Tuesday, October 16, 2012

ប្រធានាធិបតី​បារាំង ​ថ្លែង​សារលិខិត​ចូល​រួម​​ព្រះ​រាជ​មរណ​ទុក្ខ​

ភ្នំពេញ​ ៖ ស្ថាន​ទូត​បារាំង​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​សារ​លិខិត​របស់​លោក​ប្រធានាធិបតី​បារាំង ដើម្បី​​ចូល​រួម​រំលែក​​ព្រះ​រាជ​មរណ​ទុក្ខ​របស់​​ព្រះ​មហា​វីរ​ក្សត្រ​ សម្ដេច​ព្រះ​នរោត្តម សីហនុ។​​
បើ​តាម​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ (François HOLLANDE)  មាន​ការ​ក្រៀម​ក្រំ​​បំផុត​​ចំពោះ​ការ​​សោយ​ព្រះ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជបិតា នរោត្តម សីហនុ។ សារ​លិខិត​របស់​លោក​ប្រធានាធិបតី​បារាំង តាម​រយៈ​​ស្ថាន​ទូត​បារាំង​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា​«ខ្ញុំ​មាន​ទុក្ខ​ក្រៀម​ក្រំ​បំផុត ដោយ​បាន​ទទួល​ដំណឹង​ពី​ការ​យាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ  នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ខែ​តុលា នេះ។
ខ្ញុំ​សូម​សម្តែង​នូវ​គារវកិច្ច​ចំពោះ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​បុគ្គល​ឆ្នើម​មួយ​អង្គ ដែល​តំណាង​ឱ្យ​ជោគ​វាសនា​នៃ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​របស់​ទ្រង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នៃ​សតវត្សទី​២០ និង​តំណាង​ឱ្យ​ការ​កសាង​សន្តិភាព​ដោយ​មាន​ប្រទេស​បារាំង​នៅ​ក្បែរ​ទ្រង់​ជានិច្ច ។
ខ្ញុំ​ដឹង​អំពី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា និង​ជា​ប្រវត្តិសាស្ត្រ​រវាង​ព្រះ​មហា​វីរ​ក្សត្រ និង​ប្រទេស​បារាំង ហើយ​ដែល​តាម​រយៈ ព្រះអង្គ ទំនាក់ទំនង​ទាំង​នេះ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រទេស​ជាតិ និង​ប្រជាជន​យើង​ទាំង​ពីរ​កាន់​តែ​ខិត​ជិត​គ្នា។ ជា​ស្ថាបនិក នៃ​ឯករាជ្យ​ជាតិ​កម្ពុជា ជា​អ្នក​ការពារ​ប្រទេស​របស់​ទ្រង់​ដោយ​មិន​ចេះ​នឿយ​ហត់​លើ​ឆាក​អន្តរជាតិ សម្រាប់​មនុស្ស ភាគច្រើន ព្រះ​អង្គ​គឺ​ជា​និមិត្ត​រូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើក​តម្កើង​នូវ​សមភាព និង​ការ​ការពារ​អធិបតេយ្យ​ភាព នៃ​ប្រជាជាតិ​នានា ។
នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៤​របស់​អង្គការ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​នេះ ខ្ញុំ​មិន​ភ្លេច​ទេ​ថា ព្រះ​អង្គ​មាន​ព្រះ​រាជ​គុណ​ធំធេង​ណាស់​ចំពោះ​អង្គការ​មួយ​នេះ ។  ទ្រង់​គឺ​ជា​អ្នក​ការពារ​ដ៏​ក្លៀវក្លា​នូវ​វប្បធម៌ ហ្វ្រង់កូហ្វូនី ភាសា និង​សិល្បៈ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ព្រម​ទាំង​ទស្សនៈ​ពហុសាសន៍​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ ។
ក្នុង​ទិវា​កាន់​ទុក្ខ​សម្រាប់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នេះ តាង​នាម​ប្រជាជន​បារាំង និង​តាង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូល​រួម រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ព្រះ​រាជ​វង្សានុវង្ស និង​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​។ »
សូម​បញ្ជាក់​ថា កាលពីថ្ងៃទី១៥តុលា លោក​ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ថ្វាយ​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និង​ព្រះ​មហា​ក្សត្រី មុនិនាថ សីហនុ៕