Tuesday, October 16, 2012

សហប្រជាជាតិ: សម្តេចឪបន្សល់កេរ្តិ៍ដំណែលបង្រួបបង្រួមជាតិ

ភ្នំពេញ: ជាមួយនឹង​ការសម្តែង​មរណទុក្ខ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាវរក្សត្រ​នោះ លោក​អគ្គលេខាធិការ​ស​ហ​ប្រជាជាតិ បានចាត់ទុក​សម្តេចឪ ជា​មេដឹកនាំ នៃ​ការ​បង្រួប​ប​ម្រួ​ម​ជាតិ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អំពី​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​សហប្រជាជាតិ បាន​និយាយថា លោក​អគ្គលេខាធិការ​សម្តែង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ព្រះ​រាជវង្ស​កម្ពុជា រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការ​សោយ​ទិវង្គត​របស់​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ​។​

​អ្នកនាំពាក្យ​បាន​និយាយទៀតថា "​លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ការលះបង់​ដ៏​យូរអង្វែង​របស​ព្រះមហាវរក្សត្រ នរោត្តម សីហនុ ចំពោះ​ប្រទេស​កម្ពុជា និង​កេរ្តិ៍ដំណែល​របស់​ព្រះអង្គ ក្នុងនាម​ជា​មេដឹកនាំ​បង្រួបបង្រួម​ជាតិ​គួរ​ដែល​ទទួល​ការគោរព​បំផុត ពី​ប្រជា​ជាន​កម្ពុជា និង​ការគោរព​ជា​លក្ខណៈ​អន្តរជាតិ​"​។​

​លោក​អគ្គលេខាធិការ ក៏បាន​សម្តែង​ក្តីសង្ឃឹម​ផងដែរ​ថា កេរ្តិ៍ដំណែល​របស់​អតីតព្រះមហាក្សត្រ នឹង​អាចធ្វើ​ឲ្យ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ​នៅក្នុង​ដំណើរការ​ផ្សះផ្សារ​ជាតិ ដោយ​រួមទាំង​ការប្តេជ្ញាចិត្ត​ត​ទៅមុខទៀត ដើម្បី​យុត្តិធម៌​។​

​សម្តេចឪ​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៥ ខែតុលា ដោយ​នាំ​ឲ្យ​មានការ​សោកស្តាយ និង​ការសម្តែង​មរណទុក្ខ​ទូទាំង​ពិភពលោក​។ សព​របស់​ទ្រង់​នឹងត្រូវ​នាំមក​កាន់​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែតុលា ស្អែក​ដើម្បី​ចាប់ផ្តើម​ព្រះរាជ​ពិធី​បុណ្យសព និង​ការ​កាន់​មរណទុក្ខ​ជា​ផ្លូវការ​៕