Wednesday, October 31, 2012

សម្តេចតេជោ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នៅរក្សាកំណើន ៧ភាគរយ



ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នា​ព្រឹក​ថ្ងៃទី ២៩ តុលា ឆ្នាំ២០១២ សម្តេចអគ្គមហាសេនាបតីតេ​ជោហ៊ុន សែន បានបង្ហាញ​ជូនប្រជា​ពល​រដ្ឋនូវកម្មវិធីទស្សនកិច្ចការងាររបស់សម្តេចនៅក្រៅប្រទេស នៅពេលខាងមុខនេះ ដែលមិន​អាចខក​ខានបាននោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា តាមពិតខ្ញុំមិនចង់ទៅក្រៅប្រទេសទេ ប៉ុន្តែសភាព​កាណ៍​​បានចាប់បង្ខំ ដែលនៅថ្ងៃ អាទិត្យ​ ខាងមុខនេះ ខ្ញុំសូមអភ័យទោសពីសំណាក់ប្រជាពល​រដ្ឋ​ដោយសារ​ តែត្រូវចេញទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប​នៅ​ទីក្រុង វៀងច័ន្ទ ប្រទេស ឡាវ ដែល​ជាជំនូបថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដ៏ធំមកពីអឺរ៉ុប និងអាស៊ី ដែលខ្ញុំនឹង​ក្លាយ​ទៅ​ ជាអ្នកនាំមុខនៃ​ការ​ពិភាក្សាស្តីពីការអភិវឌ្ឍក្នុងតំបន់អាស៊ីនេះ។
សម្តេចតេជោថ្លែងថាបន្តថា នៅក្នុងខែធ្នូ ខ្ញុំនឹងចាលចេញពីកម្ពុជាម្តងទៀតទៅកាន់ប្រទេស ឥណ្ឌា ដើម្បី​ចូលរួមប្រារព្ធខួបកិច្ចសហប្រតិបត្តិការ​រ​វាង​​​អាស៊ាន-ឥណ្ឌា ដែលត្រូវធ្វើនៅលើទឹកដី ឥណ្ឌា ដែលក្នុងថានៈជាប្រ ធាន​អាស៊ានយើងមិនអាចអវត្ត​មានបានទេ។​សម្តេច​តេជោ បញ្ជាក់ថា សម្តេចបានស្នើសុំសម្តេចព្រះ មាតា ក៏ដូចជាព្រះករុណាព្រះមហាក្សត្ររួចហើយ ដើម្បីអវត្តមានពីប្រទេស។
 ទន្ទឹមនិងការប្រកាសឱ្យដឹងអំពីកម្មវិធីការងារនៅក្រៅប្រទេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ជំរាបប្រជាពលរដ្ឋឱ្យដឹងថា កំណើនសេដ្ឋកិច្ច របស់ កម្ពុជាឆ្នាំនេះមិនអាក្រក់ទេ គឺស្ថិតក្នុងរង្វង់ ៧ភាគរយ ហើយអតិផរណានៅក្រោម ការព្យាករណ៍,៩​ភាគរយតែ ប៉ុណ្ណោះ។
 សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមិនខ្វះស្បៀងទេ បញ្ហាធំរបស់យើងគឺការកែច្នៃ សម្រាប់​ការនាំចេញកុំឱ្យស្រូវ របស់យើងនាំចេញ ដោយមិនធ្វើការកែច្នៃ។ការនាំចេញទំនិញវាយន ភណ្ឌ ទៅកាន់ ទីផ្សារខាងក្រៅ ទោះបីមានភាព មិនប្រាកដប្រជានៃសេដ្ឋ កិច្ចនៅអឺរ៉ុប និងអាមេរិក ក៏ដោយចុះក៏ប៉ុន្តែយើងក៏នៅមានការនាំចេញជាហូរហែ។ ឯបញ្ហាអចលនទ្រព្យក៏បានទើបឡើងវិញ ដីធ្លីក៏មានការឡើងថ្លៃ។ ដូច្នេះគ្រប់វិស័យទាំងអស់មានសញ្ញាវិជ្ជមាន ទាំង កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម។ល។
ទាក់និងបញ្ហាកំណើនសេដ្ឋកិច្ចនេះសម្តេចតេជោបានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាល​នៅតែ​បន្តការប្រយ័ត្នប្រយែងក្នុង បញ្ហារាល់ការ កែទម្រង់ទាំងឡាយដែលត្រូវបន្តធ្វើក្នុងនោះ មានកំណែ​ទម្រង់​គ្រប់​​គ្រងហិរញ្ញវត្ថុសាធារណៈ។

សម្តេចតេជោមានប្រសាសន៍ថា ឥឡូវនេះបើនិយាយពីបញ្ហាចំណោយចរន្តទៅលើបុគ្គលិក គេអនុ​ញ្ញាតឱ្យចាយ តែ ៤០ភាគរយ នៃចំណាយចរន្ត ឬ ស្មើនឹង ៤ភាគរយ នៃផលិតផលសរុប ក្នុងស្រុក​តែប៉ុណ្ណោះ នេះជា គោលការណ៍ប៉ុន្តែឥឡូវនេះយើងបានចំណាយដល់ទៅ ៤២ភាគរយ  នៃចំណា​យចរន្ត បានសេចក្តីថា លើស ២ភាគរយ រួចបាត់ទៅ ហើយៗ ស្មើនឹង ៤,៧ភាគរយ នៃផលិតផល​សរុប​ក្នុងស្រុកបើមិនមានការប្រុងប្រយ័ត្នទេ ទេស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនឹងត្រូវបំផ្លាញភ្លាម។ ដូច្នេះបញ្ហានេះ ត្រូវមានការ​ប្រុង​ប្រយ័ត្ន។
សម្តេចតេជោបានមានប្រសាសន៍ឱ្យដឹងថារាជរដ្ឋាភិបាល គឺបាន ប្រកាសដំឡើងប្រាក់បៀវត្សន៍នៅ​ក្នុង​ក្របខ័ណ្ឌន យោបាយ របស់ខ្លួន គឺថា ២០ភាគរយ ជាបន្តនៅឆ្នាំ២០១៣ ហើយយើង កំពុងគិតគូរ​អំពីបញ្ហានេះតទៅទៀត។
ទាក់ទងផលិតកម្មស្រូវសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ការលូត លាស់របស់ ដំណាំស្រូវ ដោយសម្តេចមានប្រសាសន៍ឱ្យដឹងថាឆ្នាំនេះការងារបង្កបង្កើនផល​ដំណាំស្រូវ​សម្រេចបានជាង ២,៥លានហិកតា បើប្រៀបធៀបនឹងផែន ការជាង ២,៣លានហិកតា ដូច្នេះលើស​ផែនការគ្រោងទុកជាង ១៥ ម៉ឺនហិកតា។

ទាក់ទងនិងពាក្យចចាមអារាមស្តីពីការបង្កើតរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរសម្តេចតេជោបានបដិសេធថាសម្តេច ពុំបានអនុញ្ញាតឲ្យមានការបង្កើតរោងចក្រអគ្គិសនីដើរដោយ​ថាមពនុយ​ក្លេ​អ៊ែរ​​នៅខេត្តកោះកុង តាមការលើកឡើងរបស់ប្រទេសមួយចំនួននោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍មានប្រសាសន៍ឱ្យដឹងថា ប្រទេសជិតខាងមួយចំនួនមាន​ការភ័ន្តច្រឡំថា នាយករដ្ឋមន្រ្តីកម្ពុជាអនុញ្ញាត ឲ្យធ្វើរោងចក្រអគ្គិសនីដើរដោយថាមពល​នុយក្លេអ៊ែរ​នៅ​ខេត្តកោះកុង។ ខ្ញុំមិនបានអនុញ្ញាតទេ តែមានគេសុំសិក្សាអំពីបញ្ហាធ្វើថាមពល​អគ្គិសនីដើរដោយ​នុយក្លេអ៊ែរនៅខេត្តកោះកុង ក៏ពិតមែន ប៉ុន្តែខ្ញុំមិនអនុញ្ញាតទេ។ ប្រទេសជិតខាងមានសិទ្ធិ​នឹងសំដែង​ការព្រួយបារម្ភ មានសិទ្ធិ នឹងបង្ហាញនូវកង្វល់អំពីការបញ្ហាការធ្វើបែបនេះ ព្រោះបើវាផ្ទុះវាមិនមែន​មានតែប្រទេសកម្ពុជាជា អ្នករងគ្រោះទេ គឺវាប៉ះពាល់ទាំងអស់ក្នុងតំបន់តែម្តង។
 
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំមិនដែលមានការអនុញ្ញាតទេ ប៉ុន្តែពិតជាមានការស្នើ សុំពិតមែន។ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា កុំអាលអី ព្រោះសមត្ថភាពរបស់កម្ពុជាទៅមិនទាន់ដល់ទេ សូម្បីតែនៅឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនទៀតក៏មិនទាន់ឈានទៅដល់ដែរ។ ពាក់ព័ន្ធបញ្ហា​នុយ​​ក្លេអ៊ែរនេះសម្តេចតេជោបានមានប្រសាសន៍ឱ្យដឹងថានៅឯសាកល វិទ្យាល័យបាត់ដំបងយើងក៏​កំពុង​តែ​សិក្សា​អំពីផ្នែកវិស្វកម្មនុយក្លេរអ៊ែរនេះផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ថ្នាក់បរិញ្ញា​បត្រ​រង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៦៨២ នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហា​សេ​នា​បតីតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលប្រែក្លាយ​មកជា​វិទ្យា​ស្ថាន អាស៊ីអឺរ៉ុបនោះថា បានរួមចំណែកកសាងឡើងនូវមូលដ្ឋានសំភារៈបច្ចេកទេស ហើយក្នុង​នោះក៏បានប្រឹងប្រែងរួមចំណែកដើម្បីកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំសូមថ្លែងជូននូវការកោតសរសើរចំពោះការ​ខិតខំទាំងអស់​ ​នៃសកលវិទ្យាល័យអាស៊ីអ៉ុប ដែលបានប្រឹងប្រែងជំនះ នូវ ការលំបាកដើម្បីកសាងឲ្យ​មានឡើង​នូវ​ស្ថាន​​ភាពក្នុងពេលសព្វថ្ងៃនេះ។ សំណង់គ្រឹះស្ថានសិក្សាជាច្រើន​កន្លែងដែល​បានកសាង ឡើង​ដោយ​គ្រឹះស្ថានឧត្តមសិក្សាឯកជននេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម ហើយ​ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនឆ្នាំកន្លងមកនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍធន ធាន​មនុស្សផងដែរ។ សម្តេចតេជោថ្លថា ការកសាងធនធានមនុស្សនេះគឺជាកត្តាសំខាន់ណាស់ គ្មានការ​ជឿនលឿនណាមួយដែលចាប់ផ្តើមពីភាពអវិជ្ជានោះទេ ប៉ុន្តែការជឿនលឿនត្រូវចាប់ផ្តើមពី ពុទ្ធិរបស់​មនុស្ស ដោយយើងមិនងាយនឹងឃើញបញ្ញាវន្តអត់បាយនោះទេ ព្រោះគេមានការឆ្នៃប្រឌិត ក្នុងការ​រៀប​ចំនូវអនាគតរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្សត្រូវតែបន្តធ្វើ បើយើងចង់ទាក់ទាញយកការវិនិយោគដោយផ្ទាល់ពីបរទេស យើងត្រូវតែពង្រឹងការតម្រង់ទិស ការបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឲ្យមានសមត្ថភាពខ្ពស់ នៅគ្រប់កម្រិតទាំងថ្នាក់ឧត្តម ទាំងថ្នាក់បណ្តុះបណ្តាល និងទាំងថ្នាក់វិជ្ជាជីវៈ ដើម្បីតម្រូវទៅតាមទីផ្សារជាតិ និងអន្តរជាតិ៕