Wednesday, October 31, 2012

សម្តេច​តេជោ៖ សម្តេច​ព្រះបិតា យាង​ចូល​ទិវង្គត​មិនបាន​ទុកឲ្យ​យើង​ជូប​វិបត្តិ​ឡើយ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​មាន​ប្រសាសន៍នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១២នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយរម្លឹកឡើងជាថ្មីទៀតអំពីព្រះរាជគុណបំណាច់របស់ព្រះមហាវិរក្សក្រក្នុងការជូយរក្សាស្ថេរភាពនយោបាយក្នុងព្រះរាជាណាចក្រ កម្ពុជា។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅ ភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំសូមជំរាប ជូនបងប្អូនប្រជាពលរដ្ឋថា ពិតមែនតែព្រះបិតាជាតិបានយាងចូលទិវង្គតទៅហើយក្តី ប៉ុន្តែព្រះអង្គបាន រៀបចំទុកឲ្យយើងនូវសេចក្តីសុខឲ្យយើងនៅត្រង់ថា សម្តេចព្រះបិតាបានរៀបចំផ្ទេររាជសម្បត្តិឲ្យព្រះ រាជបុត្រតាំងតែពីឆ្នាំ ២០០៤ មកម្លេះ ដែលការនេះប្រហែលជា
សម្តេច
ព្រះបិតាបានគិតថា ព្រះអង្គនឹង យាងសោយទីវង្គតនៅពេលណាមួយ ដែលភាពច្រំដែល នៃប្រវត្តិសាស្រ្តនឹងអាចកើតឡើងជាមិនខាន។សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា បើសិនជាព្រះរាជាណាចក្រកម្ពុជាមិនបានផ្ទេររាជសម្បត្តិដោយរលូននៅពេលនោះទេ ប្រហែល មកដល់ពេលនេះ ប្រហែលជាយើងកំពុងស្ថិតនៅក្នុងស្ថានភាពវិបត្តិនៅឡើយទេ។
ទាក់បញ្ហានេះសម្តេចតេជោបានពន្យល់ថា វិបត្តិនៅត្រង់ថា៖
 ទី១-ច្បាប់នៃការចាត់តាំង និងការប្រព្រឹត្ត នៃក្រុមប្រឹក្សារាជសម្បត្តិប្រហែលជាមិនទាន់បានអនុម័តទេ ព្រោះគ្មានអ្នកណាហ៊ានធ្វើទេ ។ មានឥស្សរ ជនមួយចំនួនបានសួរយោបល់ខ្ញុំថា តើយើងគួរត្រៀមនូវច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សារាជសម្បត្តិឬទេ?ខ្ញុំបាននិយាយត្រឡប់ទៅវិញថា គួរកុំធ្វើអ្វីព្រោះធ្វើយ៉ាងដូច្នេះព្រោះវាហាក់ ដូចជាយើងបានត្រៀមរៀបចំឲ្យសម្តេចព្រះបិតាយាងចូលទីវង្គតបានរហ័ស ដូច្នេះច្បាស់ណាស់ថា ច្បាប់នេះនឹងមិនអាចកើតមានទេ។
សម្តេចតេជោមានប្រសាសន៍ថា ប៉ុន្តែនៅពេលដែលសម្តេចព្រះបិតា បានយាងដាក់រាជតម្រូវឲ្យធ្វើច្បាប់នេះភ្លាម ព្រោះបើនៅចាំពេលវេលាមកដល់យើងនឹងលំបាក ដោយដៃម្ខាងត្រូវរៀបចំពិធីបុណ្យសព ឯដៃម្ខាងទៀតត្រូវកោះប្រជុំសភាដើម្បីអនុម័តច្បាប់ផង។ នៅពេលច្បាប់បានចូលជាធរមានហើយ ក្រុមប្រឹក្សារាជសម្បត្តិត្រូវកោះប្រជុំ ដើម្បីជ្រើសរើសព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យតែរយៈពេល ៧ ថ្ងៃ តែប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ឱ្យដឹងថាបើមិនអញ្ចឹង សំណួរនឹងត្រូវបានចាប់ផ្តើមចោទតាំងតែពីនាទីដំបូង នៅពេលដែលបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បាន ចូលទិវង្គត បើសិនជាព្រះអង្គនៅគង់ជាព្រះមហាក្សត្រ។ សំណួរនឹងចាប់ផ្តើមថា អ្នកណានឹងឡើងគ្រងរាជ្យជំនួស? នោះហើយជាចំណោទបញ្ហាធំណាស់ ហើយនេះជាវិបត្តិស្ថាប័នប្រមុខរដ្ឋតែម្តង ព្រោះ ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ នៅពេលដែលប្រមុខរដ្ឋសោយទិវង្គត អនុញ្ញាតឲ្យមានប្រមុខរដ្ឋស្តីទី គឺប្រធានព្រឹទ្ឌសភាប៉ុន្តែព្រះមហាក្សត្រត្រូវតែជ្រើសរើសក្នុងរយៈពេលមួយសប្តាហ៍ក្នុងពេល ដែលយើងត្រូវធ្វើ បុណ្យសពផង យើងត្រូវធ្វើច្បាប់ផង យើងត្រូវកោះប្រជុំដើម្បីរើសព្រះមហាក្សត្រ ហើយប្រសិនមាន បេក្ខជដល់ទៅ ២ ឬ ៣ គឺបានសេចក្តីថា យើងស្ថិតនៅក្នុងស្ថានភាពបែកបាក់ហើយ ព្រោះច្បាស់ជាមានសមាជិករាជសម្បត្តិខ្លះបោះឆ្នោតឲ្យក្សត្រាអង្គនេះ សមាជិកក្រុមប្រឹក្សារាជសម្បត្តិខ្លះបោះឆ្នោត ឲ្យក្សត្រាអង្គនោះ ហើយបើមិនដូច្នេះទេយើងនឹងអាចឈានដល់ការកែរដ្ឋធម្មនុញ្ញទៀតផង ដើម្បីបើកផ្លូវឲ្យមានភាពងាយស្រួល ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា ក្សត្រាដែលចេញពីខ្សែលោហិតរបស់ព្រះបាទ អង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ ដែលអាចនឹងបន្ថែមថាក្សត្រាឬក៏ក្សត្រីផងក៏ថាបាន។
សម្តេចតេជោថ្លែងថា រឿងនេះសម្តេចព្រះបិតា ព្រះអង្គបានលៃទុកឲ្យយើងដែលយើងមិនត្រូវ មើលរំលងលើបញ្ហានេះទេ យើងត្រូវគោរពការទៅដល់ព្រះរាជតម្រេះការគិតគូវែងឆ្ងាយរបស់ព្រះអង្គ គឺមិនបន្សល់ទុកនូវដានអ្វីដែលអាក្រក់សម្រាប់យើងទេ។
សម្តេចតេជោថ្លែងថា ឥឡូវនេះយើងស្ថិតនៅក្នុងដំណាក់កាល នៃការកាន់ទុក្ខ ប៉ុន្តែយើងបានឆ្លងផុតអត់មានវិបត្តិទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថារាជានិយមនៅកម្ពុជារឹងប៉ឹង ព្រះមហាក្សត្រកំពុងគ្រងរាជ្យ បន្ថែមទៅដោយយើងមានព្រះមាតាជាតិមួយព្រះអង្គទៀតនៅជាប់ជាមួយយើង។ យើងអាច បញ្ជាក់ជូនបានថា មិនមានវិបត្តិរាជបល្លង្គនោះទេ ដោយសារតែអតីតព្រះមហាក្សត្រដែលសោយទីវង្គត ដោយមានការផ្ទេររាជសម្បត្តិ តាមរយៈនៃក្រុមប្រឹក្សារាជ្យសម្បត្តិចាប់តាំងពីឆ្នាំ ២០០៤ មកនោះ។ រាជា និយមរឹងប៉ឹង ហើយយើងបន្កថែរក្សាទាំងអស់គ្នា ជារបស់ទាំងអស់គ្នា មិនមែនជារបស់អ្នកណាមួយទេ។ រាជានិយមគឺជារបស់រួមរបស់ជាតិ។
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្ថែមថា បើសិនជាសម្តេចព្រះបិតាមិនបានរៀបចំជាមុនទេ ប្រ ហែលជាពេលនេះម្ខាងយើងត្រូវកោះប្រជុំសភាដើម្បីអនុម័តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សារាជសម្បត្តិ ព្រោះក្រុមប្រឹក្សារាជសម្បត្តិរបស់យើងត្រូវតែមានច្បាប់។ កម្ពុជាខុសពីប្រទេស ជប៉ុន ឬប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដែលព្រះមហាក្សត្រមានព្រះរាជសិទ្ធិចាត់តាំងព្រះរជ្ជ ទាយាទសម្រាប់ស្នងរាជបន្ត។ កម្ពុជា ជាប្រទេសដែលរាជានិយមជ្រើសតាំង ដែលព្រះមហាក្សត្រពុំ មានព្រះរាជសិទ្ធិតែងតាំងព្រះរជ្ជទាយាទស្នងរាជទេ អ្នកដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសព្រះមហា ក្សត្រ ឬក្រុមប្រឹក្សារាជសម្បត្តិ ដែលរួមមានប្រធាន អនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ប្រធានអនុប្រ ធានទាំងពីររបស់រដ្ឋសភា សម្តេចព្រះសង្ឍរាជទាំងពីរគណៈ និងនាយករដ្ឋមន្រ្តី។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងឱ្យដឹងថា ការដាក់តាំងរូព្រះឆាយលក្ខណ៍របស់ព្រះ ករុណាព្រះមហាក្សត្រ សម្តេចឪ និងសម្តេចម៉ែនឹងត្រូវដាក់ទាំង ៣ ព្រះអង្គជាធម្មតាទោះជានៅទី កន្លែងណាក៏ដោយទាំងកន្លែងធ្វើការ ទាំងបណ្តាស្ថាប័ននានា លើកលែងតែក្នុងពិធីបុណ្យសព ដែល យើងយកព្រះឆាយលក្ខណ៍មួយព្រះអង្គមកតាំង ដើម្បីការគោរព។ ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលការ គោរពជាបន្តសម្តេចតេជោបានស្នើជាថ្មីម្តងទៀត ចំពោះព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ផ្ទេរថ្ងៃឈប់ សម្រាក ៣១ ខែតុលា ដែលជាថ្ងៃឈប់សម្រាកសម្រាប់ការចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ មកធ្វើការឈប់សម្រាកនៅថ្ងៃទី ១៥ ខែតុលាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ តទៅ ដើម្បីធ្វើជាការគោរពវិញ្ញាណក្ខន្ធ ឬធ្វើបុណ្យឧទ្ទិសកុសលចំពោះព្រះអង្គ។
បន្ទាប់ពីបានសម្រេចនៅក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ស្តីពីការរកទីតាំងដើម្បីដាក់ដំកល់រូបសំណាកព្រះបរមសពសម្រាបប្រជាពលរដ្ឋគោរពបូជាសម្តេចតេជោមានប្រសាសន៍រម្លឹកឡើងវិញថា សម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាជាតិរបស់យើងទោះបីជាព្រះអង្គបាត់បង់ព្រះជន្មទៅហើយក្តី តែព្រះអង្គនៅតែនៅក្នុងទឹកចិត្តរបស់យើងទាំងអស់គ្នា តាម រយៈនៃការស្មោះស្ម័គ្ររបស់ប្រជានុរាស្រ្ត ក៏ដូចជារាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។ យើងនឹងរៀបចំនូវព្រះបរមរូបក្នុងទីតាំងពាក់កណ្តាលវិមានឯករាជ្យ និងនាគបាញ់ទឹក ដែល បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់បរទេសអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកធ្វើដំណើរ តែបន្តិច ដើម្បីដាក់កម្រងផ្កានៅព្រះបរមរូបសម្តេចព្រះបិតារបស់យើង។ដោយឡែកចំពោះប្រជាពលរដ្ឋវិញអាចទៅគោរពនៅពេលណាក៏បានដែរ ហើយអាចទៅគោរពនៅមុខព្រះបរមរាជវាំងក៏បានដែរ។
ទោះបីយ៉ាងណាករណីនេះសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា យើងត្រូវរង់ចាំនូវការសម្រេចរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែជាមុនសិនដែរ។
សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "...​ចំណុច​ខ្លះ មិនទាន់​បាន​ទូលថ្វាយ សុំ​ព្រះរាជ​យោបល់​ជាក់លាក់​ពី​ព្រះមហាក្សត្រ គ្រាន់តែ​អំពី​ទីតាំង​កន្លែង គ្រាន់តែ​ព្រះ​បរម​រូបនេះ ( រូបសំណាក ) ត្រូវ​ធ្វើ​យ៉ាងម៉េច​? តើ​ព្រះ​បរម​រូប ទុក​ចំហ​? ដាក់​ព្រះអង្គ ទ្រង់​ឈរ ហើយ​ទុក​ហាលថ្ងៃ​ហាលភ្លៀង ឬក៏​ត្រូវ​មាន​ដំបូល​? ក៏​កំពុង​ធ្វើ​ការសិក្សា​នូវ​ជម្រើស​ទាំងឡាយ ហើយ​ទៅ​ទូលថ្វាយ និង​សុំការសម្រេច​ជា​ក្រោយ​"​។​

​សម្តេចតេជោ បាន​មានប្រសាសន៍ឱ្យដឹងពីបំណងរបស់លោកថា "​ខ្ញុំ​មិន​ចង់ឲ្យ​ព្រះអង្គ នៅ​ពីក្រោម​ទឹកភ្លៀង ហើយ​ក្រោម​កម្តៅថ្ងៃ​ទេ​។ ចង់​រៀបចំ​ដំបូល ដើម្បី​ឲ្យ​ស័ក្តិសម​។ បើ​មិន​អ៊‌ីចឹង ឈរ​ទៅ ដូចជា​រងា​ខ្លាំងណាស់ នៅ​ដាក់​កណ្តាលវាលអ៊‌ីចឹង​។ ប៉ុន្តែ​យ៉ាងណា ជម្រើស​ចុងក្រោយ គឺ​ស្ថិតនៅលើ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​"​។​
​សម្តេចតេជោនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា "​ពីមុនមក យើង​មិនទាន់​មាន​វីរបុរស​ជាតិ​ណាមួយ សម្រាប់​ការគោរព​ពី​ប្រជាពលរដ្ឋ ឲ្យមាន​ការឯកភាព​គ្នា​នៅឡើយ​ទេ​។ យើង​ដឹង​ស្គាល់​ព្រះបាទ​ជ័យវរ្ម័នទី​៧ ក៏ប៉ុន្តែ​យើង​ក៏​មិន​បានដឹងថា ព្រះអង្គ​សោយ​ទិវង្គត​អី​យ៉ាងម៉េចៗ នៅឯណា អី​ឯណា​? យើង​ក៏​មិន​មាន​ពិធី​គោរព​នូវ​សព​នេះដែរ​។ 
សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បាន​លើកយក​បទពិសោធន៍​នៅ​បរទេស នៃ​ការ​ដាក់​តាំង​រូបសំណាក​មេដឹកនាំ​ជាតិ​របស់​គេ​នីមួយៗ ដោយ​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​នៅ​ប្រទេស​ដទៃ ដូចជា ប្រទេស​ឥណ្ឌា ជាដើម ពេលដែល​យើង​ទៅ គណៈប្រតិភូ​ផ្លូវការ ថ្នាក់​ប្រមុខរដ្ឋ ឬ​នាយករដ្ឋមន្ត្រី ឬ​ថ្នាក់​ដទៃទៀត ត្រូវ​ទៅ​គោរព នៅ​រូបសំណាក មហា​ត្មះ​គន្ធី​។ នៅ​វៀតណាម គេ​រក្សាទុក​នូវ​សព​ទាំងមូល​របស់​លោក​ប្រធាន ហូជីមិញ​។ នៅ​ប្រទេស​យើង គឺ​មិន​អាច​រក្សា​ព្រះ​សព​បាន​ទេ គឺ​ដោយសារតែ​ត្រូវធ្វើការ​បូជា​។ អ៊‌ីចឹងនៅសល់តែ​ព្រះ​បរម​រូប​តែ​ប៉ុណ្ណោះ​។ អ៊‌ីចឹង នៅពេល​គណៈប្រតិភូ ត្រូវ​មក​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ បន្ទាប់​ទៅ ធ្វើដំណើរ​បន្តិច ដើម្បី​ទៅ​ដាក់​កម្រងផ្កា នៅ​ព្រះ​បរម​រូប​របស់​ព្រះមហាក្សត្រ​របស់​យើង​"​។​

​សម្តេច តេជោ ក៏បាន​លើកឡើង​ថា ចំពោះ​ប្រជាពលរដ្ឋ គឺ​ពេល​ណា​ក៏​បាន​ដែរ បើ​ចង់​ធ្វើ​ការគោរព មួយ​ផ្នែក​នៅ​មុខ​ព្រះបរមរាជវាំង មាន​ព្រះ​ឆាយា​លក្ខណ៍រ​បស់​ព្រះអង្គ​តាំងនៅ ឯ​មួយ​ផ្នែក​ទៀត គឺ​នៅ​នឹង​សួនច្បារ​វិមានឯករាជ្យ​ហ្នឹង​តែម្តង ហើយ​យើង​ធ្វើ​ឲ្យ​ស្អាត​។​