Thursday, December 20, 2012

សេចក្តី​ប្រកាស​​របស់​​ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌពិភព​លោក និងជា​ឧបនាយករដ្ឋមន្រ្តី​ នៃរាជ​រដ្ឋាភិបាលកម្ពុជា



សេចក្តីប្រកាសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
និងជាឧបនាយករដ្ឋមន្រ្តី​ នៃរាជរដ្ឋាភិបាលកម្ពុជា
(រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០១២)

កាលពី២០ឆ្នាំមុន ពោលឲ្យចំគឺនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុង Santa Fè សហរដ្ឋ អាមេរិក គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី១៦ បានសម្រេចចុះរមណីយដ្ឋាន អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( របស់អង្គការយូណេស្កូ)។

សេចក្តីសម្រេចនេះមានលក្ខណៈថ្មីពុំធ្លាប់មានពីមុនមក និងប្រកបដោយភាពក្លាហានសម្រាប់ សម័យនោះ សម្តែងឲ្យឃើញយ៉ាងច្បាស់នូវក្តីកង្វល់របស់សហគមន៍អន្តរជាតិចង់ធ្វើសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាដោយប្រសិទ្ធភាពនិងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្នុងការអភិរក្ស ដែលកំពុងតែចោទចំពោះប្រាសាទទាំងឡាយ នៅក្នុងតំបន់បុរាណវិទ្យាដែលមានផ្ទៃដី ៤០.០០ ហិកតា លាតសន្ធឹងនៅចន្លោះតំបន់រលួសនៅខាងត្បូង និងតំបន់បន្ទាយស្រីនៅខាងជើង។

តាំងពីពេលនោះមក សកម្មភាពអន្តរជាតិដែលធ្វើបន្តជាប់ឥតដាច់និងមានទ្រង់ទ្រាយធំ បាន ដំណើរការក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការយូណេស្កូ និងដោយមានប្រទេសបារាំង និងជប៉ុន ធ្វើ ជាសហប្រធាន។ សព្វថ្ងៃប្រទេសចំនួន១៦ មកពីទ្វីបទាំង៤ មានក្រុមប្រតិបត្តិករ ចំនួន៣៦ក្រុម កំពុង អនុវត្តគម្រោងចំនួន៦៤ ដែលប្រើប្រាស់ថវិកា២៥០លានដុល្លារអាមេរិក។

សាធារណមតិជាតិនិងអន្តរជាតិមូលមតិគ្នាវាយតម្លៃថា សមិទ្ធផល​ដែលបាន​កសាង​កន្លងមក គឺវិសេសវិសាលណាស់។​ មុនឆ្នាំ១៩៩៣ ដែលប្រារព្ធសន្និសីទអន្តរជាតិស្តីពីអង្គរ នាទីក្រុងតូក្យូនិង ការបង្កើតគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ (C.I.C.) រមណីយដ្ឋានអង្គរប្រកបទៅដោយ​​គ្រាប់មីនហើយប្រាង្គប្រាសាទស្ថិតក្នុងស្ថានភាពប្រឈមនឹងគ្រោះ ថ្នាក់។ ការជួញដូរខុសច្បាប់និងការលួចសម្បតិ្តវប្បធម៌ប្រព្រឹត្ត ទៅហាក់ដូចជាមិនញញើតសមត្ថកិច្ច បន្តិចឡើយ។ ប្រជាពលរដ្ឋតាមភូមិឃុំនានាក្នុងរមណីយដ្ឋានអង្គរភាគច្រើនមានជីវភាពក្រីក្រ។

តាំងពីឆ្នាំ១៩៩៣មក រមណីយដ្ឋានអង្គរចាប់ផ្តើមរស់ឡើងវិញយ៉ាងពេញទំហឹង។ បន្ទាប់ពី សន្និសីទអន្តរជាតិក្រុង Paris ឆ្នាំ២០០៣ សកម្មភាពអភិរក្សត្រូវបានបំពេញបន្ថែម ដោយគម្រោងលើក តម្លៃវប្បធម៌ អភិវឌ្ឍន៍សេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងភាពក្រីក្រ។

ដើម្បីជាសក្ខីភាពនៃការវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសហគមន៍អន្តរជាតិជាដៃគូផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងហិរញ្ញវត្ថុ  គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកបានសម្រេចចិត្តនឹងប្រារព្ធកិច្ចប្រជុំលើកទី៣៧ របស់ខ្លួននាខែមិថុនា ឆ្នាំ២០១៣ នៅ រាជធានីភ្នំពេញ និងរមណីយដ្ឋានអង្គរ។

នេះជាគំរូមួយបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវជោគជ័យនៃអនុសញ្ញាស្តីពីកិច្ច​ការពារបេតិកភណ្ឌ ពិភពលោក​ផ្នែក​វប្បធម៌ និងធម្មជាតិ ក្នុងរយៈពេល៤០ឆ្នាំនៃអាយុរបស់ខ្លួន (១៩៧២-២០១២)។