Tuesday, February 19, 2013

សម្តេច​តេជោ​៖ស្ពាន​អ្នក​លឿងមិន​ត្រឹម​តែ​តភ្ជាប់​សម្រាប់​អាស៊ាន​ទេ​ប៉ុន្តែគឺបាន​តភ្ជាប់​មហា​អនុតំប​ន់​មេគង្គ​ផងដែរ



សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នា​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ស្ពាន​អ្នក​លឿង​មាន​តម្លៃ​ធំធេង​ណាស់ ព្រោះ​ស្ពាន​នេះ ​មិនត្រឹ​ម​តែតភ្ជាប់​សម្រាប់​អា​ស៊ាន​ប៉ុណ្ណោះទេ ប៉ុន្តែគឺបានតភ្ជាប់​មហា​អនុតំប​ន់​មេគង្គ​ផង​ដែរ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​កាស​អនុញ្ញាត​ឲ្យ​ឯកឧត្តម ម៉ាសា​ហ្វូ​មី ខូ​រ៉ូ​គី (Masafumi KUROKI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចប់​អាណ​ត្តិ​បេសកកម្ម​ការទូត ចូលជួប​សម្តែង​ការគួរសម និង​ជម្រាប​លា​​ នៅ​វិមាន​សន្តិ​ភាព ក្នុង​រាជ​ធានីភ្នំពេញ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឯកឧត្តម ម៉ាសា​ហ្វូ​មី ខូ​រ៉ូ​គី (Masafumi KUROKI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​បញ្ចប់​អាណត្តិ​ការទូត​រយៈ​ពេល​ជាង ៣ឆ្នាំ នៅ​កម្ពុជា បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្រ្តីរាជការ​កម្ពុជា ដែល​បាន​ចូលរួម​សហការ និង​ជួយ​គាំទ្រ​ឲ្យបេសក​កម្មការទូត​របស់​លោក​ទទួល​បាន​ជោគជ័យ។

ឯកឧត្តម អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា ឯកឧត្តម ម៉ាសា​ហ្វូ​មី ខូ​រ៉ូ​គី (Masafumi KUROKI) បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​បេសក​កម្ម​ការ​ទូតរយៈ​ពេល​៣​ឆ្នាំ​កន្លះ លោក​បាន​រៀប​ចំឲ្យ​មាន​ទស្សកិច្ច​ទៅ​វិញ​ទៅ​មក​របស់​ឥស្សរជន​ជាន់​ខ្ពស់​នៃ​ប្រទេសទាំងពីរ​កម្ពុជា-ជប៉ុន ដូចជា​ការអញ្ជើញ​ទៅ​បំពេញ​ទស្សនច្ច​ចំនួន ២ដង​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ជាដើម។ ឯកឧត្តម ម៉ាសា​ហ្វូ​មី ខូ​រ៉ូ​គី បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ស្ពាន​អ្នកលឿង និង​ការ​ថែរក្សា នឹង​ធ្វើ​ឲ្យ​មានកំណើន​ក្នុងការ​ផ្តល់​ជំនួយ​ជួយ​ដល់​កម្ពុជា ជា​ពិសេស​ការ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ លទ្ធ​ផល​ទាំង​អស់​នេះ​ហើយ គឺ​បាន​មក​ពីការ​ជួយ​គាំទ្រ​របស់​មន្រ្តីរាជការ​កម្ពុជា។

សម្តចតេជោ​នាយករដ្ឋមន្រ្តីបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ការ​ខិត​ប្រឹងប្រែង​ អស់​ពីកម្លាំង​កាយ​ចិត្ត​របស់​ឯកឧត្តម ម៉ាសា​ហ្វូ​មី ខូ​រ៉ូ​គី នៅ​ក្នុង​អាណត្តិ​បេសក​កម្មការ​ទូត​នៅ​កម្ពុជា ដោយ​សម្តេច​តេជោ​មាន​ប្រសាសន៍ថា ឯកឧត្តម ម៉ាសាហ្វូមី ខូរ៉ូគី ពិតជាបានរួម​ចំណែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ តាម​រយៈ​ការរៀបចំ​ឲ្យមាន​ទស្សន​​កិច្ច​របស់​ឥស្សរជនជាន់​ខ្ពស់​ទៅ​វិញ​ទៅ​មក ក៏ដូចជា​ការ​ចូលរួម​ថ្វាយ​ព្រះភ្លើង ​ព្រះបរម​សព ព្រះបរមរតនកោដ្ឋ ជាដើម។