Tuesday, November 20, 2012

លទ្ធផល​​នៃកិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​ និង​​ប្រទេស​​ដៃគូ នៅ​ថ្ងៃ​ទី​១៩​ វិច្ឆិកា

ចេញផ្សាយថ្ងៃ: ( ២០ - វិច្ឆិកា - ២០១២ )

ថ្ងៃ​ទី១៩ ខែវិច្ឆិកា គឺ​ជា​ថ្ងៃទីពីរនៃកិច្ច​ប្រជុំកំពូ​ល​អាស៊ានជាមួយ​នឹង​ប្រទេស​ដៃគូ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា ឆ្នាំ​២០១២​។
ឯក​ឧត្តម កៅ គឹម​ហួន ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​មានប្រសាសន៍ឲ្យ​ដឹង​នៅ​ក្រោ យពី​បញ្ចប់​កិច្ចប្រជុំ ​រយៈពេល​ពេញ​មួយថ្ងៃ​នាល្ងាច​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១២ថា ​ការ​ប្រជុំ​ថ្ងៃទី១៩ ខែវិច្ឆិកានេះ​ រួមមាន​ចំនួន​៦កិច្ចប្រជុំ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារ​ណ​រដ្ឋ​កូរ៉េ, កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣,​ កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំ​អាស៊ាន-ចិន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក។
ឯកឧត្តម​ កៅ គឹម ហួន ​បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា​ ចំពោះ​កិច្ច​កំពូល​អាស៊ាន-ជប៉ុន ​គឺ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ​និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ បាន​លើក​ឡើង​ពី​បញ្ហា​មួយចំនួន​ក្នុង​ការ​ជំរុញ អនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​ជប៉ុន ​ទិសដៅ​ពី​ឆ្នាំ២០១១-២០១៥ និង​អនុវត្ត​ការងារ​រវាង​អាស៊ាន​-​ជប៉ុន ឲ្យ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​ពិសេស​ទៀត​គាំទ្រមូលនិធិ​ជប៉ុន​​ កិច្ច​សហប្រតិ​បត្តិការ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ និង​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​នៅ​ក្នុងអាស៊ាន និង​ការ​បង្កើត​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន-ជប៉ុន ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ពី​គ្រោះ​មហន្ត​រាយ។ បណ្តា​មេដឹកនាំ​អាស៊ាន-ជប៉ុន បាន​ស្វាគមន៍​ផែនការ​១០ឆ្នាំ នៃការ​អភិវឌ្ឍន៍​អាស៊ាន-​ជប៉ុន ដែល​បាន​អនុម័ត​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាស៊ាន និង​ជប៉ុន​ ជា​ពិសេស​គឺ​ការ​ធ្វើ​សមា​ហរណកម្ម​ទីផ្សារ​ និង​ការ​ពង្រីក​ផលិតផល។​
បណ្តា​មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍ ចំពោះ​ការ​រីក​ចំរើន​នៃ​ទំនាក់​ទំនង​អាស៊ាន-ជប៉ុន និង​​កិច្ច​ប្រជុំ​អាស៊ាន-ជប៉ុន ដែលនឹង​ប្រារព្ធ​ធ្វើ​ឡើងនៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​ក្នុង​អំឡុង​ខែធ្នូ​ ឆ្នាំ​២០១៣ ខាង​មុខ ក៏​ដូច​ជាការ​រំលឹក​ខួប​ទី​៤០ នៃ​ទំនាក់​ទំនងរាវាងអា​ស៊ាន-ជប៉ុន។ រដ្ឋាភិបាល​ជប៉ុន​បាន​គាំទ្រចំពោះ​តួនាទី​ស្នូល​របស់​​អាស៊ាន​ក្នុង​​តំបន់​។ អង្គ​ប្រជុំ​ក៏​បានផ្លាស់​ប្តូរ​មតិ​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងផងដែរ។
ចំពោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម ​កៅ គឹមហួន បាន​ឲ្យដឹងថា កិច្ច​ពិភាក្សា​បាន​ផ្ដោតទៅលើ​ការ​អនុវត្តន៍​ផែនការ​សកម្មភាព​រវាង​អាស៊ាន និង​កូរ៉េ​ និង​បាន​ស្វា​គមន៍​ចំពោះ​ការបង្កើត​ស្ថាន​បេសក​កម្ម​នៃសាធារណកូរ៉េប្រចាំនៅ​ទីក្រុង​ហ្សា​កាតា ​ហើយ​បញ្ហា​សំខាន់​ គឺ​ភាគី​ទាំង​សង​ខាង​បាន​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​អាស៊ាន-កូរ៉េ​ ឲ្យ​កើនឡើង ដោយ​សារ​​ឆ្នាំ​២០១១ ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​-​កូរ៉េ ​នេះ​ មាន​ទឹកប្រាក់​ជាង​១២៤ ​ពាន់​លាន​ដុល្លារ ហើយ​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ​ នឹង​ឡើង​រហូត​ដល់​ ១៥០០​ពាន់​លាន​ដុល្លារ​។ ជាមួយគ្នា​នោះ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​កូរ៉េ ​ក៏បាន​សំដែង​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការរីក​ចំរើន​ក្នុងការ​តភ្ជាប់​រវាង​អាស៊ាន​-​សាធារណរដ្ឋកូរ៉េ​ ផងដែរ។ ក្នុងនោះ​ក៏បាន​លើក​ពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ ដោយភាគី​ទាំងសងខាង​បាន​ជំរុញ​ឲ្យ​ឧបទ្វីប​កូរ៉េជា​តំបន់​​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ និង​ជំរុញ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ការ​ចរចា​៦​ភាគី​ឡើង​វិញ។
ចំណែក​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ ​ឯកឧត្តម កៅ គឹមហួន បាន​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ​ក៏បាន​ទទួលស្គាល់​អំពី​ការ​រីកចម្រើន​នៃ​ការ​អនុវត្តន៍​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​ និង​ផែនការ​នៃ​ការ​អនុវត្តន៍​អាស៊ាន​បូក​៣ សម្រាប់​ឆ្នាំ​២០០៧-២០១៧។ ជាពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ឯកភាព​ក្នុង​ការ​ត្រួតពិនិត្យ​ឡើង​វិញ ពាក់កណ្ដាល​អាណត្តិ​ សម្រាប់​ផែនការ​អនុវត្តន៍កិច្ច​ការ​អាស៊ាន​បូក៣ នេះ​។ ឯកឧត្តម​បាន​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បូក​៣ ក៏បាន​ស្វាគមន៍​ផង​ដែរ ​ចំពោះ​របាយការណ៍​នៃ​ក្រុម​ចក្ខុវិស័យ​ឆ្នើម​ ដែល​បាន​ដាក់​ជូន​របាយការណ៍​រួម ទាំង​សេចក្ដី​ប្រកាស​មួយចំនួន​ក្នុង​ការ​ពង្រឹង​ និងពង្រីកកិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​បូក​៣​នេះ។
ចំណែក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឥណ្ឌា​លើក​ទី​១០ ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹងថា ទី​១. ប្រមុខ​រដ្ឋា​ភិបាល​អាស៊ាន​-​ឥណ្ឌា​ ចង់​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​មាន​បច្ចុប្បន្ន​នេះ​ពី​៧០​ពាន់​លាន​ដុល្លារ​(២០១២) ឲ្យ​ឡើង​ដល់​ ២០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២​។ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន-ឥណ្ឌា ​នេះ ក៏​បាន​លើក​ឡើង​ពី​ការ​ចរចា​បញ្ចប់​តំបន់​ទីផ្សារសេរី​ ជាពិសេស​ទៅលើ​មុខទំនិញ​ឲ្យ​បាន ​មុន​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​ លើក​ទី​២០ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​២០-២១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទីក្រុង​ញូវដេល្លី ប្រ​ទេស​ឥណ្ឌា។
ឯក​ឧត្តម កៅ គឹមហួន បា​ន​បញ្ជាក់​ដែរ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន គឺ​បាន​ផ្ដោត​ទៅលើ​ខួប​លើក​ទី​១០​នៃ​សេចក្ដីថ្លែងការណ៍​រួម​DOC ដែល​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​អំពី​​ការ​បន្តការពិភាក្សាគ្នា​រវាង​អាស៊ាន​-​ចិន​ ក្នុង​ការ​អនុវត្តន៍​ពេញលេញ និង​មានប្រសិទ្ធ​ភាព​ចំពោះ DOC ​នេះ ​និង​ការចរចា​បន្តទៀត។
ឯក​ឧត្តម កៅ គឹមហួន បាន​បញ្ជាក់​ដែរ​ថា នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក ​នេះ​ដែរ ភាគី​ទាំង​ពីរ​បានលើកឡើង​ពីយុទ្ធ​សាស្ត្រ​នៃការ​កែលំអ និង​ជំរុញ​ទំនាក់​ទំនង​អាស៊ាន-អាមេរិក ក្នុង​នោះ​មានការ​ប្រជុំ​ប្រ​ចាំ​ឆ្នាំ​ជា​ទៀង​ទាត់ ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​អាមេរិក​មាន​ភាព​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ទាំង​អស់។ សហរដ្ឋ​អាមេរិក​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន​ ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន​មាន​តួនាទី​កាន់​តែ​សំខាន់​នៅ​ក្នុង​តំបន់៕