ​ចំនួន ដែល​មាន​ប្រយោជន៍​សម្រាប់ ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់​ម៉ា និង​វៀត​ណាម ដែល​ជាសមា​ជិក​ថ្មី​របស់​អាស៊ាន។  ខ្ញុំ​សង្ឃឹម​ថា រដ្ឋម​ន្ដ្រីការ​បរទេស និង​អគ្គលេខា​ធិការ​អាស៊ាន នឹងផ្ដោត​ការយក​ចិត្ដទុក​ដាក់លើ​កិច្ចការ​សំខាន់ៗ​ទាំង​នេះ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សមាហរ​ណកម្មតំបន់​យ៉ាងពិត​ប្រាកដ​ក៏ដូច​ជា ដើម្បីប​ង្កើនសមត្ថភា​ពប្រកួត​ប្រជែង​របស់​អាស៊ាន​ព្រមទាំង​ធានា​នូវម​ជ្ឈភាព របស់​អាស៊ាន​នៅក្នុង​កិច្ចកា​រពិភព​លោក និងនៅ​ក្នុង​ក្របខ័​ណ្ឌតំបន់​ដ៏ទូលំទូ​លាយ ​។
- ទី២. យើង​គួរប​ន្ដការខិត​ខំប្រឹ​ងប្រែ​ងក្នុងកា​រធ្វើឱ្យ​ធម្មនុញ​អាស៊ាន ក្លាយ​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង។ ជាពិសេ​ស យើងគួរ​ផ្ដោត​ទៅលើ​ការរៀ​បចំ​ឱ្យចប់រួ​ចរាល់​នូវ​ឯកសារ​ច្បាប់ និងប​ទប្បញត្ដិពា​ក់ព័ន្ធចាំ​បាច់​នានា ក៏ដូច​ជាលើកា​រកែលម្អ និង​លើកក​ម្ពស់​ប្រសិទ្ធ​ភាព​រចនា​សម្ព័ន្ធ​ព្រម​ទាំង​នីតិវិធី​ប្រតិបត្ដិការ​នៃ​ស្ថាប័ន​អាស៊ាន រួម​ទាំង​យន្ដការ​ដោះស្រាយ​​​ជម្លោះ​ផង​ដែរ។ ក្នុង​ន័យ​នេះខ្ញុំសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចុះហត្ថ​លេខា​លើវិធាន​សម្រាប់​យោង​ក្នុង​ករណីនៃ​ការមិន​អនុលោម​តាម​សេចក្ដីស​ម្រេច​របស់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២០ នៅទី​ក្រុង​ភ្នំពេញ​នាពេល​ថ្មីៗ​កន្លង​ទៅ។ ជា​ការពិត វិធាន​នេះ បាន​រួមចំណែ​កដល់​ការ​លើ​កម្ពស់វ​ប្បធម៌​នៃការ​ប្រតិ​បត្ដិតាម ដើម្បី​ធានា​ការ​អនុវត្ដ​កិច្ច​ព្រម​ព្រៀង​អាស៊ាន ប្រកប​ដោយ​ប្រសិទ្ធភាព។    
- ទី៣. ការ​រក្សា​សន្ដិភាព និង​សន្ដិ​សុខ​តំបន់ គឺ​ពិត​ជា​ពុំអា​ចខ្វះបាន​ឡើយ​សម្រាប់​វិបុល​ភាព និង​កំណើន​នៅក្នុង​អាស៊ាន​ទាំង​មូល។ អាស៊ាន​គួរតែ​បង្ហាញ​ឱ្យ​កាន់​តែ​ច្បាស់​លាស់​នូវ​សមត្ថភាព និង​តួនាទី​របស់​ខ្លួនជា​កម្លាំង​ចលករ​សម្រាប់​ជំរុញ​កិច្ច​ពិភាក្សា និង កិច្ច​សហប្រ​តិបត្ដិ​ការលើ​បញ្ហា​សន្ដិសុខ និង នយោបាយ ដើម្បី បុព្វ​ហេតុ​សន្ដិភាព¡ ស្ថិរភាព និង វិបុល​ភាព​របស់​តំបន់។ ក្នុងនោះ​អាស៊ាន គួរ​បន្ដ​កិច្ចខិត​ខំប្រឹង​ប្រែងឱ្យ​អស់​លទ្ធភាព ក្នុងការ​អនុវត្ដ​នូវ​ផ្នែក​អាទិភាព​ទាំង​ឡាយ ដែល​ស្ថិត​ក្រោម ឯកសារ​គោល​ស្ដីពី​សហគមន៍ នយោបាយ និង​សន្ដិសុខ​អាស៊ាន។ ក្នុង​ន័យ​នេះ អាស៊ាន​គួរតែ​ជំរុញ​ឱ្យ​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនូវ​ឧបករណ៍ និង​យន្ដការ​ដែលមា​នស្រាប់ ដើម្បី​ធានា​សន្ដិភាព និង សន្ដិ​សុខ​តំបន់ ដូចជា សន្ធិ​សញ្ញាស្ដី​ពីមិត្ដ​ភាព និង​សហ​ប្រតិ​បត្ដិការ សន្ធិ​សញ្ញា​ស្ដីពី​តំបន់ អាស៊ី​អាគ្នេយ៍ គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ សេចក្ដី​ថ្លែង​ការណ៍ ស្ដីពីការ​ប្រតិបត្ដិ​នៃភាគី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង វេទិកា​តំបន់​អាស៊ាន¡ កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​អាស៊ាន​បូក និង អនុ​សញ្ញា​អាស៊ាន ស្ដីពីការ​ទប់​ស្កាត់​ភេរ​វកម្ម​ព្រោះថា យន្ដកា​រទាំង​នេះកំពុង​ក្លាយ​ទៅ​ជា​ឧបករណ៍​កាន់​តែមាន​ប្រយោជន៍​សម្រាប់​ធានា​សន្ដិសុខ​ក្នុង​តំបន់។ ជាក់​ស្ដែង​ការ​ចូល​ជា​ភាគី​នៃ​សន្ធិ​សញ្ញា​មិត្ដភាព និង​សហប្រតិ​បត្ដិការ​នៃ​ប្រទេស មិនមែន​សមាជិក​អាស៊ាន​ទាំង ១៨ បូករួម​នឹង​ការ​ចូលរួម​របស់​សហគមន៍​អឺរ៉ុប និង​ចក្រ​ភព​អង់​គ្លេស នៅក្នុង​ឆ្នាំ២០១២ នេះ នឹង​ពង្រឹង​ថែម​ទៀត​នូវ​សារ​សំខាន់​នៃ​សន្ធិសញ្ញា​នេះ ព្រម​ទាំង​គោលការណ៍​ទាំង​ឡាយ​នៅ​ក្នុងនោះ។ ជា​មួយ​គ្នានេះ យើង​ក៏ត្រូវ​ផ្ដោតលើកា​រអនុវត្ដ​សេចក្ដី​ថ្លែងការណ៍​ស្ដីពីការ ប្រតិបត្ដិ​នៃភាគីក្នុ​ង​សមុទ្រ​ចិន​ខាង​ត្បូង រួមទាំង​ការ​ធ្វើឱ្យ​សម្រេច​បាននូវ​សេចក្ដី​ព្រាង​ក្រម​ប្រតិ​បត្ដិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។ លើស​ពីនេះ យើង​ចាំបាច់​ត្រូវ​ធានា​ថា វិទ្យាស្ថាន​អាស៊ាន​ដើម្បី​សន្ដិភាព និង​ការ​ផ្សះផ្សារ​នឹង​បើកទ្វារ​ជា​ផ្លូវការ ហើយ​សេចក្ដី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​នៅក្នុង​កិច្ច​ប្រជុំ​កំពូល អាស៊ាន​លើក​ទី ២១​ដើម្បី​ជំរុញ​សន្ដិភាព និង ការផ្សះ​ផ្សារ ព្រម​ទាំង ការ កា​រពារ​សិទ្ធិ​មនុស្ស នៅ​ក្នុង​តំបន់ ។
- ទី៤. យើង​គួរ​តែ​បន្ដ​ជំរុញ និង​សម្រប​សម្រួល​ឱ្យមាន​ការ​ចូល​រួម​កាន់​តែ​ស៊ី​ជម្រៅ និងការ​រួម​ចំណែក​ប្រកប​ដោយ​ការស្ថាប​នា​របស់​ដៃគូ​សន្ទនា​អាស៊ាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​សន្ដិភាព និង​សន្ដិសុខ​នៅក្នុង​តំបន់។ យើង​គួរ​ផ្ដោត​ការ​យក​ចិត្ដទុក ខ្ពស់​លើកា​រអនុវត្ដ​វិធាន​ការ​ទាំង​ឡាយ ដែល​សំដៅ​បង្កើន​ការយោគ​យល់ និង​បង្កើន​ជំនឿ​ទុកចិត្ដ​ទៅវិញ ទៅមក​ដោយ​កំណត់ និង​ចែក​រំលែក​បទដ្ឋាន​រួម និង​ក្រម​ប្រតិ​បត្ដិ​លើ ទំនាក់​ទំនង​រវាង​ប្រទេស​ជា​សមាជិក ក៏ដូច​ជាសំដៅ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្ដិការ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង សន្ដិសុខ មិន​ធម្មតា ដូចជា ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គ្រោះ​ធម្ម​ជាតិ ការ​ប្រែប្រួល​អាកាស​ធាតុ សុវត្ថិភាព និង​សន្ដិ​សុខ​លើផ្ទៃ​សមុទ្រ​ជាដើម ។
- ទី៥. យើងត្រូវ​តែរ​បន្ដខិត​ខំរក្សា​ការពារ​មជ្ឈភាព​របស់​អាស៊ាន នៅក្នុង​និម្មាប​នកម្ម​តំបន់​ដែល​មាន​ការវិវត្ដិ​ឥត​ឈប់​ឈរ។ ក្នុងនោះ​យើង​គួរ​បន្ដកែល​ម្អគុណ​ភាព និង​ភាព​ស័ក្ដិ-​សិទ្ធិ​នៃ​កិច្ចសហ ប្រតិ​បត្ដិការ​ជាមួយ​ដៃគូរ​បស់​យើង តាម​រយៈ​ក្រប​ខ័ណ្ឌ​អាស៊ាន​បូក​មួយ ដោយ​ផ្អែក​លើ​យុទ្ធសាស្ដ្រ និង​ផែន​ការ​សកម្មភាព​ជាក់​លាក់។ យើង​គួរធ្វើកា​រឱ្យ​កាន់​តែ សកម្ម​ថែម​ទៀត​ក្នុង​ការផ្ដល់​អនុសាសន៍ និង​ចាត់វិធាន​ការ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាពនៃ កិច្ចប្រតិបត្ដិ​ការ​នានា ដែល​នាំមុខ​ដោយ​អាស៊ាន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃកិច្ច​សហប្រតិ​បត្ដិការ ដ៏ទូ​លំទូលាយ​ក្នុង​តំបន់​រួមមាន​ដូចជា អាស៊ាន​បូក​បី កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា វេទិកា​តំបន់​អាស៊ាន និង​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​បូក (ADMM Plus) ជា​ដើម។ ច្បាស់​ណាស់​ថា គោល​ការណ៍​ដឹកនាំ​នៅក្នុង​កិច្ច​ដំណើរ​ការ​នេះ​ទាំង​មូល គឺការ​គាំទ្រ​ដល់​គោល​ដៅនៃ ការក​សាង​សហគមន៍​អាស៊ាន និង​ការ​ធានា​នូវ​តួនាទីជា​មជ្ឈភាព​របស់​អាស៊ាន ។
- ទី៦. រដ្ឋ​មន្ដ្រីកា​របរទេស​អាស៊ាន​គួរតែ​ពង្រឹង​ការ​ពិភាក្សា និង​កិច្ច​សហ​ប្រតិ​បត្ដិការ​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព​ជាមួយ​នឹង​រដ្ឋមន្ដ្រី​តាមវិស័យ​ផ្សេង​ទៀត និងដៃ​គូពាក់​ព័ន្ធ​នានា នៅក្នុង​ការដោះស្រា​យ​បញ្ហាប្រ​ឈម​ជាសកល​ទាំងឡាយ​ជាពិ​សេសគឺ បញ្ហា​វិបត្ដិ​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​រួម​បញ្ចូល​ផង​ដែរ នូវការ​គ្រប់គ្រង​គ្រោះ មហន្ដ​រាយ​ធម្មជាតិ និង​ការរី​ករាល​ដាល​នៃជំងឺ​ឆ្លងព្រម​ទាំងការ​រិចរិល​នៃធន​ធាន​ធម្មជាតិ។ ពាក់​ព័ន្ធនឹង​កិច្ចការ​នេះ អាស៊ាន​គួរតែចា​ត់វិធាន​ការជាក់​លាក់​ដើម្បីធ្វើ​ឱ្យប្រ​សើរ​ឡើង​នូវ កិច្ច​សហ​ប្រតិបត្ដិការ​ផ្ទៃក្នុង​តំបន់ ស្របគ្នា​នឹង​ការពង្រឹង​កិច្ច​សហប្រតិ​បត្ដិការ​នៅ​ក្នុង​ក្រប-​ខ័ណ្ឌ​តំបន់​ដែល​ទូលាយ​ជាង​នេះ ព្រម​ទាំង​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​កិច្ច​ប្រឹង​ប្រែង​រួមរបស់​សហគមន៍​អន្ដរជាតិ​។ លើស​ពីនេះ​ទៀត យើង​ត្រូវតែ​ដឹង​ច្បាស់​ថា កិច្ច​សហ-​ប្រតិបត្ដិ​​​ការ ក្នុង​កម្រិត​រដ្ឋាភិបាល​តែមួយ​មុខមិន​គ្រប់​គ្រាន់​ទេ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​សហគមន៍​អាស៊ាន​ក្នុងឆ្នាំ ២០១៥ នោះ។ ប្រការ​នេះទាម​ទារ​នូវការ​ចូល​រួម​យ៉ាង​ទូលំ​ទូលាយ​ពីសំណាក់​ភាគី​ពាក់​ព័ន្ធនៅ​គ្រប់​កម្រិត​ទាំង​អស់ ជា​ពិសេស​គឺការ​គាំទ្រ និង ការ​ចូលរួម​របស់​ប្រជាជន​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​មូល​តែ​ម្ដង ។
ក្នុងនាម​កម្ពុជា​ដែល​ជាស​មាជិក​ពេញ​សិទ្ធិ​ជាង ១០ ឆ្នាំ នៃ​សហគមន៍​អាស៊ាន​និងក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ២០១២ នេះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​លទ្ធភាព​ក្នុង​កិច្ច​សហប្រតិបត្ដិការ​ជិតស្និទ្ធ​​ជា​មួយ​បណ្ដា​ប្រទេស​ជាសមា​ជិក​ដទៃ​ទៀត ដើម្បី​សម្រេច​ឱ្យបាន​នូវ​អាទិភាព​នានា​របស់​អាស៊ាន​ក្នុង​ដំណើរ​ឆ្ពោះទៅកា​រកសាង  អាស៊ាន សហគមន៍​តែមួយ វាសនា​តែមួយ ។
សម្រាប់​កិច្ច​ប្រជុំ រដ្ឋមន្រី្តការ​បរទេស​អាស៊ាន នៅរាជធានី​ភ្នំពេញ​លើក​នេះ ឯ.ឧ ហោ ណាំហុង ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង សហ​ប្រតិ​បត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាមា​នប្រ​សាសន៍​ ក្នុងនាម​ប្រធាន​នៃកិច្ច​ប្រជុំ​អំពី​តួនាទី​ភារកិច្ច​របស់​រដ្ឋម​ន្ត្រីការ​បរទេស​អាស៊ាន​ថា៖ ​ភារកិច្ច​ចំបង​របស់​យើង​នៅ​ពេល​ចំពោះ​មុខ​នេះ គឺ​អនុវត្ដ​រាល់ការ​សំរេច​របស់​មេដឹក​នាំអា​ស៊ាន នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២០​កាល​ពីខែ​មេសា​កន្លង​ទៅ ជាពិសេស​ឯកសារ​ខាង​ក្រោម ៖
 (១) របៀប​វារៈ​ភ្នំពេញ ដែល​កំណត់​សកម្មភាព​អាទិភាព​ជាក់​ស្ដែង ជា​ពិសេស សមាហរ​ណកម្ម​អាស៊ាន និង​ការត​ភ្ពាប់​អាស៊ាន​សម្រាប់​រយៈពេល​៣ឆ្នាំទៅ​មុខ ដើម្បី​សំរេច​ឱ្យបាន​នូវ​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ និង​បង្កើន​កិច្ច​ប្រឹង​ប្រែង ដើមី្ប​អនុវត្ដ​វិស័យ​អាទិភាព ផ្នែក​នយោបាយ សន្ដិសុខ សេដ្ឋកិច្ច និងសង្គម វប្បធម៌ នៃ​ក្រុម​ប្រឹក្សា​ទាំង ៣ របស់​អាស៊ាន។ របៀប​វារៈ​ភ្នំពេញក៏​ត្រូវ​សំរេច​ឱ្យ​បាន នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឱ្យ​ក្លាយ​ទៅជា​ទីផ្សារ​តែ​មួយ និង​ជាមូល​ដ្ឋាន​ផលិត​កម្មតែ​មួយ​នៅ​ឆ្នាំ​២០១៥ ផង​ដែរ។
(២)យើង​ក៏ត្រូវ​អនុវត្ដ​ឱ្យ​បាន នូវ​សេចក្ដី​ប្រកាស​របស់​មេដឹក​នាំ​អាស៊ាន ស្ដីពី​អាស៊ាន​គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥ ដើមី្ប​លើក​កំពស់​កិច្ច​សហ​ប្រតិ​បត្ដិការ​ឱ្យ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រង្វង់​អាស៊ាន ដើមី្ប​លុប​បំបាត់​ការ​គំរាម​កំហែង និង​ផល​ប៉ះពាល់​ពីគឿង​ញៀន​ទៅ​លើ​វិស័យ​សន្ដិសុខ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន សេដ្ឋកិច្ច និងសង្គម​ក្នុង​សហកមន៏​អាស៊ាន នៅឆ្នាំ ២០១៥។
ឯ.ឧ ហោ ណាំហុង ក៏បាន​ឲ្យដឹង​ដែរ​ថា ក្នុង​អំទ្បុង​ពេល​កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការ​បរ​ទេស​អាស៊ាន​លើកទី​៤៥នេះ រដ្ឋម​ន្ដ្រីការ​បរ​ទេស អាស៊ាន​នឹ​ង​អនុម័ត ពង្រាង​សេច​ក្ដីប្រ​កាស​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន ដែល​គណកម្មការ​អន្ដរ រដ្ឋា​ភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិ​មនុស្ស បា​នរៀប​ចំ​ទើ្បង។ សេចក្ដី​ប្រកាស ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​នេះ នឹង​ត្រូវ​ដាក់​ជូន​មេ​ដឹក​នាំ​អាស៊ាន​ចុះហត្ថ​លេខា នៅក្នុង​អំទ្បុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះជា​ជំហ៊ាន​មួយ​ទៅមុខ​ទៀត​របស់​អាស៊ាន​ក្នុង​ការ​ជំរុញ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅក្នុង​តំបន់​អាស៊ា​ន។