ក្រុមការងារនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា
ខេត្តតាកែវ បានប្រារព្ធធ្វើសន្និបាតរបស់ខ្លួន នៅទីស្នាក់ការគណបក្ស កាលពីព្រឹកថ្ងៃទី
០៥ ខែមករា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ។
ឯកឧត្តម ស្រី បេន
ប្រធានគណបក្សប្រជាជនខេត្តតាកែវ បានអានរបាយការណ៍បូកសរុបការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សរយៈពេល៥ឆ្នាំ
ដោយបានលើកឡើងថា រយៈពេល៥ឆ្នាំកន្លងមកនេះ
គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ទទួលបានជោគជ័យគួរជាទីមោទនៈ ធ្វើឲ្យការងារគ្រប់វិស័យរបស់ខេត្ត
មានការវិវត្តន៍រីកចម្រើនឈានឡើងជាលំដាប់ ហើយចំណុចលេចធ្លោគួឲ្យកត់សំគាល់ គឺការរក្សាបាននូវសន្តិសុខល្អ
សណ្តាប់ធ្នាប់ល្អ សុវត្ថិភាព ជីវភាពរស់នៅ ទាំងមន្រ្តីរាជការ
កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទៅ កាន់តែមានស្ថេរភាពបណ្តើរៗ។ ក្រៅពីនេះការកសាងហេដ្ឋារចនាសម្ព័ន រូបវន្ត ក៍បាននិងកំពុងរីកដុះដាលនៅគ្រប់មូលដ្ឋានជនបទ
បំរើបានល្អនូវសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈក៍ធ្វើបានកាន់តែប្រសើរឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម បានបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ
១៩៩៣ ខេត្តតាកែវទទួលបានអាសនៈ ៣លើ៨ និងមានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីអាណត្តិទី២ ទី៣ និងទី៤ ទទួលបានអាសនៈ៦លើ៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានមានប្រសាសន៍ថា សន្និបាតរបស់យើងនាពេលនេះ គឺជួនគ្នាជាមួយនឹងឱកាសដែលប្រជាជនទូទាំងសាកលលោក
ដែលកំពុងសប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៣ និងក៍ជាឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានកំពុងត្រៀមខ្លួនចូលរួមរីករាយជាមួយគណបក្សប្រជាជន ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៣៤នៃថ្ងៃជោគជ័យ៧មករា១៩៧៩-២០១៣ ដែលជ័យជំនះនេះ គួបផ្សំជាមួយការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវជាបន្តបន្ទាប់
របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំជាពិសេស ក្រោមយុទ្ធសាស្រ្តនយោបាយឈ្នះ‑ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រែក្លាយជ័យជំនះនេះជាមូលដ្ឋានគ្រឺះយ៉ាងរឹងមាំនៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍន៍នៅទូទាំងប្រទេស។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បន្តទៀតថា ជាមួយនឹងមោទនភាពខាងលើ សន្និបាតនេះ ក៏ជាពេលវេលាដ៏សមស្របមួយដែលប្រទេសកម្ពុជាយើងកំពុងតែត្រៀមរៀបចំការបោះឆ្នោតសាកលនាថ្ងៃទី២៧
ខែកក្កដាឆ្នាំ២១៣ខាងមុខនេះ ដែលនោះ គឺជាកម្មវត្ថុចម្បងនៃការបើកសន្និបាតនេះ
ដើម្បីយើងអាចឆ្លុះបញ្ចាំងពិនិត្យមើលឃើញពី ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ក៏ដូចជាឱកាសនានាដើម្បីយើងអាចដាក់ចេញនូវទិសដៅ ភារកិច្ចក៏ដូចផែនការការងារដ៏សមស្របដើម្បីឲ្យគណបក្សរបស់យើងរក្សាបាននូវប្រៀបខ្លាំង
ប្រៀបឈ្នះឈានទៅទទួលបានជោគជ័យ និងមានលទ្ធភាពបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀតក្នុងបណ្តាអាណត្តិខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល៣៤ឆ្នាំចុងក្រោយនេះ
គណបក្សប្រជាជនកម្ពុជាបានសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់នៅក្នុងប្រវត្តិរបស់ខ្លួន
ដោយបានផ្តើមចេញពីការប្រមូលផ្តុំកម្លាំងស្នេហាជាតិ រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍
បន្តទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងចុងក្រោយគឺបាននាំមកវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជូនប្រជាជាតិកម្ពុជាទាំងមូល
និងបាននាំយកមេដឹកនាំខ្មែរក្រហមទៅតុលាការអន្តរជាតិដើម្បីយកទៅកាត់ទោស។
ឯកឧត្តមបានបន្តទៀតថា នៅក្រោមនយោបាយឈ្នះ‑ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលជាមគ្គុទេស ដឹកនាំមួយរូបរបស់គណបក្ស ប្រទេសកម្ពុជាក្នុងមួយទសវត្សចុងក្រោយនេះ
បានកំពុងទទួលបាននូវ ផ្លែផ្កានៃការអភិវឌ្ឍន៍ដោយសារកត្តាគន្លឺះនៃការរក្សាបាននូវសុខសន្តិភាពទូទាំងផ្ទៃប្រទេស
គ្មានការបែងចែកទឹកដី រក្សាបាននូវស្ថេរភាពនយោបាយ
និងម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រជូនប្រជាជនស្របតាមផែនការយុទ្ធសាស្រ្តចតុកោណ
ដោយត្រូវសម្រេចឲ្យបានក្នុងអត្រា១%ជារៀងរាល់ឆ្នាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានលើកឡើងផងដែរថា អាណត្តិទី៣ កន្លងទៅនេះ
គណបក្សយើងក៏បានសម្រេចបាននូវ ជោគជ័យគួជាទីមោទនៈនៃបោះឆ្នោតក្រុមប្រឹក្សាក្រុង
ស្រុក ខេត្តរាជធានីអាណត្តិទី១ ក៏ដូចជាការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣
ការដោះស្រាយនូវបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ។ ជាមួយគ្នានេះជោគជ័យនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាជោគជ័យនៃការកើនឡើងនូវតួនាទីដែលមិនអាចខ្វះបានលើឆាកអន្តរជាតិរបស់កម្ពុជា
ជាពិសេស កម្ពុជាបានប្រើប្រាស់នូវតួនាទីរបស់ខ្លួនក្នុងឋានៈជាប្រធាន អាស៊ានប្តូរវេនប្រកបដោយសក្តានុពល និងមានប្រសិទ្ធិភាពដោយបានរៀបចំឲ្យមាននូវកិច្ចប្រជុំអន្តរជាតិធំៗ
និងអាចបញ្ចៀសបាននូវអារិភាពក្នុងតំបន់លើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាកសាងលិទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមា។ល។
ឯកឧត្តមបណ្ឌិតសភាចារ្យក៍បានផ្តាំផ្ញើដល់សមាជិក សមាជិការនៃអង្គសន្និបាតថា
បើទោះជាលទ្ធផលនៃការបោះឆ្នោតកន្លងមកបង្ហាញថា គណបក្សយើងនៅតែមានប្រៀបខ្លាំង
ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៣កន្លងនេះ ទាមទារឲ្យយើងមានការសិក្សាឲ្យបានហ្មត់ចត់។
ពិតណាស់យើងបានសិក្សា និងបានដាក់ចេញនូវវិធានការជាច្រើនជាបន្តបន្ទាប់រួចមកហើយលើករណីនេះ
ប៉ុន្តែគួរបានដកពិសោធន៍បន្ថែមទៀត និងគួរបានរៀនសូត្រពីកត្តានានាដែលជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនេះដើម្បីយើងអាចបញ្ជៀសបានក្នុងពេលបោះឆ្នោតខាងមុខ។