Friday, December 28, 2012

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួល​​បន្ទុក​​​​​​​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ក្នុង​ពិធីចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​​​​​​​​អាជ្ញា​ប័ណ្ណ​ស្ដីពី​ការ​ សាងសង់ និងប្រតិបត្តិការ​​រោងចក្រ​ចម្រាញ់ប្រេងកាត និងលើ​កិច្ចសន្យាស្តីពីវិស្វកម្ម ការផ្គត់ផ្គង់សម្ភារៈ និងការ​សាងសង់​រោងចក្រចម្រាញ់ប្រេងកាត

ទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២
 
-  ឯកឧត្តម Pan Guangxue ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
-  លោកឧកញ៉ា គង់ ទ្រីវ អគ្គនាយកក្រុមហ៊ុន Cambodian Petrochemical Co., Ltd.
-  លោក Zhang Sugang នាយកចាត់ការទូទៅក្រុមហ៊ុន​ SINOMACH CHINA PERFECT MACHINERY​ INDUSTRY CORP. LTD.
-  ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិនិងអន្តរជាតិ​ទាំងអស់ ក្នុងពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​​​​​​​ អាជ្ញាប័ណ្ណស្ដីពីការសាងសង់ និងប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងកាតរវាង​អាជ្ញាធរ​ប្រេង​កាត​ជាតិ​ កម្ពុជា ជាមួយក្រុមហ៊ុន Cambodian Petrochemical Co., Ltd. (CPC) និង លើ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម ការផ្គត់ផ្គង់សម្ភារៈ និងការ​សាងសង់​រោងចក្រចម្រាញ់ប្រេងកាត រវាង​ក្រុមហ៊ុន CPC និង​ក្រុមហ៊ុន ​SINOMACH​ CHINA PERFECT MACHINERY​ INDUSTRY CORP. LTD.។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូម​សម្តែង​នូវ​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ថ្នាក់ដឹក​នាំ​ និង​មន្ត្រី​​រាជការ​​គ្រប់លំ​ដាប់​ថ្នាក់របស់​អាជ្ញាធ​រ​ប្រេងកាតជាតិ​ កម្ពុជា  ដែលបានខិតខំប្រឹង​ប្រែង​បំពេញ​​ ​​ការងារដោយទទួល​បាន​លទ្ធផល​គួរជាទីមោទនៈ ជាពិ​សេស​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​​ក្នុង​ការ​ទាក់​ទាញ​ និង​សហការ​​​យ៉ាងស្អិតរមួតជាមួយ​បណ្តា​​វិនិយោគិន​ជាតិនិងអន្តរ​ជាតិ​ក្នុង​ ការសិក្សា​ស្រាវ​​ជ្រាវ និង​អភិវឌ្ឍន៍វិស័យប្រេងកាត​នៅកម្ពុជា។ ការជួបជុំគ្នានៅថ្ងៃនេះ​ ឆ្លុះបញ្ចាំងឱ្យឃើញ​ពី​លទ្ធផល​ជាផ្លែផ្កា​នៃ​កិច្ច​ព្រម​ព្រៀង​គោល​ស្តី​​ពី​ ការសិក្សា​លទ្ធភាពនៃ​ការសាងសង់​រោង​ចក្រ​ចម្រាញ់​ប្រេង​កាតមួយនៅ​កម្ពុជា​ ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ រវាង​អាជ្ញាធរប្រេងកាត​ជាតិកម្ពុជា  និងក្រុមហ៊ុន CPC ព្រមទាំង​ជាសក្ខីភាពនៃជោគជ័យ​ក្នុងការអនុវត្ត​គោល​នយោបាយ​របស់​ រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិ​ត​របស់​ សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ការ​ទាក់​ទាញ​វិនិយោគិនទាំងក្នុង និង​ក្រៅ​​​​ប្រទេស ដើម្បី​រួម​ចំណែក​ដល់​ការ​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​ជាតិ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់​ ក្រុម​ហ៊ុន​ CPC ដែលជា​ក្រុម​ហ៊ុន ក្នុងស្រុកសហការវិនិយោគលើវិស័យប្រេងកាតកម្ពុជាជាមួយ​​ក្រុម​ហ៊ុន​បរទេស​ ​SINOMACH CHINA PERFECT MACHINERY​ INDUSTRY CORP. LTD.​ ដែល​ជាក្រុមហ៊ុន​មាន​បទពិសោធ និងសមត្ថភាពខ្ពស់ក្នុងការសាងសង់រោង​ចក្រ​ចម្រាញ់​ប្រេងកាត។ ខ្ញុំមាន​ជំនឿ​យ៉ាងមុតមាំថាគម្រោង​​ ដែលបានចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យ​ការអភិវឌ្ឍ​វិស័យ​ប្រេង​កាត​នៅ​កម្ពុជា​កាន់តែ​ល្អ​ ប្រសើរឡើងថែមទៀត ហើយក៏អាចរួមចំណែកធានាដល់​សន្តិសុខ​នៃ​ការ​ផ្គត់​ផ្គង់ថាមពលក្នុងស្រុកផងដែរ។ ​​ ការវិនិយោគនេះ បញ្ជាក់យ៉ាងច្បាស់​នូវ​ការបោះជំហាន​ទៅ​មុខ​មួយជំហានទៀត ក្នុងការ​​អភិវឌ្ឍ​វិស័យ​ប្រេង​កាតនៅកម្ពុជា​ ដែលនេះ​មិនត្រឹម​តែ​​បង្កើត​កាលា​នុវត្តភាព​ការងារ​ បង្កើនសមត្ថភាពជំនាញ​ និងការផ្ទេរបច្ចេកវិទ្យា​ក្នុងវិស័យ​នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច​ជួយបង្កើន​ប្រាក់ចំណូលជាតិ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាជន​​។

ឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា អស់លោក លោកស្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ត វិនិយោគ​របស់​ក្រុមហ៊ុនទាំងពីរ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យប្រេងកាតនៅកម្ពុជា​ ហើយខ្ញុំសូមជំរុញ និង​លើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជាពិសេស ការ​អនុវត្តកិច្ចសន្យាសាងសង់រោងចក្រចម្រាញ់ប្រេងកាត ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ខ្ពស់។ ជាមួយគ្នានេះដែរ ខ្ញុំសង្ឃឹមថាការចុះ​ហត្ថលេខាថ្ងៃនេះ នឹងបញ្ជូនសញ្ញា​វិជ្ជមានមួយដល់​វិនិ​យោគិនទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមវិនិយោគក្នុងវិស័យដ៏មានសក្តានុពលនេះ​កាន់តែ​ច្រើន​ឡើងថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាព និង​វឌ្ឍន​ភាព​សង្គម​។

 ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អ​​ ទទួលបានជោគជ័យគ្រប់ភារកិច្ច​​ និង​មាន​សុភមង្គល​ក្នុងក្រុមគ្រួសារ និងសូមជូនពរឱ្យ​ក្រុមហ៊ុន CPC និងក្រុមហ៊ុន SINOMACH​ CHINA PERFECT MACHINERY​ INDUSTRY  សម្រេច​បានជោគជ័យក្នុងគ្រប់ធុរកិច្ច​របស់ខ្លួន។
សូមអរគុណ!