Wednesday, October 31, 2012

សម្តេច​តេជោ​នាយក​​រដ្ឋមន្ត្រី ប្រកាស​​ពី​​គម្រោង​​សាងសង់​​ព្រលាន​​យន្ត​ហោះ​​ថ្មី នៅ​ខេត្ត​​កំពង់​ឆ្នាំង​





សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាសឱ្យដឹង​ជា​សាធារណៈ​អំពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ជំនួស​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឬ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង នៅ​អំឡុង​ឆ្នាំ​២០២៥ ឬក៏​ឆ្នាំ​២០៣០ខាងមុខ​។​
ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​រលាប្អៀ ខេត្ត​កំពង់ឆ្នាំង ដែល​ជា​អតីត​ព្រលានយន្តហោះ នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​សម័យ​មុន​នោះ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១២ សម្តេចតេជោនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ថា "​ខ្ញុំ​សូមជម្រាបថា ចក្ខុវិស័យ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​នឹង​ត្រូវ​ធ្វើ ដែល​ខ្ញុំ​និយាយថា មិន​បញ្ចេញ​ឈ្មោះ​នោះ ឥឡូវ​សូម​បញ្ចេញ​ឈ្មោះ​ទៅ​ចុះ គឺ​កំពង់ឆ្នាំង​នឹង​ឯង​។ យើង​មិន​អាច​ប្រើប្រាស់​ពោធិ៍ចិនតុង ( ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ) នៅ​ក្រោយ​ឆ្នាំ​២០៣០ ទៀត​ទេ​។ អាច​ថា ២០២៥ ឬ​២០៣០ អាច​ថា មក​ធ្វើ​នៅហ្នឹង ហើយ​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុងភ្នំពេញ ក្នុង​រយៈ​ចម្ងាយ​ប្រមាណ ៩០ គីឡូម៉ែត្រ ព្រោះ​នឹងមាន​អា​រថភ្លើង​ល្បឿន​លឿន និង​មាន​អា​អូ​តូ​រ៉ូដ ( Auto Road ) ស្អីៗ​ដទៃទៀត​"​។​

​សម្តេចតេជោ ក៏​បាន​បន្ថែមថា "​ពោធិ៍ចិនតុង មិន​អាច​ទ្រ​រួច​នូវ​ទេសចរ​របស់​យើង ដែល​ត្រូវមាន​កំណើន​ដល់​ទៅ ៧ លាន ( នាក់ ) ហើយ​នឹង​អាច​ឈាន​លើសពីនេះ​។ អីចឹង​ទេ ព្រលាន​យន្តហោះ​កំពង់ឆ្នាំង​នេះ គឺ​នឹង​ក្លាយទៅជា​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី នៅពេល​ក្រោយ​។ ដូច្នេះ​ខ្ញុំ​សូម​អង្វរករ​សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន និង​កំពុង​ធ្វើ​នៅ​ទីនេះ ( ដី​ព្រលានយន្តហោះ​ចាស់ នៅ​ខេត្ត​កំពង់ឆ្នាំង ) នៅពេលនេះ សូម​ធ្វើ​ចុះ ( ស្រែ ) ប៉ុន្តែ​គ្រាន់តែ​មិន​អាច​ប្រគល់​កម្មសិទ្ធិ​ជូន​បាន​ទេ​។ អាស្រ័យ​ផល​បាន ពេលនេះ​... តែ​កុំ​ពង្រីក​ថែម ទី​១​។ ទី​២-​សូម​កុំ​កសាង​សំណង់​រឹង បានសេចក្តីថា ជា​ផ្ទះសំបែង នៅ​ក្នុង​ទំហំ ១៤៦៣ ហិកតា​នេះ ( ផ្ទៃ​ដី​ព្រលានយន្តហោះ ខេត្ត​កំពង់ឆ្នាំង ) ហើយ​យើង​ក៏​មិន​ឲ្យ​ប្រជាពលរដ្ឋ ចាក​ចេញ​នៅ​ពេល​នេះ​ដែរ​"​។ 

សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសឱ្យដឹង​ពី​ការលុបចោល​នូវ​ព្រះរាជក្រឹត្យ កាលពី​ឆ្នាំ​១៩៩៦ ដែល​បាន​ដាក់​ដី​ទំហំ ១៩.៤៨៤ ហិកតា ទុក​ជា​ដី​របស់​រដ្ឋ ដើម្បី​បង្កើត​តំបន់​សហគ្រាស​សេរី នៅ​ម្តុំ​ព្រលានយន្តហោះ ខេត្ត​កំពង់ឆ្នាំង​។ ដោយ ​សម្តេច ចាត់ទុកថា ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ប្រជាពលរដ្ឋ ខេត្ត​កំពង់ឆ្នាំង​ចំនួន ៤ ស្រុក មាន​ប្រមាណ ៨.៦១៩ គ្រួសារ ស្មើ​ប្រមាណ ៤៣.១៧៥ នាក់ សាលារៀន ៧៥ វត្ត ១៩ និង​មណ្ឌល​សុខភាព ៣ កន្លែង ជាដើម​។​ល​។​
 

 សម្តេច តេជោបានប្រកាសថា ព្រះរាជក្រឹត្យ​នោះ ត្រូវ​បាន​លុបចោល ទុកជា​និរាករណ៍ តាមរយៈ​ព្រះរាជក្រឹត្យ​ថ្មី​មួយ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១២ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ អាច​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ តាមរយៈ​ការវាស់វែង​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​។​

សម្តេចតេជោនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ឱ្យដឹងថា ផ្ទៃ​ដី​អាកាស​យាន្តដ្ឋាន ព្រលានយន្តហោះ ខេត្ត​កំពង់ឆ្នាំង នៅ​ស្រុក​រលាប្អៀ ដែល​នឹង​ត្រូវ​សាងសង់​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី នៅ​ឆ្នាំ​២០៣០ មាន​ទំហំ​ចំនួន ១.៤៦៣ ហិកតា​។ ក្នុងនោះ មាន​ផ្ទៃដី​ចំនួន ៧៦៨ ហិកតា ត្រូវបាន​ប្រជាពលរដ្ឋ ចូល​មក​ធ្វើ​ស្រែ​៕​
ក្នុងឱ្យកាស​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​រលាប្អៀ ខេត្ត​កំពង់ឆ្នាំង នោះដែរសម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏ បាន​ប្រកាស​លុបចោល​នូវ​ការស្នើ​សុំ​ដី ៥០០ ហិកតា នៅ​ខេត្ត​កំពង់ធំ សម្រាប់​កាកបាទក្រហមកម្ពុជា ដែល​ត្រូវបាន​គេ​ប្រើ​ឈ្មោះ​ ថា​ជា​ដី​របស់​លោក​ជំទាវ​ធំ​។ សម្តេច​តេជោ​បាន​ប្រកាស កុំឲ្យ​មាន​ការប្រើ​ឈ្មោះ​របស់​សម្តេច និង​លោកជំទាវ ទៅ​ចាប់​ដី ហើយ​អាជ្ញាធរ និង​ក្រុម​យុវជន ត្រូវ​វាស់វែង ដកហូត​ដី​ទាំងនោះ យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​។​


សម្តេចតេជោនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍សំដៅទៅឯកឧត្តម អភិបាលខេត្តកំពង់ធំថា "​ឮ​ថា​នៅ​កំពង់ធំ គេ​ថា​មាន​ដី​លោកជំទាវ​ធំ ។ បង​ឈន់មក​ទេ​។ ខ្ញុំ​និយាយ​ដាក់​ក្បាល​មេក្រូ​តែ​ម្តង​។ គេ​ថា មាន​ដី​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មាន ៥០០ ហិកតា នៅ​ខេត្ត​កំពង់ធំ​។ ដី​កាកបាទក្រហម ហើយ​ដី​របស់​ជំទាវ​ធំ​ទៅទៀត​។ អីចឹង​ទេ ប្រពន្ធ​ខ្ញុំ ខ្ញុំ​ប្រាប់​ថា បើ​អីចឹង​ឲ្យ​កូន​និ​ត( ឯកឧត្តម ហ៊ុន ម៉ានិត ) ទៅ​មើល​ទៅ​។ សម្តេចតេជោមានប្រសាសន៍ថាសុំ​ផ្តាំ​ទៅ​យុវជន​ទាំង​អស់នោះ កន្លែង​ណា​ដែលថា ដី​របស់​លោកជំទាវ​ធំ ត្រូវ​វា​ស់​ឲ្យ​លឿន​មុនគេ ឲ្យ​ប្រជាពលរដ្ឋ​។ វា​ស់​ឲ្យ​លឿង​តែម្តង កុំឲ្យ​ខូច​ពេក​។ ឮថា នៅពេល​ភ្ជុំ​នឹង ទៅ​ហ៊ុំ​ព័ទ្ធ​របង​ឯណា​ទៀត​"​។​
 

សម្តេចតេជោនាយក​រដ្ឋមន្ត្រី បានប្រកាស​សម្រេច ដោយ​បញ្ជា​ផ្ទាល់មាត់ និង​ទល់មុខ ទៅកាន់​អភិបាល​ខេត្ត​កំពង់ធំ ឯកឧត្តម ឈុន ឈ​ន់ យ៉ាង​ ​ថា "​ឥឡូវ​ក្រោយ​ក៏ដោយ មុន​ក៏ដោយ ទៅ​វា​ស់​ឲ្យ​ប្រជាជន​ទៅ បង ឈ​ន់​។ ត្រឡប់​ទៅ​វិញ ចុះទៅ កុំ​ឲ្យ​ពិបាក​សាំញ៉ាំ ហើយ​អីចេះ យក​ល្អ​ណា៎​! កន្លែង​ណា គេ​ថា ដី​លោក ហ៊ុន សែន កន្លែង​ណា​គេ​ថា ដី​ប្រពន្ធ​លោក ហ៊ុន សែន តែ​ពីរ​នាក់​បាន​ហើយ រឿង​កូន​របស់​ខ្ញុំ ចាំ​ចាត់ចែង ក្រែង​វា​ទៅ​ទិញ​ដី​នេះ​នោះ តែ​រវាង​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ គឺ​ឲ្យតែ​ឮថា ដី​លោក​ហ៊ុន​សែន ឬ​ដី​ប្រពន្ធ​លោក​ហ៊ុន​សែន គឺ​ទៅ​យក​តែម្តងទៅ​។ វាស់​ភ្លាម កុំឲ្យ​ខូច​។ អា​ចូលចិត្ត​ប្រើ​! ឲ្យតែ​ឮថា ដី​របស់​សម្តេច ហ៊ុន សែន ឬ​ដី​របស់​ប្រពន្ធ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ គឺ​យក​តែម្តងទៅ​។ តែ​កុំ​ទៅ​យក​ដី​ផ្ទះ​របស់​ខ្ញុំ​នៅ​វិមានឯករាជ្យ និង​នៅ​តាខ្មៅ​"​។​
 

​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំ​ថា កុំឲ្យ​យក​កាកបាទក្រហម យក​ទៅ​ឡូ​កឡំ នឹង​បញ្ហា​ដីធ្លី​តទៅទៀត​។ សម្តេច​តេជោក៏​បាន​បញ្ជាក់ថា លោកជំទាវ​ធំ មិន​ត្រូវការ​ដី​ទេ​។ បើ​ខេត្ត​ណា កាកបាទ​ក្រហម មាន​បញ្ហា​ដី​ដូច្នេះ ក៏​សុំ​ដកខ្លួន​ចេញ​ឲ្យ​រហ័ស​៕​
 អត្ថបទអង្គភាព ព័ត៌មាន និង ប្រតិកម្មរហ័ស