Tuesday, November 20, 2012

ឯកឧត្ដម​​បារ៉ាក់ អូបាម៉ាប្រធានា​ធិបតី​អះអាង​អំពីឲ្យ​ក្រុមការងារ​អាមេរិក​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល និងបង្កើន​ទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ


ចេញផ្សាយថ្ងៃ: ( ២០ - វិច្ឆិកា - ២០១២ )

ឯកឧត្ដម​បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ បានមាន​ប្រសាសន៍​ឲ្យដឹង​នា​ល្ងាច​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១២​ថា​ឯកឧត្ដម​នឹង​ចាត់​ឲ្យ​ក្រុម​សម្រប​សម្រួល​ធ្វើ​ការ​ជាមួយ​ក្រុម​ ជំនាញ​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល និង​បង្កើន​ទំនាក់​ទំនង​ប្រទេស​ទំាងពីរ​ឲ្យកាន់​តែល្អ​ប្រសើរ។
ឯកឧត្ដម​បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក បានអញ្ជើញ​មក​ដល់ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ល្ងាច​ថ្ងៃទី​​១៩ ខែ​​វិច្ឆិកា​ ​ឆ្នាំ​២០១២ ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើក​ទី​៤ និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា នៅ​ក្នុង​រាជធានីភ្នំពេញ ដែលក្នុង​ដំណើរ​ទស្សនកិច្ចនេះ ឯកឧត្ដមប្រធានាធិបតី​​សហរដ្ឋ​អាមេរិកបាន​ជួបពិភាក្សា​ទ្វេភាគីជា​មួយសម្តេច​អគ្គមហា​សេនាបតីតេជាហ៊ុន សែន​នៅវិមាន​សន្តិភាព​មុននឹងចូល​រួមកិច្ចប្រជុំ​អាស៊ាន​អាមេរិក​លើកទី៤។
ឯកឧត្ដម​ប្រាក់​ សុខុន រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋ​លេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​​ បាន​ឲ្យអ្នក​សារព័ត៌មានដឹង​នៅ​ក្រោយ​ជំនួបនោះថា ​សម្ដេច​តេជោ បាន​​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​ចំពោះវត្តមាន ឯកឧត្ដម​ប្រធានា​ធិបតី​​អូបាម៉ា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ​សម្ដេច​តេជោ ក៏បាន​​ថ្លែង​នូវ​ការ​កោត​សរសើរ​​ដោយ​ស្មោះ​ចំពោះ​​ ឯកឧត្តម​បារ៉ាក់ អូបាម៉ា ​ដែល​បាន​ជាប់​ឆ្នោត​សារ​ជាថ្មី ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​សម្រាប់​អាណត្តិ​បន្ត​។
សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី​ក៏​បាន​វាយ​តម្លៃចំពោះ​ដំណើរទស្សនៈ​កិច្ចរបស់​ឯកឧត្តម​បារ៉ាក់​ អូបាម៉ា ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កាន់​អំណាច​ទី​១​ដែល​មក​កាន់​ប្រទេស​ កម្ពុជា​ថា​ជា​ទស្សនកិច្ច​​ជាប្រវត្តិ​សាស្រ្ត​ ។ សម្ដេច​តេជោ​ក៏​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត និង​លើក​ទឹក​ចិត្ត​ចំពោះ​ការចូល​រួម​ដ៏​សកម្ម​របស់​ឯកឧត្តម​ប្រធានាធិបតី​ អូបាម៉ា នៅ​ក្នុង​គ្រប់​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ានាពេល កន្លង​ទៅ​ក្នុង​អាណត្តិ​ដែល​ឯកឧត្ដម​​អូបាម៉ា ជាប្រធានា​ធិបតី​កាន់​អំណាច​ ។
ឯកឧត្តម ​ប្រាក់​ សុខុន មាន​ប្រសាសន៍ឲ្យដឹង​ថា នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម​ប្រធានាធិបតី​អូបាម៉ា ​បាន​ថ្លែង​អំណរ​គុណ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ប្រសើរ​ដែល​រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​រៀប​ ចំ​ជូន រូប​លោក​ហើយ​ក៏​សម្ដែង​នូវ​ការ​រីក​រាយ​នៅ​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ កំពូល​អាស៊ាន សហរដ្ឋ​អាមេរិក,​ កិច្ច ​ប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ច​ប្រជុំ​ផ្សេង​ទៀត ។ ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាមេរិកក៏​បាន​ថ្លែង​នូវ​ការ​រំលែក​ទុក្ខ​ចំពោះ​ការ​ យាងចូល​ព្រះទិវង្គត របស់​អតីត​ព្រះ​មហាវីរក្សត្រនរោត្តមសីហនុ។
ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាមេរិក​បាន​ជម្រាប​ជូន​សម្ដេច​តេជោ​ថា ឯកឧត្តម​ទើប​តែ​មក​ពី​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​នៅ​ទី​នោះ​គឺជា​ដំណើរ​​ទស្សន​កិច្ច លើក​ទី​១​របស់​ប្រធានា​ធិបតី​អាមេរិក កាន់​អំណាច​ទៅ​កាន់​​ប្រទេស​​នោះ​ដែរ ដែល​នៅ​ទី​នោះឯកឧត្តម​​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ជំហាន​សំខាន់​ៗ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ មាន​ការ​កែ​ទម្រង់ ដ៏​សំខាន់​ៗ​ ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ទាំង​ក្នុង​វិស័យ​នយោបាយ​។ ឯកឧត្តម​ប្រធានាធិបតី​​មាន​ប្រសាសន៍​​ថា ការ​ដែល ឯកឧត្តមបំពេញ​ទស្សនកិច្ច​មក​កាន់​តំបន់​នេះ គឺ ឯកឧត្តម​ចង់​បញ្ជូន​សារ​មួយ ​ថា​សហ​រដ្ឋ​អាមេរិក​ចង់​ធ្វើ​ការ ជាមួយ​ប្រទេស​ទាំង​ឡាយ​ណា ដែល​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ហើយ​ ឯកឧត្តម​បាន​​ចាត់ទុក​ថា តំបន់​អាស៊ី​អាគ្នេយ៍យើង​នេះ គឺ​ជា​តំបន់​ដែល​មាន​អនាគត​ដ៏​ល្អ​ប្រសើរ​មួយ។
ឯកឧត្តម ប្រាក់​ សុខុន មាន​ប្រសាសន៍​ថា សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់​ ទំនង​ទ្វេភាគី​កម្ពុជា​អាមេរិក​ នៅ​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសម្តេច​បាន​បញ្ជាក់ថា ការ​ស្ថាបនា​​ឡើង​នូវស្ថាន​ទូតសហរដ្ឋ​អាមេរិក​នៅ​ទី​ក្រុង​ភ្នំពេញ ក៏​ជា​សារ​មួយ​ដែល​បញ្ជាក់ថា​អាមេរិក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​ និង​កម្ពុជា​ផ្ទាល់។ សម្ដេច​តេជោ​​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​លើក​កម្ពស់ ​នីតិ​រដ្ឋ​ លើក​កំពស់​សិទ្ធិ​មនុស្ស ក៏​ដូចជា​លើក​កំពស់ជីវភាព​រស់​នៅ​របស់​ប្រជាជន​។
ឯកឧត្តម ​ប្រាក់​ សុខុន មាន​ប្រសាសន៍ឲ្យដឹងទៀត​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ ឯកឧត្តម​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​នេះ សម្ដេច​តេជោ​ក៏​បាន​លើក​ឡើង អំពី​បញ្ហា​ដែល​នៅ​​សេស​សល់​ និង​ទំនាក់​ទំនង​ទ្វេ​ភាគី នោះ​គឺ​ជា​បញ្ហា​បំណុល​របស់​កម្ពុជា​ចំពោះ​សហរដ្ឋ​អាមេរិក ដែល​បញ្ហា​បំណុល​នេះ ជា​បំណុល​នៃ​ថវិកា​ដែល​បាន​ប្រើ​ប្រាស់​ទៅ​លើ​អ្វី​ក៏​ដោយ ក៏​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​មួយបាន​ទទួល​ស្គាល់​នូវ​កេរមរតក​របស់​ខ្លួន​ ហើយ​ទទួល​ស្គាល់​​នូវ​កាតព្វកិច្ច​​ក្នុង​ការ​សង​បំណុល​នេះ​។ កន្លង​ទៅ​នេះ​ភាគី​ទាំង​ពីរ​មាន​ការ​ឯក​ភាព​គ្នា ក្នុង​គោល​ការណ៍​កំណត់​ទំហំ​បំណុល​នេះ​ដែល​ត្រូវ​សង។ ប៉ុន្តែ​អ្វី​ដែល​នៅ​សេស​សល់​មិន​ទាន់​ចរចា​គ្នា​ដាច់​ស្រេច​មិន​ទាន់​ដោះ​ ស្រាយ​បាន គឺពាក់​ព័ន្ធ​ទៅនឹង​​លក្ខខណ្ឌ​នៃ​ការ​សង​បំណុល​នេះ​។
ឯកឧត្តម ​ប្រាក់​ សុខុន មាន​ប្រសាសន៍ឲ្យដឹងថា សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​ថា កម្ពុជា​ចង់​ដោះ​ស្រាយ​បញ្ហា​​បំណុល​ជាមួយ​សហរដ្ឋ​អាមេរិក​ទៅ​តាម​សំណើ​ដែល​ ខ្លួន​បាន​ធ្វើ​ចុង​ក្រោយ​ កាល​ពី​ភាគី​ទាំង​២​ជួប​គ្នា​កាល​ពី​ឆ្នាំ​មុន គឺ​ប្រើ​ប្រាស់​យន្ត​ការ​ទ្វេ​ភាគី​ដោយ​មិន​ប្រើ​ប្រាស់​យន្ត​ការ​ក្លឹប​ឌឺ​ ប៉ារីស​ ហើយ​​​ចំណុច​នានា​សំខាន់​ៗ​នៅ​ក្នុង​​ដំណោះ​ស្រាយ​នោះ​គឺ​- -ចំណុច​ទី​១ គឺ​ស្នើ​សុំ​ឲ្យ​ភាគី​ទាំង​២​រៀប​ចំ​កម្ម​វិធី​សង​បំណុល​នោះ​ឡើង​វិញ ដោយ​សង​បន្តិចម្ដង​ៗ​តាម​ដំណាក់​ៗ។
- ចំណុច​ទី​២ ការសង​នោះ​គឺ​ធ្វើ​ឡើង​តាម​អត្រា​ការ​ប្រាក់​១​ភាគរយ ដោយសារ​តែ​ប្រទេស​កម្ពុជា​ជា​ប្រទេសនៅ​ក្រីក្រ​នៅ​ឡើយ ហើយ​កំចី​ដែល​កម្ពុជា​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ ក៏​ផ្អែក​ទៅ​លើ​អត្រា​ការ​ប្រាក់​សម្បទាន គឺ​មិនមែន​គិត​តាម​អត្រា​​ការ​ប្រាក់​ពាណិជ្ជ​កម្ម​នោះ​ទេ។ ចំណុច​សំខាន់​មួយ​ទៀត​នៅ​ក្នុង​រឿង​នេះ​ គឺ​អាមេរិក​ស្នើ​បង្វែ​​បន្ទុក​សេវា​បំណុល​មួយ​​ភាគ​ធំ​ គឺ​យ៉ាង​ហោច​ណាស់​៧០​ភាគរយ បង្វែ​មក​ជាការ​ជួយ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សង្គម​កិច្ច​ ពិសេស​គឺ​ខាង​ផ្នែក​អប់រំ ​សិក្សាធិការ ដោយ​ផ្ដល់​ជា​អាហារូបករណ៍​ទាំង​ក្នុង​ស្រុក​ក្ដី ក្រៅ​ស្រុក​ក្ដៅ និង​ជួយ​ទៅ​ដល់​គោល​ដៅ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដូចជា ការ​អភិរក្ស​ផ្នែក​វប្បធម៌ ការ​បោស​សំអាត​មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ​ជា​ដើម។
ឯកឧត្តម ​ប្រាក់​ សុខុន មាន​ប្រសាសន៍ឲ្យដឹងថា ទាក់ទងនឹងបញ្ហានេះឯកឧត្តម ​ប្រធានា​ធិបតី អូបាម៉ា បាន​បញ្ជាក់​ថា ឯកឧត្តម​​រីក​រាយ​ដើម្បី​ចាត់​ឲ្យ​ក្រុម​សម្រប​សម្រួល​ធ្វើ​ការ​ជាមួយ​ក្រុម​ ជំនាញ​របស់​កម្ពុជា ដើម្បី​ស្វែង​រក​ចំណុច​ស្រុះ​ស្រួល​ណា​មួយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​​ឲ្យ​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​ដែល​កម្ពុជា​បាន​ធ្វើជាមួយ​ មូលនិធិរូបយវត្ថុ​អន្តរជាតិ ទាក់​ទង​ទៅ​នឹង​អត្រា​សង​បំណុល​នេះ និង​រក​លទ្ធ​ភាព​ដើម្បី​សម្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។ ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​លើក​ឡើង​អំពី​បំណង​ដែល​ខាង​សភា​អាមេរិក​បាន​ បញ្ចេញ​កន្លង​ទៅ ទាក់​ទង​ទៅនឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​បោះ​ឆ្នោត​ខាង​មុខ​ យោបល់​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​រាយ​ការណ៍​ពិសេស​​របស់​អគ្គ​លេខាធិការ​ អង្គ​ការ​សហ​ប្រជាជាតិ​ ទាក់​ទង​ទៅនឹង​បញ្ហា​សិទ្ធិ​មនុស្សដោយ​ឯកឧត្ដម​ប្រធានា​ធិបតី យល់​ថា មាន​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា​ នៅ​ក្នុង​ការ​សម្រេច​នូវ​កំណែ​ទម្រង់​ដែល​កម្ពុជា​កំពុង​ខិត​ខំ​ធ្វើ។
​ឯកឧត្តម ​ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ បានសម្តែងការ​សង្ឃឹម​ថា ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​អាច​នឹង​​មាន​ លក្ខណៈ​ប្រសើរ​ជាង​​​​នៅ​ពេល​ខាង​មុខ​នេះ ហើយ​ឯកឧត្តម បាន​ចាត់​ឲ្យ​ឯកអគ្គ​រដ្ឋ​ទូតសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ធ្វើ​ការ​ ជាមួយ​នឹង​ក្រុម​កម្ពុជា​ ដើម្បី​រិះ​រក​វិធី​​លើក​​តម្កើង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​យើង​ ទាំង​២​នេះ។​
សម្ដេច ​តេជោ​បានមានប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​និយាយ​ដោយ​ត្រង់​ៗរបស់ប្រធានាធិបតីអាមេរិក​ ហើយសម្តេចបាន​មាន​ប្រសាសន៍​ឲ្យដឹងថា ក្នុង​រយៈ​ពេល​៤​សប្ដាហ៍​ចុង​ក្រោយ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​រង​នូវ ​យុទ្ធ​នាការ​មួយ​ ដែល​ទី​១​​គឺ​ជា​យុទ្ធ​នា​ការ​ដែល​ខិតខំ​រារាំង​មិន​ឲ្យ​ប្រធានាធិបតី​ អូបាម៉ា ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ហើយ​ទី​២​ជា​យុទ្ធ​នាការ​មួល​បង្កាច់​ការ​ពិត​ ទាក់​ទង​នឹង​ស្ថានការ​សិទ្ធិ​​​មនុស្សនិង​ ​ដំណើរ​​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ឯកឧត្តម ​ប្រាក់​ សុខុន មាន​ប្រសាសន៍ឲ្យដឹងទៀតថា សម្ដេច​តេជោ​ក៏​បានមានប្រសាសន៍​រំលឹក​ឡើង​វិញ​ថា ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ប្រទេស​​ធំៗ​មួយ​ចំនួន ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប អូស្រ្តាលី ​បាន​មក​ពឹង​សុំ​ឲ្យ​សម្ដេច​តេជោ ទៅ​និយាយ​ជាមួយ​រដ្ឋាភិបាល​របស់ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ឲ្យ​មីយ៉ាន់ម៉ា ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ​ ដើម្បី​លើក​ស្ទួយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ​​​នៅ​ប្រទេស​នោះ។ បញ្ហានេះសម្តេចតេជាបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវ​តាម​រយៈ​យុទ្ធ​នាការ​មួល​បង្កាច់​នេះ​ ហាក់​ដូចជា​កម្ពុជា​​ពេល​នេះ​ក្លាយ​ទៅ​ជា​កូន​សិស្ស​ដែល​អាក្រក់​ជាង​ មីយ៉ាន់ម៉ា​ទៅ​ទៀត។ គ្រូ​របស់​មីយ៉ាន់ម៉ា​ដែល​គេ​ពឹង​​​នោះ ​បាន​​ក្លាយ​ទៅ​ជា​​អ្នក​ដែល​មាន​ស្ថាន​ភាព​មិន​ល្អ​ទៅវិញ?។
សម្ដេច ​តេជោ​នាយករដ្ឋមន្ត្រីបាន​ជម្រាប​ជូន​ឯកឧត្តម ​អូបាម៉ា​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ពិសេស​សេរី​ភាព​ខាង​នយោបាយ នៅ​កម្ពុជា​មិន​ចាញ់​ស្ថាន​ភាពសិទ្ធិ​សេរី​នយោបាយ​នៅ​ប្រទេស​ជិតខាង​នោះ​ទេ។ ជា​ឧទាហរណ៍​ ប្រទេស​​ខ្លះ​គេមិន​ត្រឹម​តែ​រំលាយ​គណ​បក្ស​នយោបាយ​ចោល​ប៉ុណ្ណោះ​ទេ គេ​​ចាប់​​ទាំង​អ្នក​នយោបាយ​​ដាក់គុក​​ ហើយ​ហាម​ឃាត់អ្នក​នយោបាយ​មិន​ឲ្យ​ធ្វើ​នយោបាយ​ទៀត​ផង។ នៅ​ប្រទេស​កម្ពុជា​បាន​បើក​ចំហ​យ៉ាង​ទូលំទូលាយជូន​គ្រប់​គណបក្ស​ គឺ​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​​ឲ្យតែ​​ស្ថិតនៅ​ក្រោម​ ក្រប​ខណ្ឌ​នៃ​ច្បាប់​​។
សម្ដេចអគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន មាន​ប្រសាសន៍បញ្ជាក់​ថា ចំពោះ​មតិយោបល់​របស់​អ្នក​រាយ​ការណ៍​ពិសេស​ របស់​អង្គ​ការ​សហប្រជាជាតិ​ យោបល់​នោះ​គឺ​ជា​យោបល់​ល្អ​ហើយ ប៉ុន្តែ​​កម្ពុជា​​ក៏មាន​ច្បាប់​គ្រប់គ្រង​កិច្ច​ការងារ​បោះ​ឆ្នោត​ផងដែរ។​ សម្ដេច​តេជោ​បាន​លើក​ជា​ឧទាហរណ៍​ថា ច្បាប់​កម្ពុជា​បាន​តម្រូវ​ឲ្យ សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​នេះ ជាមនុស្ស​អព្យាក្រឹត​ ប៉ុន្តែ​ក្នុង​យោបល់​ដែល​អ្នក​រាយ​ការណ៍​ពិសេស​បាន​លើក​ឡើង គឺ​បាន​ស្នើឲ្យ​បញ្ចូល​សមាសភាព​ពី​គណបក្ស​ប្រឆាំង​ទៅ​ក្នុង​គណៈកម្មាធិ​ការ​ ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នោះ​ ដែល​ការ​នេះ​​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់។​
ទាក់ ​ទង​ទៅនឹង​បញ្ហា​ដី​ធ្លីនិង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ចេញ​ពី​ដី​ ដែល​គាត់​រស់​នៅ សម្ដេច​តេជោ​បាន​ទទួល​ស្គាល់​ថា ករណី​នេះ​មាន​ខ្លះ​នៅ​ពេល​កន្លង​ទៅ ដោយសារ​តែ​ប្រជាជន​មួយ​ចំនួន​ខ្លះ​​បាន​ទៅ​រស់​នៅ​ដោយ​ខុស​ច្បាប់​ទៅ​លើ​ដី​ នោះ​ ដូច្នេះ​​រាជ​រដ្ឋាភិបាល​ត្រូវ​បង្ខំ​អនុវត្ត​តាម​ច្បាប់ តម្រូវ​ឲ្យ​ពួក​គាត់​ចេញ ប៉ុន្តែ​សម្ដេច​តេជោ​បាន​សង្កត់​ធ្ងន់​ថា ករណី​នេះ​មាន​តិច​តួច​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ​ ចំពោះ​ប្រជាជន​ដែល​អត់​មាន​ដី​។ សព្វ​ថ្ងៃ​នេះ​យើង​កំពុង​ដំណើរ​ការ​នូវ​វិធាន​ការ​ថ្មី​លើ​នយោបាយ​ចាស់​ ​ដែល​នោះ​គឺ​ការ​វាស់​វែង​​ដី​ធ្លី​ ផ្ដល់​កម្មសិទ្ធិ​ប្រមាណ​២លាន​ហិកតា​ជូន​ប្រជាពលរដ្ឋ​យើង។ សម្ដេច​តេជោ​បាន​ទទួល​ស្គាល់​ថា មុន​នឹង​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​នេះ​ជា​ងកន្លះ​ឆ្នាំ​មុន​មាន​ទំនាស់​ដី​ធ្លី​ប្រាកដ​មែន​ ប៉ុន្តែ​ចាប់​តាំងពី​រាជ​រដ្ឋាភិបាល​បាន​អនុវត្ត​នូវ​វិធានការ​ថ្មី លើ​នយោបាយ​ចាស់​នោះ គឺ​ជម្លោះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី​បាន​រួម​នៅ​តូច​បំផុត។
សម្ដេច ​តេជោ​បាន​មានប្រសាសន៍ឲ្យដឹង​ថា កំណែ​ទម្រង់​លើ​វិស័យ​នេសាទ​និង​ដី​ធ្លី​នេះ គឺ​ជា​អាទិភាព​ធំ​២ របស់​រាជ​រដ្ឋាភិបាល​ក្នុង​គ្រា​បច្ចុប្បន្ន​នេះ។ ពាក់​ព័ន្ធ​នឹង​ការ​ព្រួយ​បារម្ភ​ដែល​បាន​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក អំពី​បញ្ហា​ចាប់​ឃុំ ប្រធាន​​ស្ថានីយ​វិទ្យុ​​មួយ​រូប​នោះ សម្ដេច​តេជោ​ពន្យល់​ថា មាន​ការ​យល់​ច្រឡំ​ថា មាន​ការ​ប៉ុនប៉ង​បំបិទ​សម្លេង​វិទ្យុ​នោះ ប៉ុន្តែ​ជា​ការ​ពិត​វិទ្យុនោះ​នៅ​មាន​ដំណើរ​ការ​ដដែល​ហើយ​នៅ​តែ​មាន​ ប្រជាប្រិយ​ភាព​ជា​ដដែល។
សម្ដេច​តេជោ​បាន​បញ្ជាក់ថា គឺ​បុគ្គល​ទេ​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់ ពី​ព្រោះ​បុគ្គល​នោះ​ធ្វើ​ខុស​ចំពោះ​ច្បាប់ ហេតុ​ដូច្នេះ​បុគ្គល​នោះ​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​ទៅ​នឹង​ច្បាប់។​
សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅ​កម្ពុជា​មិនមាន​អ្នក​ទោស​នយោបាយ​ទេ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ដែល​មាន​ទោស មាន​អ្នក​នយោបាយ​ដែល​ធ្វើ​ខុស​ចំពោះ​ច្បាប់ បើ​អ្នក​នយោបាយ​ធ្វើ​ខុស​ចំពោះ​ច្បាប់ អ្នក​នយោបាយ​នោះ​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់។
ឯកឧត្តម ​ប្រាក់ សុខុនរដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី បាន​បញ្ជាក់​ថា ឯកឧត្តម ​ប្រធានាធិបតីសហរដ្ឋអាមេរិក​បាន​អរគុណ​ចំពោះ​ការ​ពន្យល់​ទាំង​អស់​នេះ ហើយ​ឯកឧត្តម​ប្រធានាធិបតីបាន​បញ្ជាក់​សារជាថ្មី​ថា បំណង​របស់​ឯកឧត្ដមគឺ​ជា​បំណង​ចង់​ឃើញ​ស្ថាន​ភាព​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ កាន់​តែ​ប្រសើរឡើង​ ហើយ​ក្រុមការងារ​របស់​ឯកឧត្តម ​នឹង​បន្ត​ធ្វើ​ការ​​ជាមួយ​ក្រុមការងារ​​របស់​ កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ល្អ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​២កាន់​តែ​មាន​ ភាព​ប្រសើរ​ឡើង​ថែម​ទៀត​។ ឯកឧត្តម ​ប្រធានាធិបតី​ក៏បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​ចំពោះ​ពេល​វេលា​ដែល​មាន​តិច ​តួច​ពេក​សម្រាប់​ទស្សន​កិច្ច​របស់​ឯកឧត្តម ​នៅ​កម្ពុជា​ដែល​មិន​មាន​ពេល​វេលា​​គ្រប់​គ្រាន់​ ដើម្បី​ទស្សនា​ប្រទេស​កម្ពុជា​ដែល​ល្អ​ផូរផង់​​នោះ ព្រោះ​ថា​ក្រុម​ការងារ​របស់ឯកឧត្តម​រៀប​ចំ​តែ​កម្មវិធី​ប្រជុំ ​​៕