Saturday, July 14, 2012

សន្និសីទ និង​​ពិព័រណ៍​មិត្តនៃ​ប្រាសាទព្រះ​វិហារ​ជាស្មា​រតីនាំ​មក​នូវ​សាគ្គីភាព ឯក​ភាព​​ជាតិកម្ពុជា


សន្និសីទ និងពិព័រណ៍មិត្តប្រាសាទព្រះវិហារ បានចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ទី ១៤ ខែ​កក្តដា ឆ្នាំ​២០១២ នៅវិស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) រាជធានីភ្នំពេញដោយ មានការចូល​ពីមន្រ្តី​នៃរដ្ឋាភិបាល និង សា​ធារ​ណៈជនជាសិស្ស និស្សិត និង​ប្រជាពលរដ្ឋជាច្រើននាក់។
សន្និសីទ និង​ពិព័រណ៍​មិត្ត​នៃ​ប្រាសាទ​ព្រះវិហារ ត្រូវធ្វើឡើងរយៈពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤-១៦​ ខែកក្ក​ដា ឆ្នាំ​២០១២ដោយមានវាគ្មិនសំខាន់ៗជាច្រើនចូលរួមមានជាអាទិ៍ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈមានប្រសាសន៍អំពី ប្រាសាទព្រះវិហារ ក្នុង​វិ​ស័យ​វប្បធម៌,ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា មានប្រ​សាស​ន៍អំ​ពី​ប្រាសាទព្រះវិហារ ក្នុងវិស័យអប់រំ,ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អំពីប្រា​សាទ​ព្រះវិហារក្នុងវិស័យទេសចរណ៍ និង ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខា​ធិការទី​ស្តីការគណៈ​រដ្ឋមន្រ្តី  ឯកឧត្តម បណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម ជុច ភឿន ប្រធានអាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍរមណីដ្ឋានវប្បធម៌ ធម្មជាតិនៃប្រាសាទព្រះវិហារ ព្រមទាំងវាគ្មិនថ្នាក់បណ្ឌិតជាច្រើននាក់ផ្សេង​ទៀតដែលក្នុង​នោះ​មានលោក សយ សុភាព និងលោក ពុយ គា ដែលនឹងត្រូវឧទ្ទេសនាមអំពីព័ត៌​មាននានា​ដែលសារព័ត៌មានជាតិ និង អន្តរជាតិផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ ចាប់តាំងពីក្រោយព្រឹត្តិ​ការ​ណ៍ថ្ងៃទី១៥ កក្តដា ឆ្នាំ២០០៨ ដែលកងទ័ពថៃចូលមកឈ្លានពាន។
ឯកឧត្តម បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ អ្នកប្រវត្តិសាស្ត្រ​ខ្មែបាន​ឱ្យដឹងថា ​ការ​រៀបចំឱ្យ​មានសន្និ​សីទ និងពិព័រណ៍មិត្ត​ប្រាសាទព្រះវិហារ​នាពេលនេះ គឺដើម្បី​បង្ហាញ​ទៅ​ដល់​សា​ធារណៈជន​ជាតិ និងអន្តរជាតិឱ្យស្គាល់និងយល់ដឹងកាន់តែច្បាស់​អំពីប្រាសាទព្រះវិហារ​ដែល​ជា​សម្បត្តិ​​វប្បធម៌ និងជាព្រលឹងជាតិខ្មែរ​ដែល​ទាមទារឱ្យយើងដែលជាកូនចៅ​ខ្មែរជំនាន់​ក្រោ​យ​ ក៏ដូចជាពិភព​លោក​ទាំងមូលត្រូវ​តែចូលរួមថែ​រក្សាការ​ពារ​សម្បត្តិ​វប្បធម៌​ដែលជា​បេតិ​ក​ភ័ណ្ឌរបស់​មនុស្ស​ជាតិនេះ។

សម្រាប់ថ្ងៃដំបូងនៃសន្និសីទ និងការតាំងពិព័ណ៌ស្តីពីប្រាសាទព្រះវិហារគេ សង្កេតឃើញ​មាន​ការដាក់តាំង​បង្ហាញនូវ សៀវភៅដែលសរ​សេររៀប​រាប់​អំពី ប្រា​សាទព្រះវិហារ ផែនទី រូភាព ក្នុងនោះដែរក៏មានការចូលរួមពីអង្គភាពមជ្ឈមណ្ឌល​កំ​ចាត់មីន​ក​ម្ពុជា ដែលហៅកាត់ថា (CMAC)ដែល​បានចូលរួមដាក់តាំងបង្ហាញពីអាវុធ យុទ្ធភ័ណ្ឌ​គ្រប់​​ប្រ​ភេទដែល​មាន​កប់​នៅ​ក្រោម​ដី​ទូទាំង​ប្រទេសកម្ពុជា ជាពិសេសនៅតំ​បន់​ប្រាសាទព្រះវិ​ហារ​​ដែល​​ទទួល​រងនូវ​គ្រាប់បែក គ្រាប់ផ្លោងពីសំណាក់ប្រទេសថៃ ដែលបាន​ឈ្លាន​ពានចង់​បាន​ប្រា​​​សាទ​​ព្រះ​វិហារ​​ដែរជារបស់ខ្មែរកាលពីពេលកន្លងទៅនេះ។
គូរម្លឹកថា ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ក្រោមការតវ៉ាដោយរាជរដ្ឋាភិបាលសម្តេច ព្រះបាទ​ន​រោ​ត្តម សី ហនុ ប្រាសាទ​ព្រះវិហារត្រូវ​បាន​ ​តុលាការ​យុត្តិធម៌អន្តរ​ជាតិ​​ក្រុង​ទ្បាអេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្ដី ​។សាលដីការតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ មានបីចំណុច​សំខាន់ៗ ៖
១ - ប្រាសាទព្រះវិហារ និង តំបន់ជុំវិញស្ថិតក្នុងទឹកដីនិងអធិបតេយ្យភាពនៃព្រះរាជាណាចក្រ កម្ពុជា ។
ទី-២ ថៃត្រូវដកកងទ័ព នគរបាល និងឆ្មាំចេញពីតំបន់ប្រាសាទព្រះវិហារដែលខ្លួនកាន់កាប់។
ទី- ថៃត្រូវមានកាតព្វកិច្ចប្រគល់មកឱ្យកម្ពុជាវិញនូវបុរាណទាំងឡាយតាមប្រភេទដែល ត្រូវ​បានយកចេញពីប្រាសាទ ចាប់តាំងពេលពេលដែលចូលមកកាន់កាប់ពីឆ្នាំ១៩៥៤។
នៅក្នុងសម័យ​រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន ប្រា​សាទ​ព្រះវិហាររបស់ខ្មែរ ត្រូវបានចុះ ជាសម្បត្តិបេតិកភ័ណ្ឌ​ពិភពលោក​នៅថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​​ទី​ក្រុង​កេ​បិក ប្រទេស​កាណា​ដាដែលអាច​ចាត់​ទុកថាជាសាលក្រមទីពីរ​ដែលអន្តរជាតិបានផ្តល់ឱ្យមកប្រទេស​កម្ពុជា។​
ប្រការសំខាន់គឺរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែនបាន​ការ​ពារ​ដោយជោគជ័យនូវ ប្រាសាទព្រះវិហារដែលជាកេរ្តិ៍តំណែលរបស់បុព្វបុរស​ខ្មែរពី​ការ​ប៉ុន​ប៉ង​ឈ្លានពានដោយប្រទេសថៃ៕
អត្ថបទ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស