Tuesday, October 16, 2012

ប្រធានាធិបតី​បារាំង​ក្រៀមក្រំ​ជាមួយ​ប្រជាជន​កម្ពុជា​

ភ្នំពេញ: ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រ​ង់​ស័​រ ហូ​ឡង់​បាន​សំដែង​នូវ​ភាព​ក្រៀមក្រំ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រជាជន​កម្ពុជា​ចំពោះ​ការ​សោយ​ទីវ​ង្គ​ត់់នៃ​មហា​វរ​ក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។​

​    ​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១៦​ខែតុលា​២០១២​    ​សេចក្ដីប្រកាស​របស់ លោក ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ជុំវិញ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ន​រោ​ត្ដម សីហនុ​
( ធ្វើ​នៅ​ប៉ារីស៍ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២)​។​សេចក្តីប្រកាស​បានបញ្ជាក់​ថា ខ្ញុំ​មានទុក្ខ​ក្រៀមក្រំ​បំផុត​ដោយបាន​ទទួលដំណឹង ពី​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ  នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែតុលា នេះ​។ 

​ខ្ញុំ​សូម​សម្ដែង​នូវ​គារវកិច្ច​ចំពោះ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​បុគ្គល​ឆ្នើម​មួយអង្គ ដែល​តំណាងឱ្យ​ជោគវាសនា​នៃ​ប្រទេសជាតិ និង​ប្រជារាស្ដ្រ​របស់​ទ្រង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នៃ​សតវត្ស​ទី​២០ និង​តំណាងឱ្យ​ការកសាង​សន្ដិភាព​ដោយមាន ប្រទេស​បារាំង​នៅក្បែរ​ទ្រង់​ជានិច្ច ។ 

​ខ្ញុំ​ដឹង​អំពី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា និង​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​រវាង​ព្រះមហាវីរក្សត្រ និង​ប្រទេស​បារាំង ហើយ​ដែល​តាមរយៈ ព្រះអង្គ ទំនាក់ទំនង​ទាំងនេះ​បានរួម​ចំណែក​ធ្វើឱ្យ​ប្រទេសជាតិ និង​ប្រជាជន​យើង​ទាំងពីរ​កាន់តែ​ខិតជិត​គ្នា​។ ជា​ស្ថាបនិក នៃ​ឯករាជ្យ​ជាតិ​កម្ពុជា ជា​អ្នកការពារ​ប្រទេស​របស់​ទ្រង់​ដោយ​មិនចេះ​នឿយហត់​លើ​ឆាក​អន្ដរជាតិ សម្រាប់​មនុស្ស ភាគច្រើន ព្រះអង្គ​គឺជា​និ​មិ​ត្ដ​រូប​នៃ​នយោបាយ​អាស៊ី​មួយ​ដែល​លើកតម្កើង​នូវ​សមភាព និង​ការការពារ​អធិបតេយ្យភាព នៃ​ប្រជាជាតិ​នានា ។​

​នៅ​មួយថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លើក​ទី​១៤​របស់​អង្គការ​អន្ដរជាតិ​នៃ​បណា្ដ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​នេះ ខ្ញុំ​មិន ភ្លេច​ទេ​ថា ព្រះអង្គ​មាន​ព្រះរាជ​គុណ​ធំធេង​ណាស់​ចំពោះ​អង្គការ​មួយ​នេះ ។  ទ្រង់​គឺជា​អ្នកការពារ​ដ៏​ក្លៀវក្លា​នូវ​វប្បធម៌ ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា និង​សិល្បៈ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ព្រមទាំង​ទស្សនៈ​ពហុ​សាសន៍​នៃ​ទំនាក់ទំនង​អន្ដរជាតិ ។ 

​ក្នុង​ទិវា​កាន់ទុក្ខ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​នេះ តាងនាម​ប្រជាជន​បារាំង និង​តាងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ព្រះរាជវង្សានុវង្ស និង​ប្រជារាស្ដ្រ​ខ្មែរ​ទាំងអស់ ។ 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥​តុលា លោក​ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​សារ​រំ​កែ​ទុក្ខ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី មុនិនាថ សីហនុ ។