Thursday, November 22, 2012

សេចក្តីប្រកាស​ព័ត៌មាន ស្តីពីកិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី៧ រាជធានី​ភ្នំពេញ ព្រះរាជា​ណា​ចក្រ​កម្ពុជា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២


កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​បាន​ប្រព្រឹត្ដ​ទៅនៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា នៅ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។  កិច្ចប្រជុំ​កំពូល​នេះ មានសម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​ប្រធាន​ដោយ​មានការ​ចូលរួ​មពីសំណាក់​ប្រមុខដឹក​នាំនៃ​ប្រទេស​ជាស​មាជិក អាស៊ាន លោក​ជំទាវ ជូលៀ អេលីន​ហ្គីឡាដ នាយករដ្ឋ​មន្ដ្រីនៃ​ប្រទេស​អូស្ដ្រាលី ឯកឧត្ដម វែន ជាប៉ាវ នាយក រដ្ឋមន្ដ្រី នៃ​សាធារណ​រដ្ឋប្រជា​មានិត​ចិន  ឯកឧត្ដម ម៉ាន់ម៉ូហាន់ ស៊ិង នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា ឯកឧត្ដម យ៉ូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្ដ្រីជប៉ុន  ឯកឧត្ដម ចន ឃី នាយក​រដ្ឋមន្ដ្រី​នូវវែល​ហ្សេឡង់  ឯកឧត្ដម លី ម្យ៉ុងបាក់ ប្រធានា​ធិបតី សាធារណ​រដ្ឋកូរ៉េ  ឯកឧត្ដម សឺជី ឡាវរ៉ូវ តំណាង​របស់​លោក​ប្រធានា​ធិបតី​រុស្ស៊ី  វ្លា ដឺមៀពូទីន  និង​ឯកឧត្ដម បារ៉ាក់ អូបាម៉ា ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។  អគ្គលេខា​ធិការ​អាស៊ាន ក៏បាន​ចូលរួម​កិច្ចប្រជុំ​នេះផង​ដែរ។
ប្រមុខ​ដឹកនាំ នៃបណ្ដា​ប្រទេស​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ី​បូព៌ា បាន​ធ្វើការ​ពិភាក្សា​លើ​បញ្ហាជា​ច្រើន រួមទាំង​ការពិនិត្យ​ឡើង​វិញ និង​ទិសដៅ​អនាគត នៃកិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្ថិត​ក្រោម​វិស័យ​អាទិភាព​ទាំង​៦គឺ បរិស្ថាន និង​ថាមពល អប់រំ ហិរញ្ញវត្ថុ បញ្ហា​សុខភាព​ពិភព​លោក និង​ជំងឺឆ្លង ការ​គ្រប់​គ្រង​គ្រោះ​ធម្មជាតិ និង​ការត​ភ្ជាប់ អាស៊ាន។ ថ្នាក់​ដឹក​នាំ  ក៏បាន​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីអំពី​បញ្ហា​តំបន់ និង​អន្ដរ​ជាតិ។
សេចក្ដី​ប្រកាស​របស់​ប្រធាន​កិច្ចប្រជុំកំពូល​អាស៊ី​បូព៌ា​លើក​ទី៧ ត្រូវបាន​ចេញ​ផ្សាយ​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ ជាឯកសារ​លទ្ធផល​នៃ​កិច្ច​ប្រជុំ។ ក្នុង​កំឡុង​កិច្ច​ប្រជុំ​នេះ ថ្នាក់​ដឹកនាំ​ទាំងអស់​បាន​អនុម័ត​លើ​សចក្ដី​ថ្លែងការណ៍ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី៧ ស្ដីពីការ​ឆ្លើយតប​តំបន់​ចំពោះការ​គ្រប់គ្រង​ជម្ងឺ​គ្រុនចាញ់  និង​ការដោះ​ស្រាយ ភាព​ស៊ាំឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ និង​សេចក្ដីថ្លែង​ការណ៍ ទីក្រុង​ភ្នំពេញ​ស្ដីពីគំនិត​ផ្ដួចផ្ដើម​របស់​កិច្ចប្រជុំ​កំពូល អាស៊ីបូព៌ា​សម្រាប់​ការអភិវឌ្ឍន៍ ។