Thursday, July 19, 2012

មន្ត្រី​​ព័ត៌​មាន មន្ត្រី​​ទំនាក់​​ទំនង​​សាធារណៈ ​មក​ពី​​អង្គភាព​ និងស្ថាប័ន​នានា របស់​​រាជ​​​រដ្ឋាភិ​បាល ទទួល​ការ​​បំពាក់​​បំប៉​ន​​សមត្ថ​ភាព​​ជា​អ្នក​នាំ​​ពាក្យ​


នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ មន្ត្រី​អ្នក​នាំ​ពាក្យ​មក​ពី​អង្គភាព និង​ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ ក្នុង​រយៈ​ពេល​៣ថ្ងៃ ដើម្បី​បំប៉ន​សមត្ថ ភាព​ក្នុង​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ សុច្ចរិត ត្រឹម​ត្រូវ​ ពី​រាជរដ្ឋាភិបាល​ជូន​ប្រជា​ពលរដ្ឋ​ តាម​រយៈ​អ្នក​សារព័ត៌​មាន​​។
វគ្គ​ហ្វឹក​ហ្វឺន​ដែល​រៀប​ចំ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ប្រារព្ធ​ពិ​ធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​​ ប្រាក់​ សុខុន រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ​។ មាន​ប្រសាសន៍​ក្នុង​ពិធីបើក​វគ្គ​ហ្វឹកហ្វឺន​ ឯកឧត្តម​ ប្រាក់​ សុខុន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វត្ត​មាន​មន្ត្រី មក​ពី​ស្ថាប័ននានា ដែល​បាន​មក​ចូល​រួម​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រះ​រាជាណាចក្រកម្ពុជា ជា​ប្រទេស​ដែល​បើក​ចំហរ និង​ផ្តល់​សេរី​ភាព គ្រប់​យ៉ាង​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ទទួល​ព័ត៌មាន​។ ព័ត៌មាន​ច្រើន​ដែល​ប្រជា​ពលរដ្ឋ​មាន​​សិទ្ធិ​សេរី​ភាពទទួលបាន គឺ​មាន​គ្រប់​បែប​យ៉ាង តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា វិទ្យុ​ ទូរទស្សន៍ កាសែត និង​ អ៊ីនធើណេត ពិសេស​ប្រព័ន្ធបណ្តាញ​សង្គម​ ដែល​កំពុង​ពេញ​និយម។ ទោះបីយ៉ាង​ណា​ព័ត៌មាន​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​ជា​ព័ត៌មានល្អ​ទាំងអស់​នោះ​ទេ ដូច្នោះ ​អ្នក​នាំពាក្យ​មាន​តួនាទី ត្រូវ​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ សុច្ចរិត ទាន់​ពេល​ជូន​ប្រជា​ពលរដ្ឋឲ្យ​បាន​ជ្រាប​អំពី​ គោល​ជំហរ​ និង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ និង​ដោយ​ឡែក​សំរាប់​ស្ថាប័ន ដែល​ខ្លួន​កំពុង​ធ្វើ​ការ​ផង​ដែរ។
ក្នុងឱកាស​នោះ​ដែរ ជា​មួយ​នឹង​ការ​លើក​ឡើងនូវ​បទ​ពិសោធន៍​ និង​ការ​ងារ​ ដែលធ្លាប់ធ្វើក្នុង​តួនាទី​ជា អ្នក​កាសែត ជាអ្នកនាំ​ពាក្យ និងជា​អ្នកការទូត​នា​ពេល​កន្លង​មក ឯកឧត្តម ប្រាក់ សុខុន​ បានមាន​ប្រសាសន៍​ផ្តល់​ជាអនុសាសន៍ថា  ដើម្បី​ធ្វើ​ជាអ្នក​នាំ​ពាក្យ​ ត្រូវ​ប្រកាន់ភ្ជាប់៤ចំណុច​សំខាន់ៗរួម​មាន៖
ទី១,​អ្នក​នាំពាក្យ ត្រូវ​មាន​គុណសម្បត្តិ​ និងមាន​ជំហរប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍របស់​ស្ថាប័ន​ដែល​ខ្លួ​ន​ត្រូវ​នាំ​ពាក្យ​ និង​គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​។
ទី២,​អ្នក​នាំពាក្យ​ ត្រូវ​មាន​សមត្ថភាព​ខាង​វិនិច្ឆ័យអ្វី​ខុស​ អ្វី​ត្រូវ អ្វី​ដែល​ត្រូវ​និយាយ អ្វី​ដែល​មិន​ត្រូវ​និយាយ ហើយ​នៅ​ពេល​ណា។
ទី៣,អ្នក​នាំពាក្យ ត្រូវមាន​គំនិត​សំយោគព័ត៌មាន ​និយាយ​ឲ្យ​ខ្លីៗ ចំ​បញ្ហា ចំ​ប្រធាន​បទ​ ដើម្បី​ឲ្យ​គេ​ស្រួល​​ស្តាប់​ និង​ស្រួល​យល់​។
ទី៤,​អ្នក​នាំពាក្យ​ ត្រូវ​មាន​ចរិក​ជា​អ្នកការទូត​ផង​ដែរ ក្នុង​ពេល​ដែល​ខ្លួន​ត្រូវ​ឆ្លើយ​សំណួរអ្នក​សារព័ត៌​មាន។
ឯកឧត្តម​ ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​រៀប​ចំ​វគ្គហ្វឹហ្វឺន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វគ្គ​ហ្វឹកហ្វឺនបំប៉ន សមត្ថភាព​មន្ត្រី​ព័ត៌មាន មន្ត្រី​ទំនាក់​ទំនង​សាធារណៈ និង​អ្នក​នាំពាក្យ​ បាន​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​២យ៉ាង ទី១,ការងារ​ព័ត៌មាន​ នៅ​ក្នុង​ស្ថាន​ភាព​វិបត្តិ​ និង​ទី​២,វិបត្តិ​សារគមនាគមន៍ នៅ​ក្នុង​រាជ​រដ្ឋាភិបាល។
សូម​បញ្ជាក់​ថា ក្រៅ​ពី​ការ​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​តាម​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ ដើម្បី​ផ្តល់​ព័ត៌​មាន​​​ជូន​ប្រជា​ពលរដ្ឋ​តាម​រយៈ​អ្នក​សារ​ព័ត៌មាន រាជរដ្ឋាភិបាល​ក៏​បាន​បង្កើតឌឹប៉ាតឺម៉ង់​ផ្សព្វផ្សាយ និង​​សារគមនាគមន៍នៅ​សកល​វិទ្យាល័យភូមិន្ទ​ភ្នំ​ពេញ ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ​សារព័ត៌​មាន​ ដល់​​សិស្ស និស្សិត ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​ មានវិជ្ជា​ជីវៈ និង​ការ​​ទទួល​ខុស​ត្រូវ​ក្នុង​អាជីព​របស់​ខ្លួន​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីផង​ដែរ៕