Thursday, July 19, 2012

រាជ​រដ្ឋាភិបាល​កម្ពុជា ដក​​កង​​ទ័ពចំ​នួន​​៤៨៥​នាក់​ ​ចេញ​​ពីតំ​បន់​​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​ តាម​ដីកា​បង្គាប់​​របស់​​តុលា​ការ​ ICJ



ដោយ​អនុវត្តតាម​ដីកាបង្គាប់​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃពុធ ទី​១៨ ខែ កក្កដា ឆ្នាំ ២០១២នេះ បាន​សម្រេច​ដក​កង​ទ័ព​ជាឯកតោភាគីជំ​ហាន​ទី១ ចំ​នួន​ ៤៨៥នាក់ ចេញ​ពី​តំ​បន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន( PDZ ) ជាជំ​នួសវិញ​ដោយ​នគរបាល​ចំ​នួន​២៥៥នាក់​ និង​សន្តិសុខអភិរក្ស​ប្រាសាទ​ចំ​នួន​១០០នាក់។
ពិធី​កែសម្រួល​កងទ័ព​នេះ​​ បាន​ប្រារព្ធធ្វើ​ឡើង​នៅទី​បញ្ជាការ​សន្តិភាព​ ៥មករា ‑  ព្រះ​វិហារ​ ​​​ ក្រោម​អធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់​​ ឯកឧត្តម​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួមពី​តំណាង​​រាជ​រដ្ឋាភិបាល​ សមាជិកសភា ព្រឹទ្ធ​សភា អាជ្ញាធរគ្រប់​លំ​ដាប់​ថ្នាក់​  អនុព័ន្ធ​យោធា​នៃបណ្តាប្រទេស​ជាមិត្តនៅ​កម្ពុជា​ និង​​គ្រប​ដណ្តប់​ព្រឹត្តិការណ៍​ដោយ​អ្នក​សារព័ត៌មានជាតិ និង​ អន្តរ​ជាតិ​ប្រមាណ​ជាងមួយរយ​នាក់​ ថែម​ទាំង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈស្ថានីយ៍ទូ​រទស្សន៍​បាយ័ន​ទៀត​ផង​។
​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនៃការ​កែសម្រួល​កង​ទ័ព​នេះ​ ក៏បានធ្វើ​ឡើង​​​ក្នុង​ពេល និង​ម៉ោង ជាមួយ​គ្នា​ នៃពិធី​អប​អរ​សាទរ​ខួប​លើក​ទី៤ នៃការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​របស់​ប្រទេស​​កម្ពុជា​ ជា​សម្បត្តិបេតិកភណ្ឌពិភព​លោក ខែ កក្កដា ឆ្នាំ ២០០៨​ ‑ ២០១២ ផង​ដែរ។
យោង​តាម​សេចក្តីសម្រេចរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​​ ចុះ​ថ្ងៃទី​៣ ខែ កក្កដា ឆ្នាំ ២០១២  ដែល​អាន​ដោយ​ប្រធាន​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​សម្រប​សម្រួល​បទ​ឈប់​បាញ់​ ឯកឧត្តម នាយឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការ​ពារជាតិ​ បាន​បញ្ជាក់​ថា​ នេះ​ គឺជា​ជំ​ហាន​ទី​១  នៃការ​ដក​កង​ទ័ព​ជាឯកតោភាគី​របស់​ភាគី​កម្ពុជា​ ចេញ​ពី​តំ​បន់​គ្មាន​កង​ទ័ព​បណ្តោះអាសន្ន​ (PDZ ) ចេញ​ពី​ចំ​នុចអាទិភាពមួយ​ចំ​នួន​ ដូច​ជា​ បរិវេណ​ជុំ​វិញ​​ប្រាសាទ​ព្រះវិហារ វត្តកែវ​សិក្ខាគិរី​ស្វារៈ ជណ្តើរ​បុរាណ​ខាង​កើត និង​ជណ្តើរបុរាណ​ខាង​ជើង​ ។   នេះ​ គឺជា​ការ​អនុវត្តតាម​ដីកាបង្គាប់​របស់​តុលាការ​យុត្តិធម៌ អន្តរជាតិ​​ (ICJ) ​ ចុះ​ថ្ងៃទី​១៨ ខែ កក្កដា ឆ្នាំ ២០១១​ កន្លង​ទៅ​។

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ ​បាន​មាន​ប្រសាសន៍​ថា ​ការ​កែសម្រួល​កង​ទ័ពនេះ​ ធ្វើឡើង​ បន្ទាប់​ពី​មាន​ជំ​នួប និង​ការ​ឯកភាព​គ្នា​ប្រកប​ដោយ​សុឆន្ទៈ ​រវាង​សម្តេចអគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ​​និង​លោក​ជំ​ទាវ យីង​​ឡាក់​ ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ទី​ក្រុង​សៀម​រាប​​កាលពី​ថ្ងៃទី​១៣ ខែ កក្កដា ឆ្នាំ ២០១២  និង​ដើម្បី​ជំ​រុញ​ប្រសិទ្ធភាព​នៃការអនុវត្តន៍ ដីកាបង្គាប់​របស់​តុលាការ​អន្តរជាតិ (ICJ)​ដោយ​ស្មគ្រ័ចិត្តតាម​នីតិវិធី​រៀង​ៗខ្លួន​ និង​ក៏ដើម្បី​បង្ហាញ​នូវ​​បរិយាកាសទុកចិត្តគ្នា​ និង​សហប្រតិបត្តិ​ការល្អ​​​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា‑ ថៃ ​និង​យោង​តាម​ការ​សម្រេចរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ទទួល​យក​ខ្លឹម​សារ​លក្ខខណ្ឌប្រតិបត្តិ​ (TOR ) ដែល​ផ្តួចផ្តើម​ដោយ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​២៦ ​ខែ មីនា ឆ្នាំ ២០១២ កន្លង​ទៅ​ផង​ដែរ ទើបមាន​ការ​កែសម្រួល​កង​ទ័ព​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​។ 
ឯកឧត្តម ទៀ បាញ់ បាន​បន្ត​ថា ពី​ធី​នេះ​  គឺជា​ការ​ឯកភាព​គ្នា​ប្រកប​ដោយ​សុឆន្ទៈយ៉ាង​មុត​មាំរបស់​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ ដើម្បី​ឆ្ពោះ​ទៅ​រក​សន្តិភាពពិត​ប្រាកដ​នៅ​តាម​ព្រំ​ដែន ។
 ឯកឧត្តម​បាន​បន្តថា ការកែសម្រួល​កង​ទ័ព​ក្នុង​ពេល​នេះ​​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ប្រទេស​កម្ពុជាគោរព​តាម​យ៉ាង​ត្រឹម​ត្រូវ​នូវ​ករណី​យកិច្ច​ ជារដ្ឋភាគី​សមាជិក​អង្គការ​សហប្រជាជាតិ​​​​ និង​ច្បាប់​អន្តរជាតិ​ ជាពិសេស គោរព​បាន​នូវ​សិទ្ធិ​ជាម្ចាស់​ផ្ទះ​ ដែល​មាន​កាតព្វ​កិច្ច​ថែ​រក្សាសម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ ក្នុង​ដំ​ណាក់​កាល​​ដែល​យើង​កំ​ពុង​រង់​ចាំការ​បក​ស្រាយ​របស់​តុលាការ​យុត្តិ​ធម៌​​អន្តរជាតិ។

ឯកឧត្តម ទៀ បាញ់​ បាន​ចាត់​ទុកព្រឹត្តិការណ៍​ថ្ងៃនេះ គឺជា​ជោគ​ជ័យ​ថ្មី​មួយទៀត ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់ថែម​ទៀត​ ​អំពី​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ មកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំដោយ​សម្តេចតេជោ​ ហ៊ុន សែន ដែល​តែង​តែប្រកាន់យក​នូវ​គោលការ​ណ៍​​សន្តិភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ ។​​​
មូល​ហេតុ​នៃការ​កែសម្រួល​កង​ទ័ព​នេះ  បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​ អំពី​ការ​ឈ្លានពាន​ពី​សំ​ណាក់​ប្រទេស​ថៃ​នៃរដ្ឋាភិបាល​អាប់​ភី​ស៊ីត​​ រំ​លោភមក​លើ​អធិបតេយ្យភាព​កម្ពុជា​ និង​ថ្ងៃបន្ទាប់​មក​ទៀត​​ថៃ​នៅ​តែ​បន្ត​សកម្មភាពឈ្លាន​ពាន​ ទន្ទ្រាន​រំ​លោភលើ​ទឹកដីកម្ពុជា​ ទើប​នៅ​ថ្ងៃទី​២៨​ ខែ មេសា​ ឆ្នាំ ២០១១ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​ចិត្តដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្នើសុំ​បកស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ ១៩៦២​។
ឆ្លើយ​តប​តាម​ការស្នើសុំរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៨​ខែ កក្កដា ឆ្នាំ ២០១១​តុលាការ​​នេះ​បាន​ចេញ​នូវ​សេចក្តី​សម្រេចរបស់​ខ្លួន​ ដោយ​បាន​ចង្អុល​នូវ​វិធានការណ៍​បណ្តោះ​អាសន្ន តម្រូវ​ឱ្យ​ភាគីទាំង​ពីរត្រូវ​ដក​ជាបន្ទាន់​នូវ​បុគ្កលិកយោធា ដែល​មាន​វត្តមាន​នៅ​តំ​បន់គ្មាន​យោធា​បណ្តោះ​អាសន្ន​ (PDZ)  និង​ជម្រុញ​ឱ្យ​ភាគីទាំងពីរត្រូវ​តែអត់​ធ្មត់ មិន​ធ្វើ​នូវ​សកម្មភាព​ណាមួយ​ដែល​នាំឱ្យ​​មាន​ជម្លោះរីករាលដាលបន្ត​ទៀត​។

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ របស់​ក្រុម​ការងារ​សម្រប​សម្រួល​បទ​ឈប់​បាញ់​កម្ពុជា បាន​បង្ហាញ​ថា ការ​កែសម្រួល​កង​ទ័ព​នេះ​​ គឺជា​ដំ​ណើរឆ្ពោះ​ទៅ​កាន់​សហគមន៍​អាស៊ាន​ឆ្នាំ ២០១៥ ដើម្បី​​សន្តិភាព​ និង​វិបុល​ភាព​ព្រមទាំង​គោរព​បាន​នូវ​អនុសញ្ញាឡាអេ​ឆ្នាំ ១៩៥៤ ស្តី​ពី​ការ​ការពារ​ទ្រព្យ​សម្បត្តិ​វប្បធម៌ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ​ និង​អនុសញ្ញាឆ្នាំ ១៩៧២ ស្តី​ពី​ការ​ការពារ​បេតិកភណ្ឌវប្បធម៌ពិភព​លោកផង​ដែរ។  ​ក្រុម​ការងារ​សម្រប​សសម្រួល​អ្នក​សង្កេត​ការណ៍​បទ​ឈប់​បាញ់​កម្ពុជា​ បាន​កំ​ណត់​ចំ​នុចទាំង​បួន A.B.C.D នៃតំ​បន់​គ្មាន​កង​ទ័ព​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៣ ខែ សីហា ឆ្នាំ ២០១១​ហើយ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការកំ​រិត​បច្ចេកទេស​ ដើម្បី​​ឈាន​ទៅរក​ការ​អនុវត្តពេញ​លេញ​ដីកាបង្គាប់​តុលាការយុត្តិធម៌​អន្តរជាតិ​ (ICJ) ។
ការងារ​បន្ត​ចំ​ពោះ​មុខបន្ទាប់​ពី​កែសម្រួល​កង​ទ័ព​នេះ​ គឺ ក្រុម​ការងារ​ទាំង​ពីរនឹង​ប្រគល់​ភារ​កិច្ច​ជូន CMAC និង​TMAC ដើម្បី​ធ្វើ​ការ​ដោះ​មីននៅ​ចំ​នុចចាំបាច់​ A.B.C.D ដែល​កំ​ណត់​ដោយ​ ICJ  ដើម្បី​សម្រួល​ដល់​ដំ​ណើរការ​កែសម្រួល​កងទ័ព​ជំ​ហាន​បន្ទាប់​ទៀត និង​សម្រាប់​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​លក្ខខ័ណ្ឌប្រតិបត្តិ​ (TOR )។
ជារួម​ការ​សម្រេច​ចិត្តរបស់​រាជ​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​កែសម្រួលកងទ័ព​ជាឯកតោភាគីជំ​ហាន​ទី​១ នេះ​ គឺជា​កត្តាចាំបាច់​បំ​ផុត​ ដើម្បី​រក្សាសន្តិភាព​យូរអង្វែង​តាម​បណ្តោយព្រំ​ដែន​ និង​ការ​ពារ​បាន​នូវ​បេតិកភណ្ឌពិភព​លោក​ដែល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ប្រកប​ដោយ​ចី​រភាព​។