Friday, December 28, 2012

អាជ្ញាធរប្រេងកាតជាតិកម្ពុជាចុះហត្ថលេខាកសាងរោងចក្រ​ចម្រាញ់​ប្រេងកាត ទី១នៅកម្ពុជា



​កិច្ច​ព្រម​ព្រៀង​អាជ្ញា​ប័ណ្ណ​ស្ដីពី​ការសាងសង់ និងប្រតិបត្តិការ​រោងចក្រ​ចម្រាញ់​ប្រេងកា​តត្រូវ​បា​​ន​ធ្វើឡើង រវាង​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​តំណាង​ដោយ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី ទទួល​ទីស្តីការ​គណៈរដ្ឋមន្រ្តី​និង​ជាប្រ​ធានអាជ្ញាធ​រ​ប្រេង​កាត​កម្ពុជា​ជាមួយ​និង​លោក​ឧកញ៉ា ស៊ី គង់ទ្រីវ ប្រធាន ក្រុមហ៊ុន ខេមបូឌាន ភេ​ត្រូខេមី​ខល ខូអិល​ធីឌី(Cambodian Petrochemical Co.Ltd.) និង​ កិច្ចសន្យា​វិស្វកម្ម​ផ្គត់ផ្គង់​សម្ភារៈ និង សាង​សង់រោង​ចក្រចម្រាញ់​ប្រេងកាត ត្រូវបាន​ធ្វើ​ឡើង រវាង​លោក​ឧកញ៉ា ស៊ី គង់ទ្រីវ ប្រធាន​ក្រុមហ៊ុន​Cambodian Petrochemical Co.Ltd. ជាមួយ​ក្រុមហ៊ុន​ចិន ជាមួយ​និង​លោក សាង ស៊ូកាង (Zhang Sugang ) នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Sinomach China Perfect Machinery industry Corp. Ltd.,​
ពិធី​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង និង កិច្ចសន្យា​ដើម្បី​សាង​សង់​រោង​ចក្រ​ចម្រេញ់​ប្រេងកាត​នៅ​កម្ពុជា​នេះបាន ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ឧប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី ទទួលទីស្តីការ​គ​ណៈ​​រដ្ឋមន្រ្តី និង វត្តមាន​ឯកឧត្តម ផាង គ័ងស៊ា ​ឯក​អគ្គ​រដ្ឋទូត​ នៃ​សាធារណ​រដ្ឋប្រជាមា​និតចិន ប្រចាំ​កម្ពុជា​។
​តាមរយៈ​នៃពិធី​ចុះហត្ថ​លេខា​នេះ រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​ទឹកប្រាក់​វិនិយោគ ចំនួ​ន ២៣០០ លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​លេច​រូបរាង​ឡើងនៅ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ២០១៥ ខាងមុខនេះ​។ រោងចក្រ​ចម្រាញ់​ប្រេង​កាត ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពត​នោះក្រោយពីការ​សាងសង់រួច មានលទ្ធភាព​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ​។​

ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធា​ន​​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា បាន​បញ្ជាក់ថា "​ការជួបជុំ​គ្នា​នៅ​ថ្ងៃនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចព្រមព្រៀង​គោល​ស្តីពី​ ការសិក្សា​លទ្ធភាព​នៃ​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៅ​កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១១ រវាង​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា និង​ក្រុមហ៊ុន CPC ព្រមទាំង​ជា​សក្ខីភាព​នៃ​ជោគ​ជ័យ ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​រួមចំណែក​ដល់​ការ​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ចជាតិ​"​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លើកឡើង​ថា "​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​គម្រោង ដែល​​បាន​ចុះហត្ថលេខា​នាពេលនេះ នឹង​ជួយ​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ហើយក៏​អាច​រួមចំណែក​ធានា​ដល់​សន្តិសុខ នៃ​ការផ្គត់ផ្គង់​ថា​មពល​ក្នុងស្រុក​ផងដែរ​។ ការវិនិយោគ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ការបោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត ក្នុង​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ដែល​នេះ​មិន​ត្រឹមតែ​បង្កើត​កាលានុវត្ត​ភាព​ការងារ​បង្កើន​សមត្ថភាព​ជំនាញ និង​ការផ្ទេរ​បច្ចេកវិទ្យា​ក្នុង​វិស័យ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ជាតិ សំដៅ​រួមចំណែក ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​"​។​

ជាមួយនិងការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការសម្រេចចិត្ត វិនិយោគ​របស់​ក្រុម​ហ៊ុ​ន​ទាំងពីរ ក្នុង​ការរួមចំណែក​អភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជាក៏ដូចជាបានជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជា​ពិសេស​ការអនុវត្ត​កិច្ចសន្យា​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អានបានមានប្រសាសន៍បញ្ជា់ថា “ការចុះហត្ថលេខា​ថ្ងៃនេះ នឹង​បញ្ជូន​សញ្ញា​វិជ្ជមាន​មួយ​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ឱ្យ​ចូលរួម​វិនិ​យោគ​ក្នុង​វិស័យ​ដ៏​មាន​សក្តានុពល​នេះ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​វឌ្ឍនភាព​សង្គម​"​។

ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មានប្រសាសន៍វាយតំលៃថា រោងចក្រ​ចម្រាញ់​ប្រេងកាត ទី​១ នៅ​​កម្ពុជា​នេះ នឹង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ការងារ​ធ្វើ​ដល់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា ព្រម​ទាំង​ការ​ចម្រាញ់​ប្រេង សម្រាប់​ប្រើ​ប្រាស់​​ក្នុងស្រុក​ផង និង​សម្រាប់​នាំ​ចេញ​ផង​។

​តំណាង​លោកឧកញ៉ា ស៊ី គង់​ទ្រី​វ ប្រធាន​ក្រុមហ៊ុន Cambodian Petrochemical Company Limited ( CPC ) បានឱ្យដឹងថា ក្នុង​ជំនាន់​សង្គម​រាស្ត្រនិយម ក្នុង​កំឡុង​ទសវត្សរ៍ ៦០ ក្រោម​ការដឹកនាំ​របស់​សម្តេច​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ កម្ពុជា​ធ្លាប់​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ខ្មែរ​ចម្រាញ់​ប្រេងកាត និង​ភា​គី​​បារាំង គឺ​ក្រុមហ៊ុន អែល អ៊ុយ​នី​ញ៉ុង ( ELF-UNION ) ដែល​មាន​សមត្ថភាព​ផលិត ៤៥ ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​។ រោងចក្រ​នោះ បាន​បើក​ដំណើរការ នៅ​ឆ្នាំ​១៩៦៨​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​សង្គ្រាម ហើយ​ត្រូវបាន​ខូចខាត​ទាំងស្រុង ហើយ​នៅ​មាន​សល់​​ស្លាកស្នាម​តិច​តួ​ចណាស់ ដោយ​ពេលវេលា​បាន​កន្លង​ផុត​ច្រើន​ឆ្នាំ​ទៅ​ហើយ​។​

​តំណាង​ក្រុមហ៊ុន
 ខេមបូឌាន ភេត្រូខេមីខល ខូអិលធីឌី( Cambodian Petrochemical Co.Ltd.) បាន​លើកឡើង​ថា ក្រោយពេល​សាងសង់​រួច រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ មាន​សមត្ថភាព​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ ដែល​នាំ​ឲ្យ​កម្ពុជា នឹង​ក្លាយខ្លួន​ពី​ប្រទេស ដែល​ពឹង​ផ្អែក​តែ​ទៅលើ​ការនាំ​ប្រេង​ចូល ទៅ​ជា​ប្រទេស​ផលិត​ប្រេង និង​ឈាន​ទៅ​ធ្វើ​ជា​អ្នក​នាំ​ប្រេង​ចេញទៅ​ទីផ្សារ​ពិភពលោក​។​
លោក Zhang Sugang នាយកចាត់ការទូទៅក្រុមហ៊ុន​ចិន Sinomach China Perfect Machinery industry Corp. Ltd., បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ មានតម្លៃ​វិនិ​យោគ​​ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣៦ ខែ ដោយ​នឹង​ដា​ក់ឲ្យប្រតិបត្តិការ នៅ​ឆ្នាំ​២០១៥​។ ក្នុង ១​ឆ្នាំ រោងចក្រ​នោះ អាច​ផលិត​ប្រេង​បាន ៥ លាន​តោន សម្រាប់​ប្រើប្រាស់​នៅក្នុង​ស្រុក និង​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។ រោងចក្រ​នោះ ក៏​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ៤.០០០ នាក់​។ ចំណែក​កាក​សំណល់​ពី​ការ​ចម្រាញ់​ប្រេង​កាត​នោះ ក៏​នឹង​ត្រូវ​ប្រើប្រាស់ សម្រាប់​​ផលិត ជា​ផលិតផល​ប្រើប្រាស់ ដូចជា បំពង់ទីប ជាដើម ដែល​នឹង​ទទួល​ចំណូល​​បាន​ប្រមាណ ១៥.០០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​៕