Tuesday, November 20, 2012

ឯកឧត្តម ​វេន ជាប៉ាវ នាយក​រដ្ឋ​មន្ត្រី ​នៃ​សាធារណ​​រដ្ឋ​ប្រមានិត​​ចិន ប្រ​កាស​​​បន្ថែម​​​​ជំនួយ​​​ដល់​​កម្ពុជា​៣២៩លាន​យន់​


ចេញផ្សាយថ្ងៃ: ( ១៩ - វិច្ឆិកា - ២០១២ )

ឯកឧត្តម វេន ជា​ប៉ាវ ( Wen Jiabao ) ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រមានិត​ចិន បាន​ប្រ​កាស​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ​ពី​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រមានិត​ចិន​ ក្នុង​ការផ្តល់​ជំនួយ​បន្ថែមដល់​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៣២៩ លាន​យន់ ស្មើ​ប្រមាណ​ជិត៥៣ លាន​ដុល្លារ​អាមេរិក​។
​ឯកឧត្តម អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចតេជោ​​នាយករដ្ឋមន្ត្រី បានឲ្យដឹងអំពី​កិច្ចប្រជុំ​​រវាង​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន កាលពី​ព្រលប់​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០១២ ថា ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៣២៩ លាន​យន់ ដល់​ប្រទេស​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ធនធាន​ទឹក​ក្នុង​ប្រទេស​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ (កម្ពុជា-ចិន) ក៏​បាន​យល់​ព្រម​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ឈាន​ដល់៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧។
បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​ដោយ​បិទទ្វារ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ចិន) បាន​ធ្វើ​ជាអធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជា​មួយ​នឹង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលត្រូវ​បាន​ចុះហត្ថលេខា​ដោយ​​ឯកឧត្តម គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយនឹង​ឯកឧត្តម ចិន ដេមិង (Chen Deming) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន លើ​កិច្ចព្រមព្រៀង​ចំនួន ២ និង​លិខិត​ប្តូរ​សារ​ចំនួន​។​ ​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ​រួមមាន៖
-ទី១-​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​។
-ទី២-កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ផ្តល់​ឥណទាន​សម្បទា​ន សំរាប់​អនុវត្ត​គំរោង​ធនធាន​ទឹកស្ទឹង​ស្ទោង ជំហាន​ទី​១។
-ទី​៣-​លិខិត​ប្តូរ​សារ ស្តីពីការ​ផ្តល់​ម៉ាស៊ីន​ស្កែន​កុងតឺន័រ៤ គ្រឿង ប្រើប្រាស់​ក្នុង​ទឹកប្រាក់​ជំនួយ​ឥត​សំណង ដែល​បាន​ចុះហត្ថ​លេខា កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១២។
-ទី​៤-​លិខិត​ប្តូរ​សារ ស្តីពី​គំរោង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ព្រះសីហនុ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជាមួយ​នឹង​ឯកឧត្ត ចិន​ ដេមិង (Chen Deming) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន និង​ទី​៥-​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ខ្ចីប្រាក់ ស្តីពី​គំរោង​រោងចក្រ​ស៊ីម៉ង់​ចក្រី​ទីង រវាង​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីងកម្ពុជា ជាមួយ​នឹង​ធនាគារ​ជាតិ​ចិន ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧកញ៉ា លឹម រស់ ប្រធាន​ក្រុមប្រឹក្សាភិបាល​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​កម្ពុជា ជាមួយ​នឹង​លោក Chen Chang Jiang នាយក​ធនាគារ​ជាតិចិន សាខា​ប្រចាំរាជធានី​ភ្នំពេញ។
ឯកឧត្តម អៀង សុផល្លែត ក៏​បានឲ្យ​ដឹង​បន្ថែមថា ឯកឧត្តម វេន ជា​ប៉ាវ បាន​សន្យា​ថា​ ចិន​នឹង​ពិនិត្យ​ចំពោះ​សំណើ​របស់​កម្ពុជា ដែល​ស្នើ​សុំឲ្យ​មាន​ជំនួយ​បន្ថែម​ទៀត​។​ ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា​​ពេញទំហឹង សម្រាប់​ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច ហើយ​សហការ​ជាមួយ​កម្ពុជា មិន​ថាទ្វេភាគី ឬ​ពហុភាគី​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​។
ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ ក៏នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក ៣( ចិន ជប៉ុន និង​កូរ៉េ ) ព្រមទាំង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។
ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ ឯកឧត្តមនាយក​រដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ នឹង​ចូលរួម​ក្នុង​កិច្ចសន្ទនា​អាស៊ានជា​សកល ព្រមទាំង​កិច្ចប្រជុំ​កំពូលអាស៊ី​បូព៌ាលើក​ទី​៧ នៅ​វិមាន​សន្តិភាព ដែល​ជា​កិច្ចប្រជុំ​រវាង​មេដឹកនាំ​កំពូលអាស៊ាន១០ ប្រទេស និង​ប្រទេស​មហា​អំណាចជា​ដៃគូ​អាស៊ាន៨ ប្រទេស រួមមាន​ទាំង​លោក​ប្រធានាធិបតី​អាមេរិក បារាក់ អូបាម៉ា ​ផង​ដែរ​។​
នៅ​ក្នុង​ជំនួប​ទ្វេភាគី​នោះ​ដែរ នាយករដ្ឋមន្ត្រី​នៃ​ប្រទេសទាំង​ពីរ បាន​សម្រេច​យក​ឆ្នាំ២០១៣ ជា​ឆ្នាំ​ខួប​លើក​ទី​៥៥ នៃ​ចំណង​មិត្តភាព​កម្ពុជា-ចិន។ នៅ​ក្នុង​ខួប​ឆ្នាំ​ទី៥៥ នេះ ប្រទេស​កម្ពុជានឹង​បញ្ជូន​យុវជន​១០០​នាក់ ដើម្បី​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​នៅ​ក្នុង​ប្រទេស​ចិន៕
អត្ថបទ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស