Friday, July 27, 2012

សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ចង់​ឲ្យ​ឥណ្ឌា​វិនិយោគ​លើ​ការ​កែច្នៃ​ផលិតផល​កសិកម្ម​


ក្នុង​កាស​ចូល​ជួបសម្តែង​ការគួរ​សម ជាមួយ​សម្តេចអគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន នៅ វិមាន​សន្តិភាព នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១២ ឯកឧត្តម Dinesh K. Patnaik ឯក​អគ្គ​រដ្ឋទូតថ្មី នៃ​សាធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជា​ណាច​ក្រ​កម្ពុជា បាន​អះអាង​អំពីការ​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​បំពេញ​បេសក​កម្ម​ការ​ទូត ធ្វើឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរឥណ្ឌា-កម្ពុជា ឈាន​ដល់​កម្រិត​កំពូល​​។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តីឲ្យ​ដឹងថា ឯកឧត្តម Dinesh K. Patnaik បានថ្លែងថា ​លោក​នឹង​បង្កើន​គម្រោង​នៅ​កម្ពុជា ដូចជា​ជំរុញ​ការ​បង្កើន​សមត្ថភាព​វិស័យ​​កសិកម្ម ជំរុញ​ឲ្យ​មាន​ការហោះ​ហើរ​ត្រង់​ពី​ឥណ្ឌា​មកកាន់​កម្ពុជា ជំរុញទំនាក់​ទំនង​ខាង​វិស័យ​វប្បធម៌ ក៏ដូច​ជាការ​ផ្សព្វផ្សាយ​អំពី​កម្ពុជា ដើម្បីជា​ការទាក់​ទាញ​ទេសចរ និង​ជំរុញ​ឲ្យ​មាន​ការវិនិ​យោគ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ពី​ឥណ្ឌា​មកកាន់​កម្ពុជា​ផង​ដែរ។

សម្តេច​តេជោនាយ​ករ​ដ្ឋមន្ត្រី បានសម្តែង​នូវការ​អបអរ​សាទ​រចំពោះ​ឯកឧត្តម Dinesh K. Patnaik ដែល​ត្រូវបាន​តែងតាំង​ជាឯក​អគ្គរដ្ឋទូត​ប្រចាំ​នៅព្រះ​រាជាណាចក្រ​កម្ពុជា និងបានជូន​ពរឲ្យ​បេសកកម្ម​ការទូត​របស់​លោកទទួល​បាន​ជោគជ័យ ។
សម្តេច​តេជោ មានប្រសាសន៍​ថា ប្រទេស​ឥណ្ឌាបាន​ដើរ​តួនាទី​យ៉ាង សំខាន់​នៅក្នុង​ការ​ជួយ​កម្ពុជា ដើម្បី​ស្វែង​រកដំណោះ​ស្រាយ​នយោបាយ ក៏ដូច​ជា ការ​អភិវឌ្ឍ​ប្រទេសផង​ដែរ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ប្រទេស​ឥណ្ឌា​គប្បីជំរុញទំ​នាក់​ទំនង ជាពិ​សេស​លើ​វិស័យ​ទេសច​រណ៍ ព្រោះកម្ពុជា និង​ឥណ្ឌា​មាន​ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្រ្ត ហើយ​មានវប្បធម៌​ប្រហាក់​ប្រហែល​គ្នា។ សម្តេច​តេជោ​បញ្ជាក់​ថា ការរៀប​ចំធ្វើជា​ខ្សែភាព​យន្ត ឬជាវី​ដេអូ​ស្ពត ឆ្លុះបញ្ចាំង​អំពីវប្បធម៌​កម្ពុជា ដែល ប្រហាក់​ប្រហែល​ជាមួយ​ឥណ្ឌា គឺជាការ​ល្អណាស់។
ពាក់ព័ន្ធ​ជាមួយ​ការវិ​និយោគ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​ឥណ្ឌា​មកកាន់​កម្ពុជា នៅមាន​កម្រិត​នៅ​ឡើយ ដែល​គប្បី​ស្វែងរក​ទំនាក់ទំនង​វិនិយោគ​លើ​វិស័យ​ផ្សេង​ទៀត ដែល​កំពុង​តែមាន​សក្តានុព​លខ្ពស់​នៅ​កម្ពុជា។ ចំពោះ​វិស័យ​កសិកម្ម សម្តេច​តេជោ​បាន​ស្នើឲ្យ​ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា ជួយ​ជំរុញកា​រវិនិយោគ​របស់​ឥណ្ឌាមក​កាន់​កម្ពុជា ជាពិសេស ការបង្កើត​រោងចក្រ​ម៉ាស៊ីន​កិន​ស្រូវ រោងចក្រ​កែឆ្នៃ​ផលិត​ផល​កសិកម្ម ដូចជា​ដំឡូង​ជាដើម​ព្រោះថា កម្ពុជា មាន​ផលិត​ផលក​សិផល​ជាច្រើន ដែល​អាច​កែ​ឆ្នៃ ដើម្បី​នាំចេញបាន៕
អត្ថ​បទ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស