Tuesday, July 10, 2012

ទស្សនៈ សម្ព័ន្ធភាពពិត ឬ ក្លែងក្លាយ ?

ទស្សនៈ
សម្ព័ន្ធភាពពិត ឬ ក្លែងក្លាយ ?
            ក្រោយពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​ថ្ងៃទី ០៣ មិថុនា ឆ្នាំ២០១២ រួចមក លទ្ធផល​បណ្តោះ​អាសន្ន ដែល​ចេញ​ដោយ​គណៈ​កម្មាធិកា​រជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សម្លេង​គាំទ្រ ដ៏ច្រើន​លើស​លប់ ដល់​ទៅ​ជាង ៣លាន ៦សែន បើ​ប្រៀប​ធៀប​ទៅនឹង​គណបក្ស សម រង្ស៊ី ប្រមាណ​ត្រឹម​តែ ១លាន ២សែន ហើយ​ចំនួន​នេះមាន​គម្លាត​ឆ្ងាយ​ណាស់​បើធៀប​ទៅនឹង​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​គណបក្ស សិទិ្ធមនុស្ស ឃើញថា​ទទួល​បាន​សម្លេង​គាំទ្រ​ត្រឹមតែ​ចំនួន ៥សែន ​៧ម៉ឺន ក៏នៅ​មាន​គម្លាត​ឆ្ងាយពី គណបក្ស សម រង្ស៊ី ដែរ កុំថា​ឡើយ​មកចង់​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្លេង​គាំទ្រ​លើស​ដល់​ទៅ​ជាង​ ៦ដង នោះ ។

            ចំណុច​ខាង​លើហ្នឹង​ហើយ ដែល​ធ្វើឲ្យ​គណបក្ស​ប្រឆាំងទាំងពីរ​រត់រកគ្នា​ចង​សម្ព័ន្ធ​ភាព​ក្លែង​ក្លាយ​ ដើម្បី កេង​យក​ផល​ចំណេញ​រៀង​ៗខ្លួន ព្រោះ​គណបក្ស​ប្រឆាំង​ទាំងពីរ​ដឹង​ច្បាស់​ថា ទោះបីបូក​ចូល​គ្នាបាន​ប្រហែល​តែ ១លាន ៨សែន គឺនៅ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ណាស់ ។ ដូច្នេះមាន​តែលេង​ល្បិច​ទាញ​យកស​ម្លេង គាំទ្រ​ពីគ​ណ​បក្ស​ប្រឆាំង​គ្នាឯង​តែ​ប៉ុណ្ណោះ បើសង្ឃឹម​ទាញ​សម្លេង​គាំទ្រ​ពីគណបក្ស​ប្រជាជន​កម្ពុជានោះ មិនអាច ទៅរួចទេ ពីព្រោះ​ប្រជា​ពលរ​ដ្ឋបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គោល​នយោបាយ​អភិវឌ្ឍន៍​មូលដ្ឋាន ក៏ដូច​ជា​ការ អភិវឌ្ឍន៍ទូ​ទៅ ដោយ​រាជរដ្ឋា​ភិបាល​ដែលដឹក​នាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយមាន សម្តេចអគ្គមហា សេនាប​តីតេ​ជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ ។

            ផ្ទុយ​ទៅវិញ ពាក្យ​ថាចង​សម្ព័ន្ធ​ភាព ឬ ការ​រួបរួ​មអ្នក​ប្រជាធិបតេ​យ្យនេះ​ គ្រាន់តែជាកា​រប្រើល្បិច​យុទ្ធ​សាស្រ្ត សម្រាប់​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ នៃ​ក្រុម​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ពីព្រោះ​ថាបើ​គណបក្ស សិទិ្ធ​មនុស្ស ស្រែកថា​សុំរួប​រួម ជា​មួយ​គណ​បក្ស សម​ រង្ស៊ី ហើយ​បែរ​ជា​គណបក្ស សម រង្ស៊ី ឆ្លើយ​ថាទេ​នោះ អាចនឹង​ធ្វើឲ្យ បាត់សម្លេង​គាំទ្រគ​ណបក្ស​របស់​ខ្លួន តាមរយៈ​អ្នក​គាំទ្រ ។ ដូច្នេះ​គណបក្ស សម រង្ស៊ី ក៏ប្រើ​ល្បិច​ស្រែក​តប​វិញថា សុំឲ្យអ្នក​ប្រជាធិប​តេយ្យរួបរួម​គ្នាវិញភ្លាម ពិសេស​គណ​បក្ស សម រង្ស៊ី នឹងបើក​ចំហរ​គ្រប់​ពេល សម្រាប់​អ្នក ប្រជាធិប​តេយ្យ​ក្នុងការ​រួបរួ​មគ្នា សម្រាប់កា​របោះឆ្នោតស​កល នាឆ្នាំ២០១៣ ។

សរុប​សេចក្តីមក ​យើង​ហ៊ាន​សន្និដ្ឋាន​បាន​ថា ការចង​សម្ព័ន្ធ​ភាព ឬ រួប​រួមអ្នក​ប្រជាធិបតេ​យ្យនេះ មិនអាច ទៅរួចទេ បើសិ​នគណ​បក្ស សិទិ្ធម​នុស្ស ដែលមា​នការគាំទ្រតិច​តួចពី​ប្រជាពល​រដ្ឋជា​ម្ចាស់ឆ្នោត មិនព្រមរំ​លាយខ្លួន ចូលជាមួយ​នឹង​គណបក្ស សម រង្ស៊ី ដែល​មានកា​រគាំទ្រ ដល់​ទៅជិត ២ដង បើធៀប​នឹង​គណបក្ស សិទិ្ធម​នុស្ស ។ ម្យ៉ាងទៀត គណ​បក្ស សម រង្ស៊ី មានភាព​រឹងមាំ និង ដាច់ខាត​ជាង គណបក្ស សិទិ្ធមនុស្ស ក្នុងការ​ប្រឆាំង​នឹង រាជរដ្ឋាភិបាល ។ ចំណែក គណបក្ស សិទិ្ធមនុស្ស​វិញ គឺកើតបាន​ចេញពីការ​សម្រប​សម្រួល និង អន្តរាគមន៍​ផ្ទាល់ពី សម្តេច​អគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន ជាថ្នាក់ដឹក​នាំកំ​ពូល នៃគណ​បក្សប្រ​ជាជន​កម្ពុជា ។
ភូមិន្ទ