Tuesday, February 19, 2013

កិច្ច​ប្រជុំ​របស់​អនុ​គណៈ​កម្មការ​ព័ត៌មាន និង​សារ​គមនាគមន៍ នៃ​គណៈ​កម្មធិការ​រៀបចំ​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី ៣៧ នៃគណៈ​កម្មា​ធិការ​បេតិកភណ្ឌ​ពិភព​លោក


កម្ពុជា ដែល​ជាប្រធាន​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក​សម្រាប់​អាណត្តិ​ឆ្នាំ ​២០១២-២០១៣ នឹង​ធ្វើជា​ម្ចាស់​រៀបចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ៣៧ នៅទី​ក្រុង​ភ្នំពេញ និង​នៅ​ទីក្រុង​សៀម​រាប​ពីថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣ ។ 

ក្នុងទិស​ដៅ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​បង្កើត​គណៈកម្មការ​រៀប​ចំ​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី ៣៧ ដោយ​ចាត់​តាំង​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ជា​ប្រធាន ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​បង្កើត​លេខាធិការ​ដ្ឋាន និង​អនុគណៈ​កម្មការ​រៀបចំ​សម័យ​ប្រជុំពេញ​អង្គ​លើកទី ៣៧ នេះ​ផង​ដែរ ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យសម័យ​ប្រជុំ​ពេញអង្គ​នេះនឹង​ទទួល​បាន​ជោគជ័យ ។ 

នេះ​ជា​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់​ថ្មីមួយ​ទៀត​ដែល​ព្រះរាជាណា​ចក្រ​កម្ពុជា​ទទួល​បាន ក្នុងនាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សម័យ​ប្រជុំពេញ​អង្គ​លើកទី ៣៧ ដែល​នឹងស្វាគមន៍​ប្រទេស​ចំនួន ១៩០ និង​ប្រទេស​សង្កេត​ការណ៍​ចំនួន ០២ ។

ក្នុងក្រប​ខ័ណ្ឌការ​ត្រៀម​រៀប​ចំព្រឹត្តិ​ការណ៍​ជាប្រវត្តិ​សាស្រ្ត​នេះ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ជាប្រធាន​អនុគណៈ​កម្មការ​ព័ត៌មាន និង​សារគមនាគមន៍​បាន​ដឹក​នាំប្រជុំ​កាល​ពីព្រឹក​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៣ នៅទីស្តីកា​រគណៈ​រដ្ឋមន្រ្តី ។ ឯកឧត្តម លោកជំទាវ ដែលជា​សមាជិក​អនុគណៈ​កម្មការ និង​សមាជិក​ពាក់ព័ន្ធ ព្រមទាំង​តំណាង​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ឯកជន បាន​ចូល​រួម​ប្រជុំ​ពិភាក្សា​យ៉ាងផុសផុល​ដើម្បី​បែង​ចែក​ភារកិច្ច និង​គ្រប់គ្រង​ព័ត៌​មាន​ឲ្យបាន​ល្អជុំវិញ​ការ​ប្រព្រឹត្តិទៅនៃ​សម័យប្រជុំ​ដែល​មាន​រយៈ​ពេល​វែង​រហូត​ដល់ ១២ ថ្ងៃ ។ លើស​ពីនេះ​ទៀត ឯកឧត្តម ស្វាយ ស៊ីថា ក្នុងនាម​ជាប្រធាន​អនុគណៈ​កម្មការ​ព័ត៌មាន និង​សារ​គមនាគមន៍ ស្នើសុំ​ឲ្យមាន​ការបែង​ចែក​តួនាទី ភារកិច្ច និង​ការទទួល​ខុស​ត្រូវ​ឲ្យ​បាន​ច្បាស់​លាស់​របស់​អនុគណៈ​កម្មការ​នេះ ។ ឯកឧត្តម ក៏បាន​ស្នើសុំឲ្យ​មានការ​បើក​វគ្គបណ្តុះ​បណ្តាល​រយៈ​ពេលខ្លី​ដល់​ពិធីករ ពិធីកា​រិនី​ផងដែរ ដើម្បីយល់​ដឹងពី​សម័យប្រជុំ​ពេញអង្គ ដែលត្រូវ​បាន​រៀបចំ​ធ្វើរួច​ហើយ ជាពិសេស​សម័យ​ប្រជុំពេញ​អង្គលើកទី ៣៦ នៃ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក ដែល​បាន​ប្រព្រឹត្តិ​ទៅនៅ​ទីក្រុង St. Peterburg សហ​ព័ន្ធរុស្ស៊ី​ កាល​ពីខែ មិថុនា ឆ្នាំ ២០១២ កន្លង​ទៅនេះ ។

ក្រសួង​ព័ត៌មាន តាមរយៈ​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខា​ធិការ និង​ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បានឯកភាព​ទទួលយក​ការផ្សាយ​ផ្ទាល់ពី​សម័យ​ប្រជុំ​ជាផ្លូវការ ។ 

នាឱកាស​នៃកិច្ច​ប្រជុំនេះ អនុគណៈ​កម្មការ​ព័ត៌មាន និងសារគម​នាគមន៍ បានស្នើ​សុំដល់​ទូរ​ទស្សន៍ និងវិទ្យុ​ក្នុង​ស្រុក​ទាំងអស់ ឲ្យធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ចាប់​ពីពេល​នេះ​តទៅ ព្រមទាំង​ស្នើសុំ​សហការ​ពីសាលា​រាជធានី​ភ្នំពេញ ដើម្បី​បិទប្រកាស​នៅតាម​ទី​សាធារណៈ ក្នុង​គោល​បំណង​ជំរាប​ជូន​ព័ត៌មាន​ដល់​សាធារណ​ជន ការ​អបអ​រសាទរ​កាល​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ និង​ជាពិសេស​ស្វាគមន៍​ភ្ញៀវ​បរទេសដែ​លមក​កាន់កម្ពុជា​សរុប​ចំនួន​ប្រហែល ១០០០ នាក់ ។ ទន្ទឹម​នឹង​នេះ អនុគណៈ​កម្មការ​ព័ត៌មាន និង​សារគម​នាគមន៍ បាន​និង​កំពុង​ផលិត​ស្ពុត​សំរាប់វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​វេទិកាតុ​មូល​ចំនួន​ពីរ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​ចំនួន​ពីរ ៖
ប្រធាន​បទទី ១ គឺ ការ​តស៊ូ​ដ៏ស្វិត​ស្វាញ​របស់​កម្ពុជា​តាំង​ពីការ​ស្នើ​សុំចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ 
 ហ៊ុន សែន នាឆ្នាំទី ២០០១ រហូត​ដល់​ទី​បំផុត​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះបញ្ជីជា​បេតិក​ភណ្ឌពិភព​លោក​នាថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុង​កេប៉ិច ប្រទេស​កាណា​ដា ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​គណៈ​ប្រតិភូ​កម្ពុជា បា​នធ្វើការ​ចរចា និងចែ​ចូវដ៏​ស្វិត​ស្វាញរ​ហូតទទួល​បាន​ជោគជ័យ និងក្លាយ​ខ្លួន​ជាម្ចាស់​ផ្ទះរៀបចំ​កិច្ចប្រជុំ​នាឆ្នាំ ២០១៣ នេះ ។
          ប្រធាន​បទទី ២ គឺ ផ្តោត​សំខាន់​លើការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជា​សកល ដែល​ជា​លើក​ទី ០១ ហើយ​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​កៀង​គរព្រឹត្តិការណ៍​វប្បធម៌​នៅ​លើទឹក​ដីនៃ​អតីត​អាណា​ចក្រ​អង្គរ​បន្ទាប់​ពីចក្ខុ​វិស័យ​ដ៏ត្រឹម​ត្រូវ និង​ឈ្លៀស​វៃជា​ទីបំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការ​ដែល​កម្ពុជា​បើក​ចំហ​រជើង​មេឃ និង​សមាហរ​ណកម្ម​នៅក្នុង​តំបន់ និង​ពិភព​លោក ។​ ក្រៅ​ពីនេះ​នាខែ ឧសភា ឆ្នាំ ២០១៣ អនុ​គណៈក​ម្មការ​ព័ត៌មាន និងសារ​គមនាគមន៍ នឹង​បញ្ជូន​ក្រុម​ការងារ​ជំនាញ​ទៅទី​ក្រុង​ប៉ារីស ដើម្បី​ជួប​សម្ភាសន៍​ជាមួយ​លោក​ជំទាវ Irina Bokova អគ្គនាយិកា​អង្គការ​UNESCO និង​ឯកឧត្តម KISHORE RAO នាយក​មជ្ឈមណ្ឌល​បេតិក​ភណ្ឌ​ពិភព​លោក ដើម្បី​បញ្ចូល​ក្នុង​វេទិកា​តុមូល​នេះ និង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ ។

          កិច្ច​ប្រជុំ​របស់​អនុគណៈ​កម្មការ​ព័ត៌មាន និង​សារ​គមនាគមន៍ ក៏បាន​ស្តាប់​ផង​ដែរ​នូវ​របាយ​ការណ៍​ដែល​គណៈ​កម្មការ​បេតិក​ភណ្ឌ​ពិភព​លោក បាន​រៀប​ចំសម័យ​ប្រជុំពេញ​អង្គ​ចំនួន ៣៦​ លើក​រួចហើយ ក្នុងនោះ ៖
          រហូតមក​ដល់​ពេល​នេះ បេតិក​ភណ្ឌ​ចំនួន​ប្រហែល ១០០០ ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិក​ភណ្ឌ​ពិភព​លោក ក្នុង​នោះ​កម្ពុជា​មាន​រមណីយ​ដ្ឋាន​ពីរគឺ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ព្រះវិហារ ហើយ សម័យ​ប្រជុំ​ពេញ​អង្គ​នីមួយៗ មានគោល​បំណងបីគឺ ៖
          ១-ធ្វើអត្ត​សញ្ញាណ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ដែល​មាន​តម្លៃជា​សាកល និងមិន​អាច​កាត់​ថ្លៃបាន ដោយ​ផ្អែកលើ​សំណើ​របស់​រដ្ឋភាគី ដើម្បីទ​ទួល​បានការ​ការពារ​អនុលោម​តាម​អនុសញ្ញា​ឆ្នាំ ១៩៧២ និង​ដើម្បី​ចុះក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក ។
          ២-ត្រួត​ពិនិត្យ​ស្ថានភាព​អភិរក្ស​នៃ​សម្បត្តិ​វប្បធម៌ ដែល​បានចុះ​បញ្ជីជា​បេតិក​ភណ្ឌ​ពិភព​លោក ដោយ​សហការ​ជាមួយ​រដ្ឋភាគី និង​សម្រេច​ថា តើមាន​សម្បត្តិ​វប្បធម៌​ណា​ដែល​ត្រូវចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់ ឬ ដក​ចេញ​ពី​បញ្ជីនេះ ព្រមទាំង​សម្រេច​ថា​តើ​សម្បត្តិ​វប្បធម៌​ណា​មួយ​ដែល​ត្រូវលុប​ចេញ​ពីបញ្ជី​បេតិក​ភណ្ឌពិភ​ពលោក ។
          ៣-ពិនិត្យ​មើល​សំណើ​សុំជំនួយ​អន្តរជាតិ​ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​បេតិក​ភណ្ឌពិភព​លោក ។

          ក្រៅពី​ព្រឹត្តិការណ៍​ស្នូលនេះ នៅមុន​សម័យ​ប្រជុំពេញ​អង្គ​លើកទី ៣៧ មាន​វេទិកា​យុវ​ជនមួយ​ដែល​នឹងត្រូវ​រៀបចំ​ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៣ នៅទី​ក្រុង​សៀម​រាប​ក្រោម​ប្រធាន​បទ TEP (Temple Environment People) ដែល​មាន​ន័យ​ថា ភាព​ពាក់​ព័ន្ធ​គ្នារ​វាង​ប្រាសាទ បរិដ្ឋាន និង​ប្រជា​ពលរដ្ឋ ។ យុវជ​នចំនួន ១៨ ប្រទេស ជាពិសេស​ពី​អាស៊ាន​ទាំង ១០ នឹងមក​ចូលរួម​នៅក្នុង​វេទិកា​យុវជន​នេះ ។ យុវជន​ទាំង​អស់​នឹង​ពិភាក្សា​រួម​គ្នា​ដើម្បី​ត្រៀម​សេចក្តី​ថ្លែង​ការណ៍​មួយនា​ឱកាស​បើក​សម័យ​ប្រជុំពេញ​អង្គលើក​ទី ៣៧ នៅទីក្រុង​ភ្នំពេញ ដោយ​ផ្តោត​សំខាន់លើ​អ្វីដែល​បានរៀន​សូត្រពី​មនុស្សចាស់​ជំនាន់​មុន ។ កត្តា​សំខាន់​ថា តើយុវជន​បាន​ត្រៀម និងស្វែង​យល់​យ៉ាង​ដូច​ម្តេខ្លះ​ជុំវិញ​វប្បធម៌ ជាពិសេស​បេតិក​ភណ្ឌ​ពិភព​លោក ដើម្បី​បន្តវេន ។ 

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងជា​ប្រធាន​អនុគណៈកម្ម​ការ​ព័ត៌មាន និង​សារគ​មនាគមន៍ បានបិទ​បញ្ចប់​កិច្ចប្រជុំ​ត្រៀម​រៀប​ចំសម័យ​ប្រជុំពេញ​អង្គ​លើក​ទី ៣៧ នាម៉ោង ០១ រសៀល និង​ប្រកាស​ថា កិច្ចប្រជុំ​រៀបចំ​លើក​ក្រោយ​នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៣ បន្តទៀត ។