Tuesday, February 19, 2013

សហភាព​អឺរ៉ុប​អបអរសាទរ​ការ​កែទម្រង់ប្រព័ន្ធ​យុត្តិធម៌និងការ​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា



ឯកឧត្តម Jean Francois Cautain ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នៅ​វិមាន​សន្តិភាព ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០១៣ ថា ប្រទេសសហភាពអឺរ៉ុប​ទាំង២៧ ​មានការ​គាំទ្រ​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោតសាកល​លើក​ទី៥ ដែល​នឹង​ប្រព្រិត្តទៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០១៣ ខាង​មុខនេះ និងសូម​ចូលរួម​អបអរសាទរ​ចំពោះ​កំណែទម្រង់ប្រព័ន្ធ​យុត្តិ​ធ​ម៌​ ​ជា​ពិសេសដំណើរការ​ល្អ​នៃ​សកម្ម​ភាព​កាត់​បន្ថយ​ក្រីក្រនៅ​កម្ពុជា​ផង​ដែរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា នៅ​ក្នុង​ជំនួបសម្តែង​ការ​គួរ​សម​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម Jean Francois Cautain បានមាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​គាំទ្រ និង​ជម្រុញ​​ការ​សហការ​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ឲ្យ​ការបោះឆ្នោត​សាកល​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ និងយុត្តិធម៌។ ​សហ​ភាព​អឺរ៉ុបសូម​អបអរសាទរ​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ដែល​រាជ​រដ្ឋាភិ​បាល​បាន​អនុម័ត​ក្រម​រដ្ឋប្បវេណី ក្រម​ព្រហ្ម​ទណ្ឌ ក៏ដូចជា​ច្បាប់​ប្រឆាំង​អំពើពុករលួយ។ ទន្ទឹម​នេះ ឯកឧត្តម Jean Francois Cautain ក៏បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ជម្រុញ​ឲ្យ​បាន​នូវ​ច្បាប់​ចៅក្រម ច្បាប់​​មេធាវី និង​ច្បាប់ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​។

ទាក់​ទង​ទៅនឹង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ឯកឧត្តម អ៊ាង សុផល្លែត ​បានមាន​ប្រសាសន៍​​ថា ឯកឧត្តម Jean Francois Cautain បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​រយៈពេ​ល៣ឆ្នាំ​កន្លង​មក​នេះ ​បាន​កាត់បន្ថយ​ភាព​ក្រីក្ររហូតដល់៥% ដោយ​បាន​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​នៅ​កម្ពុជា​នៅ​សល់​តែ២០% ប៉ុណ្ណោះ ​ក្នុង​ពេល​បច្ចុប្បន្ន។ ​លោក​ក៏បាន​អបអរសាទរ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ាន ពាក់​ព័ន្ធ​​ជាមួយ​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ទឹកចិត្ត និង​ការវាយតម្លៃ​ខ្ពស់​របស់​សហភាព​អឺរ៉ុប ចំពោះ​ការ​ខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ ដែល​ក្នុង​រយៈពេល​ប្រមា​ណ ១០ឆ្នាំ​ កន្លង​មក​នេះ​ ​បាន​ផ្តល់​ហិរញ្ញប្បទាន​លើ​វិស័យ​អប់រំ​ដល់​កម្ពុជា។

សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ការបោះឆ្នោត​ជា​ទៀងទាត់​របស់​កម្ពុជា គឺជា​ការចាំបាច់​ណាស់ ដើម្បី​ជម្រុញ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​​ការ​អភិវឌ្ឍ និង​ប្រកបដោយ​លទ្ធិប្រជា​ធិប​តេយ្យ។ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ ចំពោះ​​ច្បាប់​ទាំង​៣ដែល​បាន​អនុម័ត ដូច​ជា ក្រមព្រហ្ម​ទណ្ឌ ក្រមរដ្ឋ​ប្បវេណី និង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ សម្តេច​តេ​ជោ​នា​យក​រដ្ឋ​មន្ត្រី ​ក៏បាន​សំដែង​នូវ​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះការ​យឺតយ៉ាវ​ពាក់​ព័ន្ធ​ទៅនឹង​ច្បាប់​ចំនួន​៣​ ផ្សេង​ទៀត ដែល​មិនទាន់​បាន​អនុម័ត ដោយសម្តេចតេជោមាន​ប្រ​សា​សន៍​ថា ច្បាប់​ទាំងនោះ​គួរគប្បី​ជំរុញ​អនុម័ត​ឲ្យ​បាន​កាន់តែ​លឿន​ឡើងៗ ​ទើប​ជា​ការ​ប្រ​សើរ។

ឯកឧត្តម អ៊ាង សុផល្លែត បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា ទាក់​ទង​ទៅនឹង​ការ​លើក​ឡើង​​របស់​ឯកឧត្តម Jean Francois Cautain អំពីបញ្ហា​ដីធ្លី សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រីបាន​ជំរាប​ជូន​ឯកឧត្តម​ Jean Francois Cautain ​យ៉ាង​លម្អិត​អំពី​កំណែ​ទម្រ​ង់​ដីធ្លីរបស់​រាជរដ្ឋាភិបាល ជាពិសេស​ការ​អនុវត្តន៍សកម្មភាព​ថ្មី ក្នុង​នយោបាយ​ចាស់លើ​បញ្ហា​ដីធ្លី ដែល​មាន​យុវជន​ស្ម័គ្រ​ចិត្ត រួម​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ធ្វើការ​វាស់វែង​ដីធ្លី​ចែក​ជូន​ប្រជា​ជន​​កម្ពុជា​​៕