Monday, July 16, 2012

សម្ដេច​តេជោ​​ចាត់ទុ​ក ការវាស់​វែងដីធ្លី​ដោយ​​យុវជន​ស្ម័គ្រចិត្ត​ជាបេសកម្ម​ប្រវត្តិសាស្ត្រ


នៅក្នុង​ពិធីសំណេះ​សំណាល​ក្នុងពេល​រាត្រី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២​ ជាមួយ​យុវជន​ស័្មគ្រចិត្ត​ចុះបំពេញ​បេសកកម្ម​វាស់​វែង​ដីធ្លី​ផ្តល់​កម្មសិទ្ធិ​ជូនប្រជាជន​រដ្ឋ នៅ​ឯខេត្ត​សៀមរាប​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន   បាន​ជំរុញ​ឲ្យក្រុមការងា​រទាំងអស់​ យក​ចិត្ត​ទុក​ដាក់​ឲ្យបាន​​ហ្មត់ចត់ទៅលើការងារ​វាស់វែង​ដីធ្លី ជា​ពិសេស​យកចិត្ត​ទុកដាក់​​ប្រយ័ត្ន​ចំពោះ​​បញ្ហា​​ព្រំដី និង​ការ​ឃុបឃិត​ណាមួយ​ដោយចាត់ទុក​ថា​​ជាបេសកម្ម​ជាប្រវត្តិ​សាស្រ្ត​។
សម្ដេតេជោ​នាយករដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ណែនាំ​ថា សូម​ក្មួយៗ​ដែលធ្វើការងារ​នេះ​កុំឲ្យ​​បន្សល់ទុ​កបញ្ហា​ឲ្យប្រជាជន​មានទំនាស់​ព្រំដី​នៅថ្ងៃក្រោយ ហើយសូ​មជួយ​​តាមដាន​មើល​​បញ្ហា​​ដែល​​អាច​កើតមាន​ករណីឃុបឃិតរវាងមន្ត្រីអាជ្ញាធរ​ដែនដី ឬក៏​ក្រុមហ៊ុនដែល​ទទួល​​ដីសម្បទាន​ដែលអាច​កើតឡើង​នៅក្នុង​ពេលផ្ដល់ កម្ម​សិទ្ទិ​ដីធ្លី​នេះ​ ព្រោះ​កិច្ចការ​នេះយើង​ធ្វើដើម្បី​ប្រយោជន៍​របស់​ប្រជាជន។
ទន្ទឹម​នឹងការ​លើកសរសើរ​ចំពោះ​ក្រុមយុវ​ជនស្ម័គ្រ​ចិត្ត ​ដែលបាន​ចូលរួម​ចំណែក​ជាមួយ​ រាជ​រដ្ឋាភិ​បាលក្នុងកិច្ចការ​ជាប្រវត្តិ​សាស្ត្រ ដែលជា​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាពថ្មី​ នៅ​ក្នុង​ការវាស់វែង ផ្ដល់​ប័ណ្ណកម្ម​សិទ្ធិដីធ្លី​ជូនប្រជាពល​រដ្ឋ​​ សម្ដេច​តេជោនាយករដ្ឋ​មន្ត្រីមាន​ប្រសាសន៍​ថា ក្មួយៗ​ទាំងអស់​ដែលទទួល​យកបេសកកម្ម​ នេះ​ប្រហែល​ជាមិនមែន​ ជារឿង​ដាច់​ដោយ​ឡែក​ចំពោះ​កម្ពុជាទេ ប៉ុន្តែ​បេសកកម្មនេះ​ យ៉ាង​ហោចក៏មាន​ចរិត​ពិសេស​ បើមិន​កម្រិត​ពិភព​លោកទេ​ក៏ប្រហែលជា​ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ី​ដែរ។ សម្ដេច​តេជោ​បាន​លើកឡើង​ថា​ កាល​ពីសម័យ​មុន​សម្តេច​ធ្លាប់​ទទួល​ព័ត៌មាន​ពីប្រទេស​ខ្លះ ដែល​គេធ្វើ​បដិរូប​ដីធ្លី​ ឬដំ​ណើរ​ការ​ជា​តូបនីយកម្ម គេក៏ប្រើ​យុវជនដែរ ដើម្បី​ទៅរឹបយក​ទ្រព្យសម្បត្តិ​របស់ប្រជាពល​រដ្ឋ គឺក្នុង​អំឡុង​​ទស​វត្សរ៍ ៥០ និង៦០ ក្នុងការ​ធ្វើបដិវត្តន៍​ដីស្រែដោយ​ប្រមូលយកដីស្រែ​ពីឯកជន​មក​ធ្វើ​ ជា​របស់​រួម។ ដោយ​ឡែ​ក​នៅ​កម្ពុជា​ក្នុងទសវត្សរ៍ ៧០ ពួក​ប៉ុល​ពត​​ក៏​ប្រើយុវជន​ដែរ។ សម្តេច​តេជោ​ បាន​មាន​ប្រសាស​ន៍ឲ្យ​ដឹងថា ទាហាន​សម័យនោះមិន​ដែលមាន​អាយុ ៧០ ឆ្នាំទេ ភាគច្រើ​នអា​ យុ​ក្រោម ៣៥ ឆ្នាំ គឺ​ពីច​ន្លោះអាយុ​ ១៨ ឆ្នាំ ទៅ ៣៥ ឆ្នាំគេ​ ក៏បាន​យុវជន​ទាំងអស់​នោះឲ្យ​ដេញ​ប្រជាជនចេញពី​ទីក្រុង ចេញ​ពីលំនៅដ្ឋាន​ប្រមូល​ទាំងចាន​ឆ្នាំង​របស់ប្រជាជន​យកមក​ដាក់រួ​ម​ហើយ​​ទិដ្ឋភាព​ដែលយើងបានឃើញ គេបាន​ប្រើកម្លាំង​យុវជន​ដើម្បីធ្វើជា​តូបនីយកម្ម​ និង​ធ្វើ​បដិរូបដីស្រែ​ជាដើម ឬរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
សម្តេចតេជោនាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​បញ្ជាក់ថា ឥឡូវនេះ​កិច្ចកា​រដែល​ក្មួយៗ​​កំពុង​​ធ្វើគឺ​ជាបេស​កកម្ម​ពិសេសមួយ គឺទៅ​វាស់ដី​ជូនប្រជាជន​ធ្វើកម្មសិទ្ធិ​ ដែលនេះ​ជាបេស​កកម្ម​ដែល​ក្មួយគប្បី​មាន​មោទនភាព។ បេសកកម្មនេះ ជាបេសកកម្មប្រវត្តិសាស្ត្រ ដែល​មិន​ធ្លាប់​មាន​ ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏ជា​បេសកកម្ម​ដែលមិនសូវ​មានក្នុងក្រ​បខ័ណ្ឌ​ពិភពលោក ។
សម្ដេច​តេជោ​អរគុណ​ចំពោះ​មាតាបិតា អាណាព្យាបាល​ក្រុមយុវជនស្ម័គ្រចិត្ត​ទាំងអស់​ ដែលបាន​អនុញ្ញាត​ឲ្យកូនក្មួយ​របស់ខ្លួន​ មករួមចំណែកជួ​យដល់ការងាររបស់រាជរដ្ឋាភិបាល​ ហើយ​សម្ដេច​បានលើកទឹកចិត្ត​ដល់ក្រុមយុវជន​ខិតខំធ្វើកិច្ចការ​នេះ ឲ្យបាន​ល្អ ដែលជា​ចុង​ក្រោយ​សម្ដេច​នឹងផ្ដល់ប័ណ្ណទទួលស្គាល់ចំ​ពោះយុវជនស្ម័គ្រចិត្ត​ទាំងអស់គ្នា ដែល​បានរួម​ចំ​ណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការអនុវត្ត​នយោបាយចាស់​សកម្មភាពថ្មី​នេះ។
សម្ដេចតេជោ​ក៏បានបង្ហាញ​នូវសុទិដ្ឋិ​និយម និងជំនឿយ៉ាងមាំថា​រយៈពេល ៥ ឆ្នាំ ក្រោយ​បន្ទាប់​ពីប្រជាពលរដ្ឋ​ទទួលបាន​កម្មសិទ្ធិ​ដីធ្លីកាន់កាប់ស្របច្បាប់​នោះ យ៉ាងហោចណាស់​ប្រជា ពលរដ្ឋ ១ភាគ៣ នៃគ្រួសារទាំងនេះ​នឹងទទួលបានការអភិវឌ្ឍ​ខាងផ្នែក​ជីវភាព ​ក្នុង​ក្រុម​គ្រួសារ​របស់ខ្លួនដោយ​សារ​តែដីធ្លីដែលរដ្ឋបានផ្ដល់ប័ណ្ណកម្មសិទ្ធិជូនគាត់យ៉ាងពេញលេញនេះ។
សូមបញ្ជាក់ថា យុវជនស្ម័គ្រចិត្តចំនួនសរុប ៣៦ នាក់ បានចូលរួមក្នុង​ពិធីសំណេះ​សំណាល​​ជាមួយ​សម្តេចតេជោ​មុនពេល ដែលត្រូវចុះទៅបំពេញបេសកកម្ម​វាស់វែង​ដីធ្លីផ្តល់​កម្ម​សិទ្ធិ​ដីធ្លី ជូនប្រជាពលរដ្ឋនៅស្រុកស្វាយលើ និងស្រុកវ៉ារិន ខេត្តសៀមរាបនោះ។ មាន​ប្រជាពល​រដ្ឋ​ប្រហែលជាង៣០ ម៉ឺនគ្រួសារ ដែលស្មើនឹងមនុស្សប្រហែលជាង១ លាននាក់ នឹងបានទទួល​ផល​ប្រយោជន៍​ពីក្មួយៗជាយុវជនស្ម័គ្រចិត្តប្រមាណ១.៥០០នាក់ ដែលបានបញ្ជូនចេញ​ពីគ្រប់​​មហាវិទ្យាល័យ ដើម្បីទៅបំពេញបេសកម្មជួយវាស់វែងដីធ្លីធ្វើ ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាការអនុវត្តនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល​។​