Tuesday, August 28, 2012

រដ្ឋមន្ត្រី​សេដ្ឋកិច្ច កម្ពុជា ភូមា ឡាវ និង​វៀតណាម ជួបគ្នា នៅ​សៀមរាប​

ខេត្តសៀមរាប: រដ្ឋមន្ត្រី​សេដ្ឋកិច្ច កម្ពុជា ភូមា ឡាវ និង​វៀតណាម បានចាប់ផ្តើម​ប្រជុំ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​រិះរក​មធ្យោបាយ​ឆ្ពោះទៅ​កាន់​ការកាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច នៅក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​។​

​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែល​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បានឲ្យដឹងថា រដ្ឋមន្ត្រី​សេដ្ឋកិច្ច CLMV (​កម្ពុជា ឡាវ ភូមា និង​វៀតណាម​) បាន​ជួបគ្នា កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ពិនិត្យមើល​លើក​ជា​គម្រោង អោយមាន​ការជួយ​ដល់​ប្រទេស​ទាំង​បួន ដែល​មាន​សមាជិក​ថ្មី និង​មាន​កម្រិត​សេដ្ឋកិច្ច​ទាប​ជាង​សមាជិក ៦ ប្រទេស​ផ្សេង​ទៀត ក្នុង​សមាគម​អាស៊ាន​ទាំង ១០ ប្រទេស​។​
​លោក ចម ប្រសិទ្ធ បាន​បន្ថែមថា យើង​មាន​បំណង​ធ្វើយ៉ាងណា នៅពេលដែល​មាន​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ គម្លាត​សេដ្ឋកិច្ច​រវាង​សមាជិក​ចាស់ និង​ថ្មី មាន​កម្រិត​ទាប ដើម្បី​ធ្វើ​យ៉ាងណា កុំអោយ​មាន​ការរំជើបរំជួល​នៅក្នុង​សង្គម​។​

​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នឹង​ត្រូវ​ចាប់ផ្តើម នៅ​ថ្ងៃ​ចន្ទ ដោយ​ក្នុង​នោះ សម្តេច​តេជោ​ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​ដោយ​ផ្ទាល់​។

​លោក ចម ប្រសិទ្ធ បាន​បន្ថែមថា បន្ទាប់ពីនោះ នឹង​មាន​កិច្ចប្រជុំ រដ្ឋមន្ត្រី​សដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​ដៃគូ​ចរចា និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕​