Friday, December 28, 2012

សម្តេច​​​តេជោ​ស​ម្ពោ​​ធ​ដាក់​​ឲ្យ​​ដំណើរ​ការ​រោង​ចក្រ​​ផលិត​ស្ករស​​សាង់​​សង់​​ក្នុង​​តំបន់​​ដែល​ចាប់​​ផ្តើម​អនុវត្តន៍​​នយោបាយ​​ឈ្នះ​ឈ្នះ



សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ចាត់​ទុក​រោងចក្រ​ផលិត​ស្ករ របស់​ក្រុម​ហ៊ុន​ភ្នំពេញស៊ូរ​ហ្គ័​រ ដែលត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​​ជាផ្លូវការ នា​​ព្រឹក​ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ​២០១២ ស្ថិត​នៅ​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ថា ជាសមិទ្ធ​ផលដែលបាន​កកើត​ឡើង​នៅ​ក្នុង​តំបន់​អតីត​សង្គ្រាម និងការ​ចាប់ផ្តើម អនុវត្ត​នយោបាយ​ឈ្នះឈ្នះ​ ដែល​នាំមក​នូវ​សន្តិភាព​នៅ​ទូទាំង​ប្រទេស​រហូត​មក​​ដល់​សព្វ​ថ្ងៃ​នេះ។
ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​រោងចក្រ​ផលិត​ស្ករ របស់​ក្រុមហ៊ុន​ភ្នំ​ពេញ​ស៊ូរហ្គ័រ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា តំបន់​នេះ ​(ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ) ជា​​តំបន់​ដ៏​កំសត់​កម្រ និង​ជា​តំបន់ដែល​ជោគ​ជាំ​ដោយ​ឈាម និង​ទឹកភ្នែក​ពី​អតីត​កាល ហើយ​ដែល​យើង​បាន​ប្រែ​ក្លាយ​ឲ្យ​ទៅជា​តំបន់ ដែល​មាន​ការ​អភិវឌ្ឍ​មួយ ​គឺ​ការ​បង្កើត​រោងចក្រ​ផលិត​ស្ករស​ខ្នាត​ធំ​មួយ​នេះ។
សម្តេច​តេ​ជោ​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា នៅ​ក្នុង​សវនាការ​កាត់ទោស កាំ​ង ហ្គិ​ច​អៀវ ហៅ​ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង ​គេ​បាន​ឃើញ​ប្រវត្តិ​ជា​ច្រើន​ទាក់ទង​នឹង​សោក​នាដកម្ម​នៅ​ក្នុង​តំបន់​អម​លាំង​នេះ តាំងពី​សម័យ​មុន​បន្តិច​មុន​រដ្ឋប្រហារ និង​ក្រោយ​រដ្ឋប្រហារ និង​ក្នុង​របប ប៉ុល ពត។ សម្តេច​តេ​ជោ​ថ្លែង​ថា ពិតណាស់​បន្ទាប់ពី​យើង​បាន​អនុវត្តន៍នូវ​គោល​នយោបាយ​ផ្សះផ្សា​ជាតិ ហើយ​តាមរយៈ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​មួយ​ផ្នែក និង​បន្ទាប់​មក​ទៀត​​អ្វី​ដែល​យើង​ដោះ​ស្រាយ​ចុងក្រោយ​ គឺ​ខ្មែរ និង​ខ្មែរ​ដោះស្រាយ​ដោយ​ខ្លួនឯង ដែល​នោះ​គឺនយោបាយ​ឈ្នះឈ្នះ បញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ១៩៩៨ ហើយ​ដែល​តំបន់​នេះ​បញ្ចប់​នៅ​ដើមឆ្នាំ១៩៩៦។
ក្នុងឱកាស​នោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​ដល់​អនុស្សាវរីយ៍​ពេល​ដែល​លោក​ឧត្តម​សេនីយ៍ កែវ ពង្ស ដែលជា​អតីត​មេ​ខ្មែរក្រហម​នៅ​តំបន់​នេះថា ​ជា​អ្នក​ដែល​បាន​ទទួល​យក​ និង​អនុវត្តន៍​​នយោបាយ​ឈ្នះឈ្នះ រ​បស់​សម្តេច។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា លោក កែវ ពង្ស ជា​មេ​ខ្មែរ​ក្រហម​នៅ​ទី​នេះ វា​ជា​កេរ្តិ៍ដំណែល​ប្រវត្តិ​សាស្ត្រ​នៃ​សង្គ្រាម ប៉ុន្តែ​គាត់​បាន​អនុវត្តន៍​នូវ​នយោបាយ​ឈ្នះឈ្នះ ទទួលយក​នូវ​នយោបាយ​របស់​រាជ​រដ្ឋាភិបាលដែ​ល​​ពេល​នោះ​ខ្ញុំ​បាន​ដាក់​ចេញ និង​ដឹកនាំ​ដោយ​ផ្ទាល់​នូវ​ការអនុវត្ត​នយោ​បាយ​ឈ្នះឈ្នះ ហើយ​ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ធ្វើ​ឲ្យ​សង្គ្រាម​បាន​ផុត​រលត់​ទៅ។ មិន​ត្រឹមតែ​តំបន់​ឱ​រ៉ា​ល់ និង​អម​លាំង​របស់​យើងនោះ​ទេ ជាពិសេស​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​ទទួលផល​ពី​នយោបាយ​ឈ្នះឈ្នះ ដែល​បាន​និង​កំពុង​ប្រែក្លាយ​តំបន់​អតីត​សមរ​ភូមិ​ឲ្យ​ក្លាយ​ទៅ​ជា​ទីផ្សារ និង​ការ​អភិវឌ្ឍ។ សម្តេច​តេ​ជោ​បានឲ្យ​ដឹង​​ថា លោក កែវ ពង្ស បាន​ដឹកនាំ​កម្លាំង​នៅ​តំបន់​នេះ យើង​បាន​គ្រប់​គ្រង​តំបន់​នេះ​តាំង​ពី​ដើម​ឆ្នាំ​១៩៩៦ ហើយ​ចាប់ពី​តំបន់​នេះ​យើង​បាន​ចាប់​ផ្តើម​ពី​ចំណុច​នេះ យើង​អនុវត្ត​នយោបាយ​ឈ្នះឈ្នះ​ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។
សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ឥឡូវ​តំបន់​នេះ ​យើង​បាន​និង​កំពុង​តែ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅជា​តំបន់​ផលិតកម្ម តំបន់​ដែល​មាន​ការ​អភិវឌ្ឍ ហើយ​ថ្ងៃនេះ​សមិទ្ធផល​ដែល​បាន​កើត​ឡើងពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យុង​ផាត់ ដែល​ការ​វិនិ​យោគ ការ​អភិវឌ្ឍ ការទាក់ទាញ​វិនិយោគ​មិន​ថា​ក្នុង​ ឬ​ក្រៅ​ប្រទេស តម្រូវការ​ជំហាន​ដំបូង​គឺ​តម្រូវ​ការ​បញ្ហា​សន្តិភាព ព្រោះ​បើគ្មាន​សន្តិភាព​ទេ កុំ​និយាយ​អំពី​ការអភិវឌ្ឍ ត្រូវ​និយាយ​ពី​ការ​ត្រៀម​រត់គេច​ពី​សង្គ្រាម ​ដូចដែល​ប្រជា​ពល​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ឆ្នាំ១៩៧០មក ​ប្រទេស​កម្ពុជា​ពុំ​មាន​ការអភិវឌ្ឍ​ទេ ព្រោះ​យើង​បាន​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​កម្រិត​សូន្យ។
សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​កោត​សរសើរ​ដល់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូរ​ហ្គ័​រ ដែល​បាន​ទទួល​យក​អនុសាសន៍​របស់សម្តេច ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ ជាពិសេស​គឺ​រៀប​ចំ​ផ្ទះ​​កម្មករ ដែល​មិន​តម្រូវ​ឲ្យ​មានការ​បង់ថ្លៃ និង​បាន​ក្លាយជា​គំរូ​សម្រាប់​ក្រុមហ៊ុនដទៃៗទៀត។​ សម្តេច​តេជោសែន មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​អរគុណ និង​កោត​សរសើរ​ចំពោះ​ក្រុម​ហ៊ុន ដែល​បាន​កែច្នៃ​កាក​អំពៅ​យក​ទៅ​ផលិត​ជា​អគ្គិសនី​ប្រើប្រាស់​ក្នុង​រោងចក្រ និង​លក់​ទៅ​ឲ្យ​អគ្គិ​ស​នី​កម្ពុជា និង​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ជិ​ត​ខាង​នេះ។
មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរសម្តេច​តេជោនាយករដ្ឋមន្ត្រី ក៏​បានប្រកាសដាក់ចេញ​នូវ​វិធាន​ការ និង​អំពាវនាវឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ តាមរយៈ​ការ​ត​បណ្តាញ​ទឹក​ចូលទៅ​ក្នុង​ក្រុមហ៊ុន សហគ្រាស ឬក៏​សណ្ឋាគារសម្រា​ប់​​ពន្លត់​អគ្គីភ័យ បើសិនជា​មាន​ឧបទ្ទវហេតុ​កើតឡើង ព្រម​ទាំង​ទិញ​ឡាន​ទឹកសម្រាប់​ប្រ​ចាំ​ការ​។​
​សម្តេចតេជោ​បាន​មានប្រសាសន៍ថា "​ក្នុងពេល​គណៈ​រដ្ឋមន្ត្រី​ប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពីការ​បង្ការ និង​ពន្លត់​អគ្គីភ័យ កាលពីពេល​កន្លង​មក ក៏​មាន​ការលើក​ឡើង​អំពី​អនុ​ក្រឹត្យ​​មួយ ដែល​និយាយ​ពី​ការសាងសង់​បូរី ដែល​តម្រូវឲ្យ​មាន​ការសាង​សង់​នូវ​ប្រព័ន្ធ​សុវត្ថិភា​ពសម្រាប់​ការ​ពន្លត់អគ្គីភ័យ ដោយ​ប្រើ​ទុយោ​ចូល​ទៅ​។ អីចឹង​ទេ ថ្ងៃនេះសូម​អំពាវនាវ​ក្រុមហ៊ុន​ទាំងអស់ អ្នក​ដែល​មាន​សណ្ឋាគារ​ខ្នាត​ធំ អ្នក​ដែល​មាន​រោងចក្រ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ត្រូវ​ខិតខំ​ធ្វើ​ការងារ​ពីរ​។ ទី​១-​ទាញ​បណ្ថាញ​ទឹកចូលទៅក្នុង​តំបន់​រោងចក្រ ឬ​សណ្ឋាគារ​របស់​ខ្លួន​។ បើ​មាន​អគ្គីភ័យ​ភ្លាម មិនចាំបាច់​ដឹក​ទឹក​ពី​ចម្ងាយ​ទេ គឺ​យក​ទឹក​នៅ​នឹង​កន្លែង ដើម្បី​បាញ់​ពន្លត់​។ អា​នឹងសូម​អំពាវនាវ​ចំពោះ​បណ្តា​សហគ្រាស រោងចក្រ និង​ក្រុមហ៊ុន​នានា សូម​ឲ្យធ្វើ​ការងា​រនឹង រាប់​ទាំង​ស្ថាប័ន​រដ្ឋ ក៏​ធ្វើ​ដែរ ព្រោះ​ភ្នំពេញសព្វថ្ងៃ មាន​ការកកស្ទះ​ចរាច​រណ៍​...​។ ទី​២-​អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ សណ្ឋាគារ និង​តំបន់​សេដ្ឋកិច្ច​ពិសេស នាំ​ចូល​មក​រថយន្ត​ពន្លត់​អគ្គីភ័យ ព្រោះ​បើ​រង់ចាំ​តែ​អន្តរាគមន៍ដោយ​អង្គភាព​ពន្លត់​អគ្គីភ័យ​សុទ្ធសាធ គឺ​មិន​គ្រប់គ្រាន់​ទេ​។ អីចឹង បើ​កន្លែង​មួយៗ អាចរួមចំណែក​បាន​នូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​មួយ​គ្រឿង ឬ​ពីរ​គ្រឿង នៅ​​ប្រចាំ​រោងចក្រ នៅ​ប្រចាំ​សណ្ឋាគារ វា​នឹង​ជួយ​រួមចំណែក​ធំ​ណាស់​"​។​
​សម្តេច​​​តេជោសែន ​បាន​មានប្រសាសន៍បញ្ជាក់​ថា បើសិនជា​រោងចក្រ សហគ្រាស ក្រុមហ៊ុន ឬក៏​សណ្ឋាគារ មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ប្រចាំការ គឺ​មិន​ត្រឹមតែ​ជួយ​ដល់​រោងចក្រ​សហគ្រាស​នោះ​ផ្ទាល់​ទេ តែ​ក៏​អាចរួមចំណែក​ជួយ​ដល់​សហគមន៍​ថែម​ទៀត នៅពេលដែល​មាន​អគ្គីភ័យ កើតឡើង​ដោយ​ចៃដន្យ​ណាមួយ​កើតឡើង​។​

​ជាមួយគ្នា​នោះ សម្តេច​តេជោសែន ក៏​បាន​ប្រកាស​មិន​យក​ពន្ធ​លើ​ការនាំ​ចូល​រថយន្ត​ពន្លត់​អគ្គីភ័យសម្រាប់​ក្រុមហ៊ុន សហគ្រាស​ឡើយ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ ឬ​ក៏​រថយន្ត​ពេទ្យ​សម្រាប់​​សង្គ្រោះបន្ទាន់ ក៏​ត្រូវបាន​សម្តេច​តេជោអនុញ្ញាត​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស អាច​នាំ​ចូល​រថយន្ត​ទាំងនោះ ទោះជា​ចង្កូត​ស្តាំ​ក៏ដោយ​។​
ឯកឧត្តម កង ហ៊ាង អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ​មាន​សក្តានុពល​ក្នុងការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល ដែល​មកដល់ពេលនេះ ខេត្ត​មាន​រោង​ចក្រ​​ធុន​តូច ធុន​មធ្យម និង​ធំ​សរុប​ចំនួន ៦៦រោងចក្រ និង​មាន​កំលាំង​ពលកម្ម​សរុប​ជាង ៨ ម៉ឺន​​នាក់។ ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍​បន្តថា ការងារ​វិនិយោគ​លើ​វិស័យ​ក​សិ-ឧស្សាហ​កម្មាន​ចំនួន ២៣ក្រុមហ៊ុន ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​វិនិយោគ​ក្នុង​ខេត្ត​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន២០ បាននិងកំពុង​ដំណើ​រការ​សកម្មភាព​របស់​ខ្លួន​លើ​ផ្ទៃដី​វិនិយោគ​ប្រមា​ណ ៩០ពាន់​ហិកតា និង​បានផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ ៦០០០នាក់ ​ក្នុង ១ថ្ងៃ។
ឯកឧត្តម ​​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ​មានប្រសាសន៍ថា រោងចក្រ ផលិត​ស្ករស ដែល​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅពេលនេះ​មាន​ចំនួន ១២អគារ នៅក្នុង​ដំណា​ក់​កាលទី១ មាន​សមត្ថភាព​ទទួល​អំពៅ​ស្រស់​ដើម្បី​គាប​យក​ទឹកបាន​ចំនួន ៦០០០តោន និង​ផលិត​​ជា​ស្ករសបាន ៦០០តោន ​ក្នុង១ថ្ងៃ។ នៅ​ដំណាក់កាល​ទី២ មាន​សមត្ថភាព​ទទួល​អំពៅ​ស្រស់ដើម្បី​គាប​យកទឹកបាន ១៤ពាន់​តោន និង​ផលិត​ជា​ស្ករ​សបាន ១៥០០តោន ក្នុង១ថ្ងៃ និង​​មានលទ្ធភាព​ទទួលកម្មករ​បំរើការ​ចំនួន ១ម៉ឺន​នាក់។ លោក​ឧកញ៉ា​ថ្លែងបន្តថា ក្រៅពី​ការ​ផលិត​​ស្ករស​កាក​អំពៅ​យកទៅផលិត​អគ្គិសនី ក្នុងនោះ​ដំណាក់​កាល​ទី១ នៅ​ឆ្នាំ២០១២-២០១៣ ក្រុមហ៊ុន​មានលទ្ធភាព​ផលិត​អគ្គិសនី​បាន ១៤,៧មេ​ហ្កា​វ៉ា​ត់ ប្រើប្រាស់​ក្នុង​រោងចក្រ និង​សល់ ៥គីឡូវ៉ាត់ លក់​ជូន​អគ្គិសនី​កម្ពុជា។ ជំហាន​ទី២ ឆ្នាំ២០១៣-២០១៤ ផលិត​អគ្គិសនី​បាន ២៩,៥មេ​ហ្កា​វ៉ា​ត់ ​សំរាប់​ប្រើប្រាស់​ក្នុង​រោងចក្រ និង​សល់ ១៤,៥មេ​ហ្កា​វ៉ា​ត់ ល​ក់​ជូន​អគ្គិសនី​កម្ពុជា ជាមួយគ្នានេះ​ ក្រុមហ៊ុន​បានធ្វើការ​វិនិយោគ​ខ្សែបណ្តាញអគ្គិសនី១ខ្សែ ​ភ្ជាប់​ជា​មួយនឹង​បណ្តាញ​អគ្គិសនី​កម្ពុជា​ពី​ថ្នល់ទទឹង​ដល់​រោងចក្រ​ប្រវែង ៦៨ ៥០០ម៉ែត្រ។
សូម​បញ្ជាក់​ថា មកដល់ពេលនេះ ​កម្ពុ​ជា​មាន​រោងចក្រ​ផលិត​ស្ករស​ជាច្រើន ដែល​រោងចក្រ​មួយ​​នៅក្នុង​ខេត្តកោះកុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ រោង​ក្រ​នៅ​ក្នុង​​ខេត្ត​ក្រចេះ​វិនិយោគ​ដោ​យ​​ក្រុមហ៊ុន​មកពី​ឥណ្ឌា រោងចក្រ​ផលិត​ស្ករស​នៅ​ក្នុង​ស្រុក​ថ្ពង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ខ្មែរ និង​រោងចក្រ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់​វិនិ​យោគ​ដោយ​ក្រុមហ៊ុន​ចិន ដែល​បានទទួល​ការអនុញ្ញាត​រួច​ហើយ។
រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន​ភ្នំពេញស៊ូរ​ហ្គើ​រ របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ដែល សាង​សង់​ហើយ​រួចរាល់​ចំណាយ​អស់​ថវិកា ១៥០លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​តាម​គម្រោ​ង​​ការ​វិនិយោគ​នេះ​នឹង​តម្លើង​រហូតដល់ ២៥០លាន​ដុល្លារ ​នៅពេល​អនាគត៕