Thursday, November 22, 2012

សម្តេច​តេជោ​៖ ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​ពីការគាំទ្ររបស់ ADB



នៅ​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព រាជ​ធានី​ភ្នំពេញ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​ធនាគារ​អភិឌ្ឍន៍​អាស៊ី​ (ADB) បាន​ប្រារព្ធ​ខួប​អនុស្សាវ​រីយ៍លើ​កទី​២០ នៃ​ភាពជា​ដៃគូ (១៩៩២-២០១២) ជាមួយ​គ្នា ដែល​នៅ​ក្នុងឱកាស​នោះ​ជាមួយ​នឹងការ​វាយ​តម្លៃ​ថា ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​បាន​ពីការ​គាំទ្រ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សម្តេច​អគ្គម​ហ​សេនាបតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ឲ្យ ADB បន្ត​ផ្តល់​​ការ​គាំទ្រ​ចំពោះ​កម្ពុជា​លើ​វិស័យ​អាទិភាព ដើម្បី​បន្ថែម​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​​ឲ្យ​កាន់​តែ​លឿន​ថែមទៀត។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​សង្ឃឹមថា ADB ដែល​មាន​ឯកឧត្ដម ហា​រូ​ហ៊ី​កូ គូ​រូ​ដា (Haruhiko Kuroda) ជា​ប្រធាន​នឹង​បន្ដ​ផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា តាមរយៈ​ការជំរុញ​នូវ​កិច្ច​សហ​ប្រតិ​ប​ត្ដិកា​រលើ​វិស័យ​អាទិភាព​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត នៅក្នុង​គោលដៅ​បន្ដ​ជួយ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា​។ ដោយបាន​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្ដេជ្ញា​ចិ​ត្ដរបស់ ADB ក្នុងការតម្រង់សកម្មភាព​របស់ខ្លួន​ទៅតាម​វដ្ត នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​របស់​កម្ពុជា សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​បន្ដ​ទទួល​បាន​នូវ​ចំណង​មិ​ត្ដ​ភាព ភាពជា​ដៃគូ និង​កិច្ចសហ​ប្រតិបត្ដិការ​ដ៏​ជិតស្និទ្ធ និង​រឹងមាំ ក្នុង​រយៈ​ពេល២០ឆ្នាំ ខាងមុខ​ទៀត។
ពាក់ព័ន្ធ​ជាមួយ​បញ្ហាស្តារ និង​អភិវឌ្ឍន៍​ផ្លូវដែក​កម្ពុជា ដែល​កាលពី​ឆ្នាំ២០០៩ សម្តេច​ផ្ទាល់ និង​​ឯកឧត្ដម ហា​រូ​ហ៊ី​កូ គូ​រូ​ដា បាន​ជិះ​ឧ​ទ្ធ​ម្ភា​ចក្រ​ជាមួយគ្នា​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋា​ន​ស្ដារ​ផ្លូវដែក​កម្ពុជា ក្រោម​គម្រោង​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ដែល ADB បាន​ផ្ដល់​ឥណទានសម្បទាន​ចំនួន​ប្រមាណ​៨៤ លាន​ដុល្លារ​អាមេរិក សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​​ប្រសាសន៍​អំពាវនាវ​ថា ខ្ញុំ​សូម​ឯកឧត្ដម​មេ​ត្ដា​ជួយ​ជំរុញ​ឱ្យ​ការ​អនុវត្ដ​គម្រោងស្ដារឡើង​វិញ​​នូវ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា​នេះ​បាន​លឿន និង​ឆាប់​ចប់ ដើម្បីឱ្យ​កម្ពុជា​ឆាប់​ទទួល​បាន​នូវ​អត្ថ​ប្រ យោជន៍​ពី​គម្រោង ។ សម្តេច​តេ​ជោ​មាន​ប្រសា​ស៍​បញ្ជាក់​ថា ក្នុងនាម​រាជរដ្ឋា​ភិបាល​កម្ពុជា ខ្ញុំ​ពិត​ជា​ទទួលស្គាល់​ថា សមិទ្ធផល​ដ៏​ធំធេង​ទាំងអស់​ដែល​កម្ពុជា​សម្រេចបាន​កន្លងមក​នេះ​ គឺ​មិន​អាច​កាត់ផ្ដាច់​ពី​ការចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ពី ADB និង​ពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នោះទេ។
សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​រក្សាបាន​ស្ថរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​កម្រិត​ជាង៩% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ជិតមួយ​ទសវត្សរ៍ មុន​ការកើតឡើងនៃ​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​ក្នុងនោះ​មាន​ឆ្នាំមួយ ចំនួន​កំណើន​នេះ​បានកើន​តួលេខ​ពីរ​ខ្ទង់​ គួបផ្សំនង​ការរក្សា​អតិផរណាឲ្យ​មាន​កម្រិត​ទាប និង​អត្រា​ប្តូរប្រាក់ឲ្យ​មានស្ថរភាព ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាលបានកា​ត់ប​ន្ថយ​ភាពក្រីក្រ​បាន​ជាង​១%​ក្នុង មួយឆ្នាំ​។​
សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា ភាព​ប្រកួតប្រជែងនៃ​សេដ្ឋកិច្ចជាតិ ត្រូវបាន​ពង្រឹងតាមរយៈ​​ការបង្កើនផលិតភាពកសិកម្ម​ ការកសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ជនបទ ការពង្រីក​វិស័យ​ឧស្សាហកម្ម​ជាពិសេស​ការពង្រឹង​បន្ថែមទៀតនៃ​ចីរ​ភាព នៃ​វិស័យ​ឧស្សាហកម្មកាត់ដេរ និង វិស័យ​ឧស្សាហកម្ម ជាមួយគ្នានេះ វិស័យ​សេវាកម្មទាំងមូល ក៏ត្រូវ​បាន​ពង្រីកយ៉ាង​ឆាប់រហ័ស​ផងដែរ​។ ប្រការ​ទាំងអស់នេះ បាន​បង្កើត​ឲ្យ​មាការងារ និងការបណ្តុះបណ្តាលមុខជំនាញ​ច្រើន​ដល់​យុវជន​និង​យុវនារី​សែន​នាក់​។​
សម្តេច​
តេជោ​បាន​មានប្រសាសន៍​ឲ្យដឹងថា ​ផល​ទុន​សរុបរបស់​ជាតិ​សម្រាប់ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗបាន​កើនឡើងជាង​៤​ដង គឺ​កើនឡើង​ពី​ប្រមាណ​ជាង២០០​ដុល្លារ នៅ​ឆ្នាំ​១៩៩២ ដល់ប្រមាណ​ជិត១០០០​ដុល្លារ នៅ​ឆ្នាំ​២០១២​។​ ​ជាមួយនឹង​និន្នាការ​នៃ​កំណើនសេដ្ឋកិច្ច​បច្ចុប្បន្ន​ កម្ពុជា​សង្ឃឹមថា​ ផលិតផល​ក្នុង​ស្រុកសម្រា​ប់​មនុស្ស​ម្នាក់ៗ​នឹង​កើនឡើង​ជាង​១០០០​ដុល្លារ នៅឆ្នាំ២០១៣ ដោយ​ឡែ​ក​អត្រា​នៃ​ភាពក្រីក្របាន​ធ្លាក់ចុះប្រមាណ​៥០% នៅ​ឆ្នាំ​១៩៩២ មក​នៅត្រឹម​រង្វង់២០% នៅ​ឆ្នាំ​២០១២ ហើយរំពឹងថា ភាពក្រីក្រនឹង​អាច​កាត់បន្ថយ​បន្ថែមទៀត​បាន​ត្រឹម​១៩% ​នៅ​ឆ្នាំ​២០១៣​ ប្រការនេះ​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​ទី​១៥ ដែល​ទទួល​​បានកំណើនសេដ្ឋកិច្ច​ខ្ពស់ក្នុង​ពិភពលោក​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ និង​ជា​ប្រទេស​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៥ ក្នុងចំណោមប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​អាច​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍សហស្ស​វត្សរ៍ ព្រមទាំង​ជា​ប្រទេសស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ដែល​សម្រេចបាននូវល្បឿន​នៃការកែលម្អសូចនាករ​ផ្នែក​សង្គមកិច្ច​
ឯកឧត្តម ​ គាត ឈន់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រំលឹក​ឡើង​វិញផងដែរ អំពី​សមិទ្ធផលសំខាន់ៗក្នុង​រយៈ​ពេល​២០​ឆ្នាំ​នៃ​កិច្ចសហ​ប្រតិបត្តិការ​រ​វាង រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដោយ​ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​មួយ​របស់ ADB នៅ​ឆ្នាំ១៩៦៦ ជា​ឆ្នាំ​ដែល ADB ត្រូវបាន​បង្កើត​ឡើង។ ពេល​នោះ ADB មាន​សមាជិក​តែ​ប្រមាណ​៣៦ ប្រទេស​ប៉ុណ្ណោះ។ បច្ចុប្បន្ន ADB មាន​ប្រទេស​ជា​សមាជិក​របស់ខ្លួន ៦៧ ។ចាប់ពី​ពេលដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​រប​ស់ ADB មក ​កម្ពុជា​បាន​អនុវត្ត​នូវ​រាល់​កាតព្វកិច្ច​ទាំងឡាយ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ ហើយ​យោង​តាម​លក្ខខណ្ឌ និង​បទប្បញ្ញត្តិ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​ស្ថាប័ន ដើម្បី​ទទួលបាន​នូវ​បុព្វសិទ្ធិ​ជា​សមាជិក​ពេញ​លេញ និងមាន​សិទ្ធិ​បោះឆ្នោត និង​ទួលបាន​នូវ​ផលប្រយោជន៍​ផ្សេងៗ​ដូចជា​ការទទួល​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ បច្ចេក​ទេស ហិរញ្ញប្បទាន​ឥត​សំណង​ហិរញ្ញប្បទាន​សម្បទាន​ពី​ប្រភព​មូលនិធិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។
លោក Haruhiko Koroda ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​កំពុងតែ​ប្រែខ្លួន​ទៅជា​ប្រទេស​មួយ ​ក្នុងចំណោម​ប្រទេស​ក្រោយ​ជំលោះ ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​នៅក្នុង​ពិភព​លោក។ លោក Haruhiko Koroda បញ្ជាក់ថា កាលពី​ឆ្នាំ១៩៩២ ប្រជា​ពលរដ្ឋ​ជាង​ពាក់កណ្តាល​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ប៉ុន្តែ​ភាគរយ​នេះ បាន​ធ្លាក់ចុះ​មក​ក្រោម​មួយ​ភាគ​បួន​ហើយ​នាពេល​បច្ចុប្បន្ន​នេះ។
ចាប់​តាំង​ពី​ឆ្នាំ១៩៩២ មក ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ជិត ២០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​ហិរញ្ញប្បទាន​សម្ប​ទាន និងជំនួយ​អភិវឌ្ឍន៍​សម្រាប់​វិស័យ​គមនាគមន៍/ដឹកជញ្ជូន ថាមពល អភិវឌ្ឍន៍​ទីក្រុង និង​ជនបទ អប់រំ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ការថែទាំ​សុខភាព វិស័យ​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍន៍ និង​​វិស័យ​ឯកជន។
ជាមួយនឹងជំនួយ​នេះ រាជរដ្ឋាភិបាល​បាន​ស្តារឡើងវិញ​ ឬ​កសាង​នូវ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ជនបទ​បានប្រវែង៤០០០ គីឡូម៉ែត្រ  សាលាបឋមសិក្សា​ចំនួន៣៥០ នៅ​តំបន់​ដាច់​ស្រា​យា​ល សាលា​មធ្យមសិក្សា៣៥៥ នៅ​ទូទាំងប្រទេស និង​អគារ​សម្រាប់​ក្រុមប្រឹក្សាឃុំ​ចំនួន៧០០។ ហិរញ្ញ​ប្បទាន​របស់​ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាង២ ម៉ឺន​នាក់​បានផ្តល់​អគ្គិសនី ដល់​ប្រជាពលរដ្ឋ​ជាង៦ ម៉ឺន​គ្រួសារ និង​បាន​ផ្គត់​ផ្គង់​​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់ និងលើក​កំពស់​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ជាង​មួយ​ភាគ​បួន​លាន​នាក់៕